en     km
en     km

និស្សិត​កម្ពុជា​ចំនួន​៥១​រូប​ បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​លើ​មុខ​វិជ្ជា​ចំនួន​៥

Share

​ភ្នំពេញ៖ នៅ​ក្នុង​កម្មវិធី​អបអរសាទរ​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ កាលពី​លា្ងចថ្ងៃ​ពុធ​ ទី​៦​ ខែ​ កក្កដា​ ឆ្នាំ​២០១៦​ នៅវិទ្យាស្ថានបារាំង ឯកអគ្គរដ្ឋទូត​បារាំង​ លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​ និស្សិត​កម្ពុជា​ចំនួន​៥១​រូប​បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ លើ​មុខ​វិជ្ជា​ សេដ្ឋកិច្ច​ នីតិសាស្ដ្រ​ វិទ្យាសាស្ដ្រ​វិស្វករ​ ចិត្ត​វិទ្យា​ និង​មុខ​វិជ្ជា​ ភាសា​បារាំង​។​

Edu-France
(ពីឆ្វេង) លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និង​ លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​។

លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ ដែល​ថ្លែង​តាម​រយៈ​ការ​បកប្រែ​របស់​លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បានឱ្យ​ដឹង​បន្ថែម​ថា​ កន្លង​មកនេះ​ ស្ថានទូត​បារាំង​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​ ខាង​ផ្នែក​ច្បាប់​ ខាង​ផ្នែក​សេដ្ឋកិច្ច​ ក៏​ដូច​ជា​ខាង​ពេទ្យ​ ។​ ប៉ុន្ដែ​ឥឡូវនេះ​ស្ថានទូត​បារាំង​ក៏​ចង់​ពង្រីក​មុខ​ជំនាញ​ទាំងនេះ​ ដោយ​បន្ថែម​អាហារូបករណ៍​ឲ្យ​បាន​ច្រើន​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ​វិស្វករ​ ផង​ដែរ​។​

​លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ថ្លែង​បញ្ជាក់​ថា​ ៖​ «​ក៏​ប៉ុន្ដែ​ គឺថា​ដើម្បី​អាច​ជ្រើសរើស​យក​បាន​ គឺ​សំខាន់​ គឺថា​ពិន្ទុ​ដែល​និស្សិត​ដែល​ត្រូវ​ទទួល​បាន​ គឺ​សំខាន់​ បាន​ន័យ​ថា​ បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​សាលា​ល្អៗ​ ទាល់តែ​មាន​ពិន្ទុ​ខ្ពស់​»​។​

​បើ​តាម​ លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ គឺ​អាហារូបករណ៍​ដែល​បាន​ផ្ដល់​នេះ​ គឺ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា​ នឹង​ជ្រើសរើស​ប៉ុន្មាន​លើ​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ​វិស្វករ​នោះ​ទេ​ គ្រាន់តែ​ថ្ងៃ​ខាង​មុខ​ស្ថានទូត​បារាំង​និង​ជម្រុញ​លើ​មុខ​វិជ្ជា​មួយ​នេះ​ ឱ្យ​មានការ​កើនឡើង​។​

​លោក​ ហ្ស​ង់​ ក្លូ​ដ​ ពាំ​បឺ​ហ្វ​៖​ «​ចឹ​ង​គឺ​គាត់​មិន​បាន​ចាំ​លេខ​អស់​ទេ​ ប៉ុន្ដែ​គឺជា​និន្នាការ​មួយ​ដែរ​ ព្រោះ​កន្លង​មកនេះ​ បារាំង​ បណ្ដុះបណ្ដាល​ច្រើន​ ខាង​ផ្នែក​នីតិសាស្ដ្រ​ ខាង​ផ្នែក​សេដ្ឋកិច្ច​ ឬ​ក៏​ខាង​ផ្នែក​ពេទ្យ​អី​ ប៉ុន្ដែ​ឥលូវ​នេះ​ គឺថា​គេ​ឃើញ​មាន​និន្នាការ​កើនឡើង​ ខាង​ផ្នែ​វិទ្យាសាស្ដ្រ​ និង​ខាង​ផ្នែក​វិស្វកម្ម​»​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​តែងតែ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ដែល​មាន​បំណង​ចង់ទៅ​បន្ដ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឬ​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​បារាំង​។​ ឆ្នាំ​នេះ​ និស្សិត​កម្ពុជា​៥១​រូប​ គឺ​ភាគច្រើន​សិក្សា​ថ្នាក់​ភាសា​បារាំង​នៅ​តាម​សាកលវិទ្យាល័យ​ ដែល​ទ្រទ្រង់​ដោយ​សហប្រតិបត្តិការ​បារាំង​ ត្រូវ​បាន​ជ្រើសរើស​អោយទៅ​សិក្សា​នៅ​បារាំង​។​

​ក្រៅពី​នេះ​ ស្ថានទូត​បារាំង​ក៏​គាំទ្រ​ផង​ដែរ​ដល់​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ផ្សេង​ទៀត​ ដូច​ជា​  អាហារូបករណ៍​របស់​ទីភ្នាក់ងារ​សាកលវិទ្យាល័យ​ដែល​ប្រើប្រាស់​ភាសា​បារាំង​ (AUF)​ ឬ​របស់​ សហភាព​អ៊ឺ​រ៉ុ​ប​ កម្មវិធី​អាហារូបករណ៍​ Erasmus+​ ។

​ឆ្នាំ​នេះ​កម្មវិធី​ Erasmus+​ ផ្ដល់​ឱកាស​អោយ​និស្សិត​កម្ពុជា​១១​រូប​ទៅ​បន្ដ​ការ​សិក្សា​នៅ​តាម​គ្រឹះ​ ស្ថាន​ឧត្ដម​សិក្សា​បារាំង​។​ ជាង​នេះ​ទៅ​ទៀត​លទ្ធផល​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ផ្នែក​ វេជ្ជសាស្ដ្រ​ទៅ​បន្ដ​ការ​សិក្សា​របស់​ពួក​គេ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​បារាំង​ នឹង​ត្រូវ​ប្រកាស​  អោយ​ដឹង​នៅ​ពាក់កណ្ដាល​ខែកក្កដា​។​ ជា​មធ្យម​ និស្សិត​ពេទ្យ​ជាង​២០​នាក់​ ទទួល​បាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ​ ក្នុង​មួយ​ឆ្នាំ​។​

​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថានទូត​បារាំង​ និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ បាន​ដាក់​អោយ​ដំណើរការ​ ប្រកបដោយ​ជោគជ័យ​នូវ​បណ្ដាញ​អតីត​និស្សិត​កម្ពុជា​ មក​ពី​ប្រទេស​បារាំង​ ដែល​ប្រមូលផ្ដុំ​អតីត​និស្សិត​កម្ពុជា​៥០០​នាក់​ ដែល​បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​បារាំង​ លើ​ មុខ​ជំនាញ​ដូច​ជា​ នីតិសាស្ដ្រ​ វិទ្យាសាស្ដ្រ​វិស្វករ​ វេជ្ជសាស្ដ្រ​ សេដ្ឋកិច្ច​ ស្ថាបត្យកម្ម​ ទេសចរណ៍​។​

​ជា​រៀង​រាល់​ឆ្នាំ​ ប្រទេស​បារាំង​ទទួល​និស្សិត​កម្ពុជា​ជាង​៦៦​នាក់​អោយទៅ​សិក្សា​ ដែល​ធ្វើ​អោយ​ប្រទេស​បារាំង​ក្លាយជា​ប្រទេស​ទិស​ដៅ​ទី​បី​ ដែល​និស្សិត​កម្ពុជា​ចូល​ចិត្ត​ទៅ​សិក្សា​បំផុត​។​  

​នៅ​លើ​ពិភពលោក​ ប្រទេស​បារាំង​ជា​ប្រទេស​ទិស​ដៅ​ទី​៤​ ដែល​និស្សិត​បរទេស​ចូល​ចិត្ត​ទៅ​សិក្សា​បំផុត​ ដោយ​ទទួល​និ​ស្សិ​៣​សែន​នាក់​ អោយទៅ​សិក្សា​ជា​រៀង​រាល់​ឆ្នាំ​៕ ​

Share

Image
Image
Image