en     km
en     km

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​ផ្សាយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឲ្យ​បាន​ច្រើន​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជា​ ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ជួយ​ផ្សាយ​ជា​ប្រចាំ​ ព័ត៌មាន​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ថា​គ្រឹះស្ថាន​ទាំងនោះ​ជា​ស្ថាប័នរដ្ឋ​។​ បទបញ្ជា​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៧​ ខែកុម្ភៈ​នេះ​។​

 

hun-sen-meeting
កិច្ចប្រជុំនាទីស្ដីការគណៈរដ្ឋមន្រ្ដីនៅថ្ងៃទី១៧ កុម្ភៈ (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្ដី)

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​បិទ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ ប្រសិនបើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ ​មិន​បិទ​បង្ហាញ​ថា​ ខ្លួន​ជា​គ្រឹះស្ថាន​ឯកជន​នោះ​ទេ​។​ ការ​ព្រមាន​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ ថ្ងៃ​ទី​១៧​ កុម្ភៈ​ ឆ្នាំ​២០១៧​នេះ​ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ហើយ​ពលរដ្ឋ​ភាគច្រើន​តែងតែ​យល់​ថា​ខ្លួន​ជំពាក់​បំណុល​រដ្ឋ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​សម្ដេច​បាន​បញ្ជា​ ទៅ​ធនាគារជាតិ​ថា​ ៖«​ត្រូវ​តែ​សរសេរ​បិទ​ភ្ជាប់​នៅ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​»​ ថា​ គ្រឹះស្ថាន​ទាំងនោះ​ជា​ស្ថា​ប​ន័​ឯកជន​ ហើយ​មិនមែន​ជា​ស្ថាប័ន​អង្គការ​ឬ​ជា​របស់​រដ្ឋ​ឡើយ​។​ ម្យ៉ាងវិញទៀត​សម្តេច​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា​ ប្រសិនបើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​មិន​ព្រម​ធ្វើ​តាម​ទេ​ គ្រឹះស្ថាន​ទាំងនោះ​ «​នឹង​ត្រូវ​បិទទ្វារ​»​។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​លោក​ ផៃ​ ស៊ី​ផា​ន​ ដែល​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​តាម​ខ្សែ​ទូរស័ព្ទ​ បញ្ជាក់​បន្ថែម​ថា​ ការ​ដាក់​បទបញ្ជា​របស់​សម្ដេច​ ហ៊ុន​ សែន​ ដូចនេះ​ដោយសារ​តែ​កន្លង​មក​ពលរដ្ឋ​តែង តែ​យល់​ឃើញ​ថា​ ខ្លួន​ជំពាក់​លុយ​រដ្ឋ​ ពីព្រោះ​តែ​នៅ​ពេល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចុះ​កិច្ចសន្យា​ខ្ចីប្រាក់​ តែងតែមាន​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ចូលរួម​ធ្វើ​សាក្សី​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័ន្ដ​ច្រឡំ​ថា​ខ្លួន​ត្រូវ​រដ្ឋ​រឹបអូស​ផ្ទះសម្បែង​។​  លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ ការណ៍​នេះ​បង្ក​ឱកាស​ឲ្យ​បក្សនយោបាយ​មួយ​ចំនួន​ឃោសនា​កេ​ញ​ចំណេញ​ផ្នែក​នយោបាយ​។​​ «​បាទ​វា​អ​ញ្ចឹ​ង​មែន​ (​នឹង​បិទ​មីក្រូហិរញ្ញវត្ថុ​មិន​ធ្វើ​តាម​ការ​ណែនាំ​សម្ដេច​ ហ៊ុន​ សែន​)​  ធនាគារកណ្ដាល​របស់​កម្ពុជា​ ឬ​ក្រសួង​ហិរញ្ញវត្ថុ​ចាត់វិធានការ​ នៅ​ក្នុង​រឿង​នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​យល់​ថា​ពួកគាត់ខ្ចី​លុយ​ពី​អ្នក​ណា​?​ ហើយ​បើ​មិន​ធ្វើ​តាម​វិធានការ​នេះ​ទេ​ នឹង​ត្រូវ​បិទ​ស្ថាប័ន​នោះ​»​។​

phai-ephan
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដី៌

​ស្រប​ពេល​ដែល​សម្តេច​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ «​មិន​ថា​ជា​របស់​រដ្ឋ​ឫ​ឯកជន​»​ ទេ​ គឺ​ត្រូវ​ផ្សាយ​ជា​ប្រចាំ ​ព័ត៌មាន​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​គ្រឹះស្ថាន​ទាំងនោះ​មិនមែន​ជា​ស្ថា​ប័ន​រដ្ឋ​។​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ហាមប្រាម​ផង​ដែរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​មិន​ ឲ្យ​បន្ដ​ធ្វើ​សាក្សី​នៅ​ពេល​ពលរដ្ឋ​ខ្ចីប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បន្ដ​ទៀត​ឡើយ​។​ សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ការ​ធ្វើ​បែប​នេះ ​«​ដើម្បី​ជា​ការ​ផ្ដល់​តម្លាភាព​ជួន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ប្រជាពលរដ្ឋ​ដែល​ខ្ចីប្រាក់​។​»

​ក្រៅ​តែ​ពី​ការ​បញ្ជា​ឲ្យ​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍​ វិទ្យុ​ ទាំង​ជាតិ​និង​ឯកជន​ហើយ​សម្ដេច​ ហ៊ុន​ សែន​ ក៏​ស្នើ​ដល់​គ្រប់​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ករណី​នេះ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ គ្រឹះស្ថាន​មីក្រូហិ រញ្ញវត្ថុ​មានចំនួន​៥៤​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន​០៧​ ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​ចំនួន​១០៤៕

Share

Image
Image
Image