en     km
en     km

បទយកការណ៍៖ ភឿន​ ផាវី​ ចង់​ចំណាយ​ពេល​មួយ​ជីវិត​ចារ​សាស្ត្រា​ស្លឹក​រឹត​ដើម្បី​អភិរក្ស​វប្ប​ធម៌​ខ្មែរ​

Share

ភ្នំ​​ពេញ​​៖ ​​ចំណារ​​សាស្រ្ត​ស្លឹ​​ក​រឹ​ត​ ​នៅ​​ក្នុង​​សង្គ​ម​ខ្មែ​រ​​តាំ​ង​ពី​​ដើ​ម​​រៀ​ង​​មក​​គេ​​ពុំ​​ដែល​​ឃើញ​វត្ត​​​មាន​​ស្ត្រី​ចា​រ​ឡើ​យ​ ​គឺ​​មា​ន​​សម្រាប់​​តែ​​ព្រះ​សង្ឃ​​ លោ​ក​​អាចារ្យ​​ និង​​អ្នក​​ធ្លាប់​​បួស​​រៀន​​ក្នុង​​ទី​​អារា​ម​​​ក្នុ​ង​​​ភេ​ទ​​​ជា​​​​បុ​រ​ស​​តែ​ប៉ុណ្ណោះ ​​ដែល​មាន​សម​ត្ថ​ភាព​អាច​ចារ​គម្ពី​រ​ក្បួន​ច្បាប់​​បុរាណ​មួយ នេះ​​។ ​ ដោយ​ឡែក​អ្នក​ស្រី ​ភឿន​ ផាវី​ មាន​អាយុ​ ​២៨​ ឆ្នាំ ​មាន​សម​ត្ថ​ភាព​អាច​ចារ​សា​ស្ត្រា​ស្លឹក​រឹត​បា​ន​តាំង​ពី​អាយុ ​១៣ ​ឆ្នាំ​ ដោយ​ស្រឡាញ់​ពេញ​ចិត្ត​នឹង​ការ​ងារ​មួយ​នេះ​ រហូត​ចាប់​ជា​អាជីព​អ្នក​ចារ​សាស្ត្រា​ស្លឹក​រឹត​ និង​បាន​ប្តេ​ជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា​​ខ្លួន​នឹង​ចំណាយ​ពេល​មួយ​ជីវិត​ចារ​សាស្ត្រា​ស្លឹក​រឹត​ដើម្បី​អភិ​រក្ស​វប្ប​ធម៌​សំណេរ​បុរាណ​របស់​ខ្មែរ​ និង​បើក​បង្រៀន​វិធី​ចារ​សាស្ត្រា​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​កាន់​តែ​ច្បាស់​ពី​សាស្ត្រា​ស្លឹក​រឹត​របស់​ខ្មែរ​។ ​

សាស្ត្រាស្លឹករឹត «ព្រះនិពាន្វសូត្រ» ទាំងប្រាំពីរខ្សែចារដោយអ្នកភឿន ផាវី។
សាស្ត្រាស្លឹករឹត «ព្រះនិពាន្វសូត្រ» ទាំងប្រាំពីរខ្សែចារដោយអ្នកស្រី ភឿន ផាវី។

អ្នក​ស្រី ​ភឿន​ ផាវី​ បាន​ឱ្យ​ដឹង​ពី​ហេតុ​ផល​មួយ​ចំនួន​ដែល​ជំរុញ​ចិត្ត​ឱ្យ​ចាប់​យក​អាជីព​ជា​អ្នក​ចារ​សាស្ត្រា​ថា ​អ្នក​ស្រី​មាន​កំណើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឳពុក​ជា​អ្នក​ចេះ​ចារ​សាស្ត្រា​ស្លឹក​រឹត​ស្រាប់​។ ស្នា​ដៃ​របស់​ឪពុក​ធ្វើ​ឱ្យ​អ្នក​ស្រី​មាន​ចិត្ត​ស្រឡាញ់​ និ​ង​ចាប់​ផ្តើម​ហាត់​រៀន​ពី​ឳពុក​រហូ​តចេះ​ចាំ​យ៉ាង​ស្ទាត់​ជំនាញ​ចារ​សា​ស្ត្រា​។​ ស្រប​នឹង​និស្ស័យ​ស្រឡា​ញ់​សា​ស្ត្រាតាំង​ពី​វ័យ​កុមារ​ អ្នក​ស្រី​តែង​ប្រកាន់​គំនិត​ថា​​ ក្រៅ​ពី​ទទួល​បាន​ប្រាក់​​ ​បានស្នា​ដៃ ​កត្តិយស​ កេរ្តិ៍​ឈ្មោះ ​ចារ​សា​ស្តា្រ​ក៏​បាន​ចូល​រួម​ចំណែក​ជួយ​អភិ​រក្ស​សំណេរ​ស្លឹក​រឹត​របស់​ខ្មែរ​កុំ​បាត់​បង់​ផង​ដែរ​។ ​

​ស្រ្តី​មាន​វ័យ​ ២៨​ ឆ្នាំ​រស់​នៅ​ខេត្ត​សៀម​រាប​រូប​នេះ ​បាន​រៀប​រាប់​ឱ្យ​ដឹ​ង​​ថា​៖ ​«​ខ្ញុំ​បាន​ចាប់​យក​របរ​ចារ​សាស្ត្រា​នេះ​សម្រាប់​ចិញ្ចឹម​។ របរ​ចារ​សត្រា​ស្លឹក​រឹត​ពុំ​អាច​កសាង​ជីវភាព​គ្រួសារ​ខ្ញុំ​ឱ្យ​មាន​លុយ​កាត់​បាន​ជា​ដុំ​កំ​ភួន​ឡើយ​ ប៉ុន្តែ​បំណាច់​ចិត្ត​ស្រ​ឡាញ់​វប្ប​ធម៌​ខ្មែរ​ ស្រ​ឡាញ់​អក្សរ​សាស្រ្ត​ខ្មែរ​ ចង់​បន្ត​ការ​ងារ​របស់​ឳពុក​ និង​មិន​ចេះ​ជំនាញ​អ្វី​ក្រៅ​​​ពី​នេះ ​ទើប​ខ្ញុំ​សុខ​ចិត្ត​ចាប់​យក​ការ​ងារ​មួយ​នេះ ​ប្រសើរ​ជាង​ធ្វើ​ចំណាក​ស្រុក​ឆ្ងាយ​ពី​ផ្ទះ​ដូច​គេ ​»​។​

3-edited
អ្នកស្រី ភឿន ផាវី កំពុងលើកសាស្ត្រាសំពះក្នុងពិធីរំឭកគុណព្រះពិស្ណុការ មុនចារសាស្ត្រា «ព្រះនិពាន្វសូត្រ» ទាំងប្រាំពីរខ្សែ។

​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា​​ ត្បិត​តែ​របរ​ចារ​សាស្ត្រា​ស្លឹក​រឹត​មិន​អាច​មិន​អាច​​ប្រកួត​ប្រជែង​នឹង​មធ្យោ​បាយ​កត់​ត្រា​ទំនើប​ៗ​មាន​ច្រើន​ប្រភេទ​បច្ចុ​ប្បន្ន​បាន​ ប៉ុន្តែ​នៅ​ថ្ងៃ​ខាង​មុខ​អ្នក​ស្រី​នឹង​បើក​កន្លែង​បង្រៀន​ពីរ​បៀប​ចា​​រសាស្តា្រ​ស្លឹក​រឹត​ សម្រាប់​ឱ្យកូន​ខ្មែរ​បាន​ហ្វឹក​ហាត់​ និង​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​សាស្ត្រា​ស្លឹក​រឹក​របស់​ខ្មែ​រ​ រួម​គ្នា​ថែ​រក្សា​សម្បត្តិ​វប្ប​ធម៌​ជាតិ​មួយ​នេះ​ឱ្យ​គង់​វង្ស​។ ​

អ្នក​ចារ​សាស្ត្រា​ស្លឹក​រឹត​រូប​នេះ ​បាន​ឱ្យ​ដឹង​ថា ​អ្នក​ស្រី​ធ្លាប់​ចារ​សាស្ត្រា​បាន​រាប់​រយ​ច្បាប់​ក្នុង​ពេល​កន្លង​ទៅ ​ប៉ុន្តែ​ពុំ​អាច​ចាំចំ​នួន​បាន​នោះ​ទេ។​ អតិ​ថិជន​ ដែល​បាន​ជាវ​សាស្រ្តា​ភាគ​ច្រើន​ជា​ព្រះ​សង្ឃ​មក​ពី​គ្រប់​ខេត្ត​នានា​ មាន​ទៅ​ពី​ទី​ក្រុង​ភ្នំ​ពេ​ញ​ និង​ពុទ្ធ​បរិ​ស័ទ​ជាវ​សម្រាប់​​​ប្រគេ​នដ​ល់ព្រះ​សង្ឃ​។ ​សាស្ត្រា​ដែល​បាន​ចារ​មាន​ដូច​ជា ​ប្រភេទ​សាស្ត្រា​ល្បែង​ រឿង​ទស​ជាតក​​ អា​និសង្ស​បិណ្ឌ​ និពា​ន្ត​សូ​ត្រ​ និង​ក្បួន​ច្បាប់​បុរាណ​ផ្សេងៗ​ដែល​ចម្លង​ឡើង​វិញ​ចេញ​ពី​ច្បាប់​បុរាណ​។ ​ចំពោះ​តម្លៃ​ក្នុង​សាស្រ្តា​នីមួយ​ៗ​មិន​អាច​កំណត់​មាន​ឡើយ​ស៊ី​សង​​នឹង​ទំហំ​នៃសា​ច់​រឿង​។ ​តម្លៃ​ទាប​អាច​ចាប់​ពី២០​ ដុល្លា​រ ​និង​ខ្ពស់​បំផុត​រហូត​ដល់ ​១៥​០០ ​ដុល្លារ​សម្រាប់​រឿង​ ​«​វេ​ស្សន្តរ​ជាតក​»​។​

ទន្ទឹម​គ្នា​នេះ​ដែរ​ អ្នក​មា​ន​បទ​ពិ​សោ​ធន៍​ចារ​សា​ស្ត្រា​ស្លឹក​រឹត ​១៥ ​ឆ្នាំ​រូប​នេះ ​និយាយ​ហាក់​ដូច​ជា​រីក​រាយ​នឹង​ការ​ងារ​របស់​ខ្លួន​ថា​អម​ដោយ​ការ​អំពាវ​នាវ​ថា​៖ ​« ​ទោះ​បី​បច្ចុប្ប​ន្ន​ការ​និយម​អាន​សាស្ត្រា​ ការ​ចារ​សាស្ត្រា​ និង​ការ​ឱ្យ​តម្លៃ​ទៅ​លើ​ចំណារ​សាស្ត្រា​បុរាណ​មួយ​នេះ ​ពុំ​សូវ​មាន​ការ​គាំ​ទ្រ​ពី​សាធារណ​ជន​ខ្មែ​រ​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​ធ្វើ​ការ​ងារ​មួយ​នេះ ​ខ្ញុំ​រីក​រាយ​នឹង​ធ្វើ​វា​…​ ខ្ញុំ​សុំ​អំ​ពាវ​នាវ​ដល់​កូន​ខ្មែរ​គ្រប់​រូប​ជួយ​លើក​តម្កើង​គាំ​ទ្រ​ស្នា​ដៃ​សាស្រ្តា​ស្លឹក​រឹត​របស់​ខ្មែរ​ បើ​ខ្មែរ​មិន​ឱ្យ​តម្លៃ​ នោះ​វប្ប​ធម៌​ខ្មែរ​នឹង​មិន​រីក​ចម្រើន​ឡើយ ​»​។

​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ស្រី​ ផាវី​ ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​អាច​ចា​រស្លឹក​រឹត​បាន​ពី ​៣​ ទៅ ​៤​ សន្លឹក​តែ​ប៉ុណ្ណោះ​។​ ការ​ចា​រស្លឹក​រឹត​មាន​ការ​លំបាក​ ត្រូវ​ចារ​អក្សរ​តាម​លំនាំ​អក្សរ​ខ្មែរ​នៅ​ក្នុង​សាស្រ្តា​បុរាណ​លាយ​ឡំ​ពាក្យ​បាលី​ ។ ​លើស​ពី​នេះ​ទៀត​ ដើម្បី​ចារ​អក្សរ​លើ​ស្លឹក​រឹត​បាន​ទាម​ទារ​ឱ្យ​អ្នក​ចារ​ផ្ចង់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ចារ​បាន​ល្អ​គេ​ត្រូវ​​អង្គុយ​បញ្ឈរ​ក្បាល់​ជង្គង់​​ ដើម្បី​ឱ្យ​មាន​លំ​នឹង​ដៃ​ ដង​ខ្លួន​ និង​អក្សរ​ស្អាត​ល្អ​។ ​សាស្ត្រា​ស្លឹក​រឹត​មួយ​ច្បាប់​ខ្លី​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ៣ ​ទៅ​ ៤ ​ថ្ងៃ​ ឬ​ជិត​មួយ​ខែ ​មិន​តែ​ប៉ុណ្ណោះ​ការ​ស្វែង​រក​ស្លឹក​ទ្រាំង​បច្ចុប្បន្ន​មាន​ការ​លំ​បាក​ត្រូវ​ជួល​គេ​កាប់​ពី​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​។

​អ្នកស្រី​ ភឿន​ ផាវី​ បាន​សង្ខេប​ត្រួសៗ​ពីរ​បៀប​ធ្វើ​សាស្ត្រា​ស្លឹក​រឹត​ថា ​ដំបូង​ឡើយ​គេ​ត្រូវ​ជ្រើស​រើស​ស្លឹក​ (ស្លឹកទាំ្រង)​ កាត់​ចេញ​ពី​ដើម ​យក​មក​ចៀរ​ទ្រនុង​ចេញ​រួច​យក​ស្លឹក​នោះ​ទៅ​ហាល​ថ្ងៃ​។ បន្ទាប់​ពី​ហាល​ថ្ងៃ​រួច​ គេ​ត្រូវ​យ​ក​ស្លឹក​នោះ ​ទៅ​ហាល​សន្សើ​ម​នៅ​ពេល​យប់​​ រហូត​ដល់​ស្លឹក​ទន់​អាច​ជូត​សម្អាត​បាន​ រួច​យក​ទៅ​តម្រៀប​កាត់​ឱ្យ​ស្មើ​​ក្បាល​ស្មើ​ចុង​ដាក់​​ប​ញ្ចូល​ឃ្នាប់​ទុក​រយៈ​ពេល​បី​ខែ​។​ គម្រប់​រយៈ​ពេល​បី​ខែ​គេយក​ស្លឹក​ទាំង​នោះ​ មក​ពិនិត្យ​មើល​ម្តង​ទៀត​ ក្រែង​មាន​ដុស​ផ្សឹត​ត្រូវ​ដក​យក​ចេញ​។ បន្ទាប់​មក​ទៀត ​គេ​ចាប់​ផ្តើម​យក​ស្លឹក​ទាំង​នោះ​ម្តង​មួយៗ​ទៅ​ឆ្អើរ​នឹង​ឱ្យ​ឆ្អិន​សព្វ​ រួច​តម្រៀប​ស្លឹក​បញ្ចូល​ក្នុង​ឃ្នាប​តូច​មាន​ចំនួន​ ១០០​ សន្លឹក​ ដើ​ម្បី​យក​ទៅ​ឈូស​តម្រឹម​ឱ្យ​ស្អាត​​ (ឈូស​ម្តង​១០០ ​សន្លឹក​​) ​ទម្លុះ​ចំ​កណ្តាល​ដើម្បី​ដោត​ខ្សែ​  ​រួច​​ចាប់​ផ្តើម​វាយ​បន្ទា​ត់ ​៥​ ជួរ​ទាំង​សង​ខាង​ក្នុង​ស្លឹក​នី​មួយ​ៗ​។​

​បន្ទាប់​ពី​វាយ​បន្ទាត់​រួច​ គេ​ចាប់​ផ្តើម​ចារ​អក្សរ​ដោយ​ «​ដែក​ចារ​» ​ធ្វើ​ពី​ឈើ​មូល​ប៉ុន​មេ​ដៃ​ ប្រើ​ដោយ​មុខ​​ម្ជុល​តូច​។ ​គេ​ប្រើ​ «ទឹក​ខ្មុក ​» ​បាន​មក​ពី​ម្រែង​​ភ្លើង​ចង្កៀង​ប្រេង​កាត​លាយ​ទឹក​ឃ្មុំ​ ដើម្បី​លាប​លើ​អក្សរ​ដែល​ចារ​រួច​ឱ្យ​ដិត​ច្បាស់​ល្អ​។ ​ស្លឹក​ដែល​ចារ​ត្រូវ​មាន​លក្ខណៈ​ឆ្អិន​មិន​ទន់​ខ្លាំង​មិន​ស្រួយ​ខ្លាំង​ ហើយ​មុន​នឹង​ចារ​បាន​គេ​ត្រូវ​រៀប​ចំ​ពិធី​សែន​រំឭក​គុណ​ព្រះពិស្ណុ​ការ​ផង​ដែរ​។ ​បន្ទាប់​ពី​លាប​ទឹក​ខ្មុក​រួច​ ត្រូវ​ផ្ទៀង​ផ្ទាត់​អក្សរ​ឡើង​វិញ ​រួច​ប​ញ្ចូល​ក្នុង​ឃ្នាប​ម្តង​ទៀត​ បាញ់​ថ្នាំ​ពណ៌​ទឹក​មាស​ពី​ចំហៀង​សាស្ត្រា​ស្លឹក​រឹត​ជា​ការ​ស្រេច​។​

សាស្ត្រាស្លឹករឹត «ព្រះនិពាន្វសូត្រ» ទាំងប្រាំពីរខ្សែចារដោយអ្នកស្រី ភឿន ផាវី។
សាស្ត្រាស្លឹករឹត «ព្រះនិពាន្វសូត្រ» ទាំងប្រាំពីរខ្សែចារដោយអ្នកស្រី ភឿន ផាវី។

អ្នកស្រី ​ភឿន​ ផាវី​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​គោក​ថ្មី ​ឃុំ​ពួ​ក​ ស្រុក​ពួក ​ខេត្ត​សៀម​រាប​។ ​អ្នក​ស្រី ​ផាវី​ ជា​ស្ត្រី​មេ​ម៉ាយ ​មាន​កូន​ស្រី​ម្នាក់​អាយុ ​៤ ​ឆ្នាំ ​ស្វាមីស្លា​ប់​​ដោយ​​​ជួប​​ឧប្ប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ​អ្នកស្រី​ ​ភឿន​ ផាវី​ រស់​នៅ​ជា​មួយ​ម្តាយ​វ័យ​ចំណាស់​មាន​បង​ប្រុស​ពីរ​នាក់​ប្រកប​របរ​ជា​អ្នក​ចារ​សាស្ត្រា​ស្លឹក​រឹត​ដូច​គ្នា​។ ​អ្នកស្រី ​ជា​កូន​ស្រី​ពៅ​នៅ​ក្នុង​គ្រួសា​រ​ចេះ​ចារ​សាស្ត្រា​ស្លឹក​រឹត​មុន​គេ​បន្ទាប់​ពី​ឳពុក​។ ​​គ្រួ​សារ​​​របស់​​អ្នក​ស្រី​ ផាវី​ ប្រកប​របរ​សាស្ត្រា​ស្លឹក​រឹត​ ចាប់​តាំង​ពី​អ្នក​ស្រី​នៅ​វ័យ​កុមារ​។ ​​រហូត​មក​ទល់​ពេល​នេះ ​មាន​តែ​គ្រួសារ​អ្នក​ស្រី​មួយ​​ទេ​ ​តែ​​ប្រកប​របរ​នេះ​​ជាប់​លាប់​និង​ជួ​ល​គេ​មក​ជួយ​ចារ​សា​ស្ត្រា​។​

សូម​រម្លឹក​ថា ​សន្លឹក​​សាស្ត្រា​​ត្រូវ​បាន​គេ​ផលិត​ឡើង​ចេញ​​ពី​​ស្លឹក​​ទ្រាំង​​យក​​មក​​កែ​​ច្នៃ​​តាម​​វិធី​​ផ្សេង​ៗ​។ ​ស្លឹករឹត​ ដែល​​ចារ​​រួច​​ត្រូវ​​បាន​យក​​មក​​ចង​ក្រង​​ជា​​សា​ស្ត្រា​​ក្បួន​​ខ្នាត​​មាន​ជា​​អត្ថ​បទ​​ធម៌​អាថ៌​ក្នុង​​ព្រះ​​ពុទ្ធ​សាសនា​ ច្បាប់​​ទូន្មាន​ របាក្ស​ត្រ​​ទាក់​ទង​​នឹង​​ប្រវត្តិ​សាស្ត្រ ​ខ្សែ​រឿង​ជា​សាស្ត្រា​ល្បែង​ ក្បួន​​ទស្សន៍​ទាយ​ ក្បួន​​ព្យា​បាល​​ជំងឺ ​និង​​ក្បួន​​វេទមន្ត ​ផ្សេង​ៗ ​…​ ។ ​សាស្ត្រា​​ស្លឹក​រឹត​ ​ឬ ​សត្រា​ស្លឹក​រឹត ​​​កើត​​ឡើង​​ក្រោយ​​សម័យ​​អង្គ​រ​វិត្តន៍​ខ្លួន​ចេញ​ពី​ចំណារ​លើ​ផ្ទាំង​ថ្ម​ (សិលា​ចារឹក) ​រហូត​​ដល់​​សម័យ​​ជឿន​លឿ​ន​មាន​​រោង​ពុម្ព​​សម្រាប់​​បោះ​ពុម្ព​​សៀវ​ភៅ​ដោយ​ក្រដាស​​ជំនួស​​វិញ​​៕​

Share

Image
Image
Image