en     km
en     km

នៅពេលនេះក្រសួងអប់រំ បានចេញសេចក្តីណែនាំសារជាថ្មីឲ្យផ្អាកគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ

Share

(ភ្នំពេញ)៖ ក្រោយពីមានការផ្ទុះឡើងនូវជម្ងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ នៅពេលនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីណែនាំលើកទី២ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស។

យោងទៅតាមសេចក្តីប្រកាសលេខ ១៣ អយក.សណន ចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានមានសេចក្តីថា ផ្អែកទៅតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីត ១៩ របស់អង្គការសុខភាពពិភពលោក ព្រមទាំងការរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរុសកូវីត១៩ លើជនជាតិខ្មែរ និងជនជាតិបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា ដែលតម្រូវឲ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ដែលក្នុងនោះរួមមាន គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ តាំងពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងមត្តេយ្យសិក្សាគ្រប់កម្រិតគ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន ត្រូវចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងពីក្រសួង ហើយសម្រាប់សាលាដែលមិនទាន់បានបញ្ចាប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ត្រូវយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាស ចំនែកឯគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ត្រូវអនុញ្ញាតឲ្យគរុសិស្សបានឈប់សម្រាកមួយរយៈ។ ក្រៅពីនេះមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ត្រូវលើកទឹកចិត្តឲ្យអាណាព្យាបាលសិស្ស ជំរុញទឹកចិត្តឲ្យបុត្រធីតារបស់ខ្លួនស្វ័យសិក្សានៅផ្ទះដោយខ្លួនឯងក្នុងរយៈពេលថ្ងៃវិស្សមកាលតូចមុនថ្ងៃកំណត់នេះ។

សូមជម្រាបថា ក្រសួងអប់រំ បានសុំឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ត្រូវផ្សព្វផ្សាយសេចក្តីសម្រេចនេះ ឲ្យបានទូលាយដល់គ្រប់ការិយាល័យ។ ដោយឡែក គណៈគ្រប់គ្រងសាលារៀនគ្រប់កម្រិត គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប គួរសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងតាមដានជាប់ជាប្រចាំនូវការផ្សព្វផ្សាយរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល៕

Share

Image
Image
Image