en     km
en     km

បក្សអំណាចខ្មែរ៖លោក សួន សេរីរដ្ឋា មិនមែនជាមនុស្សរបស់បក្សអំណាចខ្មែរ

Share

ភ្នំពេញ៖ គណបក្សអំណាចខ្មែរ បានប្រកាសជាសាធារណៈថា លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សនេះ បច្ចុប្បន្នមិនមែនជា ប្រធាន មិនមែនជាសមាជិក និងមិនជាប់ពាក់ព័ន្ធអ្វីនឹងគណបក្សនេះឡើយ ផ្ទុយទៅវិញគណបក្សនេះគឺដឹកនាំដោយលោក សួង សុភ័ណ្ឌដែលដំបូងឡើយជាប្រធានស្ដីទីជំនួសលោក សួន សេរីរដ្ឋា។

គណបក្សអំណាចខ្មែរ បានផ្សព្វផ្សាយលើទំព័រហ្វេសបុកកាលពីថ្ងៃទី ៥ សីហា​ ថា ចាប់តាំងពីលោក សួន សេរីរដ្ ឋាលាលែងពីតំណែងគណបក្សអំណាចខ្មែរជាផ្លូវការ លោកមិនមែនជាប្រធានគណបក្ស ឬសមាជិកហើយមិនជាប់ពាក់ព័ន្ធនឹងគណបក្សនេះឡើយ។

តាមការចុះផ្សាយនេះបញ្ជាក់ផងដែរថា លោក​ សួន សេរីរដ្ឋា មិនត្រឹមតែមិនមែនជាអ្នកនយោបាយតែប៉ុណ្ណោះនោះទេ ថែមទាំងលោកត្រូវបានដកហូតសិទ្ធិជាពលរដ្ឋដែរនៅពេលដែលលោកក្លាយជាទណ្ឌិតទៀតផង។

កាលពីពេលថ្មីៗនេះ លោក សួន សេរីរដ្ឋាបានធ្វើបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកថា ប្រសិនបើគណបក្សអំណាចខ្មែរមិនទទួលលោកធ្វើជាប្រធានគណបក្សវិញ ក៏លោកមិនទាមទារ ឬជំទាស់អ្វីនោះទេ។លោក សួន សេរីរដ្ឋាបញ្ជាក់ថា ទោះជាបែបណាក្ដី ក៏ជីវិតនយោបាយលោកមិនបញ្ចប់នោះទេ អ្វីដែលសំខាន់ គឺលោកនៅតែរក្សាជំហរ ទស្សនៈនយោបាយដដែល។

លោក សួន សេរីរដ្ឋា ត្រូវបានគេមើលឃើញថា ធ្លាប់ជាអ្នករិះគន់ការដឹកនាំរបស់គណបក្សកាន់អំណាចយ៉ាងខ្លាំង​មុនពេលលោក ត្រូវបានចាប់ដាក់ពន្ធនាគារ។

យ៉ាងណាក្ដី ក្រោយពីលោកត្រូវបានដោះលែងឱ្យមានសេរីភាពវិញ គេឃើញថា លោកបានធ្វើការរិះគន់អតីតគណបក្សប្រឆាំងដែលកំពុងតែធ្វើនយោបាយនៅបរទេសវិញពីបញ្ហាផ្សេងៗ ជាពិសេសថា គណបក្សប្រឆាំងគ្មានគំនិតនយោបាយផ្ទាល់ខ្លួនឡើយ។

កន្លងមក លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បង្ហាញពីចេតនាត្រេកអរ ជាមួយ​ក្រុម​គ្រួសារ​លោក សួន សេរីរដ្ឋា ចំពោះ​ការ​ដោះលែង​នេះ។ ប៉ុន្តែ​លោកមិន​ពេញចិត្ត ទៅ​នឹង​ទង្វើ​ទន់ជ្រាយ​របស់​លោក សួន សេរីដ្ឋា ដែល​អង្វរ​ ​សុំទោស​សម្ដេច ហ៊ុន សែន និងកងយោធាទាំងអស់ ដើម្បី សុំការលើកលែងទោស។

លោកសួន សេរីរដ្ឋា ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពកាលពីយប់ថ្ងៃទី ២៣ សីហា ដោយសារព្រះមហាក្សត្រលើកលែងទោសតាមសំណើររបស់សម្ដេច ហ៊ុន សែន ដោយសារ លោក សួន សេរីរដ្ឋា ផ្ទាល់បានធ្វើលិខិតសុំទោស សម្ដេច ហ៊ុន សែន និងកងយោធាគ្រប់ថ្នាក់៕

 

Share

Image
Image
Image