en     km
en     km

តំណាងរាស្ត្រ​ CNRP​ មិន​យល់​ស្រប​ពី​តួលេខ​ដែល​នាំ​ខ្សាច់​ទៅ​លក់​នៅ​សិង្ហ​បូ​រី​ដែល​រដ្ឋមន្ត្រី​ម្នាក់​មក​បំភ្លឺ​?

Share

​ភ្នំពេញ​៖​ លោក​ ហូ​ វ៉ា​ន់​ ប្រធាន​គណៈកម្មការ​ទី​១០​ នៃ​រដ្ឋសភា​បាន​ប្រាប់​អ្នក​សារព័ត៌​ថា​ លោក​មិន​ទាន់​អាច​ទទួលយក​បាន​ទេ​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហ​បូ​រី​។​ ករណី​នេះ​លោក​បាន​ស្នើ​ដល់​រដ្ឋមន្ដ្រី​ សិក្សា​ឡើង​វិញ​ពី​គម្លាត​នៃ​តួលេខ​នាំ​ខ្សាច់​ពី​កម្ពុជា​។​

លោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា
លោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា
ចំណែក​អ្នក​តាមដាន​គណនេយ្យ​ភាព​សង្គម​កម្ពុជា​យល់​ថា​ បើ​ចង់​ឲ្យ​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​រដ្ឋាភិ បាល​ត្រូវ​បង្កើត​ក្រុម​គណៈកម្មការ​ជំនាញ​ដោយ​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្ទាល់​។

​ក្រោយ​ពី​ជំនួប​បិទទ្វារ​វាង​ប្រធាន​គណៈកម្មការ​អង្កេត​ បោសសំអាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ​ ជាមួយ​លោក​ ស៊ុ​យ​ សែន​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ ដែល​ទៅ​បំភ្លឺ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហ​បូ​រី​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៥​ ធ្នូ​ នេះ​រួច​ហើយ​លោក​ ហូ​ វ៉ា​ន់​ បាន​ឲ្យ​ដឹង​ថា​ គណៈកម្មការ​របស់​លោក​បាន​ស្នើ​ឲ្យ​រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​ ធ្វើការ​សិក្សា​ជា​ថ្មី​ឡើង​វិញ​ពី​តួលេខ​ដែល​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង​នេះ​។​ លោក​ ហូ​ វ៉ា​ន់​ បន្ត​ថា​ តួលេខ​កម្ពុជា​នាំ​ខ្សាច់​ចេញ​មាន​តែ​ជាង​ ពីរ​លាន​តោន​ប៉ុណ្ណោះ​ ក៏​ប៉ុន្ដែ​តួលេខ​ដែល​សិង្ហ​បូ​រី​ កត់ត្រា​គឺ​បញ្ជាក់​ថា​ ខ្លួន​បាន​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​រហូត​ដល់​ជាង​ ៧០​ លាន​តោន​។​ លោក​ ហូ​ វ៉ា​ន់​៖«​គណៈកម្មការ​យើង​បាន​ស្នើ​សុំ​ឲ្យ​ឯកឧត្ដម​រដ្ឋមន្ដ្រី​រក​វិធី​ណា​ ដើម្បី​ឲ្យ​តួលេខ​នេះ​កុំ​ឲ្យ​ឃ្លាត​គ្នា​ឆ្ងាយ​ចឹ​ង​ពេក​ មួយ​ ២​លាន​ មួយ​ ៧០​លាន​តោន​ ជាង​ដូច្នេះ​វាយ​ឆ្ងាយ​ពី​គ្នា​ពេក​ ហើយ​ឯកឧត្ដម​រដ្ឋមន្ដ្រី​គាត់​ក៏​ទទួលយក​ដែល​អ្វី​ដែល​យើង​ជម្រាប​ហ្នឹង​»​។​

​លោក​ ហូ​ វ៉ា​ន់​ ក៏​សង្កត់ធ្ងន់​ផង​ដែរ​ថា​ បើកាលណា​ ករណី​នេះ​មិន​ប្រក្រតី​ហើយ​តួលេខ​ខុស​គ្នា​ខ្លាំង​ដូចនេះ​គឺ​វា​ជា​ការ​ប៉ះពាល់​ទៅ​ដល់​ចំណូល​ដែល​ត្រូវ​បង់​ចូល​រដ្ឋ​។​

លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពកម្ពុជា
លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពកម្ពុជា
ចំណែក​លោក​ សន​ ជ័យ​ នាយ ក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ដែល​បាន​តាមដាន​នឹង​ស្រាយ​ជ្រាវ​រឿង​នេះ​យល់​ថា​ ករ ណី​លក់​ខ្សាច់​របស់​កម្ពុជា​នេះ​គឺជា​រឿង​ដែល​មាន​ភាព​ចម្រូងចម្រាស់​ខ្លាំង​មួយ​ព្រោះ​ពាក់ព័ន្ធ​នឹង​ចំណូល​របស់​រដ្ឋ​។​ លោក​ផ្ដល់​អនុសាសន៍​ថា​ ដើម្បី​បង្ហាញ​ភាព​ច្បាស់លាស់​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើត​ក្រុមការ ងារ​ធំ​មួយ​ដែល​មាន​សមាសភាព​អ្នកចូលរួម​គ្រប់​ភាគី​ទាំងអស់​ដើម្បី​សិក្សា​រឿង​នេះ​។​ លោក​ សន​ ជ័យ​៖«​អ​ញ្ចឹ​ង​បើ​យើង​មើល​ពី​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​មួយ​មុខក្រសួង​នេះ​សមត្ថកិច្ច​ក៏​មាន​កម្រិត​ដែរ​ បើ​ចង់​ច្បាស់​ទាំងអស់​គ្នា​គឺ​ត្រូវ​បង្កើត​ជា​ក្រុម​ធំ​មួយ​ដើម្បី​ជជែក​គ្នា​ ដើម្បី​ស្វែងរក​ប្រភព​ផ្សេងៗ​ស្ដី​ពី​ការ​នាំ​ខ្សាច់​ទៅ​សាំង​ហ្គា​ពួ​»​។

​យ៉ាងណា​នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​រូប​នេះ​រម្លឹក​ថា​ កាលពី​ពេល​ថ្មីៗ​ទៅ​នេះ​ ខណៈ​ដែល​លោក​ និង​រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​ ក៏​ដូច​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ចុះ​ទៅ​ពិនិត្យ​សា​ឡង់​បូម​ខ្សាច់​នៅ​ខេត្ដកោះកុង​ គឺ​បាន​ប្រទះ​ឃើញ​កន្លែង​ដែល​បូម​ខ្សាច់​នោះ​ខុស​ពី​តំបន់​អាជ្ញាប័ណ្ណ​ពិតមែន​។​ លោក​បន្ដ​ថា​ ក្រោយ​ពី​ឃើញ​ស្លាកស្នាម​នៃ​ការ​បូម​ខ្សាច់​ខុស​កន្លែង​អាជ្ញាប័ណ្ណ​នោះ​ក្រសួង​រ៉ែ​ក៏​បាន​អះ អាង​ថា​ នឹង​ចាត់វិធានការ​ណ៍​រឿង​នេះ​ជា​បន្ដបន្ទាប់​។​ តែ​យ៉ាងណា​លោក​ សង្ឃឹមថា​ ករណី​នេះ​ក្រសួង​ នឹង​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​។​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​រដ្ឋមន្ត្រី​ស៊ុ​យ​សែ​ម​បាន​ទេ​ នៅ​ថ្ងៃនេះ​ខណៈ​អ្នក​សារព័ត៌​មានបាន​ដេញ​តាម​សួរ​លោក​នៅ​មន្ទីរ​រដ្ឋសភា​ តែ​លោក​មិន​បាន​ឆ្លើយ​អ្វី​ឡើយ​។​

​គួរ​បញ្ជាក់​ថា​ បើ​យោង​តាម​ទិន្នន័យ​ ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ ការ​នាំ​ខ្សាច់​ចេញពី​កម្ពុជា​គឺ​មាន​បរិមាណ​សរុប​ចំនួន​ប្រមាណ​ ២,៨​ លាន​តោន​ ក្នុង​តម្លៃ​ ៥,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ នៅ​ចន្លោះ​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥​។​ ក៏​ប៉ុន្តែ​បើ​យោង​តាម​ប្រព័ន្ធ​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការសហប្រជាជាតិ​ ការ​នាំ​ខ្សាច់​ពី​កម្ពុជា​ទៅ​ប្រទេស​សិ​ង្ហា​បូ​រី​មាន​ចំនួន​ ៧២,៨​ លាន​តោន​ដែល​តួលេខ​នេះ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​៕

Share

Image
Image
Image