en     km
en     km

នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ ៖​ ស្ដ្រី​គួរ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ខណៈ​សង្គម​កាន់តែ​បើកទូក​លាយ​

Share

​ភ្នំពេញ​ ៖​ នាយិកា​ក្រុមហ៊ុន​ ផ្គត់ផ្គង់​បន្ទះ​សូ​ឡារ​ ប្រើ​ដោយ​ថាមពលព្រះអាទិត្យ​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​គួរតែ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ភាព​ជា​អ្នកដឹកនាំ​ និង​មុខ​ជំនួញ​ ខណៈ​ដែល​សង្គម​កាន់តែ​បើក​ទូលាយ​សម្រាប់​ស្ដ្រី​។​ ​ការ​លើកឡើង ​របស់​នាយិកា​រូប​នេះ​ នៅ​ពេល​ដែល​លោកស្រី​ បាន​ចូលរួម​ស​ប្ដា​ហ៍​ នៃ​សហគ្រិនភាព​របស់​ស្ដ្រី​ កាលពី​យប់​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​។​

លោក​ លៀ​ ស៊ី​ណា​ ជម្រាប​ជូន​លម្អិត​ ៖

 

​លោកស្រី​ ខៀវ​ ធីតា​ គឺជា​ស្ដ្រី​វ័យ​កណ្ដាល​មួយ​រូប​ ដែល​ជា​នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ ខេ​ម​បូ​ឌា​ ដែល​ជា​ក្រុមហ៊ុន​មួយ​ផ្គត់ផ្គង់​បន្ទះ​សូ​ឡារ​ ប្រើ​ថាមពល​កកើត​ឡើង​វិញ​។​ ក្រុមហ៊ុន​នេះ​ ចាប់ផ្ដើម​កកើត​ឡើង​មក​ព្រោះតែ​ក្ដី​ស្រឡាញ់​ របស់​លោកស្រី​ និង​ស្វាមី​ ចង់​ទាញ​យក​ផលប្រយោជន៍​ ពី​ធនធានធម្មជាតិ​ដែល​មាន​ស្រាប់​ ដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​ លើស​ពី​នេះ​លោកស្រី​ យល់​ថា​ តំបន់​ជនបទ​ នៅ​ដាច់​ស្រយាល​ឆ្ងាយៗ​ អាច​រហូត​ដល់​ ៧០​ភាគរយ​គឺ​មិន​ទាន់​មាន​ភ្លើង​ប្រើប្រាស់​នៅឡើយ​។​ ករណី​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយៗ​ គ្មាន​ភ្លើង​ប្រើប្រាស់​ គឺជា​ការ​លំបាក់​ខ្លាំង​សម្រាប់​ពលរដ្ឋ​ ពិសេស​ស្ដ្រី​ និង​កុមារ​ ក្នុង​ការ​នាំ​យក​អា​គុយ​ ដើម្បី​ទៅ​សាក​ភ្លើង​យក​មក​ប្រើប្រាស់​ ៖«​ចាស​ អ្នក​ណា​ក៏​ត្រូវការ​ថាមពល​អគ្គិសនី​ដែរ​។​ ប៉ុន្ដែ​សំខាន់​គឺ​អ្វី​ដែល​យើង​ប្រើប្រាស់​ពី​មុន​ហ្នឹង​ គឺ​វា​ចំណាយ​លុយ​ច្រើន​ ហើយ​វា​ខាត​ពេលវេលា​ទៀត​ ដូច​ដឹក​អា​គុយ​ទៅ​សាក​ចុះឡើង​ គាត់​ប្រើ​កូន​ក្មេង​ គាត់​ជា​មនុស្ស​ស្រី​ គាត់​ត្រូវធ្វើ​ការងារ​ហ្នឹង​អ​ញ្ចឹ​ង​។​ អ​ញ្ចឹ​ង​សូ​ឡារ​ គឺ​ពិតជា​ជួយ​ទៅ​ដល់​ពួក​គាត់​ច្រើន​ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គាត់​។​ ដូច​ជា​កាត់​បន្ថយ​ការ​ចំណាយពេល​វេលា​របស់​ពួក​គាត់​ដែរ​។​ អ​ញ្ចឹ​ង​បាន​ខ្ញុំ​ស្រឡាញ់​ការងារ​ហ្នឹង​ ហើយ​ខ្ញុំ​ក៏​ចង់​ធ្វើ​វា​ដោយសារ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​ជួយ​ទៅ​ដល់​តំបន់​ជនបទ​ច្រើន​ ទៅ​លើ​ប្រព័ន្ធ​ថាមពល​ហ្នឹង​»​។​

​ក្រុមហ៊ុន​នេះ​ បាន​ចាប់កំណើត​ឡើង​កាលពី​ឆ្នាំ​២០០៤​។​ ដំណើរការ​របស់​ក្រុមហ៊ុន​នេះ​ ហាក់​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​ ស្រប​ពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំង​ពីរ​រូប​ ទើបតែ​កាន់​ដៃ​គ្នា​ឈាន​ចូល​ពិភព​មុខ​ជំនួញ​ថ្មីថ្មោង​ ហើយ​គ្មាន​ដើម​ទុក​ធំដុំ​នៅ​នឹង​ដៃ​។​ តែ​យ៉ាងណា​ក្ដី​ស្រឡាញ់​ រួម​ផ្សំ​នឹង​ការ​ខិតខំ​ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ បាន​ដើរ​ដោយ​រលូន​ និង​មានការ​គាំទ្រ​យ៉ាងច្រើន​រហូត​មក​ដល់​ពេល​នេះ​។​

​បើ​ទោះជា​បច្ចុប្បន្ន​ស្ដ្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ចេញ​មុខ​ស្វែងរក​ចំណូល​ដើម្បី​ជួយ​គ្រួសារ​ ក៏​នៅ​តែ​មាន​មតិ​រិះគន់​ និង​រឹតត្បិត​សម្រាប់​ស្ដ្រី​នៅឡើយ​ ដែល​គិត​ថា​ ស្ដ្រី​អាច​ធ្វើ​បាន​តែ​ការងារ​លក់ដូរ​ ហើយ​គិត​ប្រាក់​តិច​តូច​តែ​ប៉ុណ្ណោះ​។​ តែ​ចំណុច​នេះ​ គឺ​ផ្ទុយ​ស្រឡះ​ពី​ទឹកចិត្ដ​ និង​ឆន្ទៈ​របស់​លោកស្រី​ ធីតា​។​ លោកស្រី​មាន​ប្រសាសន៍​ថា​ ហេតុ​អ្វី​ស្ដ្រី​ត្រូវធ្វើ​បាន​តែ​ការងារ​តិច​តូច​ ឬ​ក៏​ជា​ការងារ​បន្ទាប់បន្សំ​។​ លោកស្រី​ទទួលស្គាល់​ថា​ បុរស​ក៏​អាច​ធ្វើ​បាន​ក្នុង​ការងារ​គ្រប់គ្រង​ម្នាក់ឯង​ តែ​លោកស្រី​ យល់​ថា​ ស្ដ្រី​គឺ​មាន​សមត្ថភាព​ដែល​មិន​ទាប​ជាង​បុរស​ ហើយ​សម្រាប់​ជីវិត​គូ​ស្វាមី​ ភរិយា​ ការ​ធ្វើការ​រួម​គ្នា​គឺជា​រឿង​ល្អ​ ហើយ​មាន​អត្រា​ជោគជ័យ​ខ្ពស់​ នេះ​ហើយ​ជា​មូលហេតុ​ដែល​លោកស្រី​ ខិតខំ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ស្វាមី​ ក្នុង​ការ​បើក​អាជីវកម្ម​ផលិត​បន្ទះ​សូ​ឡារ​នេះ​ ៖«​ខ្ញុំ​គិត​ថា​ គាត់​ធ្វើ​តែឯង​មនុស្ស​ប្រុស​គឺ​អាច​ធ្វើ​បាន​ ប៉ុន្ដែ​ហេតុ​អ្វី​ក៏​យើង​មិន​ចូលរួម​ជាមួយ​គ្នា​។​ ព្រោះ​អី​យើង​រួម​ជីវិត​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ហើយ​ អ​ញ្ចឹ​ង​ការងារ​បើសិនជា​អាច​ធ្វើ​ជាមួយ​គ្នា​ទៀត​ បើ​ទោះជា​វា​មាន​ល្អ​ ឬ​អាក្រក់​ក៏​ដោយពេល​ខ្លះ​យើង​ត្រូវ​និ​យា​យា​គ្នា​ យើង​ត្រូវ​ប្រកែក​គ្នា​ឬ​ក៏​យើង​ពិភាក្សា​គ្នា​ពី​រឿង​អាជីវកម្ម​។​ ប៉ុន្ដែ​វា​គឺជា​រឿង​ ដែល​យើង​ដើរទៅ​ផ្លូវ​ជាមួយ​គ្នា​ ហើយ​យើង​យល់ចិត្ដ​គ្នា​បាន​ច្រើន​បាន​យើង​នឹង​ធ្វើ​ការងារ​ហ្នឹង​រីក​ចម្រើន​។​ អ្វី​ទាំងអស់​ហ្នឹង​ដែល​យើង​ធ្វើ​យើង​សង្ឃឹមថា​ នឹង​រីក​ចម្រើន​អ​ញ្ចឹ​ង​យើង​គួរតែ​រួមចិត្ដ​មួយ​ហើយ​ធ្វើការ​ហ្នឹង​ទាំងអស់​គ្នា​ទៅ​»​។​

​លោកស្រី​ ធីតា​ មាន​ប្រសាសន៍​ទៀត​ថា​ ការងារ​អ្វី​ក៏​ល្អ​ដែរ​សម្រាប់​ស្ដ្រី​គ្រប់​រូប​។​ តែ​យ៉ាងណា​លោកស្រី​យល់​ថា​ ដើម្បី​ឲ្យ​ការងារ​ដែល​ស្ដ្រី​កំពុង​តែ​ធ្វើ​ ឬ​ក៏​នឹង​ធ្វើ​អាច​ល្អ​ទៅ​បាន​លុះណាតែ​មានការ​រៀបចំ​ផែនការ​ និង​គម្រោង​ច្បាស់លាស់​។​ លោកស្រី​លើ​ទឹកចិត្ដ​ដល់​ស្ដ្រី​គ្រប់​រូប​ ឲ្យ​ក្លាហាន​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ ឬ​ក៏​ចាប់​យក​ឱកាស​ដែល​កំពុង​តែ​មាន​ ដើម្បី​បង្ហាញ​ពិភពលោក​ថា​ ខ្លួន​មាន​ទេព​កោសល្យ​ និង​សមត្ថភាព​។​ លោកស្រី​ ធីតា​ បន្ដ​ទៀត​ថា​ ស្ដ្រី​គួរតែ​ជួប​អ្នកជំនួញ​ជោគជ័យ​ឲ្យ​បាន​ច្រើន​ ដើម្បី​សិក្សា​ពី​ពួក​គេ​ ហើយ​យក​បទ​ពិសោធន៍​ទាំងនោះ​មក​អនុវត្ដ​ដោយ​ មិន​គួរ​ខ្លាច​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ឡើយ​ បើកាលណា​ខ្លួន​មាន​ក្ដី​ស្រឡាញ់​ហើយ​ ៖«​ខ្ញុំ​គិត​ថា​ ស្ដ្រី​អត់​គួរ​នឹង​ខ្លាច​ធ្វើ​ទេ​ ជា​ពិសេស​គឺ​សម័យនេះ​ជា​សម័យ​ដែល​គេ​បើកឱកាស​សម្រាប់​មនុស្ស​ស្រី​ច្រើន​មែនទែន​។​ អ​ញ្ចឹ​ង​បើសិនជា​ពួក​គាត់​ពិតជា​មាន​មហិច្ឆតា​ក្នុង​ខ្លួន​ចង់​ក្លាយជា​មនុស្ស​ ជោគជ័យ​មួយ​ដែល​យើង​គិត​ថា​ យើង​រស់នៅ​លើ​សង្គម​នឹង​គេ​ដែរ​ ហេតុ​អ្វី​ក៏​យើង​មិន​ធ្វើ​អ្វី​សាង​ភាព​ជោគជ័យ​ ភាព​អស្ចារ្យ​សម្រាប់​ខ្លួន​យើង​ សម្រាប់​កូន​យើង​ដើម្បី​យក​យើង​ជា​គំរូ​»​។​

​នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ សង្កត់ធ្ងន់​ថា​ ស្ដ្រី​បើ​មាន​ក្ដី​ស្រឡាញ់​ និង​មហិច្ឆតា​ហើយ​ មិន​គួរ​ចាំ​ដល់​មាន​អ្នក​មក​បង្គាប់បញ្ជា​លើ​អ្វី​ដែល​ខ្លួន​កំពុង​មាន​ក្ដី​ស្រឡាញ់​នោះ​ទេ​ គួរតែ​ចាប់​យក​ឱកាស​នោះ​ ហើយ​ធ្វើ​កិច្ចការ​ដោយ​ជំនឿ​ចិត្ដ​ខ្ពស់​។​

​យ៉ាងណា​គេ​សង្កេត​ឃើញ​ថា​ រនាំង​វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ គឺជា​បញ្ហា​ចម្បង​មួយ​ចំពោះ​ស្ដ្រី​ក្នុង​ការ​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ ឬ​ក៏​ការងារ​សង្គម​នានា​។​ ត្រង់​ចំណុច​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ អេ​ង​ លី​គង់​ ប្រធាន​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា​ ទទួលស្គាល់​ថា​ អាច​ជា​រនាំង​រាំង​ ស្ដ្រី​មិន​ឲ្យ​បង្ហាញ​សមត្ថភាព​ និង​ទេព​កោសល្យ​។​ ក៏​ប៉ុន្ដែ​លោកស្រី​ ជឿជាក់​ថា​រនាំង​ទាំងនេះ​គឺ​បាំង​ ហើយ​ស្ថិត​ក្នុង​ផ្នតគំនិត​ចាស់ៗ​ និង​ស្ដ្រី​ជំនាន់​មុន​ប៉ុណ្ណោះ​ តែ​សម្រាប់​ស្ដ្រី​ យុវតី​ ជំនាន់​ថ្មី​នេះ​ ពួក​គេ​បាន​ទទួល​សិទ្ធិ​យ៉ាងច្រើន​លើសលប់​ក្នុង​ការ​ចូលរួម​ការងារ​ សង្គម​ និង​ការ​បង្ហាញ​សមត្ថភាព​លើ​ការងារ​ផ្សេងៗ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ អេ​ង​ លី​គង់​ លើកទឹកចិត្ដ​ដល់​ស្ដ្រី​គ្រប់​រូប​ ឲ្យ​ក្រោកឈរ​ឡើង​ ហើយ​ដើរទៅ​រក​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​ ដោយ​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​។​ លោកស្រី​ថា​ សម័យ​ថ្មី​ ស្ដ្រី​មិន​គួរ​យក​ផ្នត់គំនិត​ចាស់​មក​ចាក់សោរ​ខ្លួនឯង​ឲ្យ​ដាច់​ឆ្ងាយ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឡើយ​៕

Share

Image
Image
Image