en     km
en     km

បណ្ដាញ​និស្សិត​ឯករាជ្យ​ ៖​ ការ​កំណត់​ឲ្យ​សុំ​ច្បាប់​មុន​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​

Share

​ភ្នំពេញ​ ៖​ ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ​ បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​ហៅ​ការ​ហាម​ចុះ​ល្បាត​ព្រៃ​ឡង់​ដោយ​គ្មាន​ការ​អនុញ្ញាត​ ធ្វើ​ឡើង​ដោយ​ក្រសួងបរិស្ថាន​ ថា​ ជា​វិធានការ​ខុស​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក៏​ប៉ុន្ដែ​ក្រសួង​បាន​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូលរួម​រាល់​សកម្មភាព​ស្របច្បាប់​ក្នុង​សង្គម​ តែ​ត្រូវ​ផ្ដល់​ការ​សហការ​ជាមួយ​មួយ​ក្រសួង​មុន​ពេល​ធ្វើ​សកម្មភាព​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

លិខិត​ចំហ​របស់​បណ្ដាញ​ក្រុម​និស្សិត​ឯករាជ្យ​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៥​ ធ្នូ​នេះ​ បាន​សរសេរ​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ បាន​ថ្លែង​ក្នុង​ពី​ធី​មួយ​ស្ដី​អំពី​ «​ការ​ចូលរួម​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ និង​សហគមន៍​មូលដ្ឋាន​ ក្នុង​ការ​អភិរក្ស​ព្រៃឈើ​»​ ដោយ​លោក​បាន​បញ្ជាក់​ថា​ សហគមន៍​ការពារ​ព្រៃ​ឡង់​ ត្រូវធ្វើ​លិខិតស្នើ​សុំ​ពី​មន្ទីរ​បរិស្ថាន​ជា​មុន​សិន​ មុន​នឹង​ចុះ​ល្បាត​ព្រៃ​ ចំណែក​ជនបរទេស​ និង​ អង្គការ​សង្គម​ស៊ី​វិល​នានា​ត្រូវធ្វើ​លិខិតស្នើ​សុំ​ទៅ​ក្រសួង​សាមី​ជា​មុន​ ទើប​អាច​ចុះ​ពិនិត្យ​ព្រៃ​ឡង់​បាន​ គឺ​ ក្រោម​ហេតុ​ការពារ​សុវត្ថិភាព​។​ ក្នុង​លិខិត​នេះ​ បណ្ដាញ​ក្រុម​និស្សិត​ឯករាជ្យ​ បាន​លើកយក​ច្បាប់​ រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​៣៥​ មក​សំអាង​ ដោយ​បញ្ជាក់​ថា​ ប្រសាសន៍​របស់​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ គឺ​ផ្ទុយ​ពី​មាត្រា​នេះ​ ហើយ​ក៏​ផ្ទុយ​ពី​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ ពិសេស​យុវជន​ និង​គម​ន៍​ទាំងមូល​។​

​លោក​ ហេង​ ស្រស់​ សមាជិក​ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​តាម​ខ្សែ​ទូរស័ព្ទ​ថា​ មូលហេតុ​ដែល​ក្រុម​របស់​លោក​ចេញ​លិខិត​ចំហ​នេះ​ ពីព្រោះ​តែ​មិន​ពេញចិត្ដ​នឹង​ការ​កំណត់​របស់​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ ហើយ​ចាត់​ទុក​ថា​ វិធានការ​បែប​នេះ​ គឺជា​ចេតនា​ចង់​ការពារ​ជនល្មើស​ ដែល​បាន​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ ឲ្យ​គេ​ផុត​ពី​ការ​រក​ឃើញ​បទល្មើស​ព្រៃឈើ​ ខុសច្បាប់​នៅ​ក្នុង​ព្រៃ​ឡង់​។​

​លោក​ ហេង​ ស្រស់​ ៖«​តាម​ពួក​ខ្ញុំ​មើលឃើញ​ វា​គ្រាន់​ជា​លេស​មួយ​ដើម្បី​បំភ័ន្ដ​ភ្នែក​ ក្រោម​រូបភាព​ការពារ​សុវត្ថិភាព​ តែបើ​តាម​ពួក​ខ្ញុំ​មើលឃើញ​គឺជា​ការ​ការពារ​ជនល្មើស​ដែល​ចូល​ទៅ​កាប់​បំផ្លាញ់​ព្រៃឈើ​វា​ល្អជា​ជាង​ ព្រោះ​ទម្រាំ​បាន​សុំ​ការ​អនុញ្ញាត​អ្នក​ដែល​គេ​ឃុបឃិត​ អ្នក​ដែល​ពុក​រលួយ​ អ្នក​ដែល​គេ​ឲ្យ​លុយ​នោះ​ ពួក​ហ្នឹង​បាន​ខ​ល​ទៅ​ប្រាប់​ជនល្មើស​ក្នុង​ព្រៃ​អស់ហើយ​ ថា​ ថ្ងៃនេះ​មាន​យុវជន​ មាន​សហគមន៍​ មានអី​ដើម្បី​ចុះ​ល្បាត​ហើយ​ ដល់​យើង​ចូល​ទៅ​អត់​មាន​ឃើញ​បទល្មើស​អី​មួយ​ ឃើញ​តែ​គល់ឈើ​គេ​កាប់​ដេក​ដួល​ អត់​មាន​ចាប់​បាន​ជនល្មើស​អី​មួយ​»​។​

​ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ​ បាន​បង្ហាញ​ការ​រក​ឃើញ​របស់​ខ្លួន​ថា​ ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ ដែល​មើលទៅ​ដី​ព្រៃ​ ដូច​ជា​ដី​វាល​ទៅ​ហើយ​ ព្រោះ​ក្នុង​មួយ​ថ្ងៃៗ​ មាន​ឈ្មួញ​ឈើ​ធំៗ​ និង​ ឧកញ៉ា​មួយ​ចំនួន​ ដែល​រកស៊ី​ឈើ​ខុសច្បាប់​ បាន​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ យ៉ាង​អនាធិបតេយ្យ​ ព្រោះតែ​ការ​រក​ឃើញ​នេះ​ហើយ​ ដែល​នាំ​ឲ្យ​ក្រុម​បណ្ដាញ​និស្សិត​ឯករាជ្យ​មានការ​ព្រួយបារម្ភ​ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សមាជិក​បណ្ដាញ​និស្សិត​ឯករាជ្យ​ ស្នើ​ដល់​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ បើក​ចិត្ដ​ឲ្យ​ទូលាយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ កម្ពុជា​ ដើម្បី​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ពិសេស​យុវជន​ សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​ ចូលរួម​ការពារ​ព្រៃឈើ​ឲ្យ​ផុសផុល​ឡើង​ ហើយ​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​យុវជន​ សហគមន៍​ ឬ​ក៏​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​នេះ​ គឺជា​មុខមាត់​របស់​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួងបរិស្ថាន​ដែល​បាន​បន្សល់​ទុក​នូវ​ព្រៃឈើ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ជា​ការ​ឆ្លើយ​តប​លោក​ សៅ​ សុភាព​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ថា​ ការ​ការពារ​ព្រៃឈើ​ គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ ហើយ​ក្រសួងបរិស្ថាន​ គឺ​ត្រូវការ​ ការ​ចូលរួម​ពី​គ្រប់​ទី​មជ្ឈដ្ឋាន​ដើម្បី​រួម​គ្នា​ថែរក្សា​ព្រៃឈើ​របស់​កម្ពុជា​។​ តែ​លោក​សង្កត់ធ្ងន់​ថា​ ក្នុង​នាម​ក្រសួងបរិស្ថាន​ គឺ​មាន​សមត្ថកិច្ច​លើ​កិច្ច​ការពារ​ព្រៃឈើ​កម្ពុជា​ ដូច្នេះ​រាល់​គ្រប់​សកម្មភាព​ សង្គម​ស៊ី​វិល​ សហគមន៍​ ឬ​ក៏​ពលរដ្ឋ​ ត្រូវ​តែ​ផ្ដល់​ដំណឹង​ មក​ក្រសួង​ អាជ្ញា​ធរមាន​សមត្ថកិច្ច​មុន​ពេល​ធ្វើ​សកម្មភាព​។​

​លោក​ សៅ​ សុភាព​ ៖«​នៅ​ក្នុង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ស្ថាប័នរដ្ឋ​គឺជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែរ​ ដែល​យើង​ហៅ​ថា​ អាណត្ដិ​ ហើយ​មាន​ភារកិច្ច​នៅ​ក្នុង​ការ​គ្រប់គ្រង​ ការពារ​ និង​អភិរក្ស​ អ​ញ្ចឹ​ង​ហើយ​គឺ​យើង​ចែង​នៅ​ក្នុង​អនុក្រឹត្យ​ សមត្ថកិច្ច​របស់​បរិស្ថាន​ យើង​មាន​ភារកិច្ច​ទទួលខុសត្រូវ​ច្បាស់លាស់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ការពារ​ និង​ អភិរក្ស​តំបន់ការពារធម្មជាតិ​នីមួយៗ​ ហើយ​យើង​បើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​ក៏​ប៉ុន្ដែ​ការ​ចូលរួម​ឲ្យ​វា​មាន​លក្ខណៈ​ដែល​យើង​ហៅ​ថា​ សម្របសម្រួល​ដឹង​ឮជា​មួយ​គ្នា​ គឺ​យើង​អត់​មាន​ឃាត់​ទេ»​។​

​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​នៅ​តែ​ទទូច​ដល់​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​ទាំងអស់​ ឲ្យ​ផ្ដល់​ការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ ក្នុង​ការ​បង្ក្រាប​ និង​រួម​គ្នា​ដើម្បី​ទប់ស្កាត់​ការ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ជនខិលខូច​មួយ​ចំនួន​។​

​គួរ​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ការពារ​បរិស្ថាន​ និង​ព្រៃឈើ​ ដែល​មាន​លោក​ អូ​ច​ ឡេ​ង​ ជា​ប្រធាន​ ត្រូវ​បាន​មន្ដ្រី​របស់​ក្រសួងបរិស្ថាន​ នៅ​តំបន់​ព្រៃ​ឡង់​ហាមឃាត់​ មិន​ឲ្យ​ចូល​ដាក់​ស្លាក​ហាម​កាប់​ឈើ​ ក្នុង​តំបន់​ព្រៃ​ការពារ​ ស្ថិត​ក្នុង​ឃុំ​ ពុទ្រា​ ស្រុក​ជ័យ​សែន​ ខេត្ដព្រះវិហារ​ ក្រោយ​ម​ហេតុផល​ថា​ ជៀសវាង​ការ​ធ្វើ​ទ​ង្វើ​ផ្នែក​នយោបាយ​ និង​ការ​ធ្វើ​សេចក្ដីរាយការណ៍​បទល្មើស​ព្រៃឈើ​ បំ​ភ្លើ​សការ​ពិត​ ទៅ​កាន់​សារព័ត៌មាន​ ក៏​ដូច​ជា​មិន​ចង់​ឲ្យ​មាន​បញ្ហា​ ការ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​។​ ក៏​ប៉ុន្ដែ​ក្រុម​សកម្មជន​បរិស្ថាន​ បាន​បដិសេធ​ការ​លើក​ឡើង​នេះ​ ដោយ​ចាត់​ទុក​ទ​ង្វើ​របស់​មន្ដ្រី​បរិស្ថាន​ គឺ​មាន​បំណង​បិទ​បាំង​បទល្មើស​ព្រៃឈើ​ដែល​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​៕​

Share

Image
Image
Image