en     km
en     km

ទឹកទន្លេ​មេគង្គ​ នឹង​បន្ដ​ស្រក​ចុះ​រហូត​ដល់​ដើម​ស​ប្ដា​ហ៍​ក្រោយ​

Share

​ភ្នំពេញ​ ៖​ តាម​ការ​ព្យាករណ៍​ពី​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ របស់​ក្រសួង​ធនធានទឹក​ បញ្ជាក់​ថា​ ទឹកទន្លេ​មេគង្គ​នឹង​បន្ដ​ស្រ​ចុះ​ រហូត​ដល់​ដើម​ស​ប្ដា​ហ៍​ក្រោយ​។​ តែ​យ៉ាងណា​ មន្ដ្រី​ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ពលរដ្ឋ​ រស់នៅ​តំបន់​នេះ​ កុំ​ធ្វេស​ប្រ​ហេ​ស​ បើ​ទោះជា​ទឹក​ស្រក​បន្ដិច​ហើយ​ក៏​ដោយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ព្រឹត្ដិបត្រ​ព័ត៌មាន​ និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​ ដែល​ក្រសួង​ធនធានទឹក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៨​ កញ្ញា​ នេះ​ ប្រាប់​ថា​ កម្ពស់​ទឹកទន្លេ​មេគង្គ​ បាន​និង​កំពុង​ស្រក​ចុះ​សន្សឹមៗ​ ហើយ​ទឹក​ក៏​នឹង​បន្ដ​ស្រក​ចុះ​ទៀត​ រហូត​ដល់​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។​ ផ្អែក​តាម​ការ​ព្យ​ករ​ណ៍​នេះ​ ទន្លេមេគង្គ​-​ស្ទឹង​ត្រែង​ កម្ពស់​ទឹកនឹង​ចុះ​ពី​ ៩,៥៦​ម៉ែត្រ​ ទៅ​ ៩,៤១​ម៉ែត្រ​ ទន្លេមេគង្គ​-​កំពង់ចាម​ ទឹកនឹង​ចុះ​ពី​ ១៤,៩៦​ម៉ែត្រ​ ទៅ​ ១៤,៨៥​ម៉ែត្រ​ ដោយឡែក​ ទន្លេមេគង្គ​-​ក្រចេះ​ ទឹកនឹង​ចុះ​ពី​ ២០,៩៥​ម៉ែត្រ​ ទៅ​ ២០,៧៥​ម៉ែត្រ​។​

​បើ​ទោះជា​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​តាម​ខេត្ដ​នីមួយៗ​ បន្ដ​ស្រក​ចុះ​ក្ដី​ តែម​ន្ដ្រី​នាំពាក្យ​ ក្រសួង​ធនធានទឹក​ នៅ​តែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ មិន​ត្រូវ​ធ្វេស​ប្រ​ហេ​ស​នោះ​ទេ​ ត្រូវ​មាន​តែ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​។​

​លោក​ ចាន់​ យុ​ត្ថា​ មន្ដ្រី​ នាំពាក្យ​ ក្រសួង​ធនធានទឹក​ មាន​ប្រសាសន៍​ថា​ ទឹក​មិន​ទាន់​បាន​ស្រក​ចុះ​ទាំង​នៅឡើយ​ទេ​ ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ រស់នៅ​ក្នុង​ខេត្ដ​ជាប់​ទន្លេមេគង្គ​ ត្រូវ​មានការ​ប្រយ័ត្ន​ ជាប់​ជា​និច្ច​បើ​ទោះជា​ពេល​នេះ​ទឹកបាន​ស្រក​ចុះ​ខ្លះ​ក៏​ដោយ​ ៖«​មក​ដល់​ពេល​នេះ​ ទី​១​ គឺ​ស្ថានភាព​ជំនន់​ហ្នឹង​ គឺ​មិន​ទាន់​ស្រក​ផុត​ទាំងស្រុង​នៅឡើយ​ទេ​ បាន​ន័យ​ថា​ ទឹក​នៅ​មាន​កម្ពស់​ខ្ពស់​នៅឡើយ​ បើ​ទោះបីជា​ឃើញ​ថា​ បាន​ស្រក​ហើយ​ក៏​ដោយ​។​ ដូច្នេះ​សុំ​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​»​។​

​កាលពីដើម​ស​ប្ដា​ហ៍​នេះ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខេត្ដ​ចំនួន​ប្រាំ​ ក្នុង​ចំណោម​ខេត្ដ​ដទៃ​ទៀត​ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ រហូត​ដល់​ថ្ងៃអាទិត្យ​ ចុង​ស​ប្ដា​ហ៍​នេះ​។​ ខេត្ដ​ទាំងនោះ​រួម​មាន​ មណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ខេត្ដ​ត្បូងឃ្មុំ​។​ ចំណែក​រាជធានី​ភ្នំពេញ​ ខេត្ដកណ្ដាល​ កំពង់ស្ពឺ​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ កំពង់ចាម​ និង​ខេត្ដកំពង់ធំ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​ បន្ថែម​ពី​នេះ​ ខេត្ដ​ដទៃៗ​ទៀត​ អាច​មាន​ភ្លៀង​ធ្លាក់​ពី​ តិច​ទៅ​ បង្គួរ​។​

​ជំនន់​ទន្លេមេគង្គ​ បាន​បង្ក​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ខេត្ដ​ចំនួន​ ០៨​ ដែល​មាន​ដូច​ជា​ ខេត្ដស្ទឹងត្រែង​ ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ កណ្ដាល​ តាកែវ​ និង​ខេត្ដ​កំពង់​ឆ្នាំ​។​ នេះ​បើ​យោង​តាម​ មន្ដ្រី​នាំពាក្យ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ លោក​ កែវ​ វី​។​

​លោក​ កែវ​ វី​ បាន​ប្រាប់​ទៀត​ថា​ ខេត្ដ​ទាំង​ប្រាំបី​នេះ​ មាន​ ៤៥​ស្រុក​/​ក្រុង​ និង​ ២៥០​ឃុំ​/​សង្កាត់​ បាន​រង​ផល​ប៉ះពាល់​។​ គិត​ត្រឹម​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ប្រជាពលរដ្ឋ​មាន​ចំនួន​ ៣៦​នាក់​បាន​ស្លាប់​ នៅ​ក្នុង​នោះ​គឺ​មាន​កុមារ​ ១៥​នាក់​ ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នក​រង​របួស​ ៨២​នាក់​ ផង​ដែរ​។​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​រហូត​ដល់​ស្លាប់​នេះ​ មាននៅ​ខេត្ដកំពង់ចាម​ ១៥​នាក់​ ខេត្ដព្រៃវែង​ ១៣​នាក់​ ស្ទឹង​ត្រែង​ ៤​នាក់​ ក្រចេះ​ ៣​នាក់​ និង​ខេត្ដ​ត្បូងឃ្មុំ​ ម្នាក់​។​ លើស​ពី​នេះ​ផ្ទះ​ចំនួន​ ១៦១​ខ្នង​ ត្រូវ​បាន​រុះរើ​ ហើយ​ទឹកបាន​លិច​សាលារៀន​ ២៨៩​កន្លែង​ វត្ដ​ ១២១​កន្លែង​ និង​មណ្ឌល​សុខភាព​ ២១​កន្លែង​។​

​លោក​ កែវ​ វី​ អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ឲ្យ​តាមដាន​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ទឹក​ឲ្យ​បាន​ជាប់​ជា​និច្ច​ ដើម្បី​ងាយ​ក្នុង​ការ​បង្ការ​ និង​ប្រុង​ប្រយ័ត្ន​។​ បន្ថែម​ពី​នេះ​លោក​ស្នើ​ឲ្យ​អាណាព្យាបាល​ទាំងអស់​ ដែល​រស់នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ ត្រូវ​មើលថែ​កូន​ឲ្យ​បាន​ល្អ​ ដោយ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​កូន​ទៅ​លេង​ទឹកតែ​ម្នាក់ឯង​នោះ​ទេ​៕

Share

Image
Image
Image