en     km
en     km

នាយកភូមិន្ទចៅក្រមថាការប្រឡងជ្រើសរើសសិស្សចៅក្រមមានតម្លាភាព១០០% ខណៈផ្ទុះការតវ៉ាចំពោះលទ្ធផល

Share

ភ្នំពេញ៖ នាយកសាលាភូមិន្ទចៅក្រម អះអាងថា ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមគឺមានតម្លាភាពមួយរយភាគរយ ។ ការបញ្ជាក់បែបនេះក្រោយពេលមានផ្ទុះការតវ៉ាកើតទុកមិនសុខចិត្តចំពោះលទ្ធផលស្ថាពរនៃការជ្រើសរើសសិស្សចៅក្រម ។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា អះអាងថាលោកមិនមានជំនឿចិត្តលើតម្លាភាពនៃការប្រឡងជ្រើសរើសសិស្សចៅក្រមនៅឡើយនោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

លោក កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រម មានប្រសាសន៍ថា លោក គង់ ប៊ុនរឹទ្ធជាបុគ្គលដែលមិនទទួលយកការបកស្រាយពីគណៈកម្មការពាក់ព័ន្ធ ខណៈលោកថា ដើម្បីប្រឡងជាសិស្សចៅក្រម ជាមន្ត្រីច្បាប់ ត្រូវតែជាបុគ្គលម្នាក់ដែលមានហេតុផលបំផុត ។ លោកថាការមិនបង្ហាញលំដាប់ពិន្ទុនៅពេលប្រកាសលទ្ធផលលើវិញ្ញាសារសរសេរ គឺដើម្បីកុំឱ្យបេក្ខជនបាក់ទឹកចិត្តបាត់បង់ស្មារតីនៃការប្រកួតប្រជែង ។

​នាយកសាលាភូមិន្ទចៅក្រមរូបនេះលើកឡើងជាការអះអាងក្នុងនាមគណៈកម្មការ និងអង្គភាពប្រឆាំងអំពើពុករលួយថា តម្លាភាពនៃការប្រឡងចៅក្រម គឺ ១០០% ។

លោក កេង សុម៉ារិទ្ធ ហ៊ានធានា១០០% ថាបើបេក្ខជននោះ មានចំណេះដឹងផ្នែកច្បាប់ប្រសើរ ការថ្លឹងថ្លែងត្រិះរិះពិចារណា និងមានអាកប្បកិរិយាសមជាអ្នកច្បាប់ (ចៅក្រម) នោះបុគ្គលនោះនឹងប្រឡងជាប់ក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ។​

និស្សិតច្បាប់ឆ្នាំទី ៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលកំពុងតែត្រៀមខ្លួននឹងប្រឡងប្រជែងសិស្សចៅក្រមជំនាន់ក្រោយ ក៏បង្ហាញពីទំនុកចិត្តរបស់ខ្លួនទៅលើតម្លាភាពដែលមានរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការខ្ពស់ ។

លោកថា មានបេក្ខជនខ្លះ ប្រឡងជាប់ទាំងសិស្សចៅក្រមជំនាន់ ១០ និងជាប់ទាំងមន្ត្រីជាន់ខ្ពស់ក្នុងពេលតែមួយ ដែលនេះក៏ជាការបញ្ជាក់បានថា មានតម្លាភាព ហើយអ្នកខ្លាំងគឺជាប់ ។

ការបញ្ជាកប់បែបនេះ គឺដោយសារតែ បន្ទាប់ពីលទ្ធផលស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១០ ត្រូវបានផ្សព្វផ្សាយដោយរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ មានការកើតទុកមិនសុខចិត្តពីបេក្ខជនមួយចំនួន ដែលមិនទទួលបានជោគជ័យលើលទ្ធផលនោះ ។

ពាក់ព័ន្ធនឹងការរិះគន់នេះ ជាដំបូងបន្ទាប់ពីលទ្ធផលត្រូវបានបិទផ្សាយ គឺលោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ឬដែលគេស្គាល់ថាលោក William Guang  ជាប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហាញការមិនអស់ចិត្ត និងហួសចិត្តចំពោះសិស្សចៅក្រមដែលមានអាយុ ២០ ឆ្នាំ ឈ្មោះសយ យូសុមនា កូនប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ។

លោក បានសរសេរថា អាយុ ២០ឆ្នាំប្រលងជាប់ថ្នាក់ប្រជែងសិស្សចៅក្រម ដូចនេះបានន័យថាអាយុ១៦ឆ្នាំរៀនបរិញ្ញាប័ត្រ អាយុ១៥ឆ្នាំចប់បាក់ឌុប ។ លោកថានេះ គឺជារឿងដែលមិនធម្មតា ដែលលោកថាមិនគួរឱ្យជឿសោះឡើយ ។

សំណេរនេះ គឺត្រូវបានលោកកែ ជាច្រើនសារ ដោយកាលពីដំបូងឡើយលោកថា ការប្រឡងជាប់ចៅក្រមអាយុ ២០ ឆ្នាំ គឺបេក្ខជននោះចូលរៀងតាំងពីក្នុងពោះ ។

យ៉ាងណាពាក់ព័ន្ធនឹងការរិះគន់របស់ប្រធានគណបក្សមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម រិះគន់ដោយថាមិនពិនិត្យឱ្យបានច្បាស់លាស់ ។

គណនីហ្វេសបុកឈ្មោះថា Amata S. Vong សរសេរក្នុងន័យដើមថា គួរឲ្យខ្មាស់គេទេលោក? មើលខុស និយាយខុស សសេរខុស គណនាឆ្នាំខុសតាំងពីដំបូងលុះដល់គេប្រតិកម្មច្រើនក៏តាំង edit post ដដែលៗ បួនប្រាំដងទើបចេញមកលុបលាង។ លុបលាងហើយក៏នៅតែខុសទៀត។ មនុស្សអាយុ២០ឆ្នាំហើយមិនមែនជា «កុមារី» ទៀតទេលោក អាយុ១៨ឆ្នាំឡើងគឺជាមនុស្សពេញវ័យហើយ។

ដោយឡែក លោកស្រី ងួន មករា ជាមេធាវី និងជាប្រធានការិយាល័យមេធាវីមករា និងសហការី បានសរសេរថា នេះគឺជារឿងធម្មតាទេ ។ លោកស្រីថា ចប់បរិញ្ញាបត្រ ២០ឆ្នាំ បាក់ឌុប ១៦ឆ្នាំ ចូលរៀន ៤-៥-៦ ឆ្នាំ ផ្លោះថ្នាក់ ១-២ ជាដើម ។

លោក William Guang  បន្ថែមថា ស្តង់ដានៅបណ្ដាប្រទេសជឿនលឿន នឹងអ៊ឺរុប សិស្សចៅក្រម មុននឹងប្រលងចូលត្រូវឆ្លាងកាត់ឧត្តមសិក្សាច្បាប់ អនុបណ្ឌិតចិត្តវិទ្យា ទស្សនវិជ្ជា ។ ឯកុមារីម្នាក់អាយុ២០ រៀនសិស្សចៅក្រម ឆ្លងកាត់តែ២ឆ្នាំ អាយុ២២ អាចនឹងក្លាយជាចៅក្រមដោយយថាហេតុឬខ្សែស្រលាយ ។ តើយើងចង់បានចៅក្រមអាយុ២២មែនទេ ។ ទស្សននៃការអប់រំចិត្តនឹងឆ្លងកាត់បទពិសោធន៍ជីវិតនៅខ្លីណាស់ ស្ទើតែមិនទាន់អាចប្រកបវិជ្ជាជីវៈជាអ្នកកាត់ក្ដីបាននោះទេ ។ នេះជាអ្វីដែលខ្ញុំចង់និយាយ ។ កម្ពុជាបច្ចុប្បន្នត្រូវការកំណែរទំរង់ប្រព័ន្ធយុត្តិធម៌ជាចាំបាច់ ដោយរំពឹងថា ព្រះរាជអាជ្ញា ចោទដោយទំនួលខុសត្រូវ ចៅក្រមស៊ើបសួរ ចេញការអនុម័ត្តដោយឈរលើមូលដ្ឋានស៊ើបអង្កេតត្រឹមត្រូវ ហើយចៅក្រមធ្វើការកាត់សេចក្ដីដោយចៀសផុតពីអគតិទាំង៤ ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន មិនមែនឈរលើមូលដ្ឋានលុយនោះទេ ។

ពាក់ព័ន្ធនឹងករណីនេះ អង្គភាពប្រឆាំងនឹងអំពើពុករលួយ ក៏បានចេញបំភ្លឺផងដែរ  ។

អង្គភាពប្រឆាំងអំពើពុករលួយ ACU ចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ក្នុងន័យទូទៅថា ការប្រឡងសិស្សចៅក្រម រៀបចំដោយរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ មានតម្លាភាពត្រឹមត្រូវគ្រប់ដំណាក់កាល ។

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថាមិនសំខាន់ទៅលើអាយុទេ ជាក់ស្ដែងនាយករដ្ឋមន្ត្រីហ្វាំងឡង់ គឺជាស្រី្តអាយុ ៣៤ ឆ្នាំឈ្មោះថា Sanna Marin និងចៅក្រមឥណ្ឌាឈ្មោះថា Mayank Pratap Singh ។

យ៉ាងណាមិនមែនតែប៉ុណ្ណោះនោះទេ លោក William Guang   ក៏បានរកឃើញនូវភាពមិនប្រក្រតីនូវការដាក់ពាក្យរបស់បេក្ខជនឈ្មោះ សយ យូសុមនា ពោលគឺបេក្ខជនរូបនេះ ដាក់ពាក្យសុំប្រឡងតាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ តែសេចក្ដីជូនដំណឹងនៃការជ្រើសរើសការប្រឡង គឺធ្វើឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ។

គួររំលឹកថា ការប្រឡងប្រជែងសិស្សចៅក្រមមានពីដំណាក់កាល គឺដំណាក់កាលទីមួយគឺជាដំណាក់កាលនៃវិញ្ញាសារសរសេរ ដែលមានមុខវិជ្ជាសម្រាប់ប្រឡង៤ មុខវិជ្ជា មានក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ។ ដោយឡែក ដំណាក់កាលទី ២​ គឺដំណាក់កាលនៃវិញ្ញាសារផ្ទាល់មាត់ មាននីតិរដ្ឋធម្មនុញ្ញ នីតិភូមិបាលពាក់ព័ន្ធនឹងដីធ្លី និងវប្បធម៌ទូទៅ ទាក់ទងនឹងវិស័យច្បាប់និងយុត្តិធម៌ ។

ច្បាប់ស្ដីទីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា មាត្រា ១៩ ចែងថា ត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម ចំពោះបេក្ខជនដែលបានបំពេញលក្ខខ័ណ្ឌដូចខាងក្រោម៖

១. មានសញ្ជាតិខ្មែរពីកំណើត

២. មានអាយុ ៣៥ ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ ៤០ ឆ្នាំ យ៉ាងច្រើនចំពោះបេក្ខជនជាមន្ត្រីរាជការ គិតមកដល់ថ្ងៃប្រឡង

៣. ត្រូវមានសញ្ញាប័ត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ

៤. មិនដែលមានទោសពីបទមជ្ឈឹម និងបទឧក្រិដ្ឋ

៥. ត្រូវមានកាយសម្បទារគ្រប់គ្រាន់អាចបំពេញការងារបាន ។

បេក្ខជនឈ្មោះគង់ ប៊ុនរឹទ្ធ និងបេក្ខនារីឈ្មោះថា សើ ស្រីម៉ៅ បានដាក់ពាក្យស្នើសុំរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការឱ្យពិនិត្យ និងផ្ដល់នូវតម្លាភាពចំពោះលទ្ធផលនៃការប្រឡងប្រជែងសិស្សចៅក្រមជំនាន់ទី ១០នេះ ។

បេក្ខជនទាំងពីរូបនេះ បានលើកសំណើរចំនួន ៤ ដូចតទៅ  គឺបង្ហាញលំដាប់ពិន្ទុ និងប្រៀបធៀបនូវចម្លើយលើវិញ្ញាសារសរសេរ បង្ហាញអំពីលទ្ធផលពិន្ទុលើវិញ្ញាសារផ្ទាល់មាត់ និងប្រៀបធៀបសំណួរផ្ទាល់មាត់រវាងបេក្ខជនជាប់ជាស្ថាពរ ជាមួយសំណួររបស់ខ្លួនជាដើម ។

បក្ខជនដែលដាក់ពាក្យស្នើសុំនេះ អះអាងអំពីការជឿជាក់លើសមត្ថភាពនៃការប្រឡងរបស់ខ្លួនជាខ្លាំង ។  

យ៉ាងណាមិញ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានចេញសេចក្ដីប្រកាសព័ត៌មាន ឆ្លើយតបទៅនឹងការស្នើសុំឱ្យពិនិត្យ និងផ្ដល់តម្លាភាពចំពោះលទ្ធផលនៃការប្រឡងប្រជែងសិស្សចៅក្រុមនេះ ។

រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី ១០ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់គណៈកម្មការនាយក ដែលមានសមាសភាពមកពីក្រសួងយុត្តិធម៌ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលនៃការប្រឡងពីអង្គភាពប្រឆាំងអំពើពុករលួយ ។  

ពាក់ព័ន្ធនឹងការបង្ហាញលទ្ធផលស្ថាពរលើវិញ្ញាសារសរសេរ កាលពីថ្ងៃទី ១២ ខែធ្នូ ដែលមានបេក្ខជនចំនួន ១២០ រូប គឺជាការតម្រៀបឈ្មោះតាមអក្ខរក្រម ពីអក្សរក ដល់អក្សអ ។  ដោយឡែក ចំពោះលទ្ធផលស្ថាពរវិញ ដែលមានបេក្ខជនជាប់ ៥០ នាក់ទើប ជាការតម្រៀបតាមលំដាប់ពិន្ទុ ។ យ៉ាងណាចំពោះលំដាប់ពិន្ទុរបស់បេក្ខជន និងបេក្ខនារីវិញ ដែលដាក់ពាក្យស្នើសុំនេះ ម្នាក់គឺទទួលបានចំណាត់ថ្នាក់លេខ ១០៣ និងម្នាក់ទៀតគឺ ១១៣ ។ ដោយឡែក ដំណាក់កាលផ្ទាល់មាត់ គឺមានតម្លាភាពខ្ពស់ ។

កាលពីថ្ងៃទី ២៦ ខែធ្នូ រាជបណ្ឌិត្យសភាវិជ្ជាជីវតុលាការ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយទៀត ដោយបញ្ជាក់ថា កិច្ចការដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម បានប្រព្រឹត្តទៅដោយអនុលោមតាមបទបញ្ជា និងនីតិវិធីប្រឡងប្រជែង ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងជំនឿទុកចិត្ត តាមគោលការណ៍អ្នកមានសមត្ថភាពចំណេះដឹងលើសគេគឺជាប់ ។

រាជបណ្ឌិត្យសភាវិជ្ជាជីវតុលាការ បង្ហាញពីតម្លាភាពនៃដំណាក់កាលនីមួយៗនៃការប្រឡងផងដែរ គឺ៖

១. ការចេញ និងការជ្រើសរើសវិញ្ញាសារសរសេរ គឺផ្អែកលើគោលការណ៍សម្ងាត់ មិនមានការបែកធ្លាយដាច់ខាត ។

២.​ ដំណើរការនៃការប្រឡងវិញ្ញាសារសរសេរ បានប្រព្រឹត្តទៅតាមបទបញ្ជា និងទទួលបានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ ដើម្បីធានាថា គ្មានការលួចចម្លង និងយកឯកសារណាមួយចូលក្នុងបន្ទប់ប្រឡងឡើយ ។

៣. ការរក្សាសន្លឹកកិច្ចការរបស់បេក្ខជន មានសុវត្តិភាពល្អ គ្មានការដោះដូ ឬសរសេរបន្ថែមលើសន្លឹកកិច្ចការឡើយ ។

៤. ការកែសន្លឹកកិច្ចការមិនត្រូវបានស្គាល់អត្តសញ្ញាណបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ និងការចុះលេខកូដសម្ងាត់ ។ ជាងនេះ ការកែសន្លឹកកិច្ចការធ្វើដោយគណៈមេប្រយោគ ដែលមានគ្រូកំណែ ២រូបផ្សេងគ្នា ។

៥. ដំណើរការវិញ្ញាសារផ្ទាល់មាត់ មានការចាប់ឆ្នោតយកលេខរៀង និងការដាក់លេខកូដសម្ងាត់ ពោលគឺមិនស្គាល់អត្តសញ្ញាណបេក្ខជនឡើយ ។ យ៉ាងណា មានសមាសភាពគណៈមេប្រយោគក្នុងការវាយតម្លៃ និងដាក់ពិន្ទុ ដោយគណៈមេប្រយោគ ៣ រូប និង ៥រូប ទៅតាមមុខវិជ្ជានីមួយៗ ដោយដាក់ពិន្ទុផ្អែកតាមគោលការណ៍ឯករាជ្យ និងឆន្ទានុសិទ្ធិរបស់សមាជិកនីមួយៗនៃគណៈមេប្រយោគ ។

៦. ការស្រង់ពិន្ទុ ការបូកពិន្ទុ និងការចេញលទ្ធផល មិនមានការបន្ថែម ឬបន្ថយពិន្ទុរបស់បេក្ខជនឡើយ ។ ការចេញលទ្ធផល ត្រូវបានប្រកាសភ្លាមបន្ទាប់ពីការបូកពិន្ទុចប់សព្វគ្រប់ ។ 

បើទោះបីជាបែបនេះក្ដី រហូតមកដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៩ ក៏មានបេក្ខជន​ប្រឡង​ជាប់​វគ្គ​សរសេរ​នៃការប្រឡងប្រជែងជ្រើសរើសសិស្ស​ចៅក្រម​ជំនាន់​ទី​១០​ ៥​រូប ដែល​កើតទុក្ខ​មិន​សុខចិត្ត​ទៅ​នឹង​លទ្ធផល​ស្ថាពរ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ បាន​បង្ហាញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការប្រឡងប្រជែង​មួយ​នេះ ។

បេក្ខជនទាំង ៥ រូបនោះ បានដាក់ពាក្យសុំស្នើ ដល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឱ្យជួយអន្តរាគមន៍ទៅ​គណៈកម្មការ​នាយក​រៀប​ចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​១០ ដើម្បី​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការ​ប្រ​ទ្ប​ង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​លើ​វិញ្ញាសា​​សរសេរ និង​វិញ្ញាសា​​ផ្ទាល់មាត់ ។

កម្មវត្ថុនៃការដាក់ពាក្យសុំអន្តរគមន៍ទៅនាយករដ្ឋមន្ត្រីនេះ គឺមានចំនួន ៤ ទី ១គឺបង្ហាញពីនីតិវិធីនៃការដាក់ពិន្ទុលើវិញ្ញាសារសរសេរ ទី ២ ​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​ចម្លើយ​លើ​ឯកសារ​សរសេរ​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រ​ទ្ប​ង​លើ​វិញ្ញាសា​​សរសេរ​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប​ជាមួយនឹង លទ្ធផល​ពិន្ទុ និង​ចម្លើយ​ឯកសារ​សរសេរ​របស់​ពួកគាត់ ​។ ទី៣ ​បង្ហាញ​អំពី​នីតិវិធី​នៃ​ការដាក់​ពិន្ទុ​លើ​វិញ្ញាសា​​ផ្ទាល់មាត់​ និងទី៤​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​សំនួរ​និង​ចម្លើយ​ផ្ទាល់មាត់​នៅក្នុង​ដំណាក់កាល​នៃ​ការ​ប្រ​ទ្ប​ង​លើ​វិញ្ញាសា​​ផ្ទាល់មាត់​របស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប ជាមួយនឹង​លទ្ធផល​ពិន្ទុ និង​ចម្លើយ​ផ្ទាល់មាត់​របស់​ពួកគាត់ ។

លោក គង់ ប៊ុនរឹទ្ធ បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៥ នាក់ដែលដាក់ពាក្យសុំអន្តរាគមន៍នោះ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា ចាប់ពីពេលនេះតទៅ យើងខ្ញុំនៅតែសុំឱ្យសាធារណជនមេត្តាបន្តការគាំទ្រដល់សកម្មភាពថ្មី លើបេសកកម្មចាស់ចំពោះការស្នើសុំរបស់យើងខ្ញុំលើការបង្ហាញលទ្ធផលការប្រលងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី10 ដោយតម្លាភាព

ការចូលរួមរបស់សាធារណជន ជាការរួមចំណែកលើកស្ទួយនូវប្រព័ន្ធយុត្តិធម៌របស់ជាតិយើងឱ្យកាន់តែប្រសើរឡើង។

លោក គង់ ប៊ុនរឹទ្ធមានប្រសាសន៍ជាការរៀបរាប់ពីការអង្កេតឃើញពីមន្ទិលសង្ស័យមួយចំនួនក្នុងដំណាក់នីមួយៗ ដូចជាមិនមានដាក់ចំនួនពិន្ទុតាមសំណួរនីមួយៗលើវិញ្ញាសារនីមួយៗ រួមទាំងការប្រកាសលទ្ធផលមិនមានបង្ហាញលំដាប់ពិន្ទុ ខណៈកាលពីជំនាន់កន្លងទៅ គឺមានទាំងអស់ ។

ជាងនេះទៅទៀត លោកថា នៅពេលប្រឡងផ្ទាល់មាត់លោកសង្កេតឃើញថា គណៈកម្មការឆ្ងល់ថាលោក គ្មានលេខសម្គាល់ជាដើម ។

លោកថា ពាក្យស្នើសុំអន្តរាគមន៍ទៅនាយករដ្ឋមន្ត្រីកម្ពុជា គឺខាងខុទ្ធការល័យ បានទទួលរួចហើយ ហើយក៏សន្យាថានឹងដោះស្រាយផងដែរ ហើយលោកក៏សង្ឃឹមថាសម្ដេច​ហ៊ុន សែន នឹងអន្តរាគមន៍លើកិច្ចការនេះ ។

លោក គឹម សុខ អ្នកវិភាគនយោបាយ និងតាមដានការវិវត្តន៍សង្គមធ្លាប់មានប្រសាសន៍ថា ការប្រឡងចៅក្រម ភាគតិចណាស់ដែលអ្នកមានចំណេះដឹងគឺជាប់ ។

លោក សួន សេរីរដ្ឋា ប្រធានអតីតគណបក្សអំណាចខ្មែរ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនកាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១៩ ថា មានអំពើពុករលួយក្នុងស្ថាប័ណ្ណរដ្ឋមានគ្រប់ក្រសួងមន្ទី ដែលលោកសម្ដៅថា​ការប្រឡងចូលក្របខ័ណ្ឌលុះត្រាតែចំណាយលុយដើម្បីសូក ។

លោកសួន សេរីរដ្ឋា អះអាងថា  ការប្រឡងចូលសាលាចៅក្រម សុទ្ធតែហាងឆេងរាប់ម៉ឺនដុល្លារ ។

មិនមែនតែចៅក្រមទេ មន្ត្រីមួយចំនួនទៀតនៅតាមក្របខ័ណ្ឌក្រសួង អង្គភាព ឬក្រសួងស្ថាប័នផ្សេងទៀត គឺយកលុយទៅទិញដំណែងក្របខ័ណ្ឌការងារជាដើម ។

លោក អូន ចាន់ថន បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី ២៦ តុលាឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងចំនួនលុយប្រើប្រាស់ដើម្បីទទួលបានក្របខ័ណ្ឌការងារឬមុខដំណែងក្នុងស្ថាប័នរដ្ឋ ។

លោកដាក់ចំណងជើងថា​ហាងឆេងមន្ត្រីរាជការនៅស្រុកខ្មែរ ។ លោក អូន ចាន់ថនថា អ្នកមានមិនបាច់ខំរៀនក៏បានដំណែងខណៈអ្នកក្រខំរៀងតែអត់ក្របខ័ណ្ឌទៅវិញ ។  

​លោក សន ជ័យ នាយកប្រតិបត្តិអង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មានប្រសាសន៍ថា លោកមិនទាន់មានជំនឿលើតម្លាភាពរបស់ដំណើរការជ្រើសរើសសិស្សចៅក្រមរបស់រាជបណ្ឌិតសភាវីជ្ជាជីវៈតុលាការនោះទេ ។

លោកថា ក្ដីសង្ឃឹមរបស់ពលរដ្ឋដែលមានទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជានឹងបាត់បង់ នៅពេលការរៀបចំ និងការប្រព្រឹត្តទៅនៃការការប្រឡងជ្រើសរើសចៅក្រម មានភាពមិនច្បាស់លាស់ និងទទួលរងនូវការរិះគន់ច្រើន ៕

Share

Image
Image
Image