en     km
en     km

បទ​អត្ថាធិប្បាយ​ ៖​ បុរស​ខ្លាំង​វេ​ណេ​ហ្សូ​អេ​ឡា​ចង់​លក់​ប្រទេស​ឱ្យ​រុ​ស្ស៊ី​ក្រោម​បំណុល​រាប់​ពាន់​លាន​ដុល្លារ​

Share

​នៅ​ទីបំផុត​បុរស​ខ្លាំង​នៅ​វេ​ណេ​ហ្សូ​អេ​ឡា​ នី​កូ​ឡាស​ម៉ា​ដូ​រ៉ូ​បានរ​ត់ទៅ​ពឹងពាក់​មេដឹកនាំ​រុ​ស្ស៊ី​ឱ្យ​ ជួយ​ដោះបំណុល​រាប់​ពាន់​លាន​ដុល្លារ​​អា​មេ​រិ​ក​ដែល​ខ្លួន​កំពុង​វ័ណ្ដ​ក​។​ គោលបំណង​របស់​ លោក​ម៉ា​ដូ​រ៉ូ​ ទៅ​ជួប​បុរស​ខ្លាំង​ ផ្លា​ឌី​មៀរ​ពូ​ទី​ន​ ដូច​គ្នា​នេះ​ គឺ​ម្យ៉ាងទៀត​ចង់ឱ្យ​ក្រុង​ម៉ូ​ស្គូ​ គាំទ្រ​ការ​ដឹកនាំ​ របស់​លោក​ ដើម្បី​ទប់ទល់​ជាមួយ​អា​មេ​រិ​ក​ដែល​ប៉ង​ផ្ដួលរំលំ​លោក​ពី​អំណាច​។​ ផែនការ​ដោះបំណុល​ដំបូង​ដែល​លោក​ម៉ា​ដូ​រ៉ូ​ ពឹងពាក់​មេដឹកនាំ​រុ​ស្ស៊ី​ គឺ​ មាន​ ៣​ពាន់​ ៥០០​លាន​ ដុល្លារ​ ក្នុង​ បំណុល​សរុប​ ជាង​៦​ពាន់​លាន​ដុល្លារ​។​
​តើ​រឿង​នេះ​គេ​ អាច​និយាយ​បាន​ថា​ បុរស​ខ្លាំង​វេ​ណេ​ហ្សូ​អេ​ឡា​ចង់​លក់​ប្រទេស​ឱ្យ​រុ​ស្ស៊ី​ក្រោម​បំណុល​រាប់​ពាន​លាន​ដុល្លារ​ជាមួយនឹង​ការ​ពង្រឹង​ការ​កាន់​អំណាច​ ទៅ​មុខ​ទៀត​ មែនឬ​?​ សូម​ស្ដាប់​ បទ​អត្ថាធិប្បាយ​ របស់​លោក​ នួន​ បូ​រិ​ន​ ដូច​តទៅ​


​កាលណា​និយាយ​អំពី​បំណុល​ គឺ​វិលមុខ​និង​ឈឺក្បាល​។​ បំណុល​តូច​មួយ​ អាច​សង​គេ​បាន​តែ​ បើ​បំណុល​ឡើង​ដល់​ដំបូលផ្ទះ​ហើយ​នោះ​គឺ​មាន​តែ​ លក់​ផ្ទះ​នោះ​ ឱ្យ​ ម្ចាស់បំណុល​ ឬ​ អ្នក​ណា​ដែល​មាន​លទ្ធភាព​ទិញ​។​ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្សលោក​នា​សម័យ​ទំនើប​នេះ​។​ ជំពាក់​បំណុល​គេ​ វ័ណ្ដ​ក​ ហើយ​កូន​ឈឺ​ទៀត​ គឺ​អាសន្ន​ហើយ​។​

ករណី​នេះ​ ទំនង​ដូច​គ្នា​ នឹង​ប្រទេស​វេ​ណ​ហ្សូ​អេ​ឡា​ ដែល​កំពុង​ធ្លាក់​ ចូល​ក្នុង​ វិបត្តិ​សេដ្ឋកិច្ច​ និង​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​។​ ដោយសារ​ចង់​ដោះបំណុល​ផង​និង​ចង់ឱ្យ​រុ​ស្ស៊ី​ទទួល​ទិញ​ប្រេង​ឆៅ​ ជំនួស​អា​មេ​រិ​ក​ផង​ លោក​ប្រធានាធិបតី​ នី​កូ​ឡា​ម៉ា​ដូ​រ៉ូ​ នៃ​ប្រទេស​វេ​ណ​ហ្សូ​អេ​ឡា​ បាន​បញ្ចុះបញ្ចូល​ មេដឹកនាំ​រុ​ស្ស៊ី​ ផ្លា​ឌី​មៀរ​ពូ​ទី​ន​ ឱ្យ​ទិញ​ប្រេង​ហើយ​ ជួយ​ដោះបំណុល​ ៣​ពាន់​ ៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ដំណាក់កាល​ដំបូង​សិន​ ដែល​ជា​ការ​ដោះ​ដូរ​ទំនិញ​អាវុធ​ពី​រុ​ស្ស៊ី​។​ ជំនួប​រវាង​លោក​ ម៉ា​ដូ​រ៉ូ​ និង​ ពូ​ទី​ន​ កាលពី​ថ្ងៃ​ទី​៤​ តុលា​ នៅ​ក្រុង​ម៉ូ​ស្គូ​ នាំ​ឱ្យ​មានការ​វិភាគ​ពី​ដំណើរ​នៃ​ការ​ដាក់​ប្រទេស​លក់​ ទៅ​ឱ្យ​រុ​ស្ស៊ី​ ជា​ថ្នូរ​នឹង​ការ​ស្ដារ​សេដ្ឋកិច្ច​និង​ គាំទ្រ​នយោបាយ​របស់​បុរស​ខ្លាំង​វេ​ណេ​ហ្សូ​អេ​ឡា​រូប​នេះ​។​

តើ​ដំណើរ​ដើមទង​យ៉ាងដូចម្ដេច​បានជា​វិបត្តិ​នៅ​វេ​ណេ​ហ្សូ​ឡា​ធ្លាក់​ដល់​កម្រិត​ធ្ងន់ធ្ងរ​ដូចនេះ​?

​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​របស់​ពិ​ភ​លោក​នេះ​ បាន​រអិល​ធ្លាក់​ ចូល​ក្នុង​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​ គឺ​ចាប់តាំងពី​ខែមេសា​ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​ ដោយសារ​ប្រធានាធិបតី​ ម៉ា​ដូ​រ៉ូ​ បាន​បង្កើត​ព្រឹត្តិការណ៍​ដោយ​ឯកតោភាគី​ គឺ​ការ​បោះ​ឆ្នោត​សភាធម្មនុញ្ញ​ ក្រោម​លេស​មួយ​ រំលាយ​សភា​ ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​។​ ផែនការ​នេះ​ នរណា​ក៏​ដឹង​ដែរ​គឺ​លោក​ម៉ា​ដូ​រ៉ូ​ ព្យាយាម​ពង្រីក​អំណាច​របស់​លោក​ ដោយ​មិន​ឱ្យ​មានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​។​

​វិបត្តិ​នយោបាយ​នេះ​ ក៏​កើតមក​ពី​ វិបត្តិ​សេដ្ឋកិច្ច​ ផង​ដែរ​ ដែល​ជាដើម​ចម​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ ជួប​ឱនភាព​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ ដោយ​ទាញ​ឱ្យ​មាន​ វិបត្តិ​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់​ នៃ​សង្គម​របស់​ប្រទេស​ ។​ វិបត្តិ​ស្បៀងអាហារ​ ថ្នាំពេទ្យ​ ការ​អត់​ការងារ​ធ្វើ​ និង​អំពើ​ពុក​រលួយ​ ក្នុង​ស្ថាប័នរដ្ឋ​នាំ​ឱ្យ​បក្ស​ប្រឆាំង​ ទាមទារ​ ឱ្យ​លោក​ម៉ា​ដូ​រ៉ូ​ ចុះ​ចេញពី​តំណែង​ ឬ​ ត្រូវ​រៀបចំ​បោះ​ឆ្នោត​ ប្រធានាធិបតី​ មុន​អាណត្តិ​ តែ​លោក​ ម៉ា​ដូ​រ៉ូ​ បដិសេធ​។​ សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​ក្រុមប្រឆាំង​ បាន​នាំ​ឱ្យ​ ប្រធានាធិបតី​ រូប​នេះ​ ខឹងសម្បារ​យ៉ាង​ខ្លាំង​ហើយ​ បង្គាប់​ឱ្យ​គណៈកម្មការ​រៀបចំ​បោះ​ឆ្នោត​ រៀបចំ​បោះ​ឆ្នោត​ សភាធម្មនុញ្ញ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៨​ សីហា​ ប៉ុន្តែ​ ព្រឹត្តិការណ៍​នោះ​ មិន​មានការ​ចូលរួម​ពី​បេក្ខជន​មក​ពី​គណបក្សប្រឆាំង​នោះ​ទេ​។​ ក្នុង​ថៃ្ង​បោះ​ឆ្នោត​នោះ​ គេ​ ឃើញ​ មាន​ផ្ទុះ​បាតុកម្ម​ និង​ កុបកម្ម​ ទូ​ទាំង​ប្រទេស​ប្រឆាំង​ការ​បោះ​ឆ្នោត​ និង​លទ្ធផល​បោះ​ឆ្នោត​។​ តែ​ជា​ អកុសល​ ក្រុម​តវ៉ា​ រង​ការ​បង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​ រហូត​មាន​អ្នក​ស្លាប់​ ជា​ច្រើន​សិប​នាក់​ ។​

លទ្ធផល​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ឡើយ

​សហរដ្ឋអាមេរិក​ រួម​នឹង​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ ប្រទេស​ជិតខាង​ វេ​ណេ​ហ្សូ​អេ​ឡា​ ទាំងអស់​បាន​ចាត់​ទុក​លទ្ធផល​បោះ​ឆ្នោត​ជា​អំពើ​ក្បត់​ឆន្ទៈ​របស់​ប្រជាជន​។​

​ករណី​នេះ​ សហរដ្ឋអាមេរិក​ និង​ប្រទេស​ ៨​ទៀត​ រួម​មាន​ប្រទេស​កា​ណា​ដា​ បាន​ដាក់​ទណ្ឌកម្ម​ ហិរញ្ញវត្ថុ​លើ​ ថ្នាក់ដឹកនាំ​វេ​ណេ​ហ្សូ​អេ​ឡា​ដែល​ជា​ជំហាន​ដំបូង​។​ តែ​សម្រាប់​អា​មេ​រិ​ក​ ដែល​ទិញ​ប្រេង​ឆៅ​ពី​ វេ​ណេ​ហ្សូ​អេ​ឡា​ មួយ​ថ្ងៃៗ​ ៧០០​ពាន​បារ៉ែល​បាន​ ព្រមាន​ថា​ នឹង​លែង​ទិញ​បើ​ ប្រទេស​នេះ​មិន​អាច​វិល​ត្រឡប់​មក​រក​ លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​។​ មិនតែប៉ុណ្ណោះ​ ក្រុង​វ៉ា​ស៊ី​ន​តោន​ ព្រមាន​ប្រើ​យោធា​ អន្តរាគមន៍​ បើ​ប្រទេស​នេះ​នៅ​តែ​មិន​ដោះ​លែង​ ក្រុម​គណបក្ស​ ប្រឆាំង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​ ទំនង​មានការ​ភ័យ​ខ្លាច​ដូចនេះ​ហើយ​មើលទៅ​ បានជា​លោក​ ម៉ា​ដូ​រ៉ូ​ រត់​ពឹងពាក់​រុ​ស្ស៊ី​ ឱ្យ​ជួយ​ការពារ​ខ្លួន​ និង​ជួយ​ ដោះបំណុល​ ដែល​វ័ណ្ឌក​ហើយ​នោះ​។​

ទំនាក់ទំនង​រុ​ស្ស៊ី​-​វេ​ណេ​ហ្សូ​អេ​ឡា​

​អតីត​ប្រធានាធិបតី​ វេ​ណេ​ហ្សូ​អេ​ឡា​ ដែល​តាំង​ចិត្តជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ បាន​ចាត់​ទុក​អា​មេ​រិ​ក​ ជាស​ត្រូវ​ទី​១​ របស់​ខ្លួន​។​ នៅ​ពេល​ខ្លួន​មាន​ជម្លោះ​ជាមួយ​អា​មេ​រិ​ក​ គឺ​រុ​ស្ស៊ី​ ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​ ពូ​ទី​ន​ បាន​ឱបក្រសោប​ ប្រធានាធិបតី​ ហុង​ហ្គូ​ឆា​វេស​ ដោយ​រាប់អាន​គ្នា​ជា​មិត្ត​ជិត​ស្និទ្ធ​ ទោះបី​រំលង​ទ្វីប​ក៏​ដោយ​ ។​ លោក​ឆា​វេស​បាន​ស្លាប់​ នៅ​ឆ្នាំ​២០១៣​ ដោយ​បន្សល់​ទុក​កេរ្តិ៍​ដំណែល​ផ្ដាច់​ការ​ ជា​ច្រើន​ដល់​អនុ​ប្រធានាធិបតី​របស់​ខ្លួន​គឺ​លោក​ ម៉ា​ដូ​រ៉េ​ ដែល​ឡើង​កាន់​តំណែង​ជំនួស​។​ លោក​ ម៉ា​ដូ​រ៉ូ​ បាន​ស្នង​តំណែង​ទាំង​ប្រធានាធិបតី​ផង​ និង​ ជា​ប្រធាន​គណបក្ស​សង្គមនិយម​ផង​។​

ភាព​ស្និទ្ធ​សា្ន​ល​របស់​លោក​ ម៉ា​ដូ​រ៉ូ​ ជាមួយ​ មេដឹកនាំ​រុ​ស្ស៊ី​ ហាក់​ថយ​បន្តិច​បន្ទាប់​ពី​លោក​ ឆា​វេស​ ទទួលមរណភាព​។​ តែ​នៅ​ពេល​អា​មេ​រិ​ក​ ដាក់​ទណ្ឌកម្ម​ ហិរញ្ញវត្ថុ​ លើ​ថា្ន​ក់​ដឹកនាំ​របស់​លោក​ និង​រូប​លោក​ផ្ទាល់​ លោក​ម៉ា​ដូ​រ៉ូ​ ក៏​ស្រវាឱប​លោក​ ពូ​ទី​ន​គឺ​​ឱ្យ​ដូច​អតីត​មេដឹកនាំ​របស់​លោក​។​ ដោយសារ​រឿង​នេះ​លោក​ ម៉ា​ដូ​រ៉ូ​ សម្រេច​ចាក​ចេញពី​ប្រទេស​ ដោយ​ ភាព​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ ដោយ​ទៅ​ជូ​ប​ប្រធានាធិបតី​រុ​ស្ស៊ី​ គឺ​លោក​ ពូ​ទី​ន​។​ ក្នុង​ជំនួប​នៅ​វិមាន​ក្រឹម​ឡាំង​ លោក​ ម៉ា​ដូ​រ៉ូ​ បាន​សម្ដែង​អរគុណ​លោក​ ពូ​ទី​ន​ យ៉ាង​ខ្លាំង​ ដែល​បាន​សន្យា​ជួយ​ស្ដារ​សេដ្ឋកិច្ច​ និង​ ជួយ​ទប់​ស្ថិរភាព​នយោបាយ​ និង​អំណាច​របស់​លោក​ ។​ តែ​ក្នុង​ជំនួប​នោះ​ មេដឹកនាំ​វេ​ណេ​ហ្សូ​អេ​ឡា​រូប​នេះ​ បាន​សន្យា​ទិញ​ អាវុធ​ទំនើបៗ​ជា​ច្រើន​ពី​រុ​ស្ស៊ី​ គឺ​សុំ​ឱ្យ​ រុ​ស្ស៊ី​ជួយ​ដោះបំណុល​មួយ​ចំនួន​។​ ក្នុង​នោះ​លោក​សុំ​ឱ្យ​រុ​ស្ស៊ី​ជួយ​ទិញ​ប្រេង​ឆៅ​ ពី​ប្រទេស​លោក​ឱ្យ​បាន​ច្រើន​បំផុត​ទោះបី​ក្រុមហ៊ុន​រុ​ស្ស៊ី​ Rosneft​ មាន​ភាគហ៊ុន​ក្នុង​ផលិតផល​ប្រេង​ ជាមួយ​វេ​ណេ​ហ្សូ​អេ​ឡា​ក័​ដោយ​។​

តើ​រុ​ស្ស៊ី​អាច​ទិញ​ប្រេង​ឆៅ​ពី​វេ​ណេ​ហ្សូ​អេ​ឡា​បាន​កម្រិត​ណា​បើ​ខ្លួន​ជា​ប្រភព​នៃ​ការ​ផលិត​ឧស្ម័ន​ ហើយ​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ដែរ​នោះ​?​

​រឿង​នេះ​ហើយ​មើលទៅ​ ដែល​លោក​ ម៉ា​ដូ​រ៉ូ​ ត្រូវ​រត់​ពឹង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប​ខាងកើត​ឱ្យ​ជួយ​ទិញ​ប្រេង​ឆៅ​របស់​ខ្លួន​។​ លោក​បាន​ចេញពី​ម៉ូ​ស្គូ​ទៅ​ ប្រទេស​បេឡា​រ៉ុ​ស​ និង​តួ​ក​គី​ ដែល​នៅ​ទីនោះ​ លោក​បញ្ចុះ​ប​ញ្ជូ​ល​មេដឹកនាំ​ប្រទេស​ទាំងនេះ​ជួយ​ ស្ដារ​សេដ្ឋកិច្ច​ប្រទេស​របស់​លោក​ ដោយ​ជួយ​ទិញ​ប្រេង​តែ​ហាក់​មិន​ទាន់​ទទួល​បាន​ ការ​សន្យា​ជាក់លាក់​នៅឡើយ​។​ នៅ​ចំពោះ​មុខ​ អ្នក​សារព័ត៌មាន​ គឺ​បន្ទាប់​ពី​ចេញពី​ជំនួប​ជាមួយ​លោកពូ​ទី​ន​ នៅ​វិមាន​ក្រឹម​ឡាំង​ លោក​ ម៉ា​ដូ​រ៉ូ​ ដែល​មើលទៅ​អះអាង​ដោយ​ខ្លួនឯង​នោះ​បាន​ និយាយ​ថា​ លោក​មាន​ជំនឿ​ចិត្ត​ថា​ រុ​ស្ស៊ី​ នឹង​ ផ្ដល់​ជំនួយ​ជា​បន្ទាន់​ដើម្បី​ជួយ​សា្ដ​រ​សេដ្ឋកិច្ច​ប្រទេស​របស់​លោក​ ហើយ​ រុ​ស្ស៊ី​ នឹង​ជួយ​ទប់ទល់​សម្ពាធ​ពី​រដ្ឋការ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ទៀត​ផង​។

​ជា​រួម​ទៅ​ គេ​សង្កេត​ឃើញ​បុរស​ខ្លាំង​ណា​ដែល​ប្រឈម​មុខ​នឹង​ការ​បាត់បង់​អំណាច​ ឬ​ចុះ​ខ្សោយ​ការ​គាំទ្រ​ពី​ប្រជាជន​របស់​ខ្លួន​ គឺ​មេដឹកនាំ​នោះ​ ត្រូវ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ បក្សពួក​ខ្លួន​ និង​ខ្លួន​គេ​ផ្ទាល់​ បាន​បន្ត​កាន់​អំណាច​ទៀត​ ទោះ​ខ្លួន​ដឹកនាំ​ប្រទេស​ធ្វើ​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ ឬ​ វិបត្តិ​សង្គម​ ក៏​ដោយ​ ដូច​ជា​លោក​នី​កូ​ឡាស​ម៉ា​ដូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្សូ​អេ​ឡា​ជាដើម​នេះ​៕​

Share

Image
Image
Image