en     km
en     km

និស្សិត​ស្រី​កាន់តែ​ច្រើន​បាន​ងាក​មក​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​

Share

​ភ្នំពេញ​៖​ ស្ដ្រី​ខ្មែរ​ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​សំណង់​កាន់តែ​មាន​កំណើន​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ការងា​កមក​ចាប់អារម្មណ៍​វិស័យ​សំណង់​ពី​ក្រុម​ស្ដ្រី​ខ្មែរ​នា​ពេល​នេះ​ គឺ​ដោយសារ​ពួក​គេ​យល់​កាន់តែ​ច្បាស់​ពី​វិស័យ​នេះ​ បូក​រួម​នឹង​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចង់​ក្លាយជា​ស្ដ្រី​វិស្វករ​ផង​ដែរ​។​
​សាស្ដ្រាចារ្យ​ដែល​បង្ហាត់​សិស្ស​ផ្នែក​សំណង់​នេះ​ មាន​មោទនភាព​ដែល​ស្ដ្រី​ងាក​មក​ចាប់អារម្មណ៍​កាន់តែ​ច្រើន​លើ​វិស័យ​សំណង់​នា​ពេល​នេះ​ ដោយ​រំពឹង​ថា​ ស្ដ្រី​ខ្មែរ​កាន់តែ​មាន​ភាព​លេចធ្លោ​ក្នុង​សង្គម​ និង​លើ​ឆាក​អន្ដរជាតិ​ ។​ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ឡើយ​ដោយ​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖​

 
​កាលណា​យើង​និយាយ​ដល់​ការងារ​ “​សំណង់​”​ យើង​នឹង​ដល់​ភ្លាម​ថា​ នេះ​គឺជា​ការងារ​ដែល​ប្រើ​កម្លាំង​ ហត់នឿយ​ និង​លំបាក់​ជា​ខ្លាំង​ ហើយ​ការងារ​នេះ​គឺ​សម្រាប់​តែ​បុរស​ប៉ុណ្ណោះ​ ព្រោះ​បុរស​ជាស​ភាវ​មាន​កម្លាំង​ខ្លាំង​ដែល​ងាយ​ធ្វើការ​ កាប់​ គាស់​ លី​សែង​ ការងារ​ធ្ងន់ៗ​។​ ជា​រួម​វិស័យ​នេះ​គឺ​ចាស់​ បុរាណ​ មិន​ដែល​ចាត់​ទុក​ស្ដ្រី​ក្នុង​ក្រសែភ្នែក​ពួក​គាត់​នោះ​ទេ​ ដោយ​បាន​បោះពាក្យ​ថា​ ស្ដ្រី​បង្វិល​តែ​ចង្ក្រាន​មិន​ជុំ​ផង​។​ យ៉ាងណា​ក៏​ដោយ​និស្សិត​ស្ដ្រី​ ផ្នែក​សំណង់​បាន​បដិសេធ​ការ​លើក​ឡើង​នេះ​ ដោយ​និយាយ​ថា​ បុរស​មាន​កម្លាំង​ខ្លាំង​គឺជា​ការ​ពិត​ ក៏​ប៉ុន្ដែ​ការងារ​សំណង់​មិនមែន​តម្រូវ​ទាល់តែ​មនុស្ស​មាន​កាយសម្បទា​មាំមួន​ ឬ​ខ្លាំងក្លា​ទើប​ធ្វើ​បាន​នោះ​ទេ​។​

​កញ្ញា​ ឈួ​ន​ ម៉ា​នី​តា​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គុយ​ ខេត្ដកណ្ដាល​ ជា​និ​ស្សត​បញ្ចប់​ការ​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​ នៃ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ហៅ​កាត់​ថា​ NTTI​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ការងារ​សំណង់​ ថ្វីបើ​ហត់​ប៉ុន្ដែ​ប្រសិនបើ​មានចិត្ដ​ស្រឡាញ់​ហើយ​ គឺ​គ្មាន​អ្វី​ជា​កត្ដា​រារាំង​ដល់​ស្ដ្រី​ចូល​រៀន​ និង​ចូល​ធ្វើការ​ផ្នែក​នេះ​ឡើយ​។​ កញ្ញា​ចូល​រៀន​ផ្នែក​សំណង់​ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២​។​ ការ​ចូល​រៀន​ គឺ​ផ្ដើម​ចេញពី​ចិត្ដ​ស្រឡាញ់​ ហើយ​ក៏​មានការ​ជម្រុញ​ពី​គ្រួសារ​នាង​ដែរ​។​ កញ្ញា​ ឈួ​ន​ ម៉ា​នី​តា​ ៖«​ចាស​ បង​ យើង​អត់​មាន​ប្រកាន់​ខ្លាច​ថា​ អូយ​ខ្លួន​ជា​ស្ដ្រី​ខ្លាច​ខូច​សម្រស់​ ខ្លា​អី​អត់​ទេ​ បើ​គេ​ធ្វើការ​ហាល​ក្ដៅ​ខ្ញុំ​ធ្វើ​ដូច​គេ​ដែរ​»​។​

​ថ្វីបើ​នាង​ចូល​រៀន​តាម​ការ​ពេញចិត្ដ​ខ្លួនឯង​ និង​មានការ​ជ្រុំ​ជ្រែង​ពី​ឪពុក​ម្ដាយ​ របស់​នាង​ក្ដី​ ក៏​ប៉ុន្ដែ​តែងតែមាន​ពាក្យ​ខ្សិ​ប​ខ្សៀវ​ និង​បោះពាក្យ​សម្ដី​ហាក់ជា​ការ​ស្ដីបន្ទោស​ និង​ជា​ការ​ចំអក​ពី​ក្រុម​សាច់ញាតិ​ និង​មិត្ដ​រួម​ថ្នាក់​របស់​នាង​ជា​ញឹកញាប់​ផង​ដែរ​ ពី​ការ​សម្រេចចិត្ដ​របស់​នាង​ដូច្នេះ​។​ កញ្ញា​ ឈួ​ន​ ម៉ា​នី​តា​ ៖​ «​នៅ​ពេល​ដែល​ចូល​រៀន​គឺ​មាន​សម្ពាធ​ពី​ខាង​ក្រុម​សាច់ញាតិ​ដែរ​ ពួក​គាត់​ថា​ ឯង​ស្រី​ទេ​ម្ដេចទៅ​រៀន​ផ្នែក​ហ្នឹង​ ជា​ជំនាញ​ប្រុស​ទេ​ ហើយ​ខណៈ​កំពុង​រៀន​ ក៏​ប្រុសៗ​ថា​ ឲ្យ​យើង​ដែរ​ថា​យើង​មិនមែន​ស្រី​ទេ​បាន​មក​រៀន​ជំនាញ​ហ្នឹង​»​។​

​តែ​យ៉ាងណា​ ម៉ា​នី​តា​ នៅ​តែ​អះអាង​ថា​ មតិ​ខាងក្រៅ​ត្រឹម​ជា​ទស្សន​របស់​ពួក​គេ​ប៉ុណ្ណោះ​ ដែល​គ្មាន​ឥទ្ធិពល​អ្វី​វាយប្រហារ​ទឹកចិត្ដ​របស់​នាង​ដែល​បាន​កំណត់​គោលដៅ​រួច​ហើយ​នោះ​ទេ​។​ កញ្ញា​ ឈួ​ន​ ម៉ា​នី​តា​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សំណង់​កាលពី​ឆ្នាំ​២០១៥​។​ ក្នុង​វ័យ​ ២៥​ឆ្នាំ​ ពេល​នេះ​នាង​កំពុង​បំពេញការងារ​ជា​អ្នក​គណនា​តម្លៃ​គម្រោង​ និង​ការ​ដេញថ្លៃ​គម្រោង​ របស់​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ នៅ​រាជធានី​ភ្នំពេញ​។​

​ងាក​មក​ចាប់អារម្មណ៍​យុវតី​ ឈួ​ន​ វ​ណ្ណា​រី​ ដែល​មក​ពី​ខេត្ដកណ្ដាល​មួយ​រូប​ទៀត​។​ ឆ្នាំ​នេះ​នាង​សិក្សា​ដល់​ឆ្នាំ​ទី​ ៣​ ហើយ​។​ វ​ណ្ណា​រី​ មាន​ក្ដី​ស្រ​ម៉ៃ​តាំងពី​តូច​ចង់​ធ្វើ​ជា​វិស្វករ​មួយ​រូប​ ដែល​ដឹកនាំ​ការដ្ឋាន​មួយ​ឲ្យ​ដំណើរការ​ទៅ​ដោយ​ជោគជ័យ​។​ ក៏​ប៉ុន្ដែ​ទម្រាំ​ព្យាយាម​សិក្សា​មក​ដល់​ពេល​នេះ​ យុវ​វ​តី​សម្បុរ​ស្រអែម​ រាងស្ដើង​ មក​ពី​ខេត្ដកណ្ដាល​រូប​នេះ​ហាក់​លំបាក​ខ្លាំង​គួរសម​ដែរ​ ព្រោះ​ទាំង​ម្ដាយ​ និង​សាច់ញាតិ​ គ្មាន​ចំណូលចិត្ដ​ឲ្យ​កូនស្រី​មក​រៀន​ផ្នែក​សំណង់​ស៊ី​វិល​ដូច​កូនប្រុស​ឡើយ​។​ កញ្ញា​ ឈួ​ន​ វ​ណ្ណា​រី​ ៖«​ម៉ាក់​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​រៀន​ដែរ​ក៏​ប៉ុន្ដែ​ជា​ក្ដី​ស្រ​ម៉ៃ​របស់ខ្ញុំ​ ខ្ញុំ​ចង់​ក្លាយជា​វិស្វករ​អ​ញ្ចឹ​ង​ ហើយ​ណាមួយ​ខ្ញុំ​គិត​ថា​ មិនមែន​តែ​មនុស្ស​ទេ​ដែល​អាច​ធ្វើ​ការងារ​ក្រោម​កម្ដៅថ្ងៃ​បាន​ស្ដ្រី​ក៏​ធ្វើ​បាន​ដែរ​»​។​

កញ្ញា ឈួន វណ្ណារី និស្សិតផ្នែកសំណង់ស៊ីវិល

 

​មក​ដល់​ពេល​នេះ​យុវតី​ វ​ណ្ណា​រី​ បង្ហាញ​ការ​យល់​ឃើញ​ថា​ ស្ដ្រី​នៅ​តែ​មាន​ចំនួន​តិច​ជាង​បុរស​ ដែល​ចូល​មក​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​។​ នាង​គិត​ថា​ ទំនង​មក​ពី​ស្ដ្រី​ ឬ​អាណាព្យាបាល​ មិន​ទាន់​យល់​ច្បាស់​ពី​កិច្ចការ​សំណង់​ទើប​ពួក​គាត់​នៅ​តែ​ប្រកាន់​ចិត្ដ​ថា​ នេះ​ជា​ការងារ​មនុស្ស​ប្រុស​ ហើយ​មនុស្ស​ស្រី​ មិន​គួរ​ទៅ​ឡូ​កឡំ​នឹង​ការងារ​បែប​នេះ​ទេ​។​ កញ្ញា​ ឈួ​ន​ វ​ណ្ណា​រី​ ៖«​ក្នុង​វិស័យ​សំណង់​នេះ​ភាគច្រើន​មាន​តែ​ប្រុស​ទេ​។​ ខ្ញុំ​ចង់​លើកទឹកចិត្ដ​ឲ្យ​ស្រីៗ​គ្នា​យើង​ខំប្រឹង​ យើង​ក៏​អាច​ធ្វើ​ដូច​មនុស្ស​ប្រុស​ដែរ​ យើង​អាច​ចាប់​ជំនាញ​បាន​ដូច​មនុស្ស​បាន​ដូច​គ្នា​ មិនមែន​មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​អាច​រៀន​ខាង​ផ្នែក​សំណង់​នេះ​»​។​

​កញ្ញា​ វ​ណ្ណា​រី​ បញ្ជាក់​ថា​ ការងារ​សំណាង់​គឺ​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ផ្នែក​ ហើយ​សិស្ស​អាច​ជ្រើសរើស​បាន​ដោយ​មិនមែន​សំដៅ​ដល់​លើ​តែ​ការ​លី​សែង​សម្ភារៈ​ធ្ងន់ៗ​ ឬ​ក៏​លំបាក​ខ្លាំង​នោះ​ទេ​។​ ការងារ​សំណង់​នេះ​ មាន​ទាំង​ធ្វើ​ក្នុង​ការិយាល័យ​ និង​ចុះ​ការដ្ឋាន​ដោយ​ផ្ទាល់​ទៅ​តាម​ចំណង់​ចំណូលចិត្ដ​។​

​ចំណែក​និស្សិត​សំណង់​ស៊ី​វិល​មក​ពី​ខេត្ដកំពត​ឯណោះ​វិញ​កញ្ញា​ ន​ន​ សុ​ម៉ា​ឡា​ នៅ​ឆ្នាំ​នេះ​នាង​បាន​សិក្សា​ដល់​ឆ្នាំ​ទី​០៤​ ហើយ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ រាជធានី​ភ្នំពេញ​។​ ស្ដ្រី​វ័យក្មេង​រូប​នេះ​មក​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​ព្រោះ​ការ​ស្រឡាញ់​ និង​ទទួល​បានការ​ណែនាំ​ពី​ឪពុកមា​ ដែល​ជា​វិស្វករ​មួយ​រូប​ផង​។​ កញ្ញា​ ន​ន​ សុ​ម៉ា​ឡ​៖«​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​រៀន​ផ្នែក​សំណង់​ស៊ី​វិល​នេះ​ ទី​១​ព្រោះ​ចំណង់​ចំណូលចិត្ដ​ខ្ញុំ​ ។​ទី​២​ គឺ​ខ្ញុំ​មាន​ពូ​ដែល​ជា​វិស្វករ​ គាត់​បាន​ពន្យល់​នឹង​ណែនាំ​ខ្ញុំ​ពេល​រៀន​ចប់​ទី​១២​ ខ្ញុំ​សម្រេចចិត្ដ​ចូល​រៀន​នៅ​សាលា​នេះ​តែ​ម្ដង​»​។​

កញ្ញា នន សុម៉ាឡា និស្សិតផ្នែកសំណង់ស៊ីវិល

 

​កញ្ញា​ ន​ន​ សុ​ម៉ា​ឡា​ ជា​និស្សិត​ផ្នែក​សំណង់​កំពុង​សិក្សា​ផង​ និង​អនុវត្ដ​ការងារ​ជាក់ស្ដែង​ផង​ នៅ​ការដ្ឋាន​មួយ​កន្លែង​ នៃ​រាជធានី​ភ្នំពេញ​។​ នាង​បាន​ជួប​ការ​លំបាក​ខ្លះ​ដែរ​ ក៏​ប៉ុន្ដែ​នាង​មិន​ធ្លាប់​គិត​ថា​ នឹង​បោះបង់​ក្ដី​ស្រ​ម៉ៃ​មួយ​នេះ​ចោល​ឡើយ​។​ ម៉ា​ឡា​ ចង់​ឲ្យ​ក្មេង​ស្រី​ដទៃ​ទៀត​ពង្រឹង​សេចក្ដី​ក្លាហាន​របស់​ខ្លួន​ ហ៊ាន​ឈោង​ចាប់​ក្ដី​ស្រ​ម៉ៃ​ ដោយ​មិន​ត្រូវ​ខ្លាច​ត្រឹមតែ​ពាក្យ​រិះគន់​របស់​អ្នក​ដទៃ​នោះ​ឡើយ​។​ កញ្ញា​ ន​ន​ សុ​ម៉ា​ឡា​ ៖«​ដូច​ជា​ខ្ញុំស្រី​តែ​ម្ដង​ភាគច្រើន​គិត​ថា​ វិស្វករ​សំណង់​ស៊ី​វិល​នេះ​មាន​តែ​មនុស្ស​ទេ​ធ្វើ​បាន​ព្រោះ​វា​លំបាក​ តែ​ខ្ញុំ​គិត​ថា​ ប្រុស​ធ្វើ​បាន​យើង​ស្រី​ក៏​ធ្វើ​បាន​ឲ្យ​ស្ថិត​នៅ​លើ​ការ​ប្រឹងប្រែង​ និង​គោលបំណង​របស់​យើង​គឺ​យើង​អាច​ធ្វើ​បាន​ដូច​គ្នា​»​។​

​ភាគច្រើន​បំផុត​យុវជន​ដែល​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​ ពួក​គេ​តែងតែ​លេប​ខា​យ​ ចំអក​ ចំអន់​ ដាក់​ស្ដ្រី​ ដែល​ចូល​ទៅ​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​ជាមួយ​ពួក​គេ​។​ ទំនងជា​យុវជន​ទាំង​អស់នោះ​ទទួល​អារម្មណ៍​ខុស​ប្លែក​ ខុស​ញាណ​ ខុស​បរិបទ​ដែល​ពួក​គេ​តែងតែ​លឺ​ តែ​ដឹង​តៗ​គ្នា​មក​។​ ក៏​ប៉ុន្ដែ​មិនមែន​យុវជន​សំណង់​ស៊ី​វិល​ទាំងអស់​សុទ្ធតែ​គិត​ដូច្នេះ​នោះ​ទេ​។​

លោក តាំង សៀកហ៊ុយ និស្សិតផ្នែកសំណង់ស៊ីវិល

 

​លោក​ តាំង​ សៀ​ក​ហ៊ុយ​ វ័យ​ ១៨​ឆ្នាំ​ជា​និស្សិត​ម្នាក់​មក​ពី​ខេត្ដកំពង់ចាម​ ដែល​ជា​កូន​អ្នកចម្ការ​មួយ​រូប​ លោក​កំពុង​សិក្សា​ផ្នែក​សំណង់​ នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​ រាជធានី​ភ្នំពេញ​។​ លោក​ សៀ​ក​ហ៊ុយ​ បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ឲ្យ​ក្មេង​ស្រី​ចូល​មក​សិក្សា​ផ្នែក​សំណង់​នេះ​ដូច​លោក​ដែរ​ ដោយ​លោក​ឲ្យ​ដឹង​ការងារ​នេះ​មិនមែន​ជា​ការងារ​លំបាក​ ឬ​ហត់នឿយ​ខ្លាំងក្លា​នោះ​ទេ​។​ លោក​ តាំង​ សៀ​ក​ហ៊ុយ​៖«​មិនមែន​ទេ​ មិនមែន​ដូច​គាត់​គិត​ថា​ត្រូវ​ជួយ​លើក​អី​អ​ញ្ចេះ​ អ​ញ្ចុះ​ អត់​គឺ​អត់​មាន​ទាំងអស់​គ្រាន់តែ​ថា​ ត្រូវ​មើល​កូនជាង​ និង​ការងារ​របស់​យើង​ហ្នឹង​អត់​មាន​ទៅ​ជួយ​កូនជាង​អី​ទេ​ »​។​

​តាំងពី​ដើម​រៀង​មក​ចាស់​បុរាណ​តែងតែ​គិត​ថា​ ការងារ​នេះ​គឺ​ពិតជា​ហត់នឿយ​យ៉ាង​ខ្លាំង​ ហើយ​កូនស្រី​នឹង​មាន​កម្លាំង​ឯណា​ដើម្បី​ធ្វើ​ការងារ​ដ៏​លំបាក​ដូចនេះ​។​ ក៏​ប៉ុន្ដែ​លោក​ សៀ​ក​ ហ៊ុយ​ បដិសេធ​ការ​យល់​ឃើញ​ដូច្នេះ​ដោយ​លោក​អះអាង​ថា​ ការងារ​នេះ​មិនមែន​ចាំបាច់​ត្រូវ​លី​សែង​ លើកដាក់​របស់​ធ្ងន់ៗ​នោះ​ទេ​។​ គ្រាន់តែ​សិស្ស​ដែល​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​នេះ​ ត្រូវ​តែ​ជា​សិស្ស​ពូកែ​ខាង​គណិត​វិទ្យា​ រូបវិទ្យា​ ឬ​ភាសា​អង់គ្លេស​ ដើម្បី​ងាយស្រួល​ដល់​ការ​សិក្សា​។​ ​លោក​ តាំង​ សៀ​ក​ហ៊ុយ​៖«​ខ្ញុំ​គិត​ថា​អត់​មានអី​ដែល​ពិបាក​ផង​ មនុស្ស​ស្រី​អាច​ចូល​រៀន​បាន​ ដូច​គ្នា​ឲ្យ​តែ​គាត់​រៀន​ពូកែ​ គឺ​ពូកែ​រូបវិទ្យា​ សិស្ស​សំណង់​ត្រូវ​ចេះ​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ក្នុង​កុំព្យូទ័រ​ សម្រាប់​គួរ​ប្លង់​ បន្ទាប់​មក​យើង​យក​ប្លង់​ហ្នឹង​មក​មើល​ផ្ទាល់​នៅ​ការដ្ឋាន​ បើសិន​យើង​ត្រូវ​ម៉ៅ​ការ​គេ​អ​ញ្ចឹ​ង​យើង​ត្រូវ​យក​ប្លង់​ហ្នឹង​ទៅ​មើល​ថា​ ចំណាយ​អ្វីខ្លះ​មួយ​ថ្ងៃ​ហ្នឹង​ គ្រាន់តែ​វា​ក្ដៅ​បន្ដិច​»​។​

លោកស្រី សាស្រ្ដាចារ្យផ្នែក គណិតវិទ្យា ខ្វាយ សុភាព នៅសាកលវិទ្យាល័យ តិចណូ

 

​ជាមួយ​គ្នា​នេះ​ដែរ​ លោកស្រី​សាស្ដ្រាចារ្យ​ ខ្វា​យ​ សុភាព​ បង្រៀន​មុខ​វិជ្ជា​គណិត​ ប្រចាំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ហៅ​កាត់​ថា​ (​តិច​ណូ​)​ និង​បង្រៀន​ក្រៅ​ម៉ោង​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​ចាប់អារម្មណ៍​ផ្នែក​សំណង​នេះ​គឺ​តូច​បំផុត​កាលពី​ជាង​ ១០​ឆ្នាំ​មុន​។​ ក៏​ប៉ុន្ដែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​លោកស្រី​មើលឃើញ​ថា​ ស្ដ្រី​បាន​ងាក​មក​ចាប់​រម្ម​ណ៍​ និង​ចូល​សិក្សា​មុខ​វិជ្ជា​នេះ​គួរ​ឲ្យ​កត់សំគាល់​។​ លោកស្រី​ ខ្វៃ​ សុភាព​៖«​ពី​មុន​មក​យើង​ឃើញ​ថា​ អត់​សូវ​មាន​ទេ​ មាន​មិន​ដល់​ ៥​ភាគរយ​ផង​ តែ​ពី​មួយ​ឆ្នាំទៅ​មួយ​យើង​ឃើញ​មានការ​កើនឡើង​ ឥឡូវ​នៅ​ តិច​ណូ​ កាលពី​ឆ្នាំ​មុន​ស្ដ្រី​មាន​ដល់​ ២៥​ភាគរយ​សិក្សា​ផ្នែក​សំណង់​»​។​

​ចំពោះ​កំណើន​ស្ដ្រី​ចូល​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​នេះ​ លោកស្រី​ សុភាព​ សាទរ​ជា​ខ្លាំង​ចំពោះ​ស្ដ្រី​ ដែល​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ចាប់​យក​អ្វី​ដែល​ជា​ចំណង់​ចំណូលចិត្ដ​ឆ្ពោះទៅ​អនាគត​។​ លោកស្រី​រំពឹង​ថា​ តទៅ​ថ្ងៃ​មុខ​ស្ដ្រី​កាន់តែ​ច្រើន​នឹង​ចូល​សិក្សា​ផ្នែក​សំណង់​ស៊ី​វិល​ ដើម្បី​បង្ហាញ​សមត្ថភាព​ក្នុង​សង្គម​ជាតិ​ និង​លើ​ឆាក​អន្ដរជាតិ​ ថា​ស្ដ្រី​ក៏​មាន​សមត្ថភាព​ធ្វើ​ការងារ​ដូច​ជា​បុរស​ដែរ​៕

Share

Image
Image
Image