en     km
en     km

បក្សប្រជាជនថ្កោលទោសលោក​សម រង្ស៊ី ក្នុងការឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា

Share

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ បានសរសេរលើទំព័រហ្វេសបុកដោយថ្កោលទោសលោក សម រង្ស៊ី​ដែល បានជម្រុញឱ្យអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជា ។

ការចុះផ្សាយនេះ គឺធ្វើឡើងនៅថ្ងៃទី ១៣ ខែកុម្ភៈ បន្ទាប់ពីសហភាពអឺរ៉ុបចេញសេចក្ដីប្រកាសមួយដែលបញ្ជាក់ថា កំពុងរៀបចំដំណើរការនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ឬ EBA។

គេឃើញមានប្រតិកម្មពីរាជរដ្ឋាភិបាល មន្ត្រីគណបក្ស និងក្រសួងកម្ពុជាមួយចំនួនផងដែរ ជំវិញដំណើរការរបស់សហភាពអឺរ៉ុបនេះ ។

យ៉ាងណាក្ដី​ ប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេច ហ៊ុន សែន នៅតែរក្សាជំហរថា កម្ពុជាមិនប្ដូរអធិបតេយ្យជាមួយនឹងថ្នូរអ្វីមួយនោះទេ ។

លោក សម រង្ស៊ី ធ្លាប់បានអះអាងថា លោកជាមនុស្សតែម្នាក់គត់ដែលសកម្មជាងគេ ក្នុងការជម្រុញឱ្យអន្តរជាតិ ដាក់សម្ពាធ ក៏ដូចជាទណ្ឌកម្មមកលើកម្ពុជា ។ យ៉ាងណា លោកថា​ប្រសិនសម្ដេច ហ៊ុន សែន យល់ព្រមធ្វើតាមសំណើររបស់អន្តរជាតិ លោកធានាថា នឹងបញ្ចុះបញ្ចូលអន្តរជាតិ ឱ្យដកសម្ពាធ ទណ្ឌកម្ម បន្ថែមទីផ្សារ និងជំនួយដល់កម្ពុជាកាន់តែទូលំទូលាយជាងមុន ។

ដោយសារករណីនេះហើយ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបង្ហោះសារនៅព្រឹកនេះ ដោយថ្កោលទោសប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលជម្រុញឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មគ្រប់បែបយ៉ាងមកលើកម្ពុជាដែលជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ  ។

គណបក្សកាន់អំណាចជិត ៤០ មួយនេះ ក៏បានបញ្ជាក់ថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី ដល់ទីបញ្ចប់ហើយ ។ 

កន្លងមក មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រី​បក្សកាន់អំណាចមិនដែលទទួលស្គាល់ទេថា កម្ពុជាទទួលសម្ពាធ ឬទណ្ឌកម្មពីអន្តរជាតិ ។ នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ការដកការអនុគ្រោះពន្ធចេញពីកម្ពុជា ព្រោះកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនល្អប្រសើរហើយ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image