en     km
en     km

ទស្សនៈ៖ចៅក្រមនៅអាស៊ាននិងកម្ពុជាមិនទាន់អាចធ្វើបានដូចចៅក្រមអាមេរិកកាត់ក្ដី​ឱប្រធា​នា​​ធិបតីត្រាំចាញ់ក្ដី

Share

(ភ្នំពេញ)៖ ចៅក្រមសហព័ន្ធ នៃសហរដ្ឋអាមរិកនៅក្រុង Manhattan បានសម្រេចដោយឆន្ទានុសិទ្ធិ គឺ ឲ្យតំណាងមេធាវីលោកប្រធានាធិបតីត្រាំ ដែលតំណាងឲ្យក្រុមហ៊ុនរបស់លោកត្រាំចាញ់ក្តី។ ចៅក្រមនោះគឺលោក Victor Marrero បានចេញសាលក្រមបង្ខំឲ្យក្រុមហ៊ុនរបស់លោកត្រាំបង់ប្រាក់ពន្ធដែលខកខានរយៈពេល៨ឆ្នាំ ចូលថវិការដ្ឋ។ នេះជាលើកដំបូងហើយដែលលោកត្រាំបាក់មុខយ៉ាងខ្លាំងក្នុងឋានៈជាប្រធានាធិតីពាក់ព័ន្ធនឹងមុខជំនួញ។ តែសំនួរសួរថា ហេតុអ្វីបានជាចៅក្រមនេះ ហ៊ានសម្រេចសេចក្តីដោយមិនខ្លាចញញើតនឹងអំណាចរបស់លោកត្រាំ។ តើប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាមានចៅក្រមហ៊ានសម្រេចសេចក្តីដូចនេះទៅលើកំពូលមេដឹកនាំរបស់ខ្លួនទៅលើមេដឹកនាំដែលកំពុងកាន់អំណាច?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

យោងតាមបណ្តាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា ចៅក្រម នៃតុលាការសហព័ន្ធអាមេរិក លោក Victor Marrero បានធ្វើការកាត់សេចក្តីដោយ​ឲ្យលោកដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ចាញ់ក្តី ដោយបង្ខំអោយបង់ពន្ធដែលខកខានរយៈពេល ៨ឆ្នាំ ទៅឲ្យអាជ្ងាធរដែនដីManhattan។ នេះគឺជាព្រឹត្តិការណ៍មួយដ៏កម្រដែលមានចៅក្រមម្នាក់ហ៊ានសម្រេចធ្វើការកាត់ក្តី ស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេស ដោយឲ្យថ្នាក់ដឹកនាំកំពូលរបស់ខ្លួនចាញ់ក្តី នៅពេលមេដឹកនាំនោះកំពុងកាន់អំណាច​ដោយមិនមានការខ្លាចរអានឹងអំណាចនិង ឥទ្ធិពល របស់មេដឹកនាំនោះឡើយ។

នេះ អាចជាគំរូមួយទេ សម្រាប់ចៅក្រមប្រទេសដទៃទៀត ជាពិសេស ប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៌ រួមទាំងកម្ពុជាផងដែរហ៊ានប្រើឆន្ទានុសិទ្ធរបស់ខ្លួនដែរឬទេ។

សម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជាវិញក៏បានបង្ហាញពីទស្សនៈប្រហាក់ប្រហែលគ្នាផងដែរ ទាក់ទងទៅនឹងប្រព័ន្ធតុលាការនិងកាត់ក្តីនៅសហរដ្ឋអាមេរិកនេះដោយអំណាចឆន្ទានុ​សិទ្ធរបស់ចៅក្រម។ លោក ស៊ឹង សែនករុណា អ្នកជំនាញច្បាប់នៅ សមាគមការពារសិទ្ធធិ​មនុស្ស​អាដ​ហុកបាន មានទស្សនៈថា ការកាត់ក្តីរបស់លោកចៅក្រមរូបនេះ បានបង្ហាញឲ្យឃើញថា ប្រព័ន្ធតុលាការនៅសហរដ្ឋអាមេរិក គឺជាប្រព័ន្ធតុលាការឯករាជ្យ ដោយមិនមែនជាប្រព័ន្ធតុលាការដែលចំណុះដោយអ្នកមានអំណាចណាមួយឡើយ។

ចំណែកឯលោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយនៅកម្ពុជាបានលើកឡើងប្រហាក់ប្រហែលគ្នាថា សម្រាប់ប្រទេសដែលមានរបបប្រជាធិបតេយ្យត្រឹមត្រូវ គឺគេផ្តោតយកច្បាប់ជាធំ ដោយមិនខ្វល់ពីតំណែងរបស់នរណាម្នាក់នោះទេ​ ព្រោះមនុស្សមានសិទ្ធិស្មើគ្នា។

ការកាត់ក្តីដែលស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសមហាអំណាចនេះ គឺជាគោលការណ៍មួយដែលបានឆ្លុះបញ្ចាំងពីឯករាជ្យភាពនៃប្រព័ន្ធតុលាការដែលជាប្រទេសគោរពច្បាប់ និង ប្រជាធិបតេយ្យពេញលេញនឹងត្រឹមត្រូវ។ នេះក៏ជាគំរូមួយផងដែរសម្រាប់បណ្តាប្រទេសដទៃទៀត នៅលើពិភពលោក ដែលគោរពនូវគោលការណ៍ប្រជាធិបតេយ្យ។

ក្នុងន័យនេះ​ លោកស៊ឹង សែនករុណា ក៏បានលើកឡើងថា៖

សម្រាប់លោក ឯមសុវណ្ណារ៉ាវិញក៏បានលើកឡើងថា កម្ពុជាបច្ចុប្បន្នកំពុងស្ងិតនៅក្នុងក្រប​ខ័ណ្ឌមួយ ដែលគេឲ្យពិនិត្យឡើងវិញចំពោះគោលការណ៍គោរពសិទ្ធិមនុស្ស នឹងប្រជាធិបតេយ្យឡើងវិញ។ លោកថា ករណីនៅអាមេរិក គឺចៅក្រមធ្វើបានដោយមិនមានប្រតិកម្ម​សងសឹក​អ្វីពីអ្នកមានអំណាចតែសម្រាប់នៅអាស៊ីអាគ្នេយ៌វិញ គឺពិតជាកម្រធ្វើបាន លើកលែង​ទៀតមេដឹកនាំនោះអស់អំណាច។

យ៉ាងណា មតិដែលថា ចៅកក្រមកម្ពុជា មិនអាចប្រើសិទ្ធិដូចចៅក្រមអាមេរិកនោះ វិទ្យុស្ត្រី នៅមិនទទួលបាន ការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជីនម៉ាលីនបានទេ ព្រោះតែ​លោកកំពុង​ជាប់ប្រជុំ។

កាលពីពេលថ្មីៗនេះ ចៅក្រមម្នាក់នៅប្រទេសថៃបានសម្រេចធ្វើអត្តឃាត បន្ទាប់ពីលោក ធ្វើការជនុំជម្រះក្តីក្នុងសវនាការមួយ ដែលគេថា ចៅក្រម នេះទទួលសម្ពាធពីអ្នកមានអំណាចម្នាក់។ ពលរដ្ឃប្រទេសថៃដែលស្រឡាញ់យុត្តិធម៌មានការកោតសរសើរចំពោះចៅក្រមរូបនេះជាខ្លាំង។ ករណីអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីពរ៉ាហ្សាក់ ដែល ជាប់ចោទពីបទពុករលួយ រាប់រយលានដុល្លារ គឺចៅក្រម និងរដ្ឋអាជ្ញាប្រទេសនេះ មិនហ៊ានបើកការកាត់ក្ដី រឿងនេះឡើយ គឺរហូតលោកណាជីពអស់អំណាច បន្ទាប់ពីចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសភាខែឧសភា ឆ្នាំ២០១៨ទើប​ក្រុមចៅក្រម និងរដ្ឋអាជ្ញាហ៊ានកសាងសំណុំរឿងនេះ ប្រឆាំងលោកណាជីព។ មកដល់ពេលនេះ លោកណាជីពត្រូវចោទ ២១បទចោទ ហើយអាចមានទោស អស់មួយជីវិត ឬ ៣០ឆ្នាំបើរកកំហុសឃើញ ៕

Share

Image
Image
Image