en     km
en     km

នាយិកា​អង្គការ​ សីល​ការ​ ៖​ ស្ដ្រី​ និង​កុមារី​ រង​អំពើ​រំលោភ​ផ្លូវភេទ​ច្រើន​ជាង​មួយ​ ករណី​ក្នុង​មួយ​ថ្ងៃ​

Share

​ភ្នំពេញ​ ៖​ នាយិកា​ប្រតិបត្ដិ​ របស់​អង្គការ​ ដែល​ធ្វើ​ការងារ​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ ឲ្យ​ស្មើមុខស្មើមាត់​ជាមួយ​បុរស​ និង​ជំរុញ​ឲ្យ​មាន​តួនាទី​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ផ្សេងៗ​ បាន​សម្គាល់​ឃើញ​ថា​ ស្ដ្រី​ និង​ក្មេង​ស្រី​ ត្រូវ​បាន​រង​ការ​ចាប់រំលោភ​ផ្លូវភេទ​ ច្រើន​ជាង​ មួយ​ករណី​ ក្នុង​មួយ​ថ្ងៃ​។​ ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​ មាន​របាយការណ៍​សង្កេត​បឋម​មួយ​ ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​បងប្អូន​ស្រី​ បង្ហាញ​ថា​ យ៉ាង​ហោច​ណាស់​ ស្ដ្រី​ និង​កុមារី​ ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ​ជា​មធ្យម​ មួយ​ករណី​ក្នុង​មួយ​ថ្ងៃ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​របាយការណ៍​របស់​សម្ព័ន្ធ​បងប្អូន​ស្រី​ ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៤​ ធ្វើការ​ងារ​លើក​ស្ទួយ​សិទ្ធិ​ស្ដ្រី​ បាន​ធ្វើការ​អង្កេត​យៈ​ពេល​ ០៦​ ខែ​ ចាប់ពី​ខែតុលា​ ឆ្នាំ​២០១៧​ រហូត​ដល់​ខែមីនា​ ឆ្នាំ​២០១៨​ តាម​រយៈ​កាសែត​មាន​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ បណ្ដាញ​សង្គម​ និង​របាយការណ៍​ពី​អង្គការ​ជា​ដៃគូរ​របស់​ខ្លួន​ បាន​រក​ឃើញ​ថា​ ជា​មធ្យម​ ស្ដ្រី​ និង​កុមារី​ ត្រូវ​បាន​រង​អំពើ​រំលោភ​ មួយ​ករណី​ ក្នុង​មួយ​ថ្ងៃ​។​ ស្រប​ពេល​ដែល​មានការ​បង្ហាញ​របាយការណ៍​សង្កេត​បឋម​មួយ​នេះ​ នាយិកា​អង្គការ​ សីល​ការ​ គិត​ថា​ ស្ដ្រី​ និង​កុមារី​ នៅ​តែ​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ជា​រឿង​រាល់ថ្ងៃ​ ហើយ​អាច​ច្រើន​ជាង​ មួយ​ករណី​។​

​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​ សីល​ការ​ ដែល​ជា​ស្ដ្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ ក្នុង​កិច្ចការ​សង្គម​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ ឲ្យ​ស្មើមុខស្មើមាត់​ជាមួយ​បុរស​ និង​ជំរុញ​ឲ្យ​មាន​តួនាទី​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ផ្សេងៗ​ មាន​ប្រសាសន៍​ថា​ លោកស្រី​ជឿជាក់​ថា​ ការ​ចាប់រំលោភ​ស្ដ្រី​ និង​កុមារី​ នៅ​តែ​កើត​មាន​ ហើយ​មាន​ច្រើន​ជាង​ មួយ​ករណី​ក្នុង​មួយ​ថ្ងៃ​។​

​មូលហេតុ​ដែល​លោកស្រី​ អះអាង​ដូច្នេះ​ ពីព្រោះ​តែ​លោកស្រី​យោង​ទៅ​លើ​ផ្នត់គំនិត​សង្គម​ និង​ការ​ធ្វើ​ការងារ​ជាក់ស្ដែង​របស់​លោកស្រី​ ជាមួយ​សហគមន៍​។​ លោកស្រី​បន្ដ​ថា​ ជា​ទូទៅ​ជន​រង​គ្រោះ​ និង​ក្រុម​គ្រួសារ​ តែងតែ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ នៅ​ពេល​ដែល​ខ្លួន​ ឬ​សមាជិកគ្រួសារ​របស់​ខ្លួន​ ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ​ ៖«​ខ្ញុំ​ជឿ​ថា​ មាន​ច្រើន​ជាង​នេះ​ចាស​ ។​ គាត់​មើលឃើញ​ថា​ ក្នុង​មួយ​ថ្ងៃ​មាន​មួយ​ ខ្ញុំ​ថា​ ប្រហែលជា​មាន​ច្រើន​ជាង​នេះ​ ដោយសារ​នៅ​ក្នុង​សង្គម​យើង​គេ​មិនសូវ​និយាយ​ទេ​ រឿង​ហ្នឹង​ ដោយសារ​វា​ជា​រឿង​ខ្មាស់​អៀន​»​។​

​បន្ថែម​ពី​នេះ​ លោកស្រី​នាយិកា​ អង្គការ​ សីល​ការ​ សង្កេត​ឃើញ​ថា​ ភាគច្រើន​នៃ​ជនល្មើស​ ដែល​បាន​ចាប់រំលោភ​ស្ដ្រី​ ឬ​កុមារី​ ពួក​គេ​ទាំងនោះ​ គឺជា​សាច់ញាតិ​ អ្នក​នៅ​ក្នុងផ្ទះ​ជាមួយ​ មិត្ដភក្ដិ​ ឬ​ក៏​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ជាដើម​។​ ​លោកស្រី​ ធីតា​ ឃឹះ​ ផ្ដល់​ជា​អនុសាសន៍​ថា​ ដើម្បី​លុប​បមបាត់​ និង​ទប់ស្កាត់​ ករណី​រំលោភ​សេពសន្ថវៈ​នេះ​ រដ្ឋាភិបាល​គួរតែ​អប់រំ​សង្គម​ ឲ្យ​ចេះ​គោរព​សិទ្ធិ​ស្ដ្រី​ និង​ដឹង​ថា​ អំពើ​រំលោភ​នេះ​ គឺ​ខុស​នឹង​ច្បាប់​ ហើយ​ជន​ប្រព្រឹត្ដ​ត្រូវ​តែ​មានទោស​ ៖«​ត្រូវ​អប់រំ​ទៅ​ដល់​សង្គម​ ដើម្បី​ឲ្យ​មានការ​គោរព​ទៅ​ដល់​ស្ដ្រី​ ហើយ​ដឹង​ថា​ នៅ​ពេល​ដែល​មានការ​រំលោភ​ វា​មានការ​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ស្ថិត​អារម្មណ៍​របស់​ក្មេង​ស្រី​ ហើយ​វា​ប៉ះពាល់​សតិអារម្មណ៍​នេះ​ពេញ​មួយ​ជីវិត​របស់​ស្ដ្រី​»​។​

​ក្រៅ​តែ​ពី​ការ​ចង់​ឃើញ​យន្ដការ​អប់រំ​សង្គម​ ពី​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ លោកស្រី​ នៅ​ចង់​ឃើញ​ការ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ ក្នុង​ការ​ផ្ដន្ទាទោស​ជនល្មើស​ ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត​។​ ជាង​នេះ​លោកស្រី​ សំណូមពរ​ ដល់​ជន​រង​គ្រោះ​ ឬ​ក៏​ក្រុម​គ្រួសារ​ ត្រូវ​តែ​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ បើ​មាន​ករណី​រំលោភ​ផ្លូវភេទ​កើតឡើង​ គឺ​មិន​ត្រូវ​លាក់បាំង​ព័ត៌មាន​នោះ​ទេ​។​

​ដោយឡែក​លោកស្រី​ រស់​ សុភាព​ នាយិកា​ប្រតិបត្ដិ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ GAD/C​ ទទួលស្គាល់​ថា​ ស្ដ្រី​ និង​កុមារី​ បាន​រង​អំពើ​បំពាន​ផ្លូវភេទ​ មានការ​កើនឡើង​ ជាង​ឆ្នាំ​កន្លង​ទៅ​ បើ​ទោះជា​លោកស្រី​មិន​ទាន់​អាច​បង្ហាញ​ពី​តួលេខ​ក៏​ដោយ​។​ ក៏​ប៉ុន្ដែ​លោកស្រី​មើលឃើញ​ថា​ ស្ដ្រី​ និង​កុមារី​ ទទួល​រង​អំពើ​រំលោភ​ផ្លូវភេទ​ពិតជា​មានការ​កើនឡើង​។​ លោកស្រី​ បន្ដ​ថា​ មាន​ចំណុច​ពីរ​ដែល​លោកស្រី​ មើលឃើញ​ពី​ការ​រក​ឃើញ​ ចំនួន​នៃ​អំពើ​រំលោភ​ផ្លូវ​លើ​ស្ដ្រី​ និង​កុមារី​ មានការ​កើនឡើង​ គឺ​ទី​មួយ​ អាច​មក​ពី​ស្ដ្រី​ និង​ក្រុម​គ្រួសារ​ ចាប់ផ្ដើម​បើកចំហ​ព័ត៌មាន​ និង​ធ្វើការ​រាយការណ៍​ពី​ករណី​រំលោភ​ និង​ទី​ពីរ​ អាច​ចំនួន​ នៃ​ការ​ប្រព្រឹត្ដ​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​ មានការ​កើនឡើង​។​

​លោកស្រី​ រស់​ សុភាព​ សង្កត់ធ្ងន់​ថា​ បើសិន​ករណី​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​ នៅ​តែ​មានការ​កើតឡើង​ ហើយនឹង​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៀត​នោះ​ វា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សីលធម៌​សង្គម​ និង​ប្រទេស​ជាតិ​ ត្រូវ​បាត់បង់​ធនធានមនុស្ស​ជំនាន់​ក្រោយ​ ៖«​ប្រសិនជា​ឲ្យ​ធនធាន​របស់​យើង​បាត់បង់​ទៅ​វិញ​ទាំង​គាត់​ ទាំង​ដែល​គាត់​មិន​ទាន់​បាន​ធ្វើ​ការងារ​ជួយ​សង្គម​ផង​ ស្រាប់តែ​គាត់​មាន​បញ្ហា​សម្រាប់​ជីវិត​គាត់​អ​ញ្ចឹ​ង​។​ អាច​អ្នកខ្លះ​រហូត​ដល់​បាត់​បង់ជីវិត​ អ្នកខ្លះ​អាច​បន្សល់​នូវ​ជំងឺផ្លូវចិត្ដ​ ហើយ​កាលណា​សង្គម​យើង​មាន​ជំងឺផ្លូវចិត្ដ​ច្រើន​ នឹង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»​។​

​សម្រាប់​នាយិកា​ប្រតិបត្ដិ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ផ្ដល់​ជា​អនុសាសន៍​ថា​ ដើម្បី​លុប​បំបាត់​ និង​ទប់ស្កាត់​អំពើ​ អ​សីលធម៌​សង្គម​នេះ​ ទាំង​បុរស​ ទាំង​ស្ដ្រី​ ទាំង​អង្គការ​សង្គម​ស៊ី​វិល​ និង​ជា​ពិសេស​អាជ្ញាធរ​ ត្រូវ​រួម​គ្នា​អប់រំ​ និង​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ ហើយ​ត្រូវ​យក​ច្បាប់​មក​អនុវត្ដ​ឲ្យ​ច្បាស់លាស់​ ឥត​លម្អៀង​។​

​ទាក់ទិន​ ករណី​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​នេះ​ របាយការណ៍​បឋម​ របស់​សម្ព័ន្ធ​បងប្អូន​ស្រី​ ស្ដី​អំពី​ “​ហិង្សា​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​”​ បញ្ជាក់​ថា​ ក្នុង​មួយ​ថ្ងៃ​មាន​ករណី​ហិង្សា​ផ្លូវភេទ​ កើតឡើង​យ៉ាងតិច​ មួយ​ករណី​ ហើយ​វា​បាន​កើតឡើង​ទៅ​លើ​អ​និ​តិ​ជន​ភាគច្រើន​ ក្រោម​អាយុ​ ១៥​ឆ្នាំ​។​ បន្ថែម​ពី​នេះ​ជនល្មើស​ គឺ​សុទ្ធតែ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​ ដែល​ពួក​គេ​ ជា​ សាច់ញាតិ​ មិត្ដភក្ដិ​ ឬ​ក៏​ជា​គូសង្សា​ជាដើម​។​ រយៈពេល​ ០៦​ ខែ​ ចាប់ពី​ខែតុលា​ ឆ្នាំ​២០១៧​ រហូត​ដល់​ខែមីនា​ ឆ្នាំ​២០១៨​ សម្ព័ន្ធ​បងប្អូន​ស្រី​ រក​ឃើញ​ថា​ ស្ដ្រី​ និង​កុមារី​ បាន​រង​ហិង្សា​ផ្លូវភេទ​រហូត​ដល់​ ១៩៩​ករណី​។​

​បើ​ទោះជា​របាយការណ៍​របស់​សម្ព័ន្ធ​បងប្អូន​ស្រី​ មិន​ទាន់​បាន​សម្រេច​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ក្ដី​ ក៏​ប៉ុន្ដែ​យោង​ទៅ​លើ​ចំនួន​ ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​ នេះ​ជា​ចំនួន​ច្រើន​មួយ​ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ខ្លាំង​សម្រាប់​សុវត្ថិភាព​ស្ដ្រី​ និង​កុមារី​ ក្នុង​ការ​ដើរហើរ​។​

​សូម​ជម្រាប​ថា​ អំពើ​រំលោភ​ផ្លូវភេទ​ គឺជា​អំពើ​ដែល​ខុស​នឹង​ច្បាប់​។​ យោង​តាម​ច្បាប់​ស្ដី​ពី​ការ​រំលោភ​ផ្លូវភេទ​ ត្រង់​មាត្រា​ ៣៩​ បាន​ចែង​ថា​ ជន​ដែល​ប្រព្រឹត្ដ​ការ​ចាប់​ ឬ​ បង្ខំ​រំលោភ​ផ្លូវភេទ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ពី​ ៥​ឆ្នាំ​ ទៅ​ដល់​ ១០​។​ លើស​ពី​នេះ​ ជន​ប្រព្រឹត្ដ​ ការ​ចាប់រំលោភ​ ហើយ​សម្លាប់​ ដោយ​គ្មាន​ចេតនា​ នៅ​ក្នុង​ច្បាប់​ ត្រង់​មាត្រា​ ២៤៤​ បាន​ចែង​ថា​ ត្រូវ​ផ​ន្ទា​ទោស​ជន​នោះ​ដាក់​ពន្ធនាគារ​ ពី​ ១៥​ ទៅ​ ៣០​ឆ្នាំ​ តែ​ចំពោះ​ករណី​រំលោភ​សម្លាប់​ដោយ​ចេតនា​ ជន​ប្រព្រឹត្ដ​ត្រូវ​ផ្ដន្ទាទោស​ ដាក់គុក​អស់​មួយ​ជីវិត​ ស្រប​ទៅ​តាម​មាត្រា​ ២០៥​ ។​ ដោយឡែក​ចំពោះ​ករណី​បៀតបៀន​កេ​រិ៍្ដ​ភេទ​ ច្បាប់​បាន​ចែង​ថា​ ត្រូវ​ផ្ដន្ទាទោស​ពី​ ១​ឆ្នាំ​ ទៅ​ ៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​ ទៅ​ ៦​លាន​រៀល​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ២៤៦៕​

Share

Image
Image
Image