en     km
en     km

តើវៀតណាមនឹងបោះជំហានប្រជែងនិងចិនករណីសមុទ្រចិនខាងត្បូងដែរឬ?

Share

ក្រុងវ៉ាស៊ីនតោន៖  តើអ្វីជាមហិច្ចតាពិតប្រាកដរបស់ចិនលើសមុទ្រចិនខាងត្បូង? គ្មានឡើយចម្លើយពិតប្រាកដ​ តែគេអាចយល់បានថា តំបន់ឈូងសមុទ្រចិនខាងត្បូងនេះគឺជាគ្រាប់គុជដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់បក្សកុម្មុយនីស្តចិន។ វៀតណាមក៏នៅមិនស្ងៀមបានឡើយ ហើយក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត ដើម្បីរារាំងនូវការឈ្លានពានយ៉ាងគគ្លើនរបស់ចិន ខណៈពេលដែលអាមេរិកកំពុងដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយកសាងមូលដ្ឋានទ័ពដើម្បីការពារសន្តិសុខ។

យោងតាមរបាយការណ៍របស់ Marine Traffic បានឲ្យដឹងថា ក្រុមនាវាដឹកប្រេងចិនមួយបានធ្វើប្រតិបត្តិការខួងយកប្រេងក្បែរតំបន់សមុទ្រទឹកជ្រៅ Macclesfield Bank ដែលជាដែនសមុទ្ររវាងប្រទេសវៀតណាម និង ម៉ាឡេស៊ី។ នេះមិនមែនជាលើកទីមួយទេ ដែលនាវាចិនធ្វើប្រតិបតិ្តការយ៉ាងគគ្លើន ហើយគម្រាមកំហែងដល់ដែនសមុទ្រវៀតណាម។

នៅឆ្នាំ ២០១៤ នាវាខួងយកប្រេងរបស់ចិនឈ្មោះ Haiyang Dizhi 981 បំពាក់ដោយអាវុធគ្រប់ដៃ អមនឹងនាវាយោធារបស់ចិនមួយគ្រឿង បានចូលសំចតខួងយកប្រេងនៅតំបន់ដែនទឹករបស់វៀតណាម ហើយធ្វើប្រត្តិបត្តិការ ថែមទាំងបង្ហាញសាច់ដុំគម្រាមកំហែងនាវាវៀតណាមនៅជិតនោះ។ តែយ៉ាងណាករណីនេះ គឺចិនហ៊ានទាំងព្រហើនដាក់ទាំងម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីទៀតផង។

ប្រភពរូបភាព៖ Google Image

ក៏ប៉ុន្តែគេអាចនិយាយបានថា វៀតណាមគឺជាសមាជិកនៃប្រទេសសមាគមន៍អាស៊ាន។ វៀតណាមគឺជាគ្រាប់អុកសំខាន់នៅលើកត្តាភូមិសាស្រ្តនយោបាយដែលមានជំហររឹងមាំប្រជែងនិងចិននៅលើសមុទ្រចិនខាងត្បូង។ ក្នុងឆ្នាំ ២០២០នេះ វៀតណាមនឹងក្លាយជាប្រធាននៃសមាគមន៍អាស៊ាន ហើយមានអាសនៈជាសមាជិកអចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ម្លោះហើយ ចិនដឹងខ្លួនថា នេះគឺជារឿងដ៏លំបាក ព្រោះបើកាលណាធ្វើទុក្ខបុកម្នេញវៀតណាមខ្លាំង ទីក្រុងហាណូយរឹតខិតទៅជិតអាមេរិកជាដើម។

ការណ៍នេះ វៀតណាមអាចការពារខ្លួនឯងបានផង ថែមទាំងប្រជែងជាមួយចិនបានទៀតផង លើអភិក្រមការពារបូរណភាពទឹកដី ដោយចងប្រទេសក្នុងសមាគមន៍អាស៊ាននូវស្មារតីឲ្យរឹងមាំការពារការវាតទីពីសំណាក់ប្រទេសចិន។

បើទោះជាលំបាកក្តី ថ្នាក់ដឹកនាំចិននៅតែយល់ថា ការដែលយកមូលហេតុនៃអភិក្រមចងឡើងដោយសមាគមន៍អាស៊ាន ក៏អាចរុញអាមេរិកចេញមិនឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងនៃតំបន់ឈូងសមុទ្រចិនខាងត្បូងដែរ។

កាលពីថ្ងៃទី ៣០ ខែ មីនា វៀតណាមបានបញ្ជូននូវកំណត់ហេតុរបស់ខ្លួនជូនទៅអគ្គលេខាធិការអ.ស.ប ដោយបញ្ជាក់ពីដែនអធិបតេយ្យភាពនៃដែនទឹកជុំវិញកោះប៉ារ៉ាស៊ែល និង កោះស្ព្រាតលី ដោយទាត់ចោលនូវអំណះអំណាងរបស់ចិនថាជាដែនកោះរបស់ខ្លួន។

ការលើកឡើងខាងលើនេះ ត្រូវបានគេដាក់ការព្រួយបារម្ភថា ចិនអាចនឹងលេងល្បែងភ្លើងសង្គ្រាមមួយក្តារដើម្បីប្រដៅវៀតណាម ហើយហៅខ្លួនឯងថាជាបងធំនៅតំបន់ឈូងសមុទ្រចិនខាងត្បូងទៀតផង។

ដើម្បីរារាំងមហិច្ឆតារបស់ចិន និងបំពេញចន្លោះខ្វះខាតយុទ្ធសាស្ត្រដែលចំហរចោល ដោយសហរដ្ឋអាមេរិក នោះអាស៊ីអាគ្នេយ៍ត្រូវការមូលដ្ឋានសន្តិសុខក្នុងតំបន់ថ្មីមួយ។ វាអាចជាទម្រង់នៃការរៀបចំ មូលដ្ឋានទ័ពដែលកាន់តែរឹងមាំដែលសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ជប៉ុន ឥណ្ឌា និង អូស្រ្តាលីធ្វើការកាន់តែជិតស្និទ្ធថែមទៀតលើកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ជាមួយ នូវែលសេឡង់ កូរ៉េខាងត្បូង វៀតណាមនិងប្រហែលជាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។ ការដាក់ជាក្រុមបែបនេះក៏អាចជួយឱ្យប្រទេសជប៉ុនដើរតួនាទីជាអ្នកការពារសន្តិសុខកាន់តែខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
ប្រទេសវៀតណាមនិងអាស៊ានជាមួយដៃគូដទៃទៀតដែលមានចក្ខុវិស័យសម្រាប់សន្តិសុខនិងស្ថេរភាពក្នុងតំបន់គួរតែកសាងសមត្ថភាពការរារាំងនូវការវាតទី ដោយផ្អែកលើភាពខ្លាំងរបស់ខ្លួនលើកិច្ចសហប្រតិបត្តិការអន្តរជាតិនានា៕ ប្រែសម្រួលដោយ៖ សេរី វឌ្ឍនៈ

Share

Image
Image
Image