en     km
en     km

បទយកការណ៍៖ អ្នកស្រុកថ្មបាំងធ្វើកសិកម្មបានត្រឹមជាលក្ខណៈគ្រួសារ

Share

ខេត្តកោះកុង៖ ស្រុកថ្មបាំង មានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង មានឃុំចំនួន៦ និងភូមិចំនួន១៨ មាន​ផ្ទៃ​ដី​ទំហំ ៣៤៤៦ គី​ឡូ​ម៉ែ​ត្រ​ការ៉េនៅទីនោះភាគច្រើនជាប្រភេទជាដីក្រហមមាន​ជីវ​ជាតិ ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ដាំ​ដុះ​ដំណាំ។​ ទន្ទឹមគ្នានេះគេសង្កេតឃើញថា ក្រៅពីរបរឡើងភ្នំ ការ​ដាំដុះ​ដំណាំ​រប​ស់​ពល​រដ្ឋ​នៅទីនោះ ភាគ​ច្រើន​ធ្វើ​ស្រែ​ចំការ ការដាំដំណាំ​បន្ទាប់​បន្សំ​ផ្សេង​ៗ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ​តើមូល​ហេតុអ្វី​បា​ន​​​ជា​ពល​​រដ្ឋនៅតំបន់​នោះ ភាគច្រើនដាំដំ​ណាំជាលក្ខណៈ​គ្រួសារ​ច្រើន​ជាជាង​ការ​ដើម្បី​ការ​នាំ​ចេ​ញ? ជា​បន្ដសូមអញ្ជើញស្ដាប់ប​ទយកការណ៍​ស្តីពី​ការ​ប្រកប​រប​រក​សិកម្ម​របស់​ប្រជា​ពល​រដ្ឋ​នៅតំបន់នេះ ដែលរៀបចងក្រងដោយកញ្ញាជុំជោគជាតា មានសេចក្តីដូចតទៅ៖ 

 

ផ្ទះអ្នកភូមិ នៅស្រុថ្មបាំង ខេត្តកោះកុង 

ទីនេះ គឺជាស្រុកថ្មបាំងខេត្តកោះកុង ។ ស្រុកនេះ មានទេសភាពធម្មជាតិបំព្រង ប្រកបដោយដើម​រុក្ខ​ជាតិតូចធំបៃតងស្រស់។ ប្រជាពលរដ្ឋស្រុកថ្មបាំងមានជីវភាពសមល្មម ដោយអ្នករស់នៅទីនេះ ភាគ​ច្រើនប្រកបរបរធ្វើស្រែចំការ ដាំដំណាំហូបផ្លែ បន្លែបង្កាធម្មជាតិ និងមុខរបរ​មួយ​ទៀត​គឺឡើង​ភ្នំ​ប្រមូល​អនុផលព្រៃឈើ។ ពលរដ្ឋនៅស្រុកនេះរីករាយចំពោះការប្រកបមុខរបរមួយ ព្រោះមិនមាន លក្ខណៈ​ប្រកួត​ប្រជែង​ឡើយ។

អ្នកស្រី ម៉ន សាង រស់នៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ជាកសិករ​មួយ​រូប​ធ្វើស្រែ និងដាំដុះដំណាំជាលក្ខណៈគ្រួសារ។ អ្នកស្រីបាននិយាយថា« យើងដាំស្រូវ ដាំពោត ដាំល្ពៅ សម្រាប់តែទុកហូបតែប៉ុណ្ណោះខ្ញុំធ្លាប់ឡើងព្រៃទៅបេះ ដូចជាសម្រង់ កកូរ»

អ្នកស្រី​ ម៉ន សាង បានប្រាប់ទៀតថា ដំណាំដែលអ្នកស្រីដាំ ព្រមទាំងអនុផលដែលដុះនៅតាមព្រៃភ្នំ គឺទុកសម្រា​ប់​ហូបចុកក្នុងគ្រួសារខ្លួន​ ​និង​ចែក​ដល់​ភូមិ​ដូចគ្នាតែប៉ុណ្ណោះ ដោយ​ផល​ដំណាំ​ទាំងនោះ មិន​មាន​ឈ្មួញមកពីខាងក្រៅទិញនោះទេ ។ ស្រី្តរូបនេះបានឱ្យដឹងទៀតថា តាមរដូវកាល អនុ​ផល​ព្រៃ​ឈើ​ដែលដើររក​បាន​ក្នុងព្រៃ ម្ដងម្កាលៗទុកសម្រាប់​លក់​ឱ្យ​ឈ្មួញ​ពីខាង​ក្រៅ​ខ្លះដែរ ដែល​ឈ្មួញ​ទាំង​នោះ​មក​ទិញ​ដល់​ក្នុងភូមិ។ អ្នកស្រី ម៉ន សាង ៖ «ទិន្នផលព្រៃឈើ បេះយកមកលក់ ស្រុក​យើង​បេះ​តែ​ប៉ុណ្នឹង ផ្លែសម្រង់ ផ្លែកកូរ ឬផ្លែផ្ដាំ អ្នកភូមិលក់ក្នុងមួយគីឡូ បានតម្លៃ២ម៉ឺនប្រាំពាន់រៀលទៅ ៣ម៉ឺន​រៀល…​ »

នៅមិនឆ្ងាយពីអ្នកស្រី ម៉ន សាង ប៉ុន្មាន ស្រ្ដីម្នាក់ទៀតមានសម្បុរខ្មៅស្រអែមនិងទឹកមុខស្នាមញញឹម គឺនាង សួន សោ អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំជំនាប់ ភូមិជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បាន​និយាយ​ប្រាប់​ថា របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់នាង ក៏ដូចគ្នាអ្នកភូមិរស់នៅទីនេះដែរ។ « ខ្ញុំឡើងភ្នំ ក្រៅពីឡើងភ្នំ រកស៊ីដាក់ត្រី ដូចគេ ដូចឯង…»

ជាអ្នកម្ដាយវ័យក្មេងដែលមានកូនស្រីអាយុ ២ឆ្នាំម្នាក់នៅក្បែរខ្លួន សោ បានប្រាប់បន្ដថា អ្នក​ភូមិ​នៅ​ទី​នេះភាគច្រើន​ពឹងផ្អែកលើដំណាំលក្ខណៈគ្រួសារ​ ច្រើនជាងការដើរព្រៃរកអនុផលព្រៃឈើ។

កាលបើទៅកាន់ទឹកដីស្រុកថ្មបាំង គឺគេត្រូវតែងនឹកគិតទៅដល់តំបន់អារ៉ែង ដែលជាដែន​ជម្រក​ព្រៃ​ដ៏​ស្រ​ស់​ត្រ​កាល មានបរិស្ថានគួរឱ្យគនគន់។ លោក វ៉ែន អែត ជាអ្នកភូមិច្រកឬស្ស៊ី ឃុំជំនាប់ ស្រុក​ថ្ម​បាំ​ង​ និងជាអ្នកមើលការខុសត្រូវភ្ញៀវទេសចរដែលមកលេងកំសាន្ដនៅក្នុងតំបន់អារ៉ែងនេះ បាន​និយាយ​ថា អ្នកភូមិនៅទីនេះ តាមទម្លាប់គឺនាំគ្នាធ្វើស្រែចំការ​ និងចូលព្រៃឡើងភ្នំ ឬរកត្រីជាដើម។ ពេល​​មាន​ភ្ញៀវ​ទេសចរមកលេង អ្នកភូមិក៏មានការងារបន្ថែមមួយទៀត គឺការរៀបចំម្ហូបអាហារ ធ្វើបាយសម្ល​សម្រា​ប់​​ភ្ញៀវទេសចរ​ អ្នកខ្លះទៀតដឹកភ្ញៀវទេសចរដើរកំសាន្ដ ហើយក៏ជាអ្នកនាំផ្លូវជូនភ្ញៀវទេសចរផងដែរ។

តាមលោក វ៉ែន អែត រដូវកាលដែលភ្ញៀវទេសចរមកកំសាន្ដច្រើនជាងគេនៅតំបន់អារ៉ែង គឺ នៅខែ​មេ​សា​ និង​រដូវប្រាំង ហើយប្រភពចំណូលដែលបានមកពីភ្ញៀវទេសចរ គឺជាប្រ​ភព​ចំណូល​ដ៏សំ​ខាន់​សម្រាប់​អ្នក​ភូមិ ព្រោះមិន​ចាំបាច់នាំគ្នាចូលព្រៃ។

«និយាយអោយចំទៅ វាគឺបូកផ្សំគ្នា បើសិនជាគាត់គិតតែភ្ញៀវទេសចរណ៍ទាំងអស់ពេកទៅ ក៏វាពិ​បាក​ដែរ អីចឹងទាល់តែគាត់មានចំការផង បូកផ្សំនឹងគាត់រៀបចំខាងទេសចរណ៍ផង ទើបវាអាចម្រើនការ​ដាំស្លសម្រាប់ភ្ញៀវទេសចរ គឺ​កាត់បន្ថយបានមួយកម្រិត ត្រង់ថា គាត់​មិន​បាច់​ចាំឡើង​ព្រៃ »

ចំណែកអ្នកជំនាញនាំផ្លូវឱ្យភ្ញៀវ ម្នាក់ទៀតគឺលោក សុខ មាំ ។ លោក​និយា​យមានសំនៀង​រដឺន មាន​អាយុ​ ៥៣ឆ្នាំ ជាជនជាតិជង ។ លោក សុខ មាំ បានឱ្យដឹង បន្ដថា ក្រៅពីការងារជាអ្នកនាំព្រៃ លោក​ក៏​ជាអ្នក​ដើរព្រៃរកជ័រដើម្បីយកទៅលក់ផងដែរ។ «មានស្អី មានតែចូលព្រៃ មុខរបរយើងមានតែចូល​ព្រៃ រក​ជ័ររុង យកទៅលក់ »

លោក សុខ មាំអ្នកជំនាញនាំផ្លូវឱ្យភ្ញៀវទេសចរ តំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង

បុរសជនជាតិជង សញ្ជាតិខ្មែរលោក សុខ មាំ អ្នកជំនាញដើរព្រៃ និងជាចាស់ទុំមួយរូបក្នុងតំបន់នេះ បានប្រាប់បន្ដនិយាយទៀតថា សម្រាប់ជ័ររុងមួយគីឡូ តម្លៃ ២ម៉ឺន ទៅ ២ម៉ឺនប្រាំបីពាន់រៀល ហើយ​ក្នុង​មួយ​ថ្ងៃគាត់រកជ័ររុងបានប្រាំគីឡូក្រាម ។ ជ័រដែលរកបានយកទៅលក់នៅព្រំប្រទល់ខេត្តពោធិ៍សាត់ ដោយក្នុងមួយជើងមានចំណុះ ៣០គីឡូ

យើងបានជួបពលរដ្ឋមួយរូបទៀតក្នុងឃុំជំនាប់ ភូមិច្រកឬស្ស៊ី ស្រុកថ្មបាំង ខេត្តកោះ​កុងដែ​ល​បាន​ដឹក​ភ្ញៀវ​ទេសចរ​ធ្វើដំណើរតាមគោយន្ដ។ លោកសុខ ផាន់ អាយុ ២៩ឆ្នាំ មានគ្រួសារ និង​មាន​កូន​ប្រុស​ស្រី ៣នាក់ក្នុងបន្ទុក។ ជីវភាពរស់នៅរបស់គ្រួសារលោក ពឹងផ្អែកទៅលើរបរធ្វើស្រែចំការ និង​ការ​ដឹកអ្នក​ដំណើរ​តាម​គោ​យ​ន្ដ​។

លោក សុខ​ ផាន់ មានដីសម្រាប់ធ្វើស្រែចំការ ២៣ហិកតា ប៉ុន្ដែដីដាំដុះរបស់លោកត្រឹមតែ ២ ហិកតា ប៉ុណ្ណោះ។ «ខ្ញុំដាំស្ពៃ ដាំសណ្ដែក បានម៉ាហូប ដោយសារព្រៃពេក ហើយណា​មួយខ្ញុំមា​នគោ​យន្ដ​ផង ​ទើបដីដែលនៅ​សល់មិ​នបា​នដាំ​អីការដាំដុះរបស់អ្នកភូមិ គឺដាំតាមបែបធម្មជាតិ ហើយ​ការដាំ​ដុះ​ភាគច្រើនគឺជាលក្ខណៈគ្រួសារ»

សុខ ផាន់ ៖« ដាំដុះ ! យើងដាំតាមធម្មតា ដាំតាមធម្មជាតិ តាមរុក្ខជាតិ​ ខ្លះណាក៏គេដាំឱ្យបានច្រើន ចែក​ចាយ​ក្នុងភូមិទៅ ដូចយើងដឹងស្រាប់នៅទីនេះផ្លូវពិបាក អត់មានផ្លូវមានអី មិន​ដឹង​យកទៅ​លក់​នៅ​ណា​ទេ»

ជុំវិញស្ថានភាពរស់នៅរបស់ពលរដ្ឋសហគមន៍នេះ មេភូមិជំនាប់ លោក ហាស់ ម៉ន ក៏បានលើក​ឡើង​មិន​ខុស​ពីអ្នកភូមិរបស់គាត់ដែរ។ លោកថា អ្នកភូមិភាគច្រើនគឺនាំគ្នាដាំបន្លែ និងធ្វើស្រែចំការ ត្រឹមជាលក្ខណៈគ្រួសារ​ប៉ុណ្ណោះ ​បើទោះជាដីនៅតំបន់នោះមានជីវជាតិក៏ដោយ។

អ្នកភូមិ នៅស្រុកថ្មបាំង ខេត្តកោះកុង 

លោកមេភូមិថា ប្រសិនជាមានឈ្មួញចូលមកទិញដំណាំពីអ្នកភូមិ នោះ​អ្នក​ភូមិអាចនឹង​នាំ​គ្នា​ប្ដូរ​ពី​ការ​ដាំដំណាំ​ជា​​លក្ខណៈគ្រួសារ ប្រែទៅជាដាំដំណាំមានលក្ខណៈនាំចេញវិញ។ លោក ហាស់ ម៉ន ៖ «ខ្ញុំថាបើសិនជាមានទីផ្សារ ឬឈ្មួញ និងអង្គការនានាប្រមូលទិញ នោះប្រជាពលរដ្ឋគាត់នឹង​មាន​កម្លាំង​ធ្វើ… »

មេភូមិរូបនេះបានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងមួយគ្រួសារមានដីធ្វើស្រែចំការតិច ៥ហិកតា ហើយ​ការ​ដាំដុះរ​បស់​អ្នកភូមិមានដូចជា ដាំផ្លែធុរេន សាវម៉ៅ ចេក មង្ឃុត ខ្នុរ ត្របែក និងល្ពៅ ក្រៅពីនេះ គឺមាន ដំណាំស្រូវ ។

តាមការបញ្ជាក់បន្ថែមពីលោកមេភូមិ ការដាំដំណាំសម្រាប់តែផ្គត់ផ្គង់ក្នុងគ្រួសារ ដោយសារតែ ទីមួយ​ផ្លូវ​ធ្វើដំណើរមានការលំបាក, ទីពីរខ្វះឈ្មូញទិញផលដំណាំ , និង​ទីបីខ្វះ​ការ​ពិភាក្សា​និង​ព័ត៌​មាន​ពីអ្នក​ជំ​នាញកសិកម្ម។ ទន្ទឹមគ្នានេះ លោកបានអំពាវនាវ ឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយសម្រួល​សម្រួល​បញ្ហា​នេះ ដើម្បី​អភិវឌ្ឍជីវភាពអ្នកភូមិរបស់លោកឱ្យបានប្រសើរ។

លោក ហាស់ ម៉ន« សុំអំពាវនាវឱ្យអង្គការ គ្រប់ស្ថាប័ន ឬក៏វិស័យឯកជន ឬឈ្មួញជួយវិនិយោគ ជួយទិញដំណាំប្រជាពលរដ្ឋដែលដាំបាន»

អត្ថបទ៖ ជុំ ជោគជាតា

Share

Image
Image
Image