en     km
en     km

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ បន្ត​មិន​ចូល​បំភ្លឺ​នាំ​ឱ្យ​មានការ​ចោទសួរ​ពី​អភ័យឯកសិទ្ធិ​សភា​ និង​ អំណាចតុលាការ

Share

​ភ្នំពេញ​៖​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​តុលាការ​សាលាដំបូង​កោះហៅ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​ឡើយ​ កាលពី​ព្រឹក​មិ​ញ​នេះ​។​  តំណាងរាស្ត្រ​ម្នាក់​ គឺ​លោក​ តុ​ប​ វ៉ា​ន់​ចាន់​ មិន​បាន​មក​បង្ហាញខ្លួន​ តាម​ការ​ហៅ​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ សៀង​ សុខ​ ពាក់ព័ន្ធ​អំពើ​ពេស្យាចារ​ លើ​ករណី​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ។​ ចំណែក​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មិន​ចូលខ្លួន​ដែរ​កាលពី​ថ្ងៃ​ទី​ ១១​ ខែឧសភា​ ដែរ​ ។​ ករណី​នេះ​ នាំ​ឱ្យ​មានការ​ចោទសួរ​ពី​ភាព​ងាយ​គ្រោះថ្នាក់​ចំពោះ​អ្នកតំណាង​រាស្ត្រ​ទាំងនេះ​ ពាក់ព័ន្ធ​នឹង​ការ​មិន​ធ្វើ​តាម​បង្គាប់​របស់​តុលាការ​ ។​ ថា​តើ​អ្នក​ច្បាប់​បកស្រាយ​ដូច​ម្ដេច​?​ ចុះ​មន្ត្រី​តុលាការ​មាន​វិធានការ​អ្វី​បន្ត​ទៀត​?​

 

court-of-phem-pen
សាលាដំបូងរាជធានីភ្នំពេញ / រូបតំណាង

​នៅ​ថ្ងៃ​ទី​១៦​នេះ​ ជា​ថ្ងៃ​កំណត់​ដែល​ព្រះរាជអាជ្ញា​រង​លោក​ សៀង​ សុខ​ កំណត់​ឲ្យ​លោក​ តុ​ប​ វ៉ា​ន់​ចាន់​ និង​ លោក​ ពិន​ រតនា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​បទល្មើស​ពេស្យាចារ​ តែ​ពួក​គេ​មិន​បាន​ចូល​តាម​ការ​កោះ​ឡើយ​។​

​ចំណែក​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី​ ១៧​ ស្អែក​នេះ​ ជុំវិញ​បទ​ចោទ​មួយ​គេ​ហៅ​ស​ញ្ជា​កម្ម​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ បើ​ថ្ងៃស្អែក​ លោក​មិន​បាន​ទៅ​កាន់​តុលាការ​ គឺជា​លើក​ទី​ ២​ ហើយ​ ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​មាន​អភ័យឯកសិទ្ធិ​រូប​នេះ​ ច្រានចោល​ដីកា​កោះហៅ​របស់​តុលាការ​។​

​បើ​ដូចនេះ​ តើ​តុលាការ​ត្រូវ​បន្ត​នីតិវិធី​ដូច​ម្ដេច​ ?
​លោក​ លី​ សុ​ផា​ណា​ អ្នក​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃនេះ​ថា​ ចំពោះ​ចំណាត់ការ​លើ​បណ្ដឹង​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ប្ដឹង​លោក​ កឹ​ម​ សុខា​ លោក​មិន​អាច​ជម្រាប​ឲ្យ​ដឹង​ទេ​ ព្រោះ​សំណុំរឿង​នេះ​គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​ជា​ឆន្ទា​នុ​សិទ្ធ​របស់​ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​នេះ​។​ អ្នកនាំ ពាក្យ​បន្ថែម​ថា​ លោក​នឹង​ជូនដំណឹង​នៅ​ពេល​ព្រះរាជអាជ្ញា​រង​សម្រេច​ថា​ នឹង​មាន​យន្ដការ​អ្វី​ជា​បន្ដ​គឺ​ស្រប​ទៅ​តាម​នីតិវិធី​។​

​លោក​ លី​ សុ​ផា​ណា​៖​«​ខ្ញុំ​សូម​ជម្រាប​យ៉ាង​ខ្លី​ថា​ ព្រះរាជអាជ្ញា​រង​ដែល​គាត់​កាន់​សំណុំរឿង​ គាត់​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ករណី​ហ្នឹង​ ហើយ​បើ​គាត់​សម្រេច​យ៉ាងណា​គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​គាត់​ដែល​គោរព​តាម​នីតិវិធី​ ហើយ​ខ្ញុំ​នឹង​ជូន​ព័ត៌មាន​នេះ​នៅ​ពេល​ដែល​គាត់​សម្រេចចិត្ដ​»​។​

​ជុំវិញ​រឿង​នេះ​ វិទ្យុ​ស្ដ្រី​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​នៅ​ថ្ងៃនេះ​។​ ក៏​ប៉ុន្ដែ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​ ០៤​ ឧសភា​ កន្លង​ទៅ​បាន​បញ្ជាក់​គោល​ជំហ​ថា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ទៅ​តាម​ដីកា​រកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​រំលោភ​បំពាន​ច្បាប់​នោះ​ឡើយ​។​

​ចុះ​ចំណែក​អ្នក​ច្បាប់​ និង​ជា​មេធាវី​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​អំពី​កិច្ចការ​ច្បាប់​ មានការ​បកស្រាយ​ដូច​ម្ដេច​ ចំពោះ​ករណី​របស់​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ​ ដែល​ពួក​គេ​មាន​អភ័យឯកសិទ្ធិ​សភា​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​មាត្រា​ ៨០​ ។​

​លោក​មេធាវី​ ហុង​ គឹ​ម​សួន​ បាន​ពន្យល់​ថា​ ប្រសិនជា​ការ​ប្រព្រឹត្ដ​បទល្មើស​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ថ្នាក់​ម​ជ្ឈឹ​ម​ធ្ងន់ធ្ងរ​ ឬ​ ថ្នាក់​ឧក្រិដ្ឋ​ទេ​ នោះ​វា​គឺ​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ​ ហើយ​ប្រ​សិន​ព្រះរាជអាជ្ញា​មាន​លិខិត​អញ្ជើញ​ហើយ​គាត់​មិន​ព្រម​ចូលខ្លួន​តាម​លិខិត​នោះ​ទេ​ ព្រះរាជអាជ្ញា​គ្មាន​សិទ្ធិ​ចេញ​ដីការ​នាំ​ខ្លួន​ឬ​ចាប់ខ្លួន​ឡើយ​។​

​លោក​មេធាវី​បន្ថែម​ថា​ អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ចេញ​ដីការ​នាំ​ខ្លួន​ ដីការ​ចាប់ខ្លួន​ នៅ​ពេល​ដែល​មាន​ដីការ​អញ្ជើញ​ម្ដង​ ពីរ​ដង​មិន​ព្រម​ចូលខ្លួន​ទៀត​នោះ​គឺ​មាន​តែ​ចៅក្រម​ស៊ើបអង្កេត​ប៉ុណ្ណោះ​។​

​លោក​ថា​ ជុំវិញ​បញ្ហា​ដីកា​អញ្ជើញលោក​ កឹ​ម​ សុខា​ ទាំង​មាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ដ្រ​ដោយ​ច្បាប់​បាន​ទទួលស្គាល់​ហើយ​នោះ​ ករណី​មិនមែន​ជា​បទល្មើស​ឧក្រិដ្ឋ​គឺ​ ការ​ចោទប្រកាន់​របស់​តុលាការ​ត្រូវ​ស្នើ​សុំ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ធ្វើការ​ចោទប្រកាន់​ជា​មុន​សិន​ ហើយ​ប្រសិនបើ​មិន​ដក​អភ័យឯកសិទ្ធិ​តាម​មាត្រា​ ៨០​ នៃ​រដ្ឋ​ធម្មនុញ្ញ​គឺជា​ការ​បំពាន​ច្បាប់​។​

​លោក​មេធាវី​ ហុង​ គឹ​ម​សួន​៖​​«​ គាត់​ (​លោក​ កឹ​ម​ សុខា​)​ ដែល​ជា​តំណាងរាស្ដ្រ​មាន​អភ័យ​ឯក​សិទ្ធ​ដែល​ច្បាប់​ទទួលស្គាល់​ហើយ​កាលណា​ មិនមែន​ជា​បទ​ល្មើ​ល​ឧក្រឹដ្ឋ​ឬ​បទ​ល្មើ​ម​ជ្ឈឹ​ម​ធ្ងន់ធ្ងរ​ទេ​នោះ​។​ ការ​ចោទប្រកាន់​របស់​តុលាការ​ត្រូវ​ធ្វើការ​ស្នើ​សុំ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ជា​មុន​សិន​ ប្រសិនជា​មិន​ធ្វើការ​ស្នើ​សុំ​ដក​អភ័យឯកសិទ្ធិ​តាម​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ទេ​គឺជា​ការ​បំពាន​ច្បាប់​»​។​

​នៅ​ថ្ងៃ​ទី​ ១៦​ ឧសភា​នេះ​ តំណាងរាស្ដ្រ​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​កោះ​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​រកោះ​របស់​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​រួម​មាន​លោក​ តុ​ប​ វ៉ា​ន់​ចាន់​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ដកណ្ដាល​ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​ ៩​ ព្រឹក​ថ្ងៃ​ទី​ ១៦​ ឧសភា​ រីឯ​លោក​ ពិន​ រតនា​ តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដបាត់ដំបង​ ឲ្យ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​ ៤៖​ ៣០​ នាទី​រសៀល​ថ្ងៃ​ទី​ ១៦​ ឧសភា​ នេះ​ដូច​គ្នា​ដែរ​ ក្នុង​នាម​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​អំពើ​ពេស្យាចារ​ដែល​មាន​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ជា​ជន​រង​គ្រោះ​។​ ប៉ុន្តែ​លោក​ តុ​ប​ វ៉ា​ន់​ចាន់​ មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​រង​រូប​នេះ​ទេ​ ។​

ករណី​នេះ​កំពុង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​សង្គម​ក្នុង​ការ​អនុវត្តិ​នីតិរដ្ឋ​។​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​ទទួលស្គាល់​ថា​ កម្ពុជា​នៅ​ពុំ​ទាន់​មាន​នីតិរដ្ឋ​ត្រឹមត្រូវ​ឡើយ​ ។​ ពួក​គាត់​ថា​ ការ​បកស្រាយ​ច្បាប់​ហាក់​មិន​បាន​ឈរ​លើ​គោលការណ៍​ ត្រឹមត្រូវ​ឡើយ​ ខណៈ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ ត្រូវ​បាន​យក​មក​បកស្រាយ​ទៅ​តាម​កាលៈទេសៈ​ដែល​ក្រុម​នីមួយៗ​ចង់បាន​ ៕​

Share

Image
Image
Image