en     km
en     km

តំណាងស្រូវអង្ករកម្ពុជាសុំឱ្យបារាំងជួយសុំឱ្យEUកុំយកថ្លៃពន្ធនាំចូលអង្ករពីកម្ពុជាចូលផ្សារអឺរ៉ុប

Share

លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលជួប ជួប​ប្រជុំ​ជា​មួយលោក PHILIPPE BAUDRY ប្រធានការិយា ល័យរតនាគារបារាំងប្រចាំនៅកម្ពុជា និងទ្បាវ ពិភាក្សាស្តីពី«ករណីសហគមន៍អឺរ៉ុប គ្រោងដកការលើកលែងពន្ធការនាំចូលអង្ករពីកម្ពុជា»។

តាមការចុះផ្សាយរបស់សារព័ត៌មានមួយស្និទ្ធនឹងរដ្ឋាភិបាល គឺក្នុងជំនួបនោះ ធ្វើឡើងកាលពីថ្ងៃទី ៣ធ្នូ ម្សិលមិញនេះ។

លោក សុខ ពុទ្ធិវុធ បានលើកពីចំណុចមិនសមហេតុផល ករណីសហភាពអឺរ៉ុបលើកសំណើដាក់ពន្ធលើអង្ករកម្ពុជា តាមសំណើររបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ។

លោក សុខ ពុទ្ធិវុធ ក៏បានលើកទ្បើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យស្រូវអង្ករ ការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងៗ។ ព្រមទាំងបានបញ្ជាក់ដែរថា តាមរយៈការសហការគ្នារវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងក្រសួងពាណិជ្ជកម្ម កំពុងតែសិក្សាដើម្បីចុះ GI (ម៉ាកសម្គាល់ភូមិសាស្ត្រ) លើការដាំដុះស្រូវរបស់កម្ពុជា ក៏ដូចជាការពង្រឹងទៅលើគុណភាពនៃការផលិត រហូតដល់ទីផ្សារដែលបង្កើតនូវម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ធានានូវទំនុកចិត្តនិងគុណភាពអង្ករកម្ពុជា ដែលមានស្តង់ដារខ្ពស់សម្រាប់នាំចេញផងដែរ។

លោកបានលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម និងខាងគយ ក្នុងការរៀបចំលេខកូដនាំចេញអង្ករកម្ពុជា ឲ្យកាន់តែមានភាពប្រសើរជាងមុន និងញែកឲ្យដាច់ពីប្រភេទអង្ករផងដែរ។

លោក ប៉ែន សុវិជាតិ តំណាងក្រសួងពាណិជ្ជកម្មក៏បានសំណូមពរដល់សហគមន័អឺរ៉ុប (EU) ផងដែរថាប្រសិនបើសហគមន៍អឺរ៉ុប ពិតជាដាក់នូវវិធានការដកហូត ពន្ធលើការនាំចូលអង្ករពីកម្ពុជាពិតមែន ហាក់បីដូចជាបំផ្លាញនូវអ្វីទាំងអស់ ដែលសហគមន៍ ក៏ដូចជាបណ្តារប្រទេសមួយចំនួនកន្លងមកធ្លាប់ជួយមកលើកម្ពុជា ជាពិសេស គឺតាមរយៈគម្រោងរបស់ទីភ្នាក់សម្រាប់ការអភិវឌ្ឍន៍បារាំង (AFD) ដែលបានជួយមកលើកម្ពុជា។

ក្នុងកិច្ចពិភាក្សានោះ លោក PHILIPPE BAUDRY តំណាងស្ថានទូតបារាំងបានឆ្លើយតបថា លោកនឹងជួយពាំនាំនូវសំណើក៏ដូចជាសារពីខាងតំណាងភាគីកម្ពុជា ជម្រាបជូនទៅខាងលោកស្រីអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក៏ដូចជារដ្ឋាភិបាលបារាំង។

តែសូមជម្រាប់ថា ការស្នើរបស់តំណាងស្រូវអង្ករកម្ពជាមុនមួយថ្ងៃ ដែលសហគមន៍អឺរ៉ុបនឹងបោះឆ្នោតសម្រេចថាត្រូវដកការលើកលែងពន្ធដារលើអង្ករកម្ពុជា ឬមិនដក ត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

កម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការដកប្រព័ន្ធការអនុគ្រោះពន្ធEBA នៅដើមឆ្នាំក្រោយនេះ។ បើករណីនេះ កើតមានមែន គឺកម្ពុជានឹងខាតបង់ប្រាក់ពន្ធទំនិញចូលអឺរ៉ុបប្រមាណជាជិត ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ។ ទំនិញដែលកម្ពុជានាំចូលទីផ្សាយអឺរ៉ុបធំជាងគេ គឺសំលៀកបំពាក់និងផលិតផលស្បែកជើង៕

 

Share

Image
Image
Image