en     km
en     km

តើលោកសម រង្ស៊ី និងសម្ដេច ហ៊ុន សែន អ្នកណាធ្លាក់ក្នុងអន្ទាក់នយោបាយអ្នកណា?

Share

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ នៅតែបង្កើតល្បែងភ្នាល់គ្នាជាបន្តបន្ទាប់ បើទោះបីជាមតិមហាជនលើកឡើងរិះគន់យ៉ាងណាក្ដី ។ ដើមទុននៃការភ្នាល់គ្នា គឺជីវិតនយោបាយ និងដំណែង ។

តើរវាងអ្នកនយោបាយជើងចាស់ទាំងពីររូបនេះ មួយណាធ្លាក់ក្នុងនយោបាយមួយណា ?

សូមស្ដាប់លោក សោម លាភ ធ្វើសេចក្ដីអត្ថាធិប្បាយដូចតទៅ៖

ក្នុងល្បែងភ្នាល់នេះ អ្នកនយោបាយចាស់វស្សាក្នុងអាណត្តិទី៦ ចំនួនពីររូប មួយរូបជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានដំណែងជានាយករដ្ឋមន្ត្រីកម្ពុជា និងម្ខាងទៀត ជាប្រធានស្ដីទីអតីតគណបក្សប្រឆាំង ដែលជាគណបក្សមានការគាំទ្រជាង ៣លាននាក់ពីប្រជាពលរដ្ឋ ហើយត្រូវបានតុលាការកំពូលរំលាយចោលដោយគ្មានសោកស្ដាយ ។

ការភ្នាល់លើកទី១ ផ្ដើមឡើងដោយអ្នកនយោបាយនិរទេសខ្លួន គេចចេញពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា ដោយសារមានទោស និងបណ្ដឹង ធ្វើឡើងកាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៨ ជាខូបលើកទី ៦៥ ដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង ។

អ្នកនយោបាយរូបនេះ បានដាក់សំណើរភ្នាល់ទៅនាយករដ្ឋមន្ត្រីកម្ពុជា ដោយថាប្រសិនបើលោកចាញ់ក្នុងល្បែងនយោបាយនេះ លោកនឹងចូលមកទឹកដីកំណើតរបស់ខ្លួនវិញ ដើម្បីឱ្យអាជ្ញាធរយកទៅអនុវត្តទោស ។ ប៉ុន្តែក្នុងល្បែងភ្នាល់នោះ ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជាចាញ់វិញ នោះនាយករដ្ឋមន្ត្រីរូបនេះ ត្រូវចុះចេញពីដំណែងភ្លាម ។

នៅក្នុងលក្ខខ័ណ្ឌនៃល្បែងភ្នាល់ទីមួយនេះ ទីបញ្ចប់នៃការចាញ់ឬឈ្នះ គឺដោះលែងលោក កឹម សុខា នៅដើមខែមីនា ឆ្នាំ​២០១៩ ។ បានន័យថា ប្រសិនបើលោក កឹម សុខា ត្រូវបានដោះលែងឱ្យមានសេរីភាព នោះលោក សម រង្ស៊ី ជាអ្នកឈ្នះ តែបើមិនដូចនេះទេ គឺនាយករដ្ឋមន្ត្រីកម្ពុជាជាអ្នកឈ្នះ ។

តែយ៉ាងណាមកទល់ពេលនេះ លោកកឹម សុខា នៅមិនទាន់បានដោះលែងនៅឡើយនោះទេ ដោយលោកនៅកំពុងតែរស់នៅក្នុងផ្ទះ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

បើតាមល្បែងភ្នាល់លើកទី១នេះ លោកកឹម សុខា មិនត្រូវដោះលែង បានន័យថាលោក សម រង្ស៊ី គឺជាអ្នកចាញ់ ។ តែនៅពេលនោះ គឺលោកសមរ​ង្ស៊ី ប្រកាសថា ល្បែងនេះ មិនអាចចូល​ជាធរ​មានបាន ទេ ដែលលោកស្រង់សម្ដី សម្ដេចហ៊ុនសែនមកចុះផ្សាយថា ការដោះ​លែង​លោក​កឹមសុខា មិន អាចទៅ រួច ទេ ព្រោះអ្នកនយោបាយម្នាក់នេះ មិនទាន់មានការកាត់​ក្ដី។

ពេលនោះ​លោកមសរង្ស៊ីចង់មានន័យថា សម្ដេចហ៊ុនសែនដោះខ្លួនចេញការភ្នាល់នេះ ដែល​នាំ​អោយគាត់ ដកខ្លួនចេញដែរ។ តែពេលនោះ អ្នកគាំទ្របក្សកាន់អំណាចចាត់ទុកសម្ដេច​ហ៊ុន​សែន ជាឈ្នះ។

សម្រាប់លោកលោកសម រង្ស៊ីវិញ ចេញមុខបកស្រាយថា នាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលជាអ្នកចាញ់ ។ ពោលគឺលោកថា សម្ដេច ហ៊ុន សែន គឺធ្លាក់ក្នុងអន្ទាក់នយោបាយរបស់លោក ។

នៅក្នុងស្ថានភាពនោះ មតិមួយចំនួនជាពិសេសគឺចេញពីអ្នកនិយមលោក កឹម​ សុខា ចេញមុខមកថ្កោលទោស អ្នកនយោបាយទាំងពីររូបនេះ ដោយយកសេរីភាពរបស់លោក កឹម សុខា ដើម្បីបំពេញមហិច្ចតានយោបាយរបស់ខ្លួន ។

អ្នកខ្លះថា ដោយសារតែលោក សម រង្ស៊ី ទើបលោក កឹម សុខា​ មិនត្រូវបានដោះលែង ។ តែយ៉ាងណា លោក សម រង្ស៊ីថា ការណ៍នេះ ជាការបង្ហាញយ៉ាងជាក់ច្បាស់ថា នាយករដ្ឋមន្ត្រីកម្ពុជា មានអំណាចអាចបញ្ជាតុលាការឱ្យធ្វើអ្វីក៏បាន បើទោះបីជាស្ថាប័ននេះត្រូវបានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលចែងថា ជាស្ថាប័ន​ឯករាជ្យ មានព្រះមហាក្សត្រជាអ្នកធានាក៏ដោយ ។

រឿងនៃការភ្នាល់គ្នារវាងអ្នកនយោបាយទាំងពីររូបនេះ នៅមិនទាន់ជាប់ត្រឹមនេះនោះទេ បើទោះបីជាមិនមានការដោះលែងលោក កឹម​ សុខា ក្ដី ។

អ្នកនយោបាយជើងចាស់ មានប្រជាប្រិយភាពខ្លាំង  គឺលោក សម រង្ស៊ី បានប្រកាសកំណត់ថេរវេលានៃការវិលត្រឡប់ចូលកម្ពុជា ដែលជាមាតុប្រទេសរបស់ខ្លួន ។ យ៉ាងណា កាលបរិច្ឆេទនៃការវិលត្រឡប់របស់លោក ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ គឺនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

មានមតិចម្រុះលើកឡើងថា អាចជាការគិតគូរយ៉ាងល្អិតល្អន់ ដែលក្រុមគណបក្សសង្គ្រោះជាតិរូបនេះ នឹងវិលចូលកម្ពុជានៅថ្ងៃទី ៩ វិច្ឆិការ ព្រោះជាថ្ងៃនៃបុណ្យឯករាជ្យជាតិ ហើយព្រះមហាក្សត្រគង់នៅក្នុងប្រទេស ។

ពេលវេលារំកិលជិតកន្លះឆ្នាំ​ ពោលគឺមកដល់ខែចុងខែសីហា ការភ្នាល់គ្នា ក៏បានផ្ទុះឡើងម្ដងទៀត ។

ផ្ដើមឡើងតាមរយៈលោក ខាន់ សុវណ្ណ  តាងនាមអង្គព្រោកប្រាជ្ញ ដែលព្រោកប្រាចតាមរយៈវេដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសបុកនោះ លើកដំបូងគឺបបួលឱ្យសម រង្ស៊ី​ ភ្នាល់ថា បើលោកសម រង្ស៊ី ហ៊ានវិលចូលកម្ពុជាតាមថ្ងៃកំណត់ គឺលោកនឹងប្រគល់ឱ្យលោកសម រង្ស៊ី នូវលុយចំនួន ១ លានដុល្លារ ដែលលុយនេះលោកថាសុំរៃអង្គាសពីប្រជាពលរដ្ឋកម្ពុជា ។ ក្នុងការភ្នាល់នេះ គឺមាននាយករដ្ឋមន្ត្រីកម្ពុជា ដែលកាន់ចង្កូតដឹកនាំកម្ពុជាជិត ៤០ ឆ្នាំ​ ជាអ្នកធ្វើជាសាក្សី ។ យ៉ាងណាលោកសមរង្ស៊ី​ហាក់ដូច​ស្ងប់​​ស្ងាត់បន្តិច ប៉ុណ្ណោះ ដែលលោកថាលោកមិនចាប់អារម្មណ៍នឹងការភ្នាល់នេះទេ។ តែក្រោយ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ អ្នកនយោបាយ ដែលគេមិនចេះនៅស្ងៀមរូបនេះ ក៏បានបោះលក្ខខ័ណ្ឌមួយភ្លាមមក នាយ​ក​រដ្ឋមន្ត្រី។

លោក សម រង្ស៊ី វិញ ក៏បានដាក់សំណើរមកនាយករដ្ឋមន្ត្រីកម្ពុជា ដោយការភ្នាល់ថា បើលោកវិលមកកម្ពុជាតាមការកំណត់ នោះសម្ដេច ហ៊ុន សែន ត្រូវតែចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី ដោយស្នើយកប្រទេសចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហៅថាមិត្តដែកថែប មកធ្វើជាសាក្សី ។

តែយ៉ាងណា សម្ដេច ហ៊ុន សែន ក៏បង្កើតល្បែងភ្នាល់មួយវិញថា ប្រសិនបើលោក សម រង្ស៊ី វិលចូលកម្ពុជាទៅតាមការកំណត់ បើខ្លួនចាប់លោក សម រង្ស៊ី មិនបាននោះទេ ក្នុងរយៈពេល ២៤ ម៉ោង សម្ដេច នឹងចុះចេញពីដំណែង ។ នេះបើតាមអង្គភាពព័ត៌មាន ហ្វ្រេសញូ ។

យ៉ាងណា ការបង្កើតល្បែងភ្នាល់រវាងអ្នកនយោបាយទាំងពីររូបនេះ គឺមិនស្របគ្នានោះទេ ។ ផ្ទុយពីនេះ សម្ដេចសួរបកទៅលោកសម រង្ស៊ីវិញថា ប្រសិនបើ​ដល់​ថ្ងៃ​កំណត់គឺថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ លោក​សម រង្ស៊ីនៅតែ​មិន​ហ៊ាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ទេ​ ថាតើ​លោក​សម រង្ស៊ី ហ៊ាន​បញ្ចប់​ជីវិត​នយោបាយ​ និង​រំលាយ​អង្គការ​ចាត់​តាំង​នយោបាយ​របស់​ខ្លួន​ដែរ​ឬ​ទេ ។

សម្ដេចថា ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ សម្ដេចបួងសួងដោយសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យានោះ និងក្រុមគ្រួសារទាំងពូជ ។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីកម្ពុជាថា ចំពោះការភ្នាល់នោះទៀតសោត សម្ដេចសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សី ។

មិនទាន់ទាំងឆ្លើយតបទៅនឹងល្បែងភ្នាល់ដែលដាក់មកដោយនាយរដ្ឋមន្ត្រីកម្ពុជាផងនោះ លោក សម រង្ស៊ី ក៏បានបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួន ដោយដាក់លក្ខខ័ណ្ឌនៃការភ្នាល់បន្ថែមទៀត ។

ក្នុងនោះលោក ​សម រង្ស៊ី ថា នាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញចរិតដែលលោកហៅថា ក្រឡេចក្រឡុច ក្នុងការភ្នាល់គា្នទៅលើការវិលត្រឡប់របស់លោកមកម្ពុជា។

លោកសម រង្ស៊ី អះអាងតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ៣០ សីហាថា ពីថ្ងៃ ២៣ ដល់ថ្ងៃ ៣០ សីហានេះ លោកបានដាក់សំណើភ្នាល់គ្នាមួយទៀតជាមួយសម្ដេច ហ៊ុន សែន តែលោកថា នាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់ឆ្លើយតបនៅឡើយនោះទេ ។ 

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបន្ថែមក្នុងនោះបន្ថែមថា លោកបានបានសួរទៅសម្ដេច ហ៊ុន សែនដែលមិនជឿថាលោក វិលចូលកម្ពុជានៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ថា នៅពេលដែលលោកមកដល់ប្រទេសកម្ពុជាមែនតាមការកំណត់ តើសម្ដេច ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ។

លោក សម រង្ស៊ី ថាលោកដាក់សំណើរនៅក្នុងន័យដើមដូចនេះថា​ ៖

«– នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ បើចំនួនប្រជាពលរដ្ឋ ដែលនឹងមកស្វាគមន៍ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា — ដោយមិនមានការរារាំង ឬបំភិតបំភ័យអ្វីឡើយ — មានមិនតិចជាងមួយលាននាក់ ខ្ញុំនឹងយល់ព្រមឲ្យកម្លាំងលោក ហ៊ុន សែន ចាប់រូបខ្ញុំ ហើយខ្ញុំក៏យល់ព្រមបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំ នៅពេលជាមួយគ្នានោះដែរ។

– តែបើចំនួនប្រជាពលរដ្ឋដែលគាំទ្រខ្ញុំ កើនដល់ទៅមួយលាននាក់ ឬលើសចំនួននេះទៅទៀត (មានន័យថាប្រមាណ ៣ ដង ច្រើនជាង នៅថ្ងៃ ១៩ កក្កដា ២០១៣ គឺថ្ងៃមាតុភូមិនិវត្តន៍របស់ខ្ញុំចុងក្រោយ បន្ទាប់ពីការនិរទេសខ្លួន ៤ ឆ្នាំ) តើពេលនោះលោក ហ៊ុន សែន យល់ព្រមចុះចេញពីតំណែងភ្លាមមួយរំពេចឬទេ ដោយបង្ហាញការគោរពឆន្ទៈប្រជារាស្ត្រ ដែលទាមទារឲ្យគាត់ចុះចេញ? »

លោកថា ករណីនេះ នឹងសុំឲ្យអង្គការសហប្រជាជាតិ និង/ឬ សារព័ត៌មានអន្តរជាតិ ធ្វើជាសាក្សី នៃការភ្នាល់គ្នានេះ ។

ល្បែងភ្នាល់នេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយនោះទេ ពីនាយករដ្ឋមន្ត្រីកម្ពុជា ។

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ អះអាង​ថា ពេល​នេះ​មាន​ពលករ​ជាង ៨​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ទាំងនោះ ស្ត្រី​មាន​ប្រមាណ​ជា ២០​ភាគរយ ។ នេះបើតាមការចុះផ្សាយលើគេហទំព័រវិទ្យុអាស៊ីសេរី នៅថ្ងៃទី ១ កញ្ញានេះ ។

ជាងនេះទៅទៀត វិទ្យុនេះចុះផ្សាយថា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថាអតីតគណបក្សសង្គ្រោះជាតិ នឹង​បង្ហាញ​ព័ត៌មាន​លំអិត​ជុំវិញ​ដំណើរមាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី បី​ថ្ងៃ​មុន​ថ្ងៃ​ទី​៩​វិច្ឆិកា ពោលគឺថ្ងៃទី ៦ វិច្ឆិកា ។

ខណៈពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន មិនឆ្លើយតបថានឹងយល់ព្រមចំពោះការភ្នាល់ថ្មីរបស់លោក សម រង្ស៊ី​ នេះ លោក ខាន់ សុវណ្ណនៃវបណ្ដាញសង្គមអង្គព្រោកប្រាជ្ញ ដដែល ក៏បានចេញវីដេអូលើបណ្ដាញសង្គម ដោយបបួលលោក សម រង្ស៊ី ភ្នាល់ជាមួយលោកម្ដងទៀត ដែលលោកថា បើលោកចាញ់ លោកនឹងឱ្យលុយមួយលានដុល្លារទៅលោកសម រង្ស៊ី ។ យ៉ាងណា លក្ខខ័ណ្ឌថ្មីរបស់លោក ខាន់ សុវណ្ណ គ្រាន់តែឱ្យលោក សម រង្ស៊ី រកឈ្មោះ ភ្ជាប់ជាមួយស្នាមមេដៃ និងអត្តសញ្ញាបណ្ណថតចម្លងបញ្ជាក់ថាពលរដ្ឋខ្មែរ ចំនួន ១លាននាក់ បញ្ជូនទៅក្រសួងមហាផ្ទៃ។

តែយ៉ាងណា លោក សម រង្ស៊ី មិនដែលដាក់ការភ្នាល់ជាមួយលោក ខាន់ សុវណ្ណ ដែលដាក់ឈ្មោះលើទំព័រហ្វេសបុកថាអង្គព្រោកប្រាជ្ញឡើយ ។ ជាងនេះទៅទៀត កម្មវត្ថុរបស់លោក សម រង្ស៊ី ក៏មិនមែនលុយមួយលានដុល្លារដែរ ពោលគឺការភ្នាល់របស់លោក សម រង្ស៊ី ទាំងលើកទី ១ លក្ខខ័ណ្ឌភ្នាល់ ដែលលោកស្នើលើកទី ២ និងទី ៣ គឺមានតែឱ្យនាយករដ្ឋមន្ត្រីកម្ពុជាចុះចេញពីដំណែងតែប៉ុណ្ណោះ ។

លោក សន ដារ៉ា អ្នកអធិប្បាយដ៏មានប្រជាប្រិយភាពលើបណ្ដាញសង្គមហ្វេសបុក ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី មានប្រសាសន៍ក្នុងទំព័រហ្វេសបុកកាលពីយប់ថ្ងៃទី ១ សីហាថា ខណៈពេលដែលសម្ដេច ហ៊ុន សែន មិនទាន់ឆ្លើយតបបែបណាចំពោះលក្ខខ័ណ្ឌភ្នាល់ថ្មីរបស់លោក សម រង្ស៊ី គឺបញ្ជាក់ថា សម្ដេច ហ៊ុន សែន ចុះចាញ់ហើយ ។

លោកថា ការដែលសម្ដេចហ៊ុន សែន មិនឆ្លើយតបការភ្នាល់នេះ គឺដោយសារតែនាយរដ្ឋមន្ត្រី ដឹងថានឹងមានពលរដ្ឋមិនតិចជាងមួយលាននាក់នោះទេ ដែលនឹងទៅទទួលលោក សម រង្ស៊ី ។

អ្នកប្រើប្រាស់បណ្ដាញសង្គមឈ្មោះថា ឡេង ចន្ថា បញ្ចេញមតិក្នុងខ្ទង់ខុមមិនរបស់លោក សម រង្ស៊ី ថា លោកជឿជាក់100%ថា ការភ្នាល់ចុងក្រោយរបស់លោក សម រង្ស៊ី គឺនាយករដ្ឋមន្ត្រីកម្ពុជា ច្បាស់ជាមិនហ៊ានដាច់ខាត ។

អ្នកប្រើប្រាស់ហ្វេសបុកម្នាក់ទៀតឈ្មោះថា ម្ចាស់ បង ក៏សរសេរក្នុងអត្តន័យដើមថា« មិនគួរភ្នាល់បែបនេះទេ ដឹងហើយថាដៃគូល្បិចណាស់ ។ ឧទាហរណ៍នៅពេលលោកប្រធានមក ហើយ ហើយអ្នកទៅទទួលមានចំនួន១លាននាក់ តែគេថាមានតែកន្លះលាននាក់ ពេលនោះយើងនឹងចាញ់គេទៀត ព្រោះអំណាចស្ថិតនៅក្នុងដៃគេ។ វាមិនខុសពីការរាប់សន្លឹកឆ្នោតឆ្នាំ២០១៣ទេ ។កាលណោះយើងឈ្នះគេហើយតែចុងក្រោយគេថាយើងបានតែ៥៥កៅអី ចាញ់គេ »

គេមើលឃើញថា អ្នកមួយចំនួន បាននឹងកំពុងតែរាប់ថយក្រោយ នូវពេលវេលាដែលលោក សម រង្ស៊ី នឹងមកដល់កម្ពុជា ។ ដោយឡែក ការដែលថា ចាប់ខ្លួនលោក សម រង្ស៊ី ក៏នៅតែអះអាងពីមន្ត្រីកម្ពុជា ។ អ្នកដែលបំផុសឱ្យកម្លាំងប្រជាពលរដ្ឋកម្ពុជាងើបឈរ តែងតែប្ដេជ្ញាថា កុំខ្វល់ទៅនឹងការចាប់ចង និងកម្លាំងអាជ្ញាធរបង្រ្កាប ។

លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកថា លោក មិនល្ងង់ឱ្យសម្ដេច ហ៊ុន សែន ចាប់ខ្លួនលោក ដូចចាប់ខ្លួនលោក កឹម សុខា នោះទេ ។

លោក សម រង្ស៊ី នៅតែទទូច និងលើកទឹកចិត្តដល់ទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបែរកាំភ្លើងទៅខាងសម្ដេច ហ៊ុន សែន វិញ ។

អ្នកវិភាគមួយចំនួន អះអាងថា ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ពេលនេះគឺនៅតែខ្លាំងពីបណ្ដាប្រជាពលរដ្ឋកម្ពុជា រួមទាំងទំនាក់ទំនងការទូតនៅប្រទេសប្រជាធិបតេយ្យធំៗ ។

មានការលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា ខ្វាយខ្វល់ចំពោះការដែលលោក សម រង្ស៊ី វិលមកកម្ពុជាជាខ្លាំង ។

មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកសួរលោក សម រង្ស៊ី ក្នុងខ្ទង់ខុមមិនថា ប្រសិនបើមានការដោះលែងលោក កឹម សុខា តើលោក សម រង្ស៊ី វិលមកកម្ពុជាដែរឬទេ ។ លោក សម រង្ស៊ី ឆ្លើយតបវិញថា លោកនៅតែមក ។ 

មានអ្នកខ្លះ សរសេរក្នុងខុមមិនលោក សម រង្ស៊ី ក្នុងន័យដើមថា «ខ្ញុំសូមអង្វរ លោកប្រធានត្រូវតែមក ព្រោះនេះជាដំណាក់លកាលចុងក្រោយហើយនៃដង្ហើមខ្មែរ ត្រូវតែសង្រ្គោះ ខ្ញុំសុខចិត្តប្តូរជីវិតដើម្បីខ្មែរ »

យ៉ាងណា ល្បែងនយោបាយ ដែលអ្នកនយោបាយខ្មែរពីររូបមានឈាមជ័រខ្មែរដូចគ្នា តែចិត្តគំនិត​សង​សឹកនិង ចាត់ទុកគ្នាជាសត្រូវ ត្រូវបានអ្នកតាមដានសង្គមថា ទោះបីជាអ្នណាមួយធ្លាក់ក្នុងល្បែងអ្ន​កណា​ក៏​ដោយ​តែសុំតែម្យ៉ាងគត់គិតជាតិជាធំ។ តែបែបនេះក្ដី មានតែពេលវេលាទេជាអ្នកកំណត់ពីការ​ប្រែ​ប្រួល​ធាតុអាកាស ត្រជាក់ឬក្ដៅ ហើយស្ថានការណ៍នយោបាយនៅកម្ពុជា ក៏រត់ទៅពេលវេលាដែរ ៕

Share

Image
Image
Image