en     km
en     km

ទិវា«កម្មសិទ្ធិបញ្ញាពិភពលោក»ឆ្នាំនេះផ្តោតសំខាន់លើស្រ្តីដើម្បីភាពច្នៃប្រឌិត និងសកម្មភាពបង្កើតថ្មី

Share

(ភ្នំពេញ)៖ ស្រ្តីជាកម្លាំងចលករយ៉ាងសំខាន់ដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ រួមទាំងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្នុងពិធីរៀបចំវាទិ «កម្មសិទ្ធិបញ្ញាពិភពលោក» លើកទី៤ ក្រោមប្រធានបទ «ការផ្តល់កម្លាំងឲ្យមានការផ្លាស់ប្តូរ ស្រី្តពាក់ព័ន្ធក្នុងការច្នៃប្រឌិត និងសកម្មភាពបង្កើតថ្មី» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៦ មេសានេះ។

 

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីរៀបចំវាទិ «កម្មសិទ្ធិបញ្ញាពិភពលោក» លើកទី៤ ក្រោមប្រធានបទ «ការផ្តល់កម្លាំងឲ្យមានការផ្លាស់ប្តូរ ស្រី្តពាក់ព័ន្ធក្នុងការច្នៃប្រឌិត និងសកម្មភាពបង្កើតថ្មី» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៦ មេសានេះ។

 

ថ្លែងនៅក្នុងពិធីនេះលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​បានចាត់ទុក ស្ដ្រីជាកម្លាំងចលករមួយយ៉ាងសំខាន់ និងជាប​ង្អែកយ៉ាងរឹងមាំក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានប្រមាណ៧.១% គឺមួយចំណែកបានមកពីការចូលរួមរបស់ស្ដ្រី។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបញ្ជាក់បន្ថែមថា សមភាពយែនដឺរវាងស្ដ្រី និងបុរស មិនថានៅក្នុងប្រទេសកម្ពុជា ឫក្នុងពិភពលោកនោះទេ គឺត្រូវបានពង្រឹង និងលើកកម្ពស់ ពោលគឺស្ដ្រី និងបុរសមានសិទ្ធិស្នើគ្នាក្នុងគ្រប់វិស័យ។

លោកស្រីបន្ថែមទៀតថា នៅក្នុងយុគសម័យបច្ចេកវិទ្យា ទំនើបនាពេលបច្ចុប្បន្ននេះ ស្ដ្រីត្រូវបានផ្ដល់ឱកាស និងការសមត្ថភាពយ៉ាងសកម្មដូចគ្នានឹងបុរស ក្នុងសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍដើម្បីច្នៃប្រឌិត និងបង្កើតផលិតផលថ្មីៗ ដែលជួយសម្រួលនិងបំរើដល់ជីវភាពរស់នៅឲ្យកាន់តែបានប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

សម្រាប់លោកស្រី តឹករ៉េត កំរង ​វិស័យកម្មសិទ្ធិបញ្ញាត្រូវបានចាត់ទុកជាឧបករណ៍សេដ្ឋកិច្ច ដែលជម្រុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាយុគ្គសម័យទំនើប ហេតុដូច្នេះហើយ វាទាមទារឲ្យមានការចូលរួមយ៉ាងសកម្មថែមទៀតពីភាគីស្រី្ត។ ដោយមើលឃើញពីតួនាទីគន្លឹះរបស់ស្រី្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទើបរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា “ស្រ្តី គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ”។

ជាងនេះទៀតលោកស្រី យល់ឃើញថា ស្រ្តីនិងបុរសជាកំលាំងចលករពីរដែលបំពេញឲ្យគ្នាទៅវិញទៅមក និងមិនអាចខ្វះបានទោះក្នុងវិស័យណាក៏ដោយ រួមទាំងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ។​

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកម្ពុជាបានប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបង្ហាញអំពី ការប្ដេជ្ញាចិត្ដ និងការយកចិត្តទុកដាក់ លើវិស័យកម្មសិទ្ធិបញ្ញា។ វិស័យនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

ចាប់ពីឆ្នាំ២០០០មក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានកំណត់យកថ្ងៃទី២៦ ខែមេសា ដែលជាថ្ងៃ ដែលអនុសញ្ញាអង្គការសិទ្ធិបញ្ញាពិភពលោក បានចូលរួមជាធរមាន ក្នុងឆ្នាំ១៩៧០ ដើម្បីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកជារៀងរាល់ឆ្នាំ។

កម្ពុជាជារដ្ឋសមាជិក របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តែងតែប្រារព្ធទិវា កម្មសិទ្ធិបញ្ញានេះ ឡើងនៅថ្ងៃទី២៦ ខែមេសា ទៅតាមដំណាក់ការអភិវឌ្ឍ និងធនធានរៀងៗខ្លួន៕

Share

Image
Image
Image