en     km
en     km

ទស្សនៈរបស់មជ្ឈដ្ឋានទូទៅ លើការឆ្លើយតបរបស់កម្ពុជាចំពោះករណីEBAទៅសហភាពអឺរ៉ុប

Share

ភ្នំពេញ៖ កម្ពុជាប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ គឺគំរោងEBA ពីសហភាពអឺរ៉ុប ។ ក្នុងអន្តរកាលនេះ មន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីបក្សកាន់អំណាច រួមទាំងក្រសួងពាក់ព័ន្ធបានបញ្ចេញប្រតិកម្មព្រមៗគ្នា តែមិនឃើញមានឆ្លើយតបថា​ នឹងដោះស្រាយតាមសំណើររបស់សហភាពអឺរ៉ុបឡើយ ។ ពាក់ព័ន្ធនឹងការវិវត្តន៍ស្ថានការណ៍បែបនេះ ថាតើពលរដ្ឋខ្មែរមួយចំនួន រួមទាំងអ្នកវិភាគបង្ហាញនូវគំនិតទស្សនៈរបស់ខ្លួនបែបណា ។

រាយការណ៍ដោយលោក សោម លាភ

 

តើសហភាពអឺរ៉ុបចេញសេចក្ដីប្រកាសអ្វីដល់កម្ពុជា ?

សហភាពអឺរ៉ុប បានបញ្ជាក់មកកម្ពុជាតាមរយៈសេចក្ដីប្រកាសថា សហភាពមួយនេះថាខ្លួន កំពុងតែដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធពីកម្ពុជា ។

មន្ត្រីសហភាពអឺរ៉ុប បញ្ជាក់ថា ការឈានទៅដល់វិធានការដំណាក់កាលនេះ គឺដោយសារតែសហភាពនេះមើលឃើញថា កម្ពុជាមានការដោះស្រាយតិចតួចណាស់ លើបញ្ហានយោបាយមួយចំនួន គឺដោះលែងអ្នកទោសនយោបាយ អ្នកវិភាគឯករាជ្យ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកសារព័ត៌មាន រួមទាំងការបន្ថយ ការរឹតត្បិតលើ សកម្មភាព សង្គមស៊ីវិលនិងសកម្មជន សហជីព ។ នេះជាចំណាត់ការស្ដារស្ថានភាពនយោបាយដែរ តែមិនទាន់គ្រប់គ្រាន់តាមតម្រូវការរបស់សហភាពអឺរ៉ុបនោះទេ ។

លោកស្រី Federica Mogherini  ប្រមុខការទូត និងជាអនុប្រធានគណៈ​កម្ម​ការ​អឺរ៉ុបថា ស្ថានភាពប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជាកាន់​តែ​អាក្រក់ទៅៗ ។

សហភាពអឺរ៉ុបបញ្ជាក់ថា រយៈពេល ៦ខែទៀតនេះ គឺជាពេលវេលាតាមដាន និងវាយ​តម្លៃ​ជាក់ស្ដែងហើយរយៈពេល ៣ខែម្ដង គឺសហភាពអឺរ៉ុបនឹងបញ្ចេញរបាយការណ៍ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃដំណើរការវិវត្តនៅកម្ពុជា ។  ក្រោយពីធ្វើការតាម​ដាន និងវាយ​តម្លៃ ​១២ខែនេះទៅ គឺជា​ពេល​វេលា​នៃការ ដកការអនុ​គ្រោះពន្ធ EBA ជាផ្លូវការដោយមានការកំណត់​ថេរវេលា​នៃការដកការអនុព្រោះពន្ធនេះ ។

សហភាពអឺរ៉ុប មានគោលដៅធ្វើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស អនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ។ បើមានការដកការអនុគ្រោះពន្ធមែននោះគឺកម្ពុជាត្រូវបង់ខាតប្រាក់ជិត៧០០លានដុលា្លរក្នុង​មួយ​ឆ្នាំៗ។

តើកម្ពុជាការឆ្លើយតបទៅសហភាពអឺរ៉ុបដូចម្ដេចខ្លះ ?

ក្រោយការប្រកាសរបស់សហភាពអឺរ៉ុប ក៏កម្ពុជាបានឆ្លើយតបជុំវិញបញ្ហានេះផងដែរ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់លើទំព័រហ្វេសបុកថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីក​ចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ ។

 ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបង្ហាញពីការតាំងចិត្ត និងជំហរ ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិពលរដ្ឋទាំងអស់ ស្របតាមគុណតម្លៃ និងប្រពៃណីនៃកម្ពុជា ។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្ដែងអំណរអរគុណចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងសហភាពអឺរ៉ុបកន្លងមក ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បង្ហាញពីការខកចិត្តចំពោះសហភាពអឺរ៉ុប ដែលចាប់ផ្ដើមដំណើរការវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA បណ្ដោះអាសន្នពីកម្ពុជា ។

ស្ថាប័នមួយនេះបញ្ជាក់ថា ការសម្រេចនេះ គឺផ្នែកទៅលើទិដ្ឋភាពនយោបាយនៅពីក្រោយ ។ យ៉ាងណា កម្ពុជាគោរពទៅតាមឆន្ទៈពលរដ្ឋដែលចូលរួមបោះឆ្នោតសភានីតិកាលទី ៦ កាលពីចុងខែកក្កដា រហូតដល់ទៅ ៨៣,២ % ក្នុងការសម្រេចជ្រើសរើសតំណាងរបស់ខ្លួន ។

ជាងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងសេចក្ដីសម្រេចនេះរបស់សហភាពអឺរ៉ុបផងដែរ ។

ជាក់ស្ដែង ក្រសួងមួយនេះ បានបង្ហាញពីចំណាត់ការនានាដែលបង្ការដល់បច្ច័យអវិជ្ជមានមួយចំនួនប្រសិនមានការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃរដ្ឋាភិបាលអាណត្តិទី ៦ ដែលបណ្ដាក្រសួងពាក់ព័ន្ធបានធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយថ្លៃដើមផលិតកម្ម ដឹកជញ្ជូន និងលើកស្ទួយអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់កម្មករ កម្មការនី និងកសិករ និងប្រជាជនកម្ពុជាគ្រប់រូប ។

ជាងនេះទៅទៀត ក្រសួងក៏បានលុបចោលនូវការយកកម្រៃសម្រាប់គ្រប់គ្រងការនាំចេញ ដោយមិនត្រូវបង់កម្រៃ និងសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមនៃទំនិញ និងបានរំកិលទីតាំងឈរជើងរបស់នាយកដ្ឋានកាំកុងត្រូលផងដែរ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ក៏បានចេញសេចក្ដីថ្លែងការរបស់រាជរដ្ឋាភិបាលកម្ពុជា​ ឆ្លើយតបចំពោះសហភាពអឺរ៉ុប។

ជាក់ស្ដែង ក្រសួងការបរទេសបានចាត់ទុកថា ការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជាជាខ្លាំង ។

សេចក្ដីថ្លែងការណ៍នេះថា សហភាពអឺរ៉ុបមិនអើពើរចំពោះវិធានការជាក់ស្ដែង និងវឌ្ឍនភាពដែលអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា  ។

ក្រសួងការបរទេសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់ និងប្ដេជ្ញាចិត្ត ក្នុងការអនុវត្តអនុសញ្ញាស្នូលទាំង ១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេលក្ខខ័ណ្ឌក្នុងការបន្តផ្ដល់ការអនុគ្រោះពន្ធ  EBA ។

ជាងនេះទៅទៀត ក្រសួងនេះបញ្ជាក់ថា គណៈកម្មការអឺរ៉ុបធ្វើសកម្មភាពដោយមិនមានភាពស្មោះត្រង់ និងយុត្តិធម៌នោះទេ ។ ពោលគឺគណៈកម្មការនេះ មិនក្រឡេកមើលប្រទេសដទៃទៀត មិនបានអនុត្តពេញលេញតាមលក្ខខ័ណ្ឌដែលទទួលបានការអនុគ្រោះពន្ធប្រភេទនេះនោះឡើយ ។

សេចក្ដីថ្លែងការនេះបញ្ជាក់ថែមទៀតថា ការសម្រេចរបស់សហភាពអឺរ៉ុបបែបនេះ ធ្វើឡើងដោយគ្មានការពិចារណា ទៅលើជោគវាសនារបស់កម្មករ កម្មការនី នៅកម្ពុជាជិតមួយលាននាក់ និងមិនគិតពីផលប្រយោជន៍នៃបណ្ដាសមាគមធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជានោះទេ ។ យ៉ាងណា កម្ពុជា នៅតែបន្តពង្រឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិការងារ ហើយក៏ប្ដេជ្ញាចិត្តថា​ ការពារសន្តិភាព ស្ថិរភាព  ឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាឱ្យបានជាដាច់ខាត ។

បណ្ដាអ្នកជំនួញធំៗនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ទៅសហភាពអឺរ៉ុបផងដែរ ដោយបញ្ជាក់ឱ្យពិចារណាឡើងវិញ ព្រោះនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាខ្លាំង បើមានការព្យួរការអនុគ្រោះពន្ធនេះមែននោះ ។

តើអ្នកវិភាគមានទស្សនៈបែបណា ចំពោះការឆ្លើយតបពីកម្ពុជា ?

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា សហភាពអឺរ៉ុប ងាយក្នុងការដកការអនុគ្រោះពន្ធពីកម្ពុជា ព្រោះការដកនេះ មិនមែនលុះតា្រតែទទួលបានសម្លេងឯកភាពគ្នាទាំងអស់នៃរដ្ឋជាសមាជិកនោះទេ តែគឺគ្រាន់តែសម្លេង ៥០ +១ គឺគ្រប់គ្រាន់ហើយ ។

អ្នកវិភាគរូបនេះបញ្ជាក់ទៀតថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធនាំទំនិញចូលសហភាពអឺរ៉ុប នោះការព្យាករថាកម្ពុជានឹងមានចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ នោះគឺមិនអាចទៅរួចនោះទេ ។

លោកឯម សុវណ្ណារ៉ា ថាជាការល្អដែលរាជរដ្ឋាភិបាលលើកឡើងអំពីឯករាជ្យ​ អធិបតេយ្យភាព បូរណភាពកម្ពុជាដោយមិនដោះដូរជាមួយនឹងជំនួយបរទេស  ។ តែលោកបញ្ជាក់ថា ការអនុគ្រោះពន្ធ EBA នេះមិនពាក់ព័ន្ធនឹងករណីនេះទេ ។

លោក ឯម សុវណ្ណារ៉ា ៖

តើអ្នកតាមដានព័ត៌មានលើបណ្ដាញសង្គមហ្វេសបុកមានមតិយោបល់បែបណា ជុំវិញករណី EBA ?

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានដាក់ការចាប់អារម្មណ៍ទៅលើករណីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA  ពីកម្ពុជាជាខ្លាំង ។

អ្នកប្រើប្រាស់ហ្វេសបុកម្នាក់ឈ្មោះថា Bong Rath សរសេរបញ្ចេញមតិយោលក្នុងប្រអប់ខុមិនថា «កុំទៅខ្វល់ដកឲស្រលះទៅ មែនខាតកម្មករឯណា គឺខាតប្រយោជន៍ថៅកែចិនសោះហ្នឹង!» ។

ហ្វេសបុកម្នាក់ទៀតឈ្មោះថា Yuth បានសរសេរថា «ខ្លួនមានកំហុសមិនព្រមកែខ្លួន បែរជាស្ដីបន្ទោសអោយគេថា ដាក់សម្ពាធមកលើខ្លួនទៅវិញ។ ភាពមានះរឹងរួស អាត្មានិយម នឹងធ្វើអោយខ្លួនអន្តរាយ ស្ដាយក្រោយ និង មានវិប្បដិសារី »។

ដោយឡែក គណនីហ្វេសឈ្មោះថា Nak Soriyano បញ្ចេញយោបល់ថា «ចាំមើលតែដកEBAហើយកម្ពុជាមិនស្លាប់ ចឹងពួកអមិត្តទាំងអស់ រួមទាំងអាមេរិក មិនខុសពីអាចម៏គោមួយដុំនៅតាមផ្លូវត្រូវឡានកិននោះទេ ។អស់ពីEBAតើនៅមានស្អីទៀតពួកជាតិសាសន៏ដ៏ពិសពុលទាំងឡាយ មកគាបលើកម្ពុជាទៀត »

ឈ្មោះ សេង ទី បានសរសេរជាការដាក់បន្ទុកនេះទៅលើលោក សម រង្ស៊ី ។ ជាក់ស្ដែង លោក សរសេរថា « ដកក៏ដកទៅ… សមរង្ស៊ី អ្នកឯងត្រូវចាំទុកទង្វើរបស់អ្នកឯងមួយនេះ»

លោក Harry W. Harris សរសេរថា «បើក្រហើយម្តេចឡើយមិនធ្វើឲ្យគេអាណិត??? ម៉ាត់ណាក៏ឯករាជ្យ ម៉ាត់ណាក៏អធិបតេយ្យ ចំណែកចិនលុកលុយពេញស្រុក នេះជាអ្វីដែរ? តើសម្តែងការសោកស្តាយបានប្រយោជន៏ស្អី បើគ្រប់ពេលស្រែកកោកៗ ជំហរអួតក្អេងមិនដែលទទួលស្គាល់ថាខ្លួនក្រផង។ កុំភ្លេចថាប្រសិនបើសហភាពអឺរ៉ុបអនុវត្តន៏គោលការណ៏នេះពេញទំហឹង រោងចក្រកាត់ដេរមួយចំនួនធំច្បាស់ជាវេចបង្វិចចាកចេញហើយ »

អ្នកមួយចំនួនទៀត បានចោទសួរ អំពីការសន្យារបស់បារាំងដែលជួយទប់ទល់ការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។

សូមបញ្ជាក់ថា កម្ពុជា នឹងចំណាយទៅលើប្រាក់ពន្ធប្រមាណជា ៧០០​លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ប្រសិនបើសហភាពអឺរ៉ុបយកពន្ធពីកម្ពុជាជាស្ថាពរ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image