en     km
en     km

បក្សី​កម្រ​និង​ជិត​ផុត​ពូជ​ពីរ​ប្រភេទ​ត្រូវ​បាន​ជួយ​សង្គ្រោះ​

Share

​ភ្នំពេញ​ ៖​ បក្សី​កម្រ​ពីរ​ប្រភេទ​ត្រូវ​បាន​អង្គការ​ជីវិត​សត្វ​ស្លាប​ ប្រគល់​ទៅ​អង្គការ​ ACCB​ ដើម្បី​ព្យាបាល​ មុន​ពេល​ព្រ​លែង​ពួក​វា​ទៅ​ក្នុង​ធម្មជាតិ​វិញ​។​ បក្សី​ទាំង​ពីរ​ប្រភេទ​នេះ​ ១​ ស្ថិត​ក្នុង​ខេត្ដកំពង់ធំ​ និង​មួយទៀត​ស្ថិត​ក្នុង​ខេត្ដស្ទឹងត្រែង​។​ នាយក​កម្មវិធី​ នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​ ស្នើ​សុំ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ គឺ​ទាំង​ពលរដ្ឋ​ និង​អាជ្ញាធរ​ ដើម្បី​ការពារ​ និង​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​គ្រប់​ប្រភេទ​នៅ​កម្ពុជាឲ្យ​បន្ត​រស់រៀន​មានជីវិត​ឡើង​វិញ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​បក្សី​កម្រ​ និង​ជិត​ផុត​ពូជ​ទាំង​ពីរ​ប្រភេទ​នេះ​ មួយ​គី​សត្វ​ត្រ​យ៉ង​យក្ស​ និង​មួយទៀត​ គឺ​សត្វ​ទុង​។​ សត្វ​ត្រ​យ៉ង​យក្ស​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​ យក​ទៅ​ចិញ្ចឹម​បន្ទាប់​ពី​វា​ជ្រុះ​ពី​សំបុក​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​។​ ដោយឡែក​សត្វ​ទុក​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្ទឹង​សែន​ ខេត្ដកំពង់ធំ​ យក​ទៅ​ប្រគល់​ឲ្យ​ឧ​ទ្យា​នុ​រក្ស​ បន្ទាប់​ពី​ពួក​គាត់​ឃើញ​ថា​ សត្វ​ទុង​នេះ​ បាន​បាក់ជើង​។​

​លោក​ ប៊ូ​ វរ​សក្ស​ ប្រធាន​កម្មវិធី​ នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​ BirdLife​ International​ Cambodia​ Programme​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ថា​ ក្រោយ​ពី​ទទួល​ដំណឹង​ពី​សត្វ​ស្លាប​ទាំង​ពីរ​ប្រភេទ​នេះ​ អង្គការ​របស់​លោក​ បាន​ទ​ទៅ​ទទួលយក​បក្សី​ទាំង​ពីរ​ប្រភេទ​នេះ​ ហើយ​ទាក់ទង​ទៅ​អង្គការ​ Angkor​ Centre​ for​ Conservation​ of​ Biodiversity​ (ACCB)​ ដែល​មូលដ្ឋាន​នៅ​ខេត្ដសៀមរាប​ ដើម្បី​យក​បក្សី​កម្រ​ និង​ជិត​ផុត​ពូជ​ ទាំង​ពីរ​ប្រភេទ​នេះ​ ទៅ​ព្យាបាល​ និង​ស្ដារ​សម្បទា​ មុន​ពេល​ដែល​ព្រ​លែង​ពួក​វា​ចូល​ទៅ​ក្នុង​ធម្មជាតិ​វិញ​។​

​លោក​ វរ​សក្ស​ បន្ដ​ថា​ មូលហេតុ​ដែល​ត្រូវ​ព្យាបាល​បក្សី​ ទាំង​ពីរ​ប្រភេទ​នេះ​ មុន​ពេល​ព្រ​លែង​ចូល​ធម្មជាតិ​វិញ​ពីព្រោះ​តែ​ កាលណា​សត្វ​នៅ​ជាមួយ​មនុស្ស​យូរ​ ពួក​វា​អាច​ស៊ាំ​ង​និង​មនុស្ស​ ហើយ​លែង​ចេះ​ហើរ​ ៖«​ជូន​កាល​សត្វ​អាច​លើស​ពី​អ្វី​ដែល​យើង​គិត​ ជូន​កាល​វា​អាច​មាន​បញ្ហា​គេ​ហៅ​ថា​ ខួរក្បាល​វា​។​ វា​ទៅ​ជា​ស៊ាំ​ង​និង​មនុស្ស​ ឬ​ក៏​ទៅ​ជា​លែង​អាច​ហោះហើរ​បាន​អ​ញ្ចឹ​ង​បាន​យើង​ត្រូវការ​ពេទ្យ​ដើម្បី​ព្យាបាល​វា​»​។​

​សត្វ​ទុង​ គឺជា​ពពួកសត្វ​ស្លាប​ទឹក​ មាន​មាឌធំ​ ដែល​ជា​សត្វ​ប្រភេទ​រង​គ្រោះ​ ហើយ​ពួក​វា​តែងតែ​បំ​លាស់​ទី​ ទៅ​រក​តំបន់​ដែល​មានទឹក​។​ ពួក​វា​ភាគច្រើន​តែងតែ​បង្ហាញខ្លួន​នៅ​ព្រែក​ទាល់​ ខេត្ដបាត់ដំបង​ ស្ទឹង​សែន​ និង​ បឹង​ឆ្មា​ ខេត្ដកំពង់ធំ​។​ លើស​ពី​នេះ​ គេ​ក៏​បានឃើញ​សត្វ​ស្លាប​ប្រភេទ​នេះ​ បង្ហាញខ្លួន​ផង​ដែរ​ នៅ​តំបន់ដីសើម​ទន្លេ​មេ​ង្គ​។​ យ៉ាងណា​ក្រុម​អង្គការ​ អភិរក្ស​សត្វ​ស្លាប​ រក​ឃើញ​ថា​ សត្វ​ទុង​ បាន​ទៅ​ប្រមូលផ្ដុំ​គ្នា​ ច្រើន​បំផុត​ ដើម្បី​ផ្ដល់​កំណើត​ឲ្យ​កូនៗ​របស់​ពួក​វា​ នៅ​តំបន់​ព្រែក​ទាល់​ ខេត្ដបាត់ដំបង​។​

​កាលពីមុន​សត្វ​ទុង​ តែងតែ​រង​គ្រោះ​ព្រោះ​ការ​បរបាញ់​ និង​ការ​ប្រមូល​យក​ពង​កូន​របស់​ពួក​វា​ទៅ​លក់​ និង​បរិភោគ​។​ តែ​យ៉ាងណា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​ វរ​សក្ស​ សង្កេត​ឃើញ​ថា​ ឥរិយាបថ​របស់​ពលរដ្ឋ​ក្នុង​តំបន់​បាន​ផ្លាស់​ប្ដូរ​ ក្រោយ​ពី​មានការ​ចុះ​អប់រំ​ ពី​ក្រសួងបរិស្ថាន​ ក្រសួងកសិកម្ម​ និង​ ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ ៖«​ទុង​ បើ​តាម​ប្រវត្ដិ​ ដូច​នៅ​ព្រែក​ទាល់​អី​អ​ញ្ចឹ​ង​ ជាង​ ១០​ឆ្នាំ​មុន​ គឺ​ប្រជាជន​គាត់​មិន​ទាន់​យល់​ដឹង​ មុន​អង្គការ​ WCS​ ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម​ ធ្វើការ​អភិរក្ស​ហ្នឹង​គឺ​មានការ​ បរបាញ់​ មានការ​ប្រមូល​ពង​កូន​ អី​ជាង​ដើម​។​ ដល់​ឥឡូវនេះ​មានការ​យល់​ គឺ​មានការ​កាត់​បន្ថយ​ច្រើន​ ពី​ការ​បរបាញ់​ និង​ការ​ប្រមូល​ពង​កូន​នេះ​»​។​

​ដោយឡែក​សត្វ​ត្រ​យ៉ង​យក្ស​ គឺជា​សត្វ​ស្លាប​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​ស្លាប​កម្រ​ និង​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​។​ យោង​តាម​ការ​ស្រាវជ្រាវ​ សត្វ​ត្រ​យ៉ង​យក្ស​ មាន​ប្រមាណ​តែ​ ៣០០​ក្បាល​តែ​ប៉ុណ្ណោះ​ ដែល​មាននៅ​តែ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ​។​

​បច្ចុប្បន្ន​សត្វ​ត្រ​យ៉ង​យក្ស​ នៅ​តែ​ទទួល​រង​គ្រោះ​ ព្រោះ​ការ​បាត់បង់​ទីជម្រក​ ការ​លួច​បរបាញ់​ និង​ការ​បំពុល​។​ សត្វ​ត្រ​យ៉ង​យក្ស​ បាន​ធ្វើ​បំ​លាស់​ទី​ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយទៀត​ ដើម្បី​រក​ទីជម្រក​ ដែល​ម្បូ​រ​ព្រៃ​ មាន​សុវត្ថិភាព​ និង​ជាទី​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​រំខាន​របស់​មនុស្ស​។​ តែ​យ៉ាងណា​ ចំនួន​ របស់​សត្វ​កម្រ​ និង​រង​គ្រោះ​ជិត​ផុត​ពូជ​នេះ​ នៅ​តែ​មាន​ចំនួន​ តិច​តូច​នៅឡើយ​ ដោយសារ​តែ​មានការ​រំខាន​មួយ​ចំនួន​ បង្ក​ឡើង​ពី​មនុស្ស​។​

​សត្វ​ត្រ​យ៉ង​យក្ស​ មាន​រោម​ពណ៌​ប្រផេះ​ត្នោត​ ជើង​ក្រហម​ស្រាល​ និង​មាន​ដងខ្លួន​ប្រវែង​ ១០៤​សង់ទីម៉ែត្រ​។​ បក្សី​ប្រភេទ​នេះ​ គឺជា​សត្វ​ងាយ​ផ្អើល​ ប្រសិនបើ​មាន​សំឡេង​អ្វី​ដែល​ពួក​វា​មិន​ធ្លាប់​ឮ​ ក្រោយ​ពី​ផ្អើល​ពួក​វា​នឹង​មិន​វិល​មក​កន្លែង​នោះ​ទៀត​ឡើយ​។​ តាម​លោក​ ប៊ូ​ វរ​សក្ស​ សត្វ​ត្រ​យ៉ង​យក្ស​ មាននៅ​កម្ពុជា​ ក្នុង​ខេត្ដ​ រតនគិរី​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ ឧត្ដរមានជ័យ​ និង​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខេត្ដពោធិ៍សាត់​។​ តែ​យ៉ាងណា​ ខេត្ដស្ទឹងត្រែង​ ស្រុក​សៀម​ប៉ា​ង​ គឺជា​តំបន់​សម្បូរ​បំផុត​របស់​ពពួកសត្វ​ស្លាប​ និង​ពពួក​ថនិកសត្វ​ ដែល​ជិត​ផុត​ពូជ​ ៖«​បើ​និយាយ​ពី​ទឹកដី​ដែល​សត្វ​ស្លាប​កម្រ​នៅ​គឺ​សៀម​ប៉ា​ង​នៅ​ល្អ​ជាងគេ​ ខ្ញុំ​អាច​និយាយ​អ​ញ្ចឹ​ង​ ពីព្រោះ​តែ​វា​មាន​វត្ដមាន​សត្វ​ជិត​ផុត​ពូជ​ដល់​ទៅ​៥​ប្រភេទ​ ហើយ​នៅ​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ទូ​ទាំង​ប្រភេទ​ស​។​ ទី​១​ សត្វ​ត្មាត​ទាំង​ ៣​ប្រភេទ​ មាន​ដល់​ ៩០​ភាគរយ​ ហើយ​ដែល​មាននៅ​សៀម​ប៉ា​ង​។​ ដោយឡែក​ត្រ​យ​ង៉​យក្ស​ ដែល​មាននៅ​ទូ​ទាំង​ពិភពលោក​ ជាង​ ២០០​ក្បាល​ហ្នឹង​ ក៏​មាន​ ៥០​ ទៅ​ ៦០​ ក្បាល​ដែរ​ បើ​តាម​ការ​ព្យាករណ៍​ ហើយ​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​ដែរ​ហ្នឹង​ ក៏​មាន​ច្រើន​ជាង​ ៥០​ភាគរយ​នៅ​សៀម​ប៉ា​ង​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មានការ​តាំងចិត្ដ​ខ្ពស់​ក្នុង​ការ​ចូលរួម​ ដើម្បី​ថែរក្សា​ និង​អភិរក្ស​សត្វព្រៃ​កម្រ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។​ សម្រាប់​លោក​ វរ​សក្ស​ តំណាង​ឲ្យ​អង្គការ​ភិ​រក្ស​សត្វព្រៃ​ ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ចូលរួម​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​។​ លោក​បន្ដ​ថា​ កាលណា​គ្មាន​តម្រូវការ​ទីផ្សារ​ ការ​បរបាញ់​ក៏​នឹង​គ្មាន​ដែរ​។​ លើស​ពី​នេះ​ក៏​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ឧស្សាហ៍​ពិនិត្យ​លើ​ទីផ្សារ​ ប្រសិនបើ​ឃើញ​មានការ​លក់​សត្វព្រៃ​កម្រ​ សូម​ឲ្យ​អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​៕

Share

Image
Image
Image