en     km
en     km

ទូតអាមេរិកពង្រឹងសិល្បៈខ្មែរ ខណៈកម្មសិទ្ធិបញ្ញាជាបញ្ហាចោទ

Share

នៅព្រឹកថ្ងៃទី១៩មេសានេះ ស្ថានទូតអាមេរិកបានរៀបចំសន្និសីទមួយទាក់ទិនទៅនឹង ដំណើរឆ្ពោះទៅកាន់ សហរដ្ឋអាមេរិករបស់ តន្រ្ដីករ និង អ្នកចម្រៀងខ្មែរវ័យក្មេង១០នាក់ ដើម្បីស្វែងយល់ពីវិស័យតន្រ្ដី។ ពួកគេ បង្ហាញពីការប្រឈមក្នុងការផលិតចម្រៀង និង តន្រ្ដី ដែលមិនមានការការពារពេញលេញ តែមាន សុទិដ្ឋិនិយមនឹងផ្សព្វផ្សាយភាពជោគជ័យនៃការសិក្សានៅទីនោះ ដើម្បីបង្កើនសក្ដានុពលសិល្បៈ ក្នុងភាព សុចរិត និងជាសម្បត្តិវប្បធម៌របស់ខ្មែរ។យ៉ាង ណា ក្នុងសន្និសីទនេះមានការចោទសួរជាច្រើនអំពី កម្មសិទ្ធិបញ្ញានៃវិស័យសិល្បៈខែ្មរ។

កញ្ញា ឆោម ពៅនិកា សូមជូនសេចក្ដីរាយការណ៍ពិស្ដារ៖

តន្រ្ដីករ និង អ្នកចម្រៀងខ្មែរ ១០នាក់ នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ។ ដំណើរដ៏វែងឆ្ងាយនេះ គឺ ដើម្បីស្វែងយល់ពីវិស័យតន្រ្ដី និង ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ។ កម្មវិធីនោះមានឈ្មោះថា IVLP On- Diamond ប្រែឱ្យដឹងជាភាសាខ្មែរថា ទស្សនកិច្ចភាព ជាអ្នកដឹកនាំ អន្ដរជាតិ រៀបចំឡើងដោយស្ថានទូតអាមេរិក នៅកម្ពុជា ក្រោមប្រធានបទ រួមថា កសាងឡើងវិញ នូវឧស្សាហកម្មធុរកិច្ចតន្រ្ដីកម្ពុជា ។ទស្សនកិច្ចនេះ ធ្វើ ឡើងខណៈអ្នកចម្រៀងទាំងនោះ បានបង្ហាញពីបញ្ហា ប្រឈមនៃការខ្វះខាតការការពារ ទោះមានទំនុកចិត្តនសហការផលិតសិល្បៈកម្សាន្ដថ្មីៗក៏ដោយក្ដី។

មិនតែប៉ុណ្ណោះ ការបណ្ដុះបណ្ដាលរយៈពេល១០ថ្ងៃនៅប្រទេសជោគជ័យវិស័យឧស្សាហកម្មភាពយន្ដ និង តន្រ្ដី នាទីក្រុងចំនួនពីរ គឺ Austin នៃរដ្ឋ Texas និង Los angeles ក្នុង រដ្ឋ California ក៏សំដៅ បណ្ដុះបណ្ដាល លើផ្នែកការពារកម្មសិទ្ធិបញ្ញា និង ការរក្សាសិទ្ធិបែបនៃការកំណត់តម្លៃ និង របៀបដើម្បីលក់តន្រ្ដី រកទីផ្សា និង បញ្ហាទាក់ទងនឹងស្លាកយីហោផ្សេងៗ។

អ្នកចម្រៀង និង តន្រ្ដីករទាំង១០រូប គឺគ្រប់រូបសុទ្ធតែជាតារាចម្រៀងឯករាជ្យ ដែលគ្រប់គ្នា ដឹងលឺថា ជាតារា Original song ។ ពួកគេរួមមាន កញ្ញា Adda Angel កញ្ញា ចិត្ត កញ្ចនា លោក ម៉ម ពេជ្ជរិទ្ធ លោក សុខា បញ្ញា វណ្ណចេស្ដា ម៉ា ច័ន្ទបញ្ញា រៀម សុខភីរម្យ កញ្ញា រិទ្ធិ លំអងពេជ្រ ជុង សៀវភីន និង លោក អ៊ួនសុរិយា។ អ្នកចម្រៀងទាំងនេះ បានមានឈ្មោះបោះសម្លេងជាខ្លាំងមួយរយៈពេលចុងក្រោយ។  ពួកគេ ក៏ជាអ្នក មានការចោទសួរផងដែរ ពីមហាជនដែល មិនពេញចិត្ត នឹងការចម្លងទំនុកចម្រៀង បទភ្លេង ការសម្ដែង ពីបរទេស និង បទដូនតាមុនៗ ហើយចាត់ថាជាការនិពន្ធថ្មីរបស់ខ្លួន។

កញ្ញា Linnette Fanco មន្រ្ដីទទួលបន្ទុកកិច្ចការវប្បធម៌របស់ស្ថានទូតអាមេរិកនិយាយថា IVLP គឺជាកម្មវិធី ផ្លាស់ប្ដូរទស្សនកិច្ចអាជីពដ៏សំខាន់មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺមានតាំង ពីកកើត កម្មវិធីនេះឆ្នាំ១៩៩៣ មក ដោយមានបុគ្គលចំនួន៣២៥នាក់ហើយ ត្រូវបានបញ្ចូនឱ្យ ចូលរួមក្នុងនោះ រួមមាន មន្រ្ដីរដ្ឋាភិបាលកំពូលៗ អ្នកនយោបាយ អ្នកធ្វើការតស៊ូមតិពីអង្គការសង្គមស៊ីល សហគ្រិន និង អ្នកសារព័ត៌មាន។

តែនៅពេលវិទ្យុស្រ្ដីសួរទៅកាន់កញ្ញា ថា ហេតុអ្វីឆ្នាំនេះពិសេសសម្រាប់កម្ពុជាផ្ដោតជាសំខាន់លើ កម្មសិទ្ធិ បញ្ញានៃរាល់ទម្រង់សិល្បៈតន្រ្ដី និង ចម្រៀងគឺកញ្ញា បានឆ្លើយដោយប្រុង ប្រយ័ត្ន។

កញ្ញាឆ្លើយតបក្នុងន័យដើម ដែលប្រែ ដូចនេះថា៖

កម្មវិធីនេះវាពិសេសគឺសម្រាប់ Original music ដើម្បីគាំទ្រ និង ការពារសិល្បៈកម្ពុជា និង អ្នកសិល្បៈដើម្បីដាក់នូវអារម្មណ៍របស់ពួកគេយ៉ាងសំខាន់ ដើម្បីវិស័យនេះ តែយើងនឹងលើកស្ទួយទាំងសេដ្ឋកិច្ចផងដែរ និង សិក្សាអំពីកម្មសិទ្ធិបញ្ញា។ ការត្រឡប់មកផ្សព្វផ្សាយចំណេះដឹងដែលបានពីអាមេរិក នោះ ដើម្បីលើកទឹកចិត្តអ្នកមាននូវគោលគំនិត Independence music អប់រំសាធារណជនអំពីសារៈសំខាន់ និង គុណតម្លៃកម្មសិទ្ធិបញ្ញា និង ទំនាក់ទំនងអ្វីទាំងឡាយដែរបានលើកឡើងនេះរវាងគ្នា និង គ្នា។

ជាការបន្ថែមពីលើនេះ តារាចម្រៀងស្រ្ដីវ័យក្មេង ម្ចាស់បទ ភ្លើង គឺកញ្ញា Adda ថា ក្រុមកញ្ញាជាក្រុមតន្រ្ដីឯករាជ្យ គឺចង់ទៅនឹងដើម្បីដកពិសោធន័៍ រៀនសូត្រឱ្យច្បាស់អំពីកម្មសិទ្ធិបញ្ញា ទើប ស្នើស្ថានទូតឱ្យជួយលើរឿងនេះ។

ឃ្លីប01

លោកអ៊ួង សុរិយា តន្រ្ដីករ និងជា អ្នកចម្រៀងឯករាជ្យមួយរូបដែរ ដាក់ចម្ងល់ជាខ្លាំង អំពីអ្វីទៅ ជា ការ Cover ឬ ការ ចម្លង ដូចជាបទពីដើម។ យ៉ាងណាលោកមានការរំពឹងទុកពីកម្មវិធីនេះដូច្នេះ៖

អ៊ួង សូរិយា ម្ចាស់បទ នឹកអូនបានត្រឹមស្រមៃ

ឃ្លីប-02

កាលពីថ្មីៗនេះ សាន់ដេ ដែលជាផលិតកម្មក្នុងស្រុកមួយបានរងចំណាត់ការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្នុងការកែខៃទំនុកច្រៀង និង បញ្ចូលបទភ្លេងទាំងស្រុងពីស្នាដៃបុព្វបុរស គង្គប៊ុនឈឿន នៃបទ មត៌កដើម គឺថ្ងៃដែលអូនចុកឈាម ទៅជា បទ អូនជាអ្នកមាន សមនិងអ្នកមានដូចគ្នា។

ការណ៍នេះ ភរិយារបស់លោក បានធ្វើដំណើរពីប្រទេសណ័រវេស ស្នើឱ្យក្រសួងចាត់វិធានការណ៍ ជាបន្ទាន់ ឱ្យអនុលោមទៅនឹងច្បាប់កម្មសិទ្ធិបញ្ញា នៃច្បាប់ស្ដីសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល ដែលអតីត ព្រះមហាក្សត្រព្រះបរមរតនកោដ្ឋបានចុះព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើនៅថ្ងៃទី ០៥ មីនា ២០០៣។

ដោយឡែកទាក់ទងទៅនឹងការលួចចម្លងសិល្បៈបរទេសវិញ មានការផ្លាស់ប្ដូរទស្សនៈនេះច្រើនគឺ ក្រុម សិល្បករឯករាជ្យហាក់បង្ហាញមោទនភាពត្រង់ អ្វីគ្រប់យ៉ាងចាប់ផ្ដើមពីរូបយើង ហើយ យើងបានព្យាយាម បញ្ចប់ការកុហកខ្លួនឯងទៀត ទើបឃើញថា ពេលក្រោយមកនេះយើងទាំងឡាយស្ទើរតែបាន បញ្ចប់ការចម្លងបទពីបរទេស។តែ កញ្ញា លំអងពេជ្រ ដែលគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកបុណ្យភូមិ បន្ដលើកឡើងនូវបញ្ហាមួយទៀត គឺ ការប្រឈមនឹងការរក្សាសិទ្ធិក្នុងបណ្ដាញផ្សព្វផ្សាយ ដែលធ្វើឱ្យម្ចាស់ដើមចាញ់ប្រៀបអ្នកលួចចម្លងចែកចាយ ស្របពេលដែលយើងមិនទាន់មានទីផ្សារ ឬ ក្រុមហ៊ុន យូធូប នៅក្នុងស្រុកដូចប្រទេសថៃ វៀតណាមជាប្រទេសជិតខាងយើង។

រឹទ្ធី លំអរពេជ្រ ស្ថាបនិកបុណ្យភូមិ

ឃ្លីប-03

ចុងបញ្ចប់នៃសន្និសីទពត៌មាននេះ សិល្បករទាំង១០រូបនេះ មានគម្រោងចែកចេញវីដេអូ ចែកចាយមេរៀន សកម្មភាពនូវអ្វីដែលបានធ្វើនៅអាមេរិក ក៏ដូចជាចែកចាយផ្ទាល់ និង តាមរយៈបណ្ដាញសង្គម Facebook Instagram ជាអាទិ៍ដើម្បីឱ្យសាធារណជនទទួលព័ត៌មាន ព្រមទាំងព្យាយាមកាត់បន្ថយនូវការរំលោភបំពាន លើកម្មសិទ្ធិបញ្ញាក្នុងវិស័យសិល្បៈនិងបទចម្រៀង៕

 

 

 

 

 

Share

Image
Image
Image