en     km
en     km

ទេសចរ​ហូប​គ្រឿង​សមុទ្រ​ងូតទឹក​លេង​ធម្មតា​ នៅ​កោះ​ ក្នុង​ខេត្ត​កែប​ ទោះ​ទឹកសមុទ្រ​ប្រែ​ពណ៌​ក្ដី​

Share

កែប៖ អំឡុង​ពេល​មាន​បាតុភាព​លើ​ទឹកសមុទ្រ​នៅ​ឆ្នេរកែប​ ប្រែជា​ពណ៌​ស្លែ​ខុស​ប្រក្រតី​ ដោយឡែក​ស​ម្រា​ប់​អា​ជី​​​វកម្ម​ផ្ទះសំណាក់​ និង​ភោជនីយដ្ឋាន​វិញ​ ពុំ​មាន​បញ្ហា​ចោទ​ទេ​ ហើយ​ភ្ញៀវ​នៅ​តែ​ចុះ​ងូតទឹក​លេ​ង​​​កម្សាន្ត​ និង​ហូប​គ្រឿង​សមុទ្រ​នៅ​លើ​ដែន​កោះ​ធម្មតា​។​ នេះ​បើ​តាម​ លោក​ តុង​ អ្នកគ្រប់គ្រង​នៅ​ភោ​ជនីយដ្ឋាន​ និង​ផ្ទះសំណាក់​ គឹ​ម​ លាង​ មា​នទី​តាំងនៅ​លើ​កោះ​ទន្សាយ​ បាន​បញ្ជាក់​ប្រាប់​។

Kep-Province-Sabay
ភ្ញៀវជាតិនិងភ្ញៀវ​បរទេស ទៅលេងកម្សន្តនៅខេត្តកែប

​អ្នកគ្រប់គ្រង​ រូប​នេះ​បន្ត​ថា​ ភ្ញៀវ​នៅ​តែ​កុម្ម៉ង់​គ្រឿង​សមុទ្រ​ និង​ចុះ​ងូតទឹក​លេង​ធម្មតា​ ដោយសារ​នៅ​កោះ​ ទឹក​ពុំ​មាន​ឡើង​ស្លែ​អ្វី​ឡើ​យ​។​ ម្យ៉ាងទៀត​ គ្រឿង​សមុទ្រ​ដូច​ជា​ ក្ដាម​ មឹក​ បង្គា​ គឺ​ខាង​លោក​ទិញ​ពី​ប្រជា​នេសាទ​ដែល​រកបាន​នៅ​ជុំវិញ​កោះ​ ដែល​ឆ្ងាយ​ពី​​ឆ្នេរកែប​ប្រមាណ​ពី​ ៦​ ទៅ​ ៨​ គ​.​ម​។​ នៅ​លើ​កោះ​នេះ​ សម្រាប់​ថ្ងៃ​ធម្មតា​ គឺ​សំបូរ​​ភ្ញៀវ​បរទេស​ ដែល​មួយ​ថ្ងៃ​មាន​គេ​មក​លេង​ ៤-១០​ ទូក​ ហើយ​លោក​សង្កេត​ឃើញ​ថា​ ពួក​គាត់​មិន​ចាប់​អារម្មណ៍​​លើ​បញ្ហា​នោះ​ឡើយ​ គឺ​ភ្ញៀវ​នៅ​តែ​ហូប​ គ្រឿង​សមុទ្រ​ និង​ចុះ​ងូត​​ទឹក​លេង​សប្បាយ​ធម្មតា​ជាមួយ​ទឹក​ស្អាត​នៅ​កោះ​ដដែល​។​

បើ​​ទោះជា​នៅ​ឆ្នេរកែប​មាន​ភាព​ប្រែប្រួល​លើ​ទឹកសមុទ្រ​ទៅ​ជា​ស្លែ​យ៉ាង​ ណា​ក៏​ដោយ​ ក៏​ ប៉ុន្មាន​ថ្ងៃនេះ​មិន​មាន​បញ្ហា​ចោទ​លើ​អាជី​វ​កម្ម​​នោះ​ឡើយ​។​ ​យ៉ាងណា​ លោក​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ​ នា​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ ដោយសារ​ជា​ទូទៅ​ពេល​បុណ្យ​ទាន​តែង​មាន​ភ្ញៀវ​ខ្មែរ​មក​លេង​ច្រើន​ តែ​ដោយសារ​បាតុភាព​នេះ​ ភ្ញៀវ​អាច​ងាក​ទៅ​លេង​ខេត្ត​ផ្សេង​ដោយសារ​ខ្លាច​រឿង​នេះ​។​ ដូច្នេះ​ហើយ​ លោ​ក​គិត​ថា​ វា​ផ្ដល់​ផល​ប៉ះពាល់​ខ្លះ​ដែរ​។​

​បើ​តាម​ការ​អះអាង​ពី​ លោក​សៅ​ សុភាព​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ថា​ ទឹកសមុទ្រ​នៅ​កែប​បាន​ប្រែ​សភាព​ជា​ល្អ​ប្រ​សើ​រ​ ៩០%​ ហើយ​នៅ​ព្រឹក​ថ្ងៃនេះ​ និង​មិន​មាន​ជន​ណា​ម្នាក់​រង​គ្រោះ​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​ទេ​ ។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ថា​ ខាង​ក្រសួង​នឹង​រៀបចំ​ជា​សេចក្ដីជូនដំណឹង​ពី​បច្ចុប្បន្នភាព​ នៃ​ស្ថានភាព​ទឹក​ដោយ​ផ្អែក​លើ​លទ្ធផល​លើ​ការ​​វិភាគ​ និង​ធ្វើការ​តាមដាន​បន្ត​ទៀត​ ដើម្បី​ចៀសវាង​បញ្ហា​ផ្សេងៗ​។​

​សូម​បញ្ជាក់​ថា​ ទឹកសមុទ្រ​នៅ​ឆ្នេរកែប​ បាន​ប្រែជា​ពណ៌​ស្លែ​បណ្ដាល​មក​ពី​បម្រែបម្រួល​ នៃ​បាតុភូត​ធម្មជាតិ​អែ​ល​ញ្ញូ​វ​ ធ្វើ​អោយ​កម្ដៅ​ក្រាស់​ ប៉ះពាល់​ដល់​ប្លង់តុង​ក្នុង​សមុទ្រ​ងាប់​មួយ​ចំនួន​ កំហាប់​ប៉េហាស់​ក្រាស់​ខ្វះ​អុកស៊ីហ្សែន​ (O2)​ ធ្វើ​អោយ​មាន​កំណក​បៃតង​លើ​ផ្ទៃ​ទឹកសមុទ្រ​ដោយ​ដុំៗ​ ពិសេស​តំបន់​ទឹក​រាក់ៗ​៕

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image