en     km
en     km

ទេព​ វ​ន្នី​ ត្រូវ​ជាប់​ពន្ធនាគារ​៦​ខែ​ បន្ថែម​ទៀត​

Share

ភ្នំពេញ៖ ឧទ្ធរណ៍​តម្កល់​ការ​ដាក់ទោស​លើ​សកម្មជន​បឹង​កក់​ចំនួន​បួន​នាក់​ ខណៈ តុលាការ​កំពូល​លើក​ពេល​សវនាការ​មន្ត្រី​អា​ដ​ហុ​ក​និង​អតីត​អគ្គលេខាធិការ​រង​គណ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​
​តុលាការ​កំពូល​ គ្រោង​នឹង​បើក​សវនាការ​អំពី​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ នៅ​ស​ប្តា​ហ៍​ក្រោយ​។​

 

អ្នកស្រី ទេព វន្នី
អ្នកស្រី ទេព វន្នី

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ ២៧​ ខែកុម្ភៈ​ បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ដាក់ទោស​ឲ្យ​សកម្មជន​បឹង​កក់​ដ៏​ក្លៀវក្លា​និង​ជ័យ​លា​ភី​រង្វាន់​Vital​ Voices​ (​វ៉ា​យ​ថ​ល​ វ៉​យស៍​)​ អ្នកស្រី​ ទេព​ វ​ណ្ណី​ និង​សកម្មជន​បឹង​កក់​បី​រូប​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​៦​ ខែ​ ពី​បទ​ជេ​ប្រមាថ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​។​

​សេចក្តីសម្រេច​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​កំពូល​បាន​លើក​ពេល​សវនាការ​ស្តី​ពី​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​បួន​រូប​។​

​អ្នកស្រី​ទេព​ វ​ណ្ណី​ និង​ស្ត្រី​សហ​គម​បឹង​កក់​ចំនួន​បី​នាក់​ទៀត​គឺ​អ្នកស្រី​ បូរ​ ឆវី​ អ្នកស្រី​ គង់​ ច​ន្ថា​ អ្នកស្រី​ ហេង​ មុំ​ ត្រូវ​ចាប់ខ្លួន​ក្រ​យ​ពី​ពួក​នាង​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១១​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ចំពោះ​ដី​ជម្លោះ​របស់​ពួក​គាត់​។​តុលាការ​​ចោទប្រកាន់​ចំពោះ​ការ​បិទផ្លូវ​និង​អះអាង​ថា​ស្ត្រី​ទាំងនោះ​បាន​ជេរ​ប្រមាថ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។​

លោកស្រី​ សាម​ សុ​គ​ន្ធា​ មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​ការ​ដូ​ លោក​ អំ​ សំអាត​ បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា​តុលាការ​ច្រានចោល​អំណះអំណាង​នានា​របស់​មេធាវី​ការពារ​ចុងចោទ​។​«​សាលាឧទ្ធរណ៍​បាន​បដិសេធ​ចម្លើយ​របស់​ជនជាប់ចោទ​ទាំង​បួន​ ក៏​ដូច​ជា​មេធាវី​ថា​ ចម្លើយ​ជន​របស់​ជនជាប់ចោទ​តាំ​ង​ពី​សាលាដំបូង​ រហូត​មក​ដល់​ឧទ្ធរណ៍​ គ្រាន់តែ​ជា​ការ​ដោះសារ​ ហើយ​ការ​លើក​ឡើង​របស់​មេធាវី​ មិន​អាច​ទទួលយក​ពិចារណា​បាន​ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ផ្តន្ទាទោស​អ្នក​ទាំ​ង​បួន​រយៈពេល​ ៦​ខែ​»​។​

លោក​អំ​ សំអាត​ មើលឃើញ​ថា​ ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​នឹង​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​អ្នក​សហគមន៍​បឹង​កក់​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ដោយសារ​ទំនាស់​ដីធ្លី​។​«​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ក្រៅ​តែ​អំពី​ការ​តវ៉ា​បញ្ហា​ដីធ្លី​រាំ​រៃ​មក​ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវៈភាព​ គ្រួសារ​ ហើយ​អាច​នឹ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ទៀត​។​រាជរដ្ឋាភិបាល​គួរតែ​ស្វះស្វែង​ ដើម្បី​បញ្ចប់​បញ្ហា​សេសសល់​ និង​បញ្ហា​ដីធ្លី​ទាំងអស់​ ដើម្បី​កុំ​កើត​មាន​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​នៃ​កាត​ទាមទារ​ទាក់​ទង់​បញ្ហា​ដីធ្លី​»​។​

នៅ​ពេល​នគរបាល​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចេញពី​បន្ទប់​សវនាការ​ អ្នកស្រី​ ទេព​ វ​ន្នី​ រំពឹង​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​​ស្នើ​ទៅ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើកលែងទោស​អ្នកស្រី​និង​ស្ត្រី​សហគមន៍​បឹង​កក់​។​«​សូម​សម្តេច​គោរព​តាម​អនុសាសន៍​ដែល​ថា​ នឹង​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​លើកឡែងទោស​នាង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ជា​ទោស​ក្លែងក្លាយ​ ជា​ទោស​ពី​អយុត្តិធម៌​របស់​តុលាការ​ដែល​ស្តាប់​បញ្ជា​តាម​ទូរស័ព្ទ​ អយុត្តិធម៌​ណាស់​»​។

កាលពី​ស​ប្តា​ហ៍​មុន​លោកស្រី​ទេព​ វ​ន្នី​ ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​និង​ប្រាំមួយ​ខែ​ ពី​បទចោទប្រកាន់​ថា​បាន​ដឹកនាំ​បាតុកម្ម​នាំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​នៅ​ក្បែរ​គេហដ្ឋាន​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។​

​នៅ​ថ្ងៃ​ច័ន្ទ​ទី​ ២៧​កុម្ភៈ​នេះ​ដែរ​ តុលាការ​កំពូល​ បាន​សម្រេច​លើក​ពេល​សវនាការ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ ក្នុង​សំណុំរឿង​សូកប៉ាន់​ និង​សមគំនិត​សូកប៉ាន់​ សា​ក្ស៊ី​ នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​។

នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ដែល​ត្រូវ​សង្ស័យ​ថា​ថា​ មាន​សេ្ន​ហា​លួចលាក់​ជាមួយ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​រូប​រួម​មាន​លោកស្រី​លឹ​ម​ មុន្នី​ លោក​ នី​ សុខា​ លោក​ ណៃ​ វ៉ង់​ដា​ និង​លោក​ យី​ សុខសាន្ត​ និង មន្ត្រី គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ រហូត​ដល់​ស​ប្តា​ហ៍​ក្រោយ​នេះ​ ពួក​គាត់​បាន​ឃុំខ្លួន​ជាង​ ៣០០​ថ្ងៃ​ មក​ហើយ​។

​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ ចាប់​តាំំ​ង​ពី​ខែឧសភា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​។​ ហើយ​សវនាការ​ទៅ​លើ​មន្ត្រី​សង្គម​ស៊ី​វិល​ទាំងនេះ​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​៦​ខែ​មិ​នា​៕

Share

Image
Image
Image