en     km
en     km

បុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សា​អា​ឡា​ស្កា​ នៅ​បន្ត​តវ៉ា​ ខណៈ​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ​

Share

រូបភាព៖ ហ្វេសប៊ុក

សៀមរាប​៖​ អស់​រយៈពេល​៥​ថ្ងៃ​មក​ហើយ​ ដែល​បុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សា​ អា​ឡា​ស្កា​ បាន​បន្ត​តវ៉ា​ នៅ​មុខ​ក្រុមហ៊ុន​ ដើម្បី​ទាមទារ​ខែ​សមរម្យ​។​ តំណាង​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ បានឱ្យ​ដឹង​ ថាបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ នោះ​ពួក​គេ​នឹង​មិន​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​នេះ​ឡើយ​។​ រីឯ​តំណាង​ខាង​និយោជក​លើក​ឡើង​ថា​ ការ​តវ៉ា​របស់​ពួក​គេ​ខុស​ទៅ​នឹង​ច្បាប់​ការងារ​។​

​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ បុគ្គលិក​មជ្ឈមណ្ឌល​ម៉ាស្សា​អា​ឡា​ស្កា​ ប្រមាណ​ជាង​៧០​នាក់​ ដែល​ភាគច្រើន​ជា​ស្ត្រី​ នៅ​តែ​បន្ត​ធ្វើការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​គោល​ និង​ប្រាក់​ទ្រទ្រង់​សុខភាព​។​

​អ្នកស្រី​ គឹ​ម​ ឡៃ​ ជា​បុគ្គលិក​ក្នុង​មជ្ឈមណ្ឌល​ម៉ាស្សា​អា​ឡា​ស្កា​ ដែល​មាន​ថៅកែ​ ជា​ជនជាតិ​កូរ៉េ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​តវ៉ា​របស់​ពួក​គេ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​មានការ​រស់នៅ​សមរម្យ​តែ​ប៉ុណ្ណោះ​។​

​អ្នកស្រី​ថា​ បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​ លើ​ការ​ទាមទារ​របស់​ពួក​គេ​ទេ​ ពួក​គេ​នឹង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​មជ្ឈមណ្ឌល​។​ អ្នកស្រី​បានឱ្យ​ដឹងផង​ដែរ​ថា​ កន្លង​មក​ កាលពី​ទី​២៨​ ខែវិច្ឆិកា​ ថៅកែ​បាន​ឆ្លើយ​តប​មក​ក្រុម​អ្នក​តវ៉ា​ ដោយ​អះអាង​ថា​ នឹង​គ្មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​ឡើយ​។​

​អ្នកស្រី​ គឹ​ម​ ឡៃ​ បន្ថែម​ទៀត​ថា​ អ្នកស្រី​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​ម៉ាស្សា​នេះ​ ជិត​ ៧​ ឆ្នាំ​ហើយ​ ប៉ុន្តែ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​តែ​ ៧០​ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។​ អ្នកស្រី​ គឹ​ម​ ឡៃ​ បានឱ្យ​ទៀត​ថា​ ប្រាក់​ឈ្នួល​គោល​ចន្លោះ​ពី​ ៥៥​ ដុល្លារ​ ដល់​ ៧០​ ដុល្លារ​នេះ​ ពួក​គេ​មិន​អាច​ទទួលយក​បាន​នោះ​ទេ​ ដោយសារ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ ទឹក​ ភ្លើង​ និង​ថ្លៃ​ឈ្នួល​ផ្ទះ​ សុទ្ធតែ​ឡើងថ្លៃ​។​

​អ្នកស្រី​បញ្ជាក់​បន្ថែម​៖«​ទាមទារ​ហ្នឹង​ មិន​ទាមទារ​យក​ទាំងអស់​ទេ​ ទាមទារ​ឱ្យ​ថៅកែ​ហ្នឹង​មាន​ដោះ​ណោះ​ស្រាយ​ ឬ​ក៏​ឡើង​ឱ្យ​គាត់​តិចតួច​ គាត់​មិន​បាន​ទាមទារ​ដូច​នៅ​ក្នុង​ក្រដាស​ទេ​ វា​គ្រាន់តែ​ជា​ក្រដាស​មួយ​សម្រាប់​ដែល​យើង​ដាក់​តថ្លៃ​គ្នា​»​។​

strike-at-alaska-massage-centerអ្នកបកប្រែ​ភាសា​កូរ៉េ​ ប្រចាំ​មជ្ឈមណ្ឌល​ម៉ាស្សា​អា​ឡា​ស្កា​ លោក​ គឹ​ម​ យ៉ុ​ង​អ៊ី​ល​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៃ​ WMC​ នៅ​ថ្ងៃនេះ​ថា​ ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ គឺ​ខុស​ទៅ​ច្បាប់​ការងារ​។​ លោក​ថា​ ការ​ទាមទារ​របស់​ពួក​គេ​ មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ ការងារ​ នោះ​ទេ​។​ លោក​បានឱ្យ​ដឹង​ដែរ​ថា​ មជ្ឈមណ្ឌល​នឹង​មិន​ដោះស្រាយ​ ឬ​ចរចា​ជាមួយ​ អ្នក​តវ៉ា​ ទាំងនោះ​ឡើយ​ ព្រោះ​អ្នក​ដែល​តវ៉ា​ទាមទារ​នោះ​ មាន​ចំនួន​តិច​ ហើយ​បុគ្គល​មួយ​ចំនួន​ធំ​ កំពុងធ្វើការ​៖​ «​ចំណុច​ទាំង​ពីរ​នេះ​បាន​ឆ្លងកាត់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នៅ​ក្រសួង​ការងារ​ហើយ​  ក្រសួង​ការងារ​គេ​បាន​បដិសេធ​ហើយ​ …​ បុគ្គលិក​វិស័យ​សេវាកម្ម​ អត់​មាន​ប្រាក់​ឈ្នួល​គោល​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ស​ មូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​ មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​របស់​កម្មករ​ មិន​បាន​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់​ ដូចដែល​ការ​ឡើង​របស់​អ្នកបកប្រែ​ភាសា​កូរ៉េ​នោះ​ឡើយ​។​ លោក​ថា​ កម្មករ​បាន​ធ្វើការ​ទាមទារ​តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ​ ហើយ​ការ​តវ៉ា​នេះ​ ក៏​មិន​មានការ​រារាំង​ពី​អាជ្ញាធរ​ខេត្តសៀមរាប​ផង​ដែរ​ ដោយសារ​គេ​យល់​ថា​ នេះ​ជា​ការ​តវ៉ា​ស្រប​តាម​ច្បាប់​។​

​លោក​មាន​ប្រសាសន៍​ទៀត​ថា​៖​ «​អាហ្នឹង​ជា​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ បើ​យើង​និយាយ​ទៅ​ប្រហែល​គាត់​ជា​ជនជាតិ​កូរ៉េ​ ហើយ​គាត់​មិន​បាន​ស្គាល់​ច្បាប់​ស្រុក​ខ្មែរ​យើង​ឱ្យ​បាន​ស៊ីជម្រៅ​ ឬ​ក៏​មាន​អ្នក​ទៅ​បកប្រែ​ច្បាប់​ឱ្យ​គាត់​ហ្នឹង​វា​ខុស​ វា​អាច​ជា​បញ្ហា​ហ្នឹង​ដែរ​»​។​

​លោក​ ស​ មូរ៉ា​ បានឱ្យ​ដឹង​បន្ត​ថា​ រហូត​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ដំណោះស្រាយ​ពី​ថៅកែ​មជ្ឈមណ្ឌល​នោះ​ទេ​ បើ​ទោះបីជា​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ខេត្តសៀមរាប​ពីរ​ដង​រួច​មក​ហើយ​ក៏​ដោយ​។​

​សូម​ជម្រាប​ថា​ នេះ​ជា​ថ្ងៃ​ទី​៥​ ហើយ​ ដែល​បុគ្គលិក​ក្នុង​មជ្ឈមណ្ឌល​ម៉ាស្សា​អា​ឡា​ស្កា​ សិ្ថ​ត​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ចេញ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៧៧​ ដុល្លារ​ក្នុង​មួយ​ខែ​ និង​ប្រាក់​ទ្រទ្រង់​សុខភាព​ចំនួន​១០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៕

Share

Image
Image
Image