en     km
en     km

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

Share

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប ថាកម្ពុជាមានការធ្វើឱ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាបន្តបន្ទាប់ជាជំហានៗ ខណៈលោកថា ការវាយតម្លៃស្ថានការណ៍របស់អឺរ៉ុបមកលើកម្ពុជាគឺមិនតាមស្ថានការណ៍នៅកម្ពុជានោះទេ ។ រាជរដ្ឋាភិបាលថា ត្រៀមរួចហើយចំពោះការបាត់បង់ការអនុគ្រោះពន្ធ ខណៈមានលុយសម្រាប់ត្រៀមរួចហើយសម្រាប់ទប់ទល់នឹងការបាត់បង់នេះ ។ ចំពោះករណីនេះមានការរិះគន់ចំពោះការត្រៀមលុយទប់ទល់នឹងការបាត់បង់ EBA ។ អ្នកវិភាគថា រាជរដ្ឋាភិបាល គ្មានឆន្ទៈស្ដារប្រជាធិបតេយ្យនៅកម្ពុជាទេ ព្រោះខ្លាចបាត់អំណាច បើទោះបីជានៅពេលយូរទៀតក្ដី ។

លោក សោម លាភ រាយការណ៍ពីព័ត៌មាននេះ៖

លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉ុប ថ្លែង​ក្នុងអង្គសវនាការ​នៃ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​​សភា​សហភាព​អឺរ៉ុបកាលពីថ្ងៃទី ៣ ធ្នូថាកម្ពុជាកំពុងតែធ្វើឱ្យស្ថានភាពនយោបាយនៅមានភាពល្អប្រសើរ ខណៈលោកថាកម្ពុជានឹង​ធ្វើ​កិច្ចការទាំងនេះ​ជា​ជំហានៗ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លំហរ​នយោបាយ​ និងសេរីភាពសង្គមស៊ីវិលជាដើម ។

ជាក់ស្ដែងលោកបានលើកឡើងពីការបើកសេរីភាពលោក កឹម សុខា ក្នុងការដើរហើរក្នុងប្រទេសកម្ពុជា និងជួបអ្នកពាក់ព័ន្ធទាំងអស់ ដោយគ្រាន់តែភ្ជាប់នូវលក្ខខ័ណ្ឌ៣ តែប៉ុណ្ណោះ គឺ មិនត្រូវធ្វើដំណើរទៅបរទេស មិនធ្វើសកម្មភាពនយោបាយ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ។

លោក ណុំ ពិសិដ្ឋក៏លើកឡើងអំពីការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះដោយចៅក្រមស៊ើបសួរ ដែលលោកថាសំណុំរឿងនេះ ទៅយកទៅបើកសវនការនាពេលឆាប់ៗខាងមុខនេះ ។ យ៉ាងណា ប្រសិនបើមានការសម្រេចយ៉ាងណាទៅលើលោក កឹម សុខា ពីប្រព័ន្ធយុត្ថាធិការកម្ពុជា បន្ទាប់ពីនោះលោក កឹម សុខា អាចនឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រទៀតផង ដែលធ្វើឱ្យលោក កឹម មានសេរីភាពយ៉ាងពេញលេញ និងពេញច្បាប់ ។ ជាងនេះ លោកថាមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព និងអង្គការសង្គមស៊ីវិលជាដើម ។

ការបញ្ជាក់បែបនេះរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប ខណៈពេលដែលជិតដល់ពេលដែលសហភាពអឺរ៉ុបនឹងសម្រេចជាផ្លូវការលើការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ឬបន្តឱ្យមាននៅកម្ពុជា ពោលគឺអឺរ៉ុបតម្រូវឱ្យកម្ពុជាបញ្ចេញជាមតិយោបល់ និងឆ្លើយតបចំពោះសំណើររបស់អឺរ៉ុប នៅថ្ងៃទី ១២ ធ្នូ ។

ដោយឡែក លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់តាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួនថា លោកនឹងក្រុមមន្ត្រីអតីតគណបក្សប្រឆាំងផ្សេងទៀតទៅជួបសហភាពអឺរ៉ុប ដើម្បីឱ្យអន្តរជាតិមួយនេះ ជួយស្វែងរកប្រជាធិបតេយ្យនៅកម្ពុជា ។

នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា បានត្រៀមខ្លួនរួចហើយសម្រាប់ការបាត់បង់ EBA ។ ថ្មីៗនេះ សម្ដេចនាយរកដ្ឋមន្ត្រីកម្ពុជាអះអាងថា កម្ពុជាមិនស្លាប់ ឬមិនលានអណ្តាតឡើយនៅពេលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ខណៈកម្ពុជាមានចំណូលជាច្រើនប្រភពដើម្បីត្រៀមទប់ទល់ ។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា លោក ហាវ រតនៈ ធ្លាប់ថ្លែងថា កម្ពុជាបានត្រៀមលុយ ៣ ពាន់លានដុល្លារសម្រាប់ទប់ទល់នឹងការបាត់បង់ EBA ពីសហភាពអឺរ៉ុបនោះ ។

ករណីនេះដែរ អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតលោក កឹម​ សុខា គឺលោក ហ៊ីង សុខសាន្ត បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនដោយចោទសួរថា «តើរាជរដ្ឋាភិបាល សុខចិត្តចំណាយលុយ ដែលខ្ចីគេ ៣០០០លានដុល្លា ដើម្បីត្រៀមទប់ទល់ការបាត់បង់ EBA ដូចមន្ត្រីតំណាងរាជរដ្ឋាភិបាលថានោះ ត្រឹមត្រូវឬទេ»?

លោកបន្ថែមថា សហភាពអឺរ៉ុប មិនចង់ដក EBA  ពីកម្ពុជានោះទេ បើទោះបីជាអន្តរជាតិនេះរកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធក៏ដោយ ។ លោក ហ៊ីង សុខសាន្តបន្តថា អឺរ៉ុប ចង់ឃើញ រាជរដ្ឋាភិបាលកម្ពុជា កែលម្អស្ថានភាពសិទ្ធិមនុស្ស ដូចជាទម្លាក់ចោលបទចោទទាំងស្រុង លើលោក កឹម សុខា ដោះលែងអ្នកទោសមនសិកា និងសន្ទនាគ្នារវាងមេដឹកនាំបក្សកាន់អំណាច មេដឹកនាំអតីតគបក្សប្រឆាំង  ដើម្បីបន្តដោះស្រាយបញ្ហាផ្សេងទៀត ។

លោកចោទសួរបន្តទៀតថា «តើខ្មែរមានខាតអី? អ្នកណាក៏ដឹងដែរថា ដំណោះស្រាយនេះ មិនមានប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជាឯណា ផ្ទុយទៅវិញ មានតែជាការផ្សះផ្សារជាតិ ដើម្បីឯកភាពជាតិ ដែលជាគ្រឹះ នៃការពង្រឹងអធិបតេយ្យភាពទៅវិញទេ »។

អ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេស លោក កឹម សុខា ថ្លែងក្នុងវិទ្យុអាស៊ីសេរីថា រាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ ព្រោះខ្លាចបាត់បង់អំណាច បើទោះបីប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ។

ដោយឡែក លោកព្រាបកុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថាការសម្រេចិត្តត្រៀម ប្រើប្រាស់ថវិកាជាតិ បីពាន់លានដុល្លា អាមេរិក ​ដើម្បីទប់ទល់នឹង (លទ្ធភាពនៃ) ការបាត់បង់គោលនយោបាយអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) គឺជាការសម្រេចចិត្តដ៏គួរឱ្យសង្វេក ។

គួរឱ្យសង្វេកពីព្រោះថាកម្ពុជាគឺជាប្រទេសក្រីក្រនៅឡើយ ហើយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គួរទុកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ប្រទេស ឬកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ពន័្ធចាំបាច់របស់កម្ពុជា

លោក ព្រាប កុលបន្ថែមជាការអំពាវនាវដល់អ្នកនយោបាយ ឱ្យចរចារជាមួយភាគីពាក់ព័ន្ធ និងសហភាពអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយខ្មែរ ដើម្បីរក្សា EBA ឱ្យពលរដ្ឋខ្មែរបន្តបានផលចំណេញ ១០ ឆ្នាំទៀត ។

ជាងនេះទៅទៀត លោកបន្ថែមថា ចំពោះរឿងដែលថា “មិនដោះដូអធិបតេយ្យភាព ជាមួយនិងជំនួយ ឬការអនុគ្រោះពន្ធបរទេសនោះ” គួឈប់និយាយទៅ កុំឱ្យចិន និង វៀតណាម រអៀសខ្លួន ៕

Share

Image
Image
Image