en     km
en     km

ទស្សនៈ ជុំវិញការមិនកំណត់កាលបរិច្ឆេទជាក់លាក់នៃការវិលមកវិញរបស់លោកសម រង្ស៊ី

Share

ភ្នំពេញ៖ ក្រុមអ្នកនយោបាយ ទាំងក្រុមមន្ត្រីអតីតបក្សប្រឆាំង និងបក្សកាន់អំណាច បានបង្ហាញទស្សនៈផ្សេងៗគ្នាចំពោះការអះអាងពីការវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី និងមន្ត្រីមួយចំនួនទៀត ដោយទស្សនៈទាំងនោះមានទាំងរិះគន់ និងទស្សនៈស្រប ។ តើក្រុមអ្នកនយោបាយទាំងនោះ មានទស្សនៈបែបណាខ្លះ ?

លោក សោម លាភ លម្អិតពីព័ត៌មាននេះ៖

ការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ មកប្រទេសកំណើតរបស់ខ្លួនវិញ ត្រូវបានលោក សម រង្ស៊ី កំណត់យកឆ្នាំ២០១៩ ជាដាច់ខាត តែគ្រាន់តែមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ ។

ការប្រកាសម្ដងទៀតនេះ ធ្វើឡើងកាលពីចុងឆ្នាំ ២០១៨ ។ ពាក់ព័ន្ធទៅនឹងការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិលើកនេះ មិនមែនជាលើកទីមួយនោះទេ បន្ទាប់ពីការវិលត្រឡប់របស់លោក កាលពីឆ្នាំ ២០១៣ ។

ការដែលប្រកាសថា នឹងវិលចូលកម្ពុជាវិញនេះ លោកសម រង្ស៊ី ថាដើម្បីជាការធ្វើឱ្យមានការផ្លាស់ប្ដូរមេដឹកនាំកម្ពុជា ដើម្បីធ្វើឱ្យប្រជាធិបតេយ្យកើតមាននៅកម្ពុជាមានឡើងវិញ ។

លោក សម រង្ស៊ី ក៏ធ្លាប់ថានឹងវិលចូលកម្ពុជាឱ្យអាជ្ញាធរចាប់ខ្លួន ប្រសិនបើលោកចាញ់ការភ្នាល់ជាមួយសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងការដោះលែងលោក កឹម សុខា នៅដើមខែមីនាឆ្នាំ ២០១៩ ។  

គេសង្កេតឃើញថា ការប្រកាសបែបនេះ ចេះតែបន្តពន្យាពេលម្ដងហើយម្ដងទៀត មិនមានការកំណត់ពេលវេលាឱ្យបានជាក់លាក់ណាមួយនៅឡើយនោះទេ ។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ទាំងលោក អេង ឆៃអៀង និងលោកស្រី មួ សុខហួ មានប្រសាសន៍ថា ថ្នាក់ដឹកនាំអតីតគណបក្សនេះនឹងវិលចូលកម្ពុជាមិនយូរជាងខែកញ្ញានោះទេ ។

លោក សម រង្ស៊ី បើទោះបីជាធ្លាប់អះអាងថា នេះជាពេលវេលាដែលត្រូវឱ្យលោក វិលមកកម្ពុជាក៏ដោយ ក៏លោកបញ្ជាក់ពីច្រកមួយទៀតដែលថា លោកនឹងវិលចូលកម្ពុជានៅពេលដែលស្ថានភាពកម្ពុជាមានភាពធូរស្រាល ។

ការនឹងវិលចូលកម្ពុជានេះ លោកថា ដើម្បីចាប់នាយករដ្ឋមន្ត្រីកម្ពុជា ។  

ការពន្យាពេល រួមទាំងមិនមានការកំណត់ពេលវេលាជាក់លាក់ណាមួយ ជាពេលវេលាមកកម្ពុជានេះ ជាហេតុធ្វើឱ្យមានមតិចម្រុះផ្ទុះឡើងពីបណ្ដាអ្នកនយោបាយ ទាំងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បក្សកាន់អំណាច និងគណបក្សនយោបាយផ្សេងទៀត ។

ជាក់ស្ដែង ក្នុងទំព័រហ្វេសបុករបស់គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ សីហានេះ បានសរសេរថា ការប្រកាសថានឹងវិលចូលកម្ពុជារបស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងគឺជាសង្រ្គាមចិត្តសាស្ត្រ ។

ទំព័រហ្វេសបុកនេះសរសេរក្នុងន័យដើមថា «ការប្រកាសឡប់ឡែក្នុងការចូលចាប់​ ហ៊ុន​ សែន​ ម្ដងខែនេះម្ដងខែនោះ​ វាគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ប្រមូលស្រោមសំបុត្រ​ និងរង់ចាំភ្លើងខៀវតែប៉ុណ្ណោះ»

ហ្វេសបុកនេះរំលឹកថា លោកស្រី​ មួរ​ សុខហួរ​ លោក​ អេង​ ឆៃអ៊ាង​ លោក​ អ៊ូ​ ចន្ទរិទ្ធិ​ ដែលជាប្រធាន​ អនុប្រធាន​ អ្នកនាំពាក្យ​ របស់គណ:កម្មការមាតុភូមិនិវត្តន៍បានប្រកាសជាសាធារណ:ថានឹង​ចូលនឹងចូលកម្ពុជាវិញក្នុងខែ​ កក្កដា-សីហា-​ ២០១៩​ ឬមិនអោយហួសខែកញ្ញានោះទេ ។

ទំព័រហ្វេសបុកគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិកបន្ថែមថា ខណៈពេលនេះក្រុមលោក សម រង្ស៊ី កំពុងតែរកវិធីដោះសារ ដើម្បីទទួលបានប្រាក់កាសរៃអង្គាសពីអ្នកគាំទ្រ ។

លោក សម រង្ស៊ី ធ្លាប់ប្រកាសថា លោកនឹងធ្វើនយោបាយដើម្បី​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចលាចល​ ​។​

ដោយឡែក លោក ហ៊ុន កុសល វិញ ដែលគេស្គាល់ថាអ្នកសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា «លោក សម រង្ស៊ីថា អ្វីដែលលោកធ្វើគ្រាន់តែឱ្យចលាចលប៉ុណ្ណោះ លោកមានន័យថា គ្មានបំណងចូលចាប់ ហ៊ុន សែន ដូចការប្រកាសកន្លងមកទេ, ឆ្ងល់បើមិនកំណត់ពេលឱ្យប្រជាពលរដ្ឋត្រៀមទទួលដោយវិធីណា»

លោក ម៉ែន ណាត  ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស្ស បានសរសេរលើគណនីហ្វេសបុករបស់ខ្លួនជាការចំអកដល់លោក សម រង្ស៊ី ក្នុងអត្តន័យថា «សន្យាចូលស្រុក.. ខាងនោះអុកឡុក.. ចូលស្រុកមិនបាន

ខែនេះខែនោះ.. អ្នកស្រុកខកប្រាណ.. មិនហ៊ានក្លាហាន បានត្រឹមសន្យា»

សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា លោក សម រង្ស៊ី ពូកែកុហកអ្នកគាំទ្រ ដោយសម្ដេចថា លោក សម រង្ស៊ី និងបន្តពន្យាពេលបន្តទៀត ។

លោក នីវ ចម្រើន អ្នកគាំទ្រ​អតីតគណបក្សសង្រ្គោះជាតិ ​នៅ​ខេត្ត​បន្ទាយមានជ័យ បានសរសេរលើគណនីហ្វេសបុករបស់ខ្លួនថា លោកសម រង្ស៊ី មានយុទ្ធសាស្ត្រពិសេស ត្រង់គិតច្រើនរិះរកគ្រប់វិធីសាស្ត្រដើម្បីផ្តួលដៃគូ មិនដែលបារម្ភពីការបរាជ័យ អត់ធ្មត់និងសង្ឃឹមជានិច្ច ។ លោកថា នេះជាកត្តាសត្យានុម័ត វាយសន្ធាប់ឱ្យទាន់សភាពការណ៍ដែលនាយករដ្ឋមន្ត្រីកម្ពុជា បាក់ស្បាត ។

នៅក្នុងការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរ ជាកម្មករ ជានិស្សិត នៅប្រទេសជប៉ុនកាលពីថ្ងៃ ទី១២ សីហា  ក្រុមបាតុករ បានគាំទ្រការវិលចូលប្រទេសវិញរបស់លោកសម រង្ស៊ី ។ បាតុករខ្លះ បានសន្យាអមដំណើរលោកសម រង្ស៊ី  ដោយឡែក ពលករខ្មែរនៅ ប្រទេសថៃ កូរ៉េខាងត្បូង ក៏បានសន្យាអមដំណើរវិលចូលស្រុកវិញរបស់លោកសមរង្ស៊ីដែរ ។

គួររំលឹកថា ការប្រកាសចូលកម្ពុជាពីលោក សម រង្ស៊ី ត្រូវបានមន្ត្រីកម្ពុជាប្រកាសប្រឆាំងនឹងវត្តមានក្រុមរបស់លោកឱ្យខានតែបាន ៕

Share

Image
Image
Image