en     km
en     km

នាទីច្បាប់៖ ការទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​របស់​អនីតិជន

Share

(ភ្នំពេញ)៖ នីតិព្រហ្មទណ្ឌ គឺជាបាទដ្ឋានគតិយុត្តចែងកំណត់អំពីការដាក់ទណ្ឌកម្មចំពោះបុគ្គលដែលប្រព្រឹត្តអំពីដែលប៉ះពាល់ដល់ប្រយោជន៍បុគ្គល ឬសាធារណៈ និងសណ្តាប់ធ្នាប់សង្គម។ ហេតុនេះ​បានជាក្រម​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ​កម្ពុជា​កំរិត​អំពីការ​ទទួលខុស​ត្រូវព្រហ្មទណ្ឌ​យ៉ាង​ច្បាស់​លាស់ ដែលក្នុ​ងនោះ មាត្រា៣៨ បាន​ចែងថា នីតិភាព​នៃការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវបាន​កំណត់​អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ ។ ចុះប្រសិន​បើអនីតិជន​អាយុក្រោម ១៨ ឆ្នាំ ប្រព្រឹត្ត​បទល្មើស តើត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែររឺទេ? តើមានវិធាន​ការបែប​ណាខ្លះ ​ចំពោះអនីតិជនដែលបាន ប្រព្រឹត្តបទ​ល្មើស​ព្រហ្មទណ្ឌ?

ដើម្បីជាការស្វែងយល់បន្ថែមអំពីបញ្ហាចោទខាងលើនេះ សូមនាងកញ្ញា លោក លោកស្រី ស្តាប់ការបកស្រាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖​

នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣៨បានកំណត់ថា ការទទួលខុសត្រូវព្រហ្មទណ្ឌបាន លុះត្រាតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយហេតុថា​អាយុក្រោម ១៨ ឆ្នាំ គឺជា​អនីតិជន ដូចនេះការ​យល់ដឹង​របស់ពួក​គេនៅមានភាពខ្វះខាត​នៅឡើយ។ តែប្រសិនជាអនីតិជនបានប្រព្រឹត្តិបទល្មើសអ្វីមួយនោះ វិធានការអនុវត្តចំពោះអនីតិជនគឺមានតែ វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភតែប៉ុណ្ណោះ ប៉ុន្តែចំ​ណុច​នេះអាច​មានភាព​ពិបាក ដោយ​ហេតុថា ក្នុងករណី​ដែលមាន​អនីតិជន​អាយុក្រោម១​​៨ឆ្នាំ ប្រព្រឹត្តបទ​ល្មើសដែលមានស្ថានទម្ងន់ទោសធ្ងន់​ធ្ងរ​ណាមួយ។​ ក៏ប៉ុន្តែនៅក្នុងមាត្រា៣៩ បានបញ្ញាត្តិបន្ថែមថា តុលាការ​អាចប្រកាស​ទណ្ឌកម្ម ព្រហ្មទណ្ឌ​ទៅ​លើអនីតិជនអា​យុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើង​ទៅបាន ប្រសិន​បើកាលៈទេសៈ​នៃបទល្មើស ឬបុគ្គលិក​លក្ខណៈរបស់អនីតិជ​នតម្រូវ។ មានន័យថា អនីតិជនអាយុ ១៤ ឆ្នាំដល់ ១៨ ឆ្នាំអាចនឹង​ត្រូវទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ អំពើរបស់ខ្លួន​ប្រសិន កាលៈ​ទេសៈ​នៃបទ​​ល្មើស ឬបុគ្គលិក​លក្ខណៈរ​បស់អ​នីតិជនតម្រូវ ។

នៅក្នុងក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណា​ចក្រកម្ពុជា មិនបាន​កំណត់​ឲ្យ​បានច្បាស់លាស់​ឡើយអំពី​ពាក្យថា កាលៈទេសៈ​នៃបទល្មើស ឬបុគ្គលិក​លក្ខណៈរបស់​អនីតិជន​ ដូច​នេះនៅពេល​ជួបប្រទះ​​នូវករណី​ណាមួយ ច្បាប់បាន​ផ្ដល់សិទ្ធិ​ពិសេស​ដល់តុលាការដែលគេហៅម្យ៉ាងទៀតថា ឆន្ទានុសិទ្ធិ ក្នុងការគិត​ពិចារណា​ថា តើអនីតិ​ជននោះត្រូវទទួល​ខុសត្រូវ ឬក៏អត់ចំ​ពោះទង្វើល្មើស​ច្បាប់ព្រហ្មទណ្ឌ​របស់ខ្លួន ។

ជាទូទៅ​រាល់អនីតិជ​នអាយុពី១៤ ដល់ក្រោម ១៨ឆ្នាំ ដែលប្រព្រឹត្តបទល្មើសទាំងអស់ តុលាការ​អាចសម្រេ​ច​ដាក់ត្រឹមតែវិធា​នការតាមដាន វិធានការ​អប់រំ វិធានការ​ការពារ និងវិធាន​ការឧបត្ថម្ភតែប៉ុណ្ណោះ ដែលមានដូចជា៖

១៖ ការប្រគល់អនីតិជនឲ្យទៅឳពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សាអនីតិជននោះ ឬបុគ្គណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសកសមនឹងទំនុកចិត្ត។

២៖ ការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈ ដែកសម្រាប់ទទួលបន្ទុកអនីតិជន។

៣៖ ការប្រគល់អនីតិជនឲ្យទៅអង្គការឯកជន ដែលមាននីតិសម្បទានៅក្នុងការទទួលអនីតិជន។

៤៖ ការប្រគល់អនីតិជនឲ្យទៅមន្ទីរពេទ្យ ឬស្ថាប័នឯកជន។

៥៖ ការដាក់អនីតិជនឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ត្រង់ន័យនេះមានន័យថា តុលាការត្រូវចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនីតិជន។ បុគ្គលនោះត្រូវផ្ងើរបាយការណ៍ស្តីពីកិរិយាមារយាទរបស់អនីតិជនឲ្យបានទៀងទាត់ដល់ព្រះរាជអាជ្ងា។ បុគ្គលនោះផ្តល់ព៍ត៌មានដល់ព្រះរាជអាជ្ងាអំពីព្រឹត្តិការណ៍ទាំងអស់ ដែលអាចនាំឲ្យមានការកែប្រែនូវវិធានការនេះ។

ផ្ទុយទៅវិញប្រសិន​បើតុលាការ​យល់ឃើញថា កាលៈទេសៈ​របស់ប​ទល្មើស ឬបុគ្គលិក​លក្ខណៈរ​បស់អនីតិជន​តម្រូវឲ្យអនីតិជនទទួលខុសត្រូវព្រហ្មទណ្ឌនោះ ក៏ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជនមិនអាចស្ថិតនៅលើគោលការណ៍ស្មើភាពដូចនីតិជនដែរ។

ចំពោះករណីដែលតុលាការសម្រេចផ្តន្ទាទោសព្រហ្មទណ្ឌចំពោះអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងទៅ មាត្រា១៦០ បានកំណត់ថា ទោសដែលត្រូវអនុវត្តចំពោះអនីតិជនគឺត្រូវបានផ្តោតទៅលើគោលការណ៍៤៖

  • ទោសដែលខ្ពស់បំផុត ឬអតិបរិមានៃទោស ត្រូវបន្ថយមកត្រឹមពាក់កណ្តាល
  • ប្រសិនបើមានការជាប់ពន្ធធនាគារអស់មួយជីវិតវិញ ត្រូវបន្ថយមកត្រឹម២០ឆ្នាំ
  • ទោសដែលទាបបំផុត ឬអប្បបរិមានៃទោស មានរយៈពេលលើសពី១ថ្ងៃឡើងទៅ ត្រូវថយមកត្រឹមពាក់កណ្តាលវិញ
  • សម្រាប់ទោសពិន័យជាប្រាក់ក៏ត្រូវបន្ថយមកត្រឹមពាក់កណ្តាលដែរ ទោះបីជាស្ថិតនៅក្នុងអតិបរិមានៃទោស ឬអប្បបរិមានៃទោសក៏ដោយ។

ក្នុងការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើ​បទបញ្ញត្តិនៃ​មាត្រានេះមាន អានុភាពបន្ថយ អតិបរមា​នៃ ទោស​ដាក់ពន្ធ​នាគារ មកត្រឹម​​ថិរវេលា​​មួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំនោះបទល្មើស​ដែលចោទ​ប្រកាន់​នៅតែជា​បទឧក្រិដ្ឋដដែល។ ក្រៅពីមូល​ទោស តុលាកា​រក៏អាចប្រកាស​ទោសបន្ថែម និងទោស​ការងារ​សហគមន៍​បាន​ផងដែរ ដែលចំណុច​នេះមាន​បញ្ញត្តិនៅក្នុ​ងមាត្រា ១៦១ និង១៦២ នៃក្រម​ព្រហ្មទណ្ឌ។

នៅក្នុងមាត្រា១៦៤ បានចែងថា ប្រសិនបើតុលាការសម្រេចឲ្យមានស្ថានសម្រាលទោស អប្បបរិមានៃទោសទៅលើអនីតិជនចំពោះបទឧក្រិដ្ឋព្រហ្មទណ្ឌក៏ដោយ បទមជ្ឈឹមក៏ដោយ គឺត្រូវមានការបន្ថយទោសដូចតទៅ៖

  • បើជាប់ពន្ធធនាគារស្មើ ឬលើស១០ឆ្នាំ ត្រូវបន្ថយមកត្រឹម១ឆ្នាំវិញ
  • បើជាប់ពន្ធធនាគារស្មើ ឬលើស៥ឆ្នាំ តូចជាង១០ឆ្នាំ ត្រូវបន្ថយមក៦ខែវិញ
  • បើជាប់ពន្ធធនាគារស្មើ ឬលើស២ឆ្នាំ តូចជាង ៥ឆ្នាំ ត្រូវបន្ថយមកត្រឹម៣ខែ
  • បើជាប់ពន្ធធនាគារស្មើ ឬលើស៦ថ្ងៃ តូចជាង២ឆ្នាំ ត្រូវបន្ថយមកត្រឹម១ថ្ងៃវិញ
  • ចំពោះប្រាក់ពិន័យត្រូវកាត់បន្ថយពាក់កណ្តាល

ចំពោះការឃុំឃាំងអនីតិជនវិញ គឺមានភាពខុសគ្នាពីការឃុំឃាំងនីតិជន។ ក្នុងមាត្រា ១៦៦ បានបញ្ញាត្តិថា បើអនីតិជនត្រូវជាប់ពន្ធធនាគារ កន្លែងឃុំឃាំងត្រូវនៅដាច់ដោយឡែកពីនីតិជន។ អនីតិជនត្រូវស្ថិតនៅក្រោមរបបដោយឡែកជាឯកត្តបុគ្គល ដែលជាទីកន្លែងអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ។ របបឃុំឃាំងត្រូវកំណត់ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធ។

សរុបមកឲ្យតែមានការប្រព្រឹត្ត​បទល្មើស​អ្វីមួយកើតឡើង ពិតណាស់​វាតែងប​ង្កឲ្យមាន​ព្យសនកម្ម ឬក៏ហៅម្យ៉ាងទៀតថាជាការ​ខូចខាត ផ្សេងៗ ដែលជា​​មូលហេតុ​មួ​យ​តម្រូវ​ឲ្យមាន ការទទួល​ខុសត្រូវចំពោះ អំពើ និងផលដែលខ្លួនបានប្រព្រឹត្តិចំពោះបុគ្គលដែលយើងបានជះផលទៅឲ្យ។

ប៉ុន្តែជាបទបញ្ញត្តិដោយឡែក ច្បាប់ក៏បាន​កំណត់នូវ​គោល​ការណ៍នៃការ ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​មួយដាច់​ដោយឡែក សម្រាប់​អនីតិជន​ដែលប្រព្រឹត្ត​បទល្មើសផងដែរ ដើម្បីជាការការពារអនីតិជនដើម្បីកុំឲ្យប៉ះពាល់​ទៅដល់សិទ្ធិ ក៏ដូចជា​បង្កនូវ​ការលំបាក​ដល់អនីតិជនដែល​ជាគោលការណ៍​អនីតិជន​ត្រូវបានគាំពារ​យ៉ាងខ្លាំង​ដោយច្បាប់ ជាពិសេស​នោះគឺច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន៕

អត្ថបទដោយកញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image