en     km
en     km

តំណាង​ព្រះ​វិ​រ​មាតា​ជាតិខ្មែរ​ថា​ ព្រះ​អង្គ​មានការ​សោកស្ដាយ​ចំពោះ​ មរណភាព​លោក​ កែម​ ឡី​

Share

​ភ្នំពេញ៖ ព្រះ​អង្គ​ម្ចាស់​ ស៊ី​ សុវត្ថិ​ធ​ម្មិ​កោ​ ដែល​តំណាង​ឲ្យ​ព្រះ​វិ​រ​មាតា​ជាតិខ្មែរ​ បាន​យាង​មក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ របស់​លោក​បណ្ឌិត​ កែម​ ឡី​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​នេះ​ ដោយ​មាន​នាំ​រាជបន្ទូល​ថា​ព្រះ​អង្គ​មានការ​សោកស្ដាយ​ចំពោះ​អ្នកវិភាគ​រូប​នេះ​ដែល​បាន​មរណកាល​ដោយ​អំពើ​ឃាតកម្ម​។​

thomkor
​ ព្រះ​អង្គ​ម្ចាស់​ ស៊ី​ សុវត្ថិ​ធ​ម្មិ​កោ​ តំណាង​ឲ្យ​ព្រះ​វិ​រ​មាតា​ជាតិខ្មែរ​

ព្រះ​អង្គ​ម្ចាស់​ ស៊ី​ សុវត្ថិ​ធ​ម្មិ​កោ​ មាន​ព្រះ​បន្ទូល​ដូចនេះ​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជូន​ចំពោះ​លោក​បណ្ឌិត​ កែម​ ឡី​ និង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ដែល​បាន​សាកសួរ​ព្រះ​អង្គ​។​ព្រះ​អង្គ​ មាន​ព្រះ​បន្ទូល​ទៀត​ថា​ ព្រះ​វិ​រ​មាតា​ជាតិខ្មែរ​ជួយ​ធានា​ចំពោះ​ការ​ខ្វះខាត​ទាំងឡាយ​របស់​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​។​

​ទន្ទឹម​និង​នេះ​ដែរ​ព្រះ​អង្គ​ម្ចាស់​ ស៊ី​ សុវត្ថិ​ធ​ម្មិ​កោ​ ក៏​សម្ដែង​ការ​សោកស្ដាយ​ដោយ​ផ្ទាល់​របស់​ព្រះ​អង្គ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត​ កែម​ ឡី​។​ ប៉ុន្ដែ​ព្រះ​អង្គ​មាន​បន្ទូល​ថា​ក្រោយ​ពេល​ចប់​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ លោក​នឹង​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួន​ចំពោះ​អំពើ​ឃាតកម្ម​នេះ​។​

​តាម​គណ​ក​ម្មា​ការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ មាន​អង្គការ​ជាតិ​ និង​អន្ដរជាតិ​ ជា​ច្រើន​បាន​ចូល​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ហើយ​ក្នុង​នោះ​មាន​តំណាង​ទូត​ជិត​ ១០​ស្ថានទូត​បាន​មក​ចូលរួម​ពិធី​នេះ​ផង​ដែរ​។​ ​ពួក​គាត់​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​បាន​បាត់បង់​ជីវិត​និង​ថ្កោលទោស​អំពើ​ឃាតកម្ម​។​

​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ ជា​អ្នកវិភាគ​ឯករាជ្យ​និង​ជា​អ្នក​រិះគន់​ឥត​សំចៃ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១០​ កក្កដា​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ម្ដុំ​ស្ដុ​ប​ បូ​គោ​ ។​ បុរស​ដែល​អះអាង​ថា​ បាន​បាញ់​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ មនុស្សឃាត​គិត​ទុកជា​មុន​៕

Share

Image
Image
Image