en     km
en     km

បុគ្គលិក​សង្គម​ស៊ី​វិល​បង់ពន្ធ​ ប្រាក់ខែ​ជូន​រដ្ឋ​ជា​កាតព្វកិច្ច​ តែ​អ្នកវិភាគ​ថា​រដ្ឋ​គួរ​ពិចារណា​ឡើង​វិញ

Share

​ភ្នំពេញ៖ ភាព​មន្ទិល​ លើ​ការ​កាត់​ប្រាក់​ពន្ធ​បៀវត្ស​ បុគ្គលិក​ មិនមែន​រដ្ឋាភិបាល​ គឺជា​ចំណោទ​មួយ​ សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ របស់​អ្នកធ្វើការ​ងារ​លើ​វិស័យ​ ជួយ​អភិវឌ្ឍន៍​សង្គម​បែប​នេះ​ ។​ ការ​កាត់​ពន្ធ​នេះ​ បាន​ជះ​ឥទ្ធិពល​ ជា​ខ្លាំង​ចំពោះ​ អារម្មណ៍​របស់​ បុគ្គលិក​ ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ​រដ្ឋាភិបាល​មួយ​នេះ​ គឺ​មានការ​ប៉ះទង្គិច​ អារម្មណ៍​ ទាំង​ អ្នក​ប្រតិបត្តិការ​នឹង​អ្នក​រស់នៅ​ក្នុង​បន្ទុក​ ។​ ក្រុម​គ្រួសារ​ខ្លះ​ថា​ នៅ​ពេល​ ប្ដី​ឬ​ប្រពន្ធ​ ឬ​កូន​ ចាក​ចេញពី​ ស្ថាប័ន​ខ្លួន​គឺ​គ្មាន​សំណង​ ពី​រដ្ឋាភិបាល​នោះ​ទេ​ បើ​ទោះជា​មានការ​បង់ពន្ធ​លើ​ប្រាក់ខែ​ អស់​ជា​ច្រើន​ ម៉ឺន​រៀល​ ក៏​ដោយ​ ។​

khmer-money

បញ្ហា​នេះ​គឺ​ខុស​ពី​ អ្នកធ្វើការ​នៅ​ស្ថាប័នរដ្ឋ​ ដែល​ពួក​គេ​ ចូល​និវត្តន៍​បាន​ទទួល​ប្រាក់​សោធន​ រហូត​មួយ​ជីវិត​ ។​ ទាក់ទិន​ រឿង​នេះ​មន្ត្រី​រដ្ឋាភិបាល​ បាន​បកស្រាយ​ ការពារ​រដ្ឋាភិបាល​ ថា​ជា​កាតព្វកិច្ច​ របស់​ពលរដ្ឋ​ ត្រូវ​បង់​វិភាគទាន​ចូល​រដ្ឋ​គឺ​រដ្ឋ​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​ ។​ ចំណែក​ មន្ត្រី​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​ថា​ រដ្ឋ​គួ​មាន​គោល​ការ​ណ័​ថ្មី​ឡើង​វិញ​ ។​ រាយការណ៍​ដោយ​ លោក​ លៀ​ ស៊ី​ណា​ ៖


លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ថា​ មន្ដ្រីរាជការ​ការ​កាត់​ពន្ធ​លើ​ប្រាក់ខែ​ត្រូវ​បាន​គិត​ជា​ពីរ​ចំណែក​រួច​ជា​ស្រេច​ទៅ​ហើយ​ ដោយ​មួយ​ចំណែក​គឺជា​កាតព្វកិច្ច​ដែល​ត្រូវ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​ មួយ​ចំណែក​ទៀត​គឺជា​ប្រាក់​សន្សំ​សម្រាប់​ពេល​ដែល​ពួក​គាត់​ដល់​វ័យ​ចាស់ជរា​ ។​

លោក​ថា​ ការ​កាត់​ពន្ធ​លើ​ប្រាក់ខែ​របស់​បុគ្គលិក​ឯកជន​ទាំង​សង្គម​ស៊ី​វិល​ផង​ ក្នុង​កម្រិត​ណាមួយ​គឺ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​ ។​

​មន្ដ្រីជាន់ខ្ពស់​រូប​នេះ​បញ្ជាក់​បន្ថែម​ថា​ ប្រសិនបើ​បុគ្គលិក​ស្ថាប័នឯកជន​ទាំងអស់​ មាន​បំណង​ចង់បាន​ការ​ ផ្ដល់​ជា​ប្រាក់​សោធន​និវត្ដន៍​ ដូច​ជា​មន្ដ្រីរាជការ​ គឺ​ស្ថាប័នឯកជន​ទាំងនោះ​អាច​ ធ្វើការ​ពិភាក្សា​ជាមួយ​និង​ក្រសួង​សង្គមកិច្ច​ ដើម្បី​រៀបចំ​ពី​ទម្រង់​បែបបទ​ក្នុង​ការ​គណនា​ប្រាក់​ពន្ធ​សម្រាប់​ទាំង​ការ​ចូលរួម​បំពេញ​កាតព្វកិច្ច​ និង​ការ​សន្សំ​សម្រាប់​ពេល​ចូល​និវត្ដន៍​ពី​ការងារ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​ទី​មួយ​ការ​ចូលរួម​ចំណែក​នៃ​ការ​បង់ពន្ធ​ ឬ​ការ​សន្សំ​សម្រាប់​យើង​ចូល​និវត្ដន៍​ គឺ​ខុស​គ្នា​នៅ​ក្នុង​ខ្ទង់​នៃ​កាត់​ប្រាក់បៀវត្ស​ គឺ​មួយ​ចំនួន​គឺ​ការ​ចូលរួម​កិច្ច​កសាង​ប្រទេស​ជាតិ​ដែល​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ម្នាក់ៗ​ មួយទៀត​គឺ​ការ​សន្សំ​ប្រាក់​ដើម្បី​ចូល​និវត្ដន៍​នឹង​ទទួល​បាន​បក​មក​វិញ​ ហើយ​សម្រាប់​អង្គការ​ដទៃ​ទៀត​ខ្ញុំ​អត់​យល់​ថា​ ការ​បង់​ជា​សណ្ឋាន​យ៉ាងម៉េច​ត្រឹមតែ​កាតព្វកិច្ច​ការ​ចូលរួម​កសាង​ប្រទេស​ ឬ​ ក៏​កាត់​ប្រាក់​សន្សំ​ពេល​ចូល​និវត្ដន៍​អាហ្នឹង​ខ្ញុំ​អត់​ដឹង​ទេ​»​ ។​

​វិទ្យុ​ស្ត្រី​FM​ 102​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ អ្នកនាំពាក្យ​ ក្រសួង​សង្គមកិច្ច​បាន​ទេ​ខណៈ​លោក​ អា​មា​ដ​យះ​យ៉ា​ រដ្ឋលេខាធិការ​របស់​ក្រសួង​នេះ​ បាន​ ឆ្លើយ​ថា​លោក​មិន​អាច​ឆ្លើយ​បាន​ឡើយ​ ។

​ចំណែក​លោក​ បណ្ឌិត​ កែម​ ឡី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មិន​អាច​និយាយ​យក​រួច​តែ​ខ្លួន​ពី​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ក្នុង​នាម​ជា​ អ្នកដឹកនាំ​ប្រទេស​បាន​នោះ​ឡើយ​ ។​ ​លោក​ថា​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​ទាំង​រដ្ឋាភិបាល​ និង​ពលរដ្ឋ​របស់​ពួក​គេ​ គឺ​សុទ្ធសឹងតែ​បាន​អនុវត្ដន៍​ តួនាទី​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ដើម្បី​បំរើ​ផលប្រយោជន៍​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ​ ។​

kem-ley
លោក​ បណ្ឌិត​ កែម​ ឡី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម

លោក​ កែម​ ឡី​៖​ «​វា​ត្រូវ​រឿង​ដែល​និយាយ​ពី​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ដែល​ត្រូវ​បំពេញ​ចំពោះ​រដ្ឋាភិបាល​ ក៏​ប៉ុន្ដែ​រដ្ឋ​បាន​ភ្លេច​ពី​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ពលរដ្ឋ​ ហើយ​រឿង​នេះ​រាជរដ្ឋាភិបាល​ត្រូវ​គិត​គួរ​ឡើង​វិញ​ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ប្រាក់​ចូល​និវត្ដន៍​ ឲ្យ​គ្រប់​មនុស្ស​ដែល​បង់ពន្ធ​ចូល​រដ្ឋ​ទាំង​បុគ្គលិក​ឯកជន​ និង​ មន្ដ្រី​រដ្ឋ​»​ ។​

​ជាមួយ​គ្នា​នេះ​ លោក​ សន​ ជ័យ​ នាយក​ប្រត្ដិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​គួរ​
មានការ​កែប្រែ​គោលនយោបាយ​ កាលពីមុន​ចេញ​ខ្លះ​ ហើយ​គិត​គួរ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​របស់​ខ្លួន​ ទាំងអស់​ដែល​ត្រូវ​បាន​កាត់​ពន្ធ​ប្រាក់​បៀរ​វត្ស​ចូល​រដ្ឋ​ ឲ្យ​ទទួល​អត្ថប្រយោជន៍​បាន​ដូច​គ្នា​គឺ​ទាំង​ មន្ដ្រី​រាជរដ្ឋាភិបាល​ និង​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​បុគ្គលិក​ឯកជន​ លោក​ជឿជាក់​ថា​ រាជរដ្ឋាភិបាល​ និង​ចំណេញ​គោលនយោបាយ​ ហើយនឹង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ​ ។​ លោក​ទទូច​ថា​ រាជរដ្ឋាភិបាល​ គួរតែ​បង្វែរ​ការ​កាត់​ប្រាក់​ពន្ធ​លើ​បុគ្គលិក​ក្រៅ​រដ្ឋាភិបាល​ ទាំងនោះ​ដោយ​ប្រគល់​ឲ្យ​ស្ថាប័ន​របស់​ពួក​គេ​ជា​អ្នក​សន្សំ​វិញ​ ដើម្បី​អត្ថប្រយោជន៍​នៅ​ពេល​ដែល​ពួក​គាត់​ចូល​និវត្ដន៍​ឬ​ចាក​ចេញពី​ស្ថាប័ន​នេះ​ ។​

​លោក​ សន​ ជ័យ​៖​ «​ដោយសារ​មន្ដ្រី​សព្វថ្ងៃ​គេ​សំអាង​ថា​ មាន​តែម​ន្ដ្រី​សាធារណៈ​ទេ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​សោធន​និវត្ដន៍​ហ្នឹង​ ហើយ​ជា​ជម្រើស​មួយទៀត​បើ​រដ្ឋ​មិន​ចង់​ទទួលខុសត្រូវ​ក៏​មិន​បញ្ហា​ដែរ​ ប៉ុន្ដែ​សុំ​ឲ្យ​កាត់​ប្រាក់​ពន្ធ​ទាំងអស់​ហ្នឹង​ផ្ញើរ​ទុក​នៅ​ស្ថាប័នឯកជន​ទាំង​អស់នោះ​វិញ​ទៅ​ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ឈប់​ធ្វើការ​ទៅ​គេ​នឹង​ទទួល​បាន​ប្រាក់​សោ​ធ​និវត្ដន៍​នោះ​វិញ​ដែរ​ ដោយ​រដ្ឋ​មិន​ចាំបាច់​ទទួលខុសត្រូវ​»​ ។​

​ដូច​គ្នា​និង​ទស្សនៈ​របស់​លោក​ សន​ ជ័យ​ ដែរ​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ បុគ្គលិក​ឯកជន​ សង្គម​ស៊ី​វិល​ទាំងអស់​សព្វថ្ងៃ​នេះ​ គឺ​ធ្វើការ​ដើម្បី​បង់ពន្ធ​ចិញ្ចឹម​មន្ដ្រីរាជការ​ ទាំងអស់​ ។​ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​មន្ដ្រី​សង្គម​ស៊ី​វិល​ និង​បុគ្គលិក​ឯកជន​ ដល់​វ័យ​ចាស់ជរា​មិន​អាច​បំពេញការងារ​បន្ដ​បាន​ គឺ​គ្មាន​រាជរដ្ឋាភិបាល​ជួយ​ចិញ្ចឹម​ពួក​គេ​វិញ​ទេ​ គឺ​មាន​តែ​ត្រូវ​ពឹង​លើ​កម្លាំង​ខ្លួនឯង​បន្ដ​ចិញ្ចឹម​ខ្លួនឯង​ ទៀត​ប៉ុណ្ណោះ​ ។​

លោក​បណ្ឌិត​ មាស​ នី​ បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​ណា​តែ​រៀបចំ​រឿង​ប្រាក់​សោធន​និវត្ដន៍​នេះ​ឡើង​វិញ​ ដោយ​គិត​គួរ​ទាំង​បុគ្គលិក​រាជការ​ និង​បុគ្គលិក​ឯកជន​ឲ្យ​បាន​ត្រឹមត្រូវ​ ។​ លោក​ថា​ បើ​ទោះបីជា​រដ្ឋ​សន្សំ​ប្រាក់​សម្រាប់​ពលរដ្ឋ​ ពី​ប្រាក់​ពន្ធ​រៀង​រាល់​ខែ​ត្រឹមតែ​ ៥​ភាគរយ​នៃ​ពន្ធ​សរុប​ក្នុង​ខែ​នីមួយៗ​ក្ដី​គឺ​សម​ល្មម​ហើយ​ ។​

​លោក​បណ្ឌិត​ មាស​ នី​៖​ «​ ចំណុច​នេះ​មួយ​ដែល​ខ្ញុំ​គិត​ប្រទេស​ខ្មែរ​យើង​ បើ​និយាយ​អំពី​អ​យុ​ត្ដិ​ធ​ម៍​ ហើយ​ចង់រក​យុ​ត្ដិ​ធ​ម៍​គឺ​ត្រូវ​ចាប់ផ្ដើម​ថា​ អ្នក​បង់ពន្ធ​ដូច​គ្នា​ថា​ តើ​នឹង​ទទួល​បាន​អ្វី​មក​វិញ​ដូច​គ្នា​ ហើយ​ក៏​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​អ្នក​បង់ពន្ធ​សប្បាយ​ចិត្ដនឹង​បង់ពន្ធ​ដែរ​ ប៉ុន្ដែ​បើ​ដូច​បច្ចុប្បន្ន​នេះ​ ជាក់ស្ដែង​ដូច​ខ្ញុំ​ជា​ដើម្បី​ ពេល​ដល់​អាយុ​មិន​អាច​ធ្វើការ​បាន​គឺ​មាន​តែរ​ត់ទៅ​ធ្វើស្រែ​វិញ​ ឬ​ពឹង​កូនចៅ​ចិញ្ចឹម​ប៉ុណ្ណឹង​»​ ។​

​នៅ​កម្ពុជា​ អង្គការ​សង្គម​ស៊ី​វិល​ ត្រូវ​បាន​ ដាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​ច្បាប់​ដោយឡែក​មួយ​ ពី​មន្ត្រីរាជការ​សាធារណៈ​និង​អ្នករាជការ​ ។​ នៅ​ប្រទេស​កម្ពុជា​ មាន​អង្គការ​ជាតិ​និង​អន្តរជាតិ​ ជិត​៣០០០​ ៕

Share

Image
Image
Image