en     km
en     km

ទម្រាំ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​គេ​ស្គាល់​គ្រប់​គ្នា​ តើ​រំដួល​លិច​ទឹក​ឆ្លងកាត់រឿងរ៉ាវ​អ្វីខ្លះ​?

Share

Rumduol Lech Toek-Cover

នៅ​ពេល​ដែល​និយាយ​ដល់​ឈ្មោះ​រំដួល​លិច​ទឹក​ គេ​ស្ទើរតែ​មិន​ចាំបាច់​ព័ណ៌នា​អំពី​រូបរាង​នោះ​ទេ​ ព្រោះថា​អ្នក​ណា​ក៏​ស្គាល់​ដែរ​ ពី​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​តែងខ្លួន​ប្លែកៗ​ជាមួយ​វត្ថុ​ផ្សេងៗ​ ដែល​ធ្វើ​ឱ្យ​ខ្លួន​កាន់តែ​ល្បី​រន្ទឺ​ រហូត​ដល់​បរទេស​ក៏​ស្ងើចសរសើរ​ផង​ដែរ​។​

​រំដួល​លិច​ទឹក​គឺជា​តារា​ហ្វេ​ស​ប៊ុ​ក​ជំនាន់​ថ្មី​ ដែល​ល្បីឈ្មោះ​មិន​ចាញ់​តារា​ល្បី​នៅ​ក្នុងស្រុក​ខ្មែរ​ ប៉ុន្តែ​ទម្រាំ​ល្បី​ដល់​ថ្ងៃនេះ​ រំដួល​លិច​ទឹក​ក៏​ជួប​បញ្ហា​លំបាក​ក្នុង​ជីវិត​ដែរ​។​ ចង់​ដឹង​ថា​ រំដួល​លិច​ទឹកបាន​ជួប​បញ្ហា​អ្វីខ្លះ​ក្នុង​ជីវិត​ សូម​ស្តាប់​កម្រង​ជីវិត​ដែល​រៀបចំ​ដោយ​ កញ្ញា​ឆេ​ង​ ណា​តា​ដូច​ទៅ​៖

«​សម្រាប់​ជីវិត​ខ្ញុំ​ពី​ដំបូង​ឡើយ​ខ្ញុំ​រស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​សមរម្យ​កាលពី​ក្មេង​ យើង​មាន​អ្វី​ញ៉ាំ​គ្រប់គ្រាន់​ អ​ញ្ចឹ​ង​បន្ទាប់​មក​ឆ្នាំ​២០០៥​ គ្រួសារ​ខ្ញុំ​ក៏​ជួប​បញ្ហា​វិបត្តិ​គ្រួសារ​ក្ស័យធន​ អ​ញ្ចឹ​ង​គ្រួសារ​ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​ពី​ចំណុចសូន្យ​»​។​ នេះ​ជា​ការ​រៀបរាប់​របស់​ តារា​ហ្វេ​ស​ប៊ុ​ក​សម័យ​ថ្មី​ ដែល​មានឈ្មោះ​ថា​ រំដួល​លិច​ទឹក​។​ រំដួល​លិច​ទឹក​ គ្រាន់តែ​ឮឈ្មោះ​នេះ​ភ្លាម​ លោក​អ្នក​ប្រាកដជា​នឹកឃើញ​តារា​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​ទើបនឹង​រះ​ ពូកែ​ខាង​តុបតែង​ខ្លួន​ប្លែកៗ​ ជាមួយនឹង​វត្ថុ​ផ្សេងៗ​ ធ្វើ​ឱ្យ​ផ្អើល​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។​

​រំដួល​លិច​ទឹក​មានឈ្មោះ​ដើម​ថា​ មិ​ញ​ ចាន់​វាន់​ដា​។​ លោក​គឺ​ ជា​កូនច្បង​ក្នុង​គ្រួសារ​ ដែល​មាន​បងប្អូន​ពីរ​នាក់​ និង​មាន​ឪពុក​ម្តាយ​ជា​រកស៊ី​រក​លក់​ចាប់ហួយ​នៅ​ចាក់​អង្រែ​ក្រោម​ ។​ ដូចដែល​ការ​រៀបរាប់​របស់​លោក​ គឺ​តាំងពី​ក្មេង​មក​ លោក​មានគ្រួសារ​ មួយ​ដែល​មាន​ជីវភាព​សមរម្យ​ រស់នៅ​យ៉ាង​រីក​ក្នុង​គ្រួសារ​ ប៉ុន្តែ​ក្រោយមក​ នៅ​ឆ្នាំ​២០០៥​ ដោយសារ​តែ​គ្រួសារ​របស់​លោក​បាន​ជួប​បញ្ហា​ខាង​រកស៊ី​ ជីវភាព​គ្រួសារ​លោក​ត្រូវ​ចាប់ផ្តើម​ពី​ចំណុចសូន្យ​មក​វិញ​។​ «​ប៉ា​ខ្ញុំ​គាត់​មានមុខ​របរ​មួយ​ផ្ទាល់ខ្លួន​របស់​គាត់​ ដល់​ពេល​បន្ទាប់​មក​គាត់​ដូច​ជា​ទៅ​ជា​ចាញ់បោក​ពួកម៉ាក​ បាត់បង​ទ្រព្យសម្បត្តិ​ទាំងអស់​ សូ​ម្បី​តែ​ផ្ទះសម្បែង​ក៏​ខ្ញុំ​អត់​មាន​ដែរ​ គឺ​ខ្ញុំ​ត្រូវ​យក​តែ​បង្វេច​ខោអាវ​ចេញពីផ្ទះ​មក​ទេ​ ព្រោះ​អី​ត្រូវ​កាត់​បំណុល​សង​គេ​ទាំងអស់​»​។​

​លោក​បាន​និយាយ​ថា​ ក្នុង​ឆ្នាំ​ដែល​គ្រួសារ​ត្រូវ​ក្ស័យ​ធន់​ ដោយសារ​តែ​ឪពុក​ចាញ់បោក​មិត្តភក្តិ​នោះ​ ជា​ឆ្នាំ​ដែល​ត្រូវ​ត្រៀមប្រឡង​បាក់​ឌុ​ប​ ដូច្នេះ​លោក​ត្រូវ​ចាប់​អាជីព​ជា​អ្នក​ជាង​ផាត់មុខ​ ធ្វើ​សក់​ផង​ និង​រៀន​ផង​ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ខ្លួន​ និង​ប្អូនស្រី​ម្នាក់​ទៀត​។​

​បើ​និយាយ​ពី​ការ​ចាប់​អាជីព​ជា​ជាង​ផាត់មុខ​ ធ្វើ​សក់​វិញ​ តារា​ហ្វេ​ស​ប៊ុ​ក​វ័យ​ ២៨​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​មិន​បាន​រៀន​ត្រឹមត្រូវ​ដូច​ជាង​ដទៃ​ទៀត​នោះ​ទេ​ ដោយសារ​តែ​លោក​គ្មាន​លទ្ធភាព​បង់ប្រាក់​ដូច​គេ​ ។​ លោក​បន្ត​ថា​ ដោយសារ​ការ​ស្រឡាញ់​អាជីព​នេះ​  បាន​ត្រឹមតែ​ស្វែង​យល់​ខ្លះៗ​ពី​វា​ និង​បាន​ទៅ​សុំ​គេ​ធ្វើការ​ ហើយ​លួច​ជំនាញ​ពី​គេ​ខ្លះ​ ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

Rumduol-Lech-Toek-1

លោក​វ៉ា​ន់​ដា​ បាន​រៀបរាប់​បន្ត​ថា​ ជីវិត​របស់​លោក​បាន​ចាប់ផ្តើម​ប្រសើរ​ឡើង​បន្តិច​ នៅ​ឆ្នាំ​២០០៦​ ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​ប្រកួត​ម៉ូត​សក់​នៅ​មហោស្រព​ចេ​ន​ឡា​ ហើយ​ទទួល​បាន​ពានរង្វាន់​ទី​១​ផ្នែក​ធ្វើ​ម៉ូត​សក់​ប្លែកៗ​។​

​អ្នកជំនាញ​ខាង​ផាត់មុខ​រូប​នេះ​ បាន​និយាយ​បន្ត​ថា​ ចាប់ពី​ឆ្នាំ​២០១៤​មក​ ក្រោយ​ពេល​ដែល​លោក​ក្លាយជា​អ្នក​ផាត់មុខ​ផ្ទាល់ខ្លួន​របស់​កំពូល​តារាចម្រៀង​ស្រី​ នាង​មាស​ សុខ​សោភា​ ជីវិត​ និង​ជីវភាព​គ្រួសារ​របស់​លោក​កាន់តែ​ប្រសើរ​ឡើង​ តែ​ក៏​មិន​ទាន់​មានឈ្មោះ​ល្បី​ដូច​សព្វ​ថ្ងៃនេះ​ទេ​។​

​លោក​ថា​ កិត្តិនាម​របស់​លោក​ផ្តើម​មានឈ្មោះ​ល្បី​រន្ទឺ​ឡើង​  ក្នុង​ពេល​ដែល​លោក​បាន​បង្ហោះ​រូប​មួយ​ ដែល​តែងខ្លួន​តាម​លំនាំ​ឡូ​ហ្គោ​របស់​ម្ស៉ៅ​ផេ​សាត់​។​ លោក​និយាយ​ថា​ នៅ​ពេល​ដែល​លោក​បាន​បង្ហោះ​រូប​ម្ចាស់​ក្ស​ត្រី​ម្ស៉ៅ​ផេ​សាត់​នោះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ទទួល​បានការ​ពេញចិត្ត​ និង​ចែកចាយ​យ៉ាង​ព្រោងព្រាត​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​អិន​ធើ​ណេ​ត​។​

​លោក​បានឱ្យ​ទៀត​ថា​ នៅ​ពេល​ដែល​លោក​ឃើញ​ដូច្នេះ​ហើយ​ លោក​ក៏​សម្រេចចិត្ត​ បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​តែ​ម្តង​ទៅ​  ដើម្បី​ផ្តល់​ចក្ខុ​ថ្មី​ប្លែក​មួយ​មាន​លក្ខណៈ​ជា​របស់​ខ្មែរ​ដែល​ប្រជាជន​កម្ពុជា​ មិន​ធ្លាប់​ឃើញ​កន្លង​មក​។​  «​សម្រាប់​ខ្ញុំ​អា​រឿង​អស់ទាំង​នេះ​គឺ​ខ្ញុំ​ចូល​ចិត្ត​តាំងពី​តូច​ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អី​ប្លែកៗ​ លេងសើច​ច្រើន​ពេល​ខ្លះទៅ​ អ​ញ្ចឹ​ង​ពេល​ខ្លះទៅ​ ទៅ​ថត​ឱ្យ​ទស្សនាវដ្តី​ខ្ញុំ​តែងតែ​យក​នេះ​ យក​នោះ​មក​ដាក់​លេង​ ថត​ផូ​ល​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ធម្មតា​ទេ​។​ ថ្ងៃមួយ​ពេល​ខ្ញុំ​មក​ពី​ថត​ចម្រៀង​ជាមួយ​បង​ភា​ ម៉ោង​៨​យប់​ខ្ញុំ​ក៏​អង្គុយ​លេង​ នៅ​ក្នុងផ្ទះ​ខ្ញុំ​ហើយ​អផ្សុក​មិនដឹង​ធ្វើ​អី​ ខ្ញុំ​ក៏​ក្រ​ឡេ​ង​ឃើញ​រូបភាព​មួយ​នៅ​ក្នុងផ្ទះ​ ហើយ​ក្រឡេក​ឃើញ​ម្ស៉ៅ​ផេ​សាត់​ អ​ញ្ចឹ​ង​ខ្ញុំ​សាក​តែង​រូប​ហ្នឹង​លេង​ ក៏​ផូស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ ទទួល​បានការ​គាំទ្រ​ច្រើន​»​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​លោក​បង្កើត​ថ្មី​នោះ​មានឈ្មោះ​ថា​ «​រំដួល​លិច​ទឹក​»​។​ លោក​ មិ​ញ​ ចាន់​វ៉ា​ន់​ដា​ ឱ្យ​ដឹង​ថា​ ឈ្មោះ​រំដួល​លិច​ទឹក​នេះ​ ត្រូវ​បាន​ដាក់​យ៉ាង​សម្រិតសម្រាំង​ ដោយ​លោក​យល់​ពាក្យ​ថា​រំដួល​លិច​ទឹក​គឺជា​ឈ្មោះ​មួយ​ប្លែក​ ហើយ​ផ្ការំដួល​ក៏​ជា​ផ្កា​តំណាង​ឱ្យ​ស្រុក​ខ្មែរ​ផង​ដែរ​។​

​រំដួល​លិច​ទឹក​ប្រាប់​បន្ត​ថា​ ការ​គាំទ្រ​របស់​មហាជន​ គឺជា​កម្លាំង​ជំរុញ​ចិត្ត​មួយ​ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​លោក​មាន​ទឹកចិត្ត​ក្នុង​ការ​បង្កើត​ស្តាយ​ប្លែកៗ​  គឺ​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ពី​ឪពុក​ម្តាយ​ និង​បងប្អូន​។​

​រំដួល​លិច​ទឹកបាន​និយាយ​ទៀត​ថា​ ទន្ទឹម​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហាជន​ ក៏​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​លោក​ ថា​ការ​តែងខ្លួន​របស់​លោក​បែប​នេះ​ដូច​មនុស្ស​ឆ្កួត​ផង​ដែរ​៖«​អ្នកខ្លះ​គេ​ថា​ខ្ញុំ​ឆ្កួត​ អ្នកខ្លះ​ធ្វើ​អី​ដូច​ឆ្កួតៗ​ ហើយ​អ្នកខ្លះ​ទៀត​គាត់​ក៏​ប្រើ​ពាក្យ​មិន​សមរម្យ​ អ្នកខ្លះ​គាត់​ក៏​ជេរ​ខ្ញុំ​ អ្នកខ្លះ​ទៀត​ថា​ខ្ញុំ​បំផ្លាញ​វប្បធម៌​បំផ្លាញ​អី​ ប៉ុន្តែ​មួយ​ចំនួន​ធំ​ គឺ​គាត់​ចូល​ចិត្ត​គាត់​គាំទ្រ​ខ្ញុំ​។​»​

Rumduol-Lech-Toek-2

អ្នកជំនាញ​ខាង​ផាត់មុខ​ ដែល​មានស្រុក​កំណើត​នៅ​ចាក់​អង្រែ​ក្រោម​រូប​នេះ​ បាន​និយាយ​បន្ត​ថា​ ការ​តែងខ្លួន​ ច្នៃ​ម៉ូ​ដ​សក់​ និង​មុខ​ ដោយ​យក​ផ្លែ​ឈើ​ និង​បន្លែស្រស់ៗ​ មក​តុបតែង​ បង្កើត​ឱ្យ​មាន​រូបរាង​ប្លែកៗ​ គឺ​បាន​ជួយ​រំឭក​ឲ្យ​កូន​ខ្មែរ​ស្គាល់​ពី​របស់របរ​ ឬ​បន្លែ​ផ្លែ​ឈើ​ដែល​ជា​របស់​ខ្មែរ​ឲ្យ​បាន​ស្គាល់​ និង​សឹងតែ​មិន​ដែល​ស្គាល់​ ឲ្យ​ពួក​គាត់​បាន​ស្គាល់​ឡើង​វិញ​។​

​រំដួល​លិច​ទឹក​បន្ត​ថា​ មិនតែប៉ុណ្ណោះ​សម្រាប់​បន្លែ​ផ្លែ​ឈើ​ និង​វត្ថុ​ផ្សេងៗ​ដែល​លោក​យក​មក​ពាក់​នៅ​ក្បាល​ យក​មក​ធ្វើ​ជា​ខ្សែ​ក​ ឬ​កងដៃ​ អី​នោះ​ គឺ​ចង់​បង្ហាញ​ទៅ​ដល់​មនុស្ស​មួយ​ចំនួន​ឱ្យ​បានដឹង​ថា​ របស់​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំង​អស់នោះ​ អាច​ឲ្យ​យក​មក​កែ​ច្នៃ​ជា​របស់​មាន​តម្លៃ​បាន​។​សម្រាប់​គោលដៅ​នា​ពេល​អនាគត​ តារា​ប្រជាប្រិយ​រូប​នេះ​ បាន​ប្រាប់​ថា​ លោក​ចង់​ក្លាយជា​អ្នកឯកទេស​ផាត់មុខ​ដ៏​ល្បី​ជាងគេ​នៅ​ក្នុងស្រុក​ខ្មែរ​ និង​នៅ​អន្តរជាតិ​។​ លោក​ថា​ បើ​ថ្ងៃក្រោយ​លោក​មាន​លទ្ធភាព​ លោក​នឹង​បង្កើត​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ផាត់មុខ​ និង​ច្នៃ​ម៉ូត​នេះ​ដល់​ក្មេង​ជំនាន់​ក្រោយ​។​

Romduol-lech-teuk-4

«​បងប្អូន​ប្រជាជន​ខ្មែរ​យើង​អ្នក​ណា​ក៏​ដោយ​ដែល​ចង់បាន​បទ​ពិសោធ​ពី​ខ្ញុំ​ ខ្ញុំ​នឹង​ផ្តល់​ជូន​ពួក​គាត់​។​ហើយ​មួយវិញទៀត​អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ​ ខ្ញុំ​ចង់​លើក​ស្ទួយ​ដល់​វិស័យ​ម៉ូត​ ស្រុក​ខ្មែរ​ យើង​ហ្នឹង​ឱ្យ​បរទេស​បានឃើញ​ថា​ ខ្មែរ​យើង​ក៏​មានគំនិត​ល្អ​ ក៏​មាន​អ្នកមាន​សមត្ថភាព​ដែរ​ មិនមែន​មាន​តែ​ខ្ញុំ​ទេ​ គឺ​មាន​ច្រើន​ទៀត​ ប៉ុន្តែ​គ្រាន់តែ​ថា​ពួក​គាត់​អត់​មានឱកាស​នឹង​បង្ហាញ​ មួយទៀត​គាត់​មិន​ហ៊ាន​នឹង​បង្ហាញ​ គាត់​ខ្លាចរអា​នឹង​ការ​បង្ហាញ​សមត្ថភាព​របស់​គាត់​ខ្លាច​បង្ហាញ​ទៅ​ គេ​រិះគន់​គេ​ថាឱ្យ​គាត់​។​ អ​ញ្ចឹ​ង​ខ្ញុំ​សំនូមពរ​ដល់​បងប្អូន​ទាំងអស់​គ្នា​ មុន​នឹង​ធ្វើការ​រិះគន់​ មុន​ធ្វើការ​បន្ទោស​បង្អាប់​ សូម​ឱ្យ​ពួក​គាត់​គិត​សារ​ឡើង​វិញ​ មុន​ពួក​គាត់​រិះគន់​គួរតែ​ប្រើ​ពាក្យ​សម្តី​មួយ​ដែល​សមរម្យ​ ហើយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ជួយ​ឱ្យ​យោបល់​ល្អ​ មិនមែន​រិះគន់​ក្នុង​ន័យ​ជាន់ពន្លិច​​»។

​រហូត​មក​ដល់​ថ្ងៃនេះ​ ស្នាដៃ​ម៉ូត​ប្លែក​ មិន​តិច​ជាង​១០០​ម៉ូត​ទេ​ ដែល​រំដួល​លិច​ទឹក​ បាន​ច្នៃ​ឡើង​ និង​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ហើយ​ម៉ូត​ដែល​ធ្វើ​ឱ្យ​ជាង​ផាត់មុខ​ធ្វើ​សក់​រូប​នេះ​ ទទួល​បាន​កេ​រិ៍្ត​ឈ្មោះ​ល្បី​សុះសាយ​ រហូត​ដល់​កាសែត​បរទេស​ចុះ​មក​សម្ភាសន៍​ដើម្បី​ផ្សព្វផ្សាយ​ផង​នោះ​ គឺ​ម៉ូត​មុន​ដំបូង​ ដែល​តែងខ្លួន​ជា​ម្ចាស់​ក្ស​ត្រី​ម្ស៉ៅ​ផេ​សាត់​ ម៉ូត​ត្រី​ និង​ម៉ូត​ទី​៣​ ដែល​ទទួល​បាន​ទាំង​ការ​គាំទ្រ​ខ្លាំង​ និង​ការ​រិះគន់​ គឺ​ម៉ូត​ស្លឹក​ត្នោត​ខ្មែរ​។​

​ចាប់តាំងពី​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​២០១៤​ រំដួល​លិច​ទឹក​ទទួល​បាន​ជ័យ​លោ​ភី​ និង​លិខិត​សរសើរ​ជា​ច្រើន​ ពី​អ្នកឯកទេស​កែ​សម្ផស្ស​ទាំង​នៅ​ក្នុងស្រុក​ និង​បរទេស​។​ ក្នុង​ឆ្នាំ​២០០៦​លោក​ទទួល​បាន​ជ័យ​លោ​ភី​លេខ​១​ ផ្នែក​ធ្វើ​ម៉ូត​សក់​ប្លែកៗ​នៅ​ក្នុងស្រុក​។​ ឆ្នាំ​២០១០​ទទួល​បាន​ជ័យ​លោ​ភី​លេខ​១​នៅ​ប្រទេស​ថៃ​ ផ្នែក​ផាត់មុខ​ធ្វើ​សក់​កូនក្រមុំ​ និង​លេខ​២​ ផ្នែក​ធ្វើ​ក្រចក​ និង​នៅ​ឆ្នាំ​២០១៣​ លោក​ទទួល​បាន​ជ័យ​លោ​ភី​លេខ​២​នៅ​ប្រទេស​ថៃ​ម្តងទៀត​ផ្នែក​ផ្នែក​កាត់សក់​បុរស​៕

Share

Image
Image
Image