en     km
en     km

តើ​មូលហេតុ​អ្វី​បានជា​ប្រេងសាំង​នៅ​កម្ពុជា​មិន​អាច​ចុះថ្លៃ​ ខណៈ​សាំង​ពិភពលោក​ធ្លាក់​ចុះ​?

Share

គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែមករា​ ម្សិលមិញ​នេះ​ តម្លៃ​ប្រេងសាំង​ពិភពលោក​បាន​ និង​កំពុង​ធ្លាក់​ចុះ​ត្រឹម​ ៣២​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងសាំង​នេះ​ ហាក់​មិន​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុ​ជាមួយ​ចំនួន​ បញ្ចុះ​ថ្លៃ​ប្រេងសាំង​ទៅ​តាម​តម្លៃ​ទីផ្សារ​ប្រេង​ពិភពលោក​នៅឡើយ​។​ តើ​មូលហេតុ​អ្វី​បានជា​ប្រេងសាំង​នៅ​កម្ពុជា​មិន​អាច​ចុះថ្លៃ​បាន​?

cover-Total-Gas-Station-by-Ung-Kim-Oan
​តម្លៃ​ប្រេងសាំង​នៅ​តាម​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ នៅ​មាន​តម្លៃ​ទ្រឹង​ដដែល​ បើ​ទោះបីជា​តម្លៃ​ប្រេងសាំង​ពិភពលោក​ បាន​នឹង​កំពុង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​ តម្លៃ​សាំង​មិន​ធ្លាក់​ចុះ​នេះ​ បាន​ក្លាយជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​ប្រជា​កសិករ​។​

​អ្នក​សិក្សា​ស្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ បានឱ្យ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​  ដឹង​នៅ​ថ្ងៃ​ទី​១៤​ មក​រា​ ឆ្នាំ​២០១៦​ នេះ​ថា​ តាម​ការ​អង្កេត​របស់​លោក​ឃើញ​ថា​ តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​ជិតខាង​ បាន​នឹង​កំពុង​ធ្លាក់​ចុះ​ទៅ​តាម​តម្លៃ​ទីផ្សារ​ប្រេងសាំង​ពិភពលោក​ហើយ​ ដោយឡែក​នៅ​កម្ពុជា​នៅ​មិន​ទាន់​បាន​ធ្លាក់​ចុះ​នៅឡើយ​។​

​លោក​ មាស​ នី​ យល់​ថា​ បញ្ហា​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ មិន​អាច​បញ្ចុះ​ថ្លៃ​ទៅ​តាម​តម្លៃ​ទីផ្សារ​ពិភពលោក​បាន​ គឺ​ដោយសារ​ការ​យកពន្ធ​នាំ​ចូល​ប្រេង​ឥន្ទ​នៈ​មាន​តម្លៃ​ខ្ពស់​ជាងគេ​ពេក​ បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ ដូច​ជា​ប្រទេស​ថៃ​ និង​វៀតណាម​។​

យ៉ាងណា​ក៏​ដោយ​ លោក​ មាស​ នី​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ ត្រូវ​តែ​មាន​យន្តការ​យ៉ាងណា​ ធ្វើ​ឱ្យ​តម្លៃ​ប្រេងសាំង​មានការ​បត់បែន​ទៅ​តាម​តម្លៃ​ទីផ្សារ​ប្រេងសាំង​អន្តរជាតិ​ ដើម្បី​ធានា​ថា​ ជីវភាព​របស់​ប្រជា​ពល​បាន​សមរម្យ​។​

​លោក​ មាស​ នី​ បានឱ្យ​ដឹង​ថា​៖​ «​នេះ​ជា​ក្តី​កង្វល់​ពលរដ្ឋ​យើង​ ខ្ញុំ​គិត​ថាឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​កំណែទម្រង់​យ៉ាងណា​ទៅ​លើ​តម្លៃ​សាំង​ ឱ្យ​មានការ​បត់បែន​ទៅ​តាម​ទីផ្សារ​អន្តរជាតិ​»​។​

​ចំណែក​លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​បានឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ក្រុមហ៊ុន​ប្រេងសាំង​នៅ​កម្ពុជា​ មិន​ទាន់​ទម្លាក់​ថ្លៃ​ទៅ​តាម​ទីផ្សារ​អន្តរជាតិ​ គឺ​អាច​បណ្តាល​មក​ប្រេង​ស្តុក​ទុក​របស់​ក្រុមហ៊ុន​នីមួយៗ​ មិន​ទាន់​បាន​លក់​ចេញ​អស់​ ហើយ​បើ​ក្រុមហ៊ុន​បញ្ចុះ​ថ្លៃ​ អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ខាតបង់​ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​អាច​បញ្ចុះតម្លៃ​ភ្លាមៗ​បាន​។​

លោក​ គី​ សេរី​វឌ្ឍន៍​ បន្ត​ថា​ មូលហេតុ​មួយទៀត​គឺ​ ដោយសារ​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​នៅ​ក្នុងស្រុក​ ជា​ក្រុមហ៊ុន​បែប​សហការ​គ្នា​ មាន​ន័យ​ថា​ ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ជា​អ្នក​កំណត់​ថ្លៃ​លក់​ ពោល​គឺ​មិនមែន​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ជា​អ្នក​កំណត់​ថ្លៃ​លក់​នោះ​ទេ​។​

លោក​ សេរី​វឌ្ឍន៍​ មាន​ជំនឿ​ថា​ រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​តម្លៃ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា​បាន​ ប្រសិនបើ​កម្ពុជា​បង្កើត​ឱ្យ​មានច្បាប់​ សម្រាប់​ធ្វើការ​ប្រកួត​ប្រ​ជែក​ឱ្យ​បាន​ត្រឹមត្រូវ​ និង​តម្លាភាព។ ​លោក​ សេរី​វឌ្ឍន៍​ មាន​ប្រសាសន៍​ថា​៖​ «​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុង​យើង​ជា​ ក្រុមហ៊ុន​បែប​សហការ​ អ​ញ្ចឹ​ង​ពីរ​នាក់​ហ្នឹង​សហ​ការណ៍​គ្នា​កំណត់​ថ្លៃ​លក់​ គឺ​តម្លៃ​ប្រេង​មិនមែន​ម្ចាស់​ស្ថានីយ​ជា​អ្នក​កំណត់​ទេ​ គឺ​ក្រុមហ៊ុន​ កំណត់​ឱ្យ​លក់​»​។

គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​មក​ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា​  រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​រូបមន្ត​មួយ​ ក្នុង​ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ដើម្បី​ធានា​តម្លៃ​មួយ​ដែល​សម​ស្រប​ ទៅ​នឹង​ទីផ្សារ​អន្តរជាតិ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ កាលពី​កំលុង​ខែ​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​ ២០១៥​ កន្លង​មក​ ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចុះតម្លៃ​ចំនួន​ ១០០​ រៀល​ ក្នុង​ ១​លី​ត្រ​ បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​សម្តេច​ ហ៊ុន​ សែន​។

​កាលពី​កំលុង​ខែតុលា​ ឆ្នាំ​មុន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងនោះ​ដោយ​ផ្ទាល់​ ដើម្បី​ជជែក​ពី​តម្លៃ​ប្រេងឥន្ធនៈ​នេះ​ផង​ដែរ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ នៅ​តែ​ទ្រឹង​ដដែល​ បើ​ទោះបីជា​តម្លៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក៏​ដោយ​៕

Share

Image
Image
Image