en     km
en     km

តើលោកគីមជុងអ៊ុនគេចពីរបៀបវារៈជាតិធំៗទៅលំហែកំសាន្ដឬ?

Share

អាមេរិកបានចាប់យករូបថតរថភ្លើងប្រចាំត្រកូលលោកគីមនៅក្រុងទេសចរណ៍ជាប់ឆ្នេររបស់ប្រទេសកូរ៉េខាងជើងដោយផ្កាយរណប។អាមេរិកហាក់បីដូចជាកំពុងធ្វើគ្រប់យ៉ាងតាមដានដោយបច្ចេកទេសលើលំហអាកាសនិងប្រើប្រាស់យន្ដហោះស៊ើបការណ៍ដើម្បីចង់ដឹងថាតើការពិតលោកគីមសុខទុក្ខយ៉ាងណា។

រថភ្លើងប្រចាំត្រកូលរបស់លោកគីមដែលCNNថាប្រើសម្រាប់តែទស្សនកិច្ចផ្លូវការប៉ុណ្ណោះបានសំចតនៅផ្លូវរថភ្លើងនៃក្រុងវ៉ុនសាននៃស្ថានីយ៍មួយមានឈ្មោះថាស្ថានីយ៍អ្នកដឹកនាំនៃខេត្តទេសចរណ៍ជាប់នឹងឆ្នេរដែលរូបថតបញ្ជាក់ថារថភ្លើងនេះនៅទីនេះអំឡុងពេលបីថ្ងៃមកហើយគឺពីថ្ងៃទី២១ដល់២៣មេសា។យ៉ាងណារូបថតមួយសន្លឹកនេះនៅតែមិនអាចរំសាយការសង្ស័យដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានទូទាំងពិភពលោកនាំគ្នាសរសេរដោយយកប្រភពចារកម្មនិងមន្រ្ដីសុំលាក់អត្តសញ្ញាណថាលោកគីមបានឆ្លងកាត់ការវះកាត់បេះដូងរួចហើយកំពុងសម្រាកព្យាបាលឯខ្លះថាលោកគីមលោកបានចាកផែនដីនេះទៅហើយ។ អ្នកតាមដានរឿងរ៉ាវនេះនៅក្រុងវ៉ាស៊ីនតុនបានចាត់ទុកថាវត្តមានរថភ្លើងនេះមិនអាចជាទឡ្ហីករណ៍អ្វីបន្ដិចពីសុខភាពលោកគីមនោះទេតែអាចថាគីមកំពុងតែនៅទីនោះដែលជាកន្លែងកម្សាន្ដអភិជន។

ដែលប្រៀបបានជាលោកគីមសម្រាកពីព្រឹត្តិការណ៍ជាតិធំៗដូចជាខួបស្ថាបនិកប្រទេសកូរ៉េខាងជើងដែលជាជីតារបស់លោក ខួបបង្កើតកងទ័ពបដិវត្តន៍ប្រជាជនកូរ៉េខាងជើងគឺដើម្បីទៅលំហែអារម្មណ៍ ឬ។អស់រយៈពេលជិតកន្លះខែមកហើយដែលលោកមិនបានលេចមុខជាសាធារណៈនេះតែក៏មានក្រុមពេទ្យជំនាញមកអមនឹងគណៈប្រតិភូទំនងទំនាក់រដ្ឋចិននិងកូរ៉េខាងជើងដែលReutersស្រង់ប្រភពចំនួនបីថាពួកគេធ្វើដំណើរទៅប្រឹក្សាយោបល់សុខាភិបាលដល់លោកគីមដែលមិនបញ្ជាក់ច្បាស់ថាយោបល់រឿងកូវីដឬរឿងជំងឺលោកគីមផ្ទាល់ខ្លួន។យ៉ាងណាគីមជុងអ៊ុនជាមេដឹកនាំជំនាន់ទីបីនៃប្រទេសកុម្មុយនិស្ដកុរ៉េខាងជើងលោកបានឡើងកាន់អំណាចបន្ដពីមរណភាពឪពុករបស់លោកនៅឆ្នាំ២០១១ដោយជំងឺគាំងបេះដូងនៅលើរថភ្លើងមួយនោះ។ លោកជាមេដឹកនាំវ័យក្មេងមួយរូបលោកមិនបានគិតរកអ្នកស្នងតំណែងរបស់លោកសម្រាប់ដឹកនាំប្រទេសអាវុធនុយក្លេអ៊ែរនេះនោះទេដែលនេះធ្វើឱ្យមានការគិតថាវាជាហានិភ័យនៅថ្ងៃខាងមុខដែលមិនទៀងទាត់ណាមួយ។

តែបើតាមស្ពុតនីកថ្ងៃនេះវិទ្យុរដ្ឋនៃប្រទេសសាធារណ្ឋប្រជាមានិតមួយនេះបានរាយការណ៍ថាលោកគីមបានកោតសរសើរដល់ពលករដែលរួមចំណែកក្នុងការកសាងក្រុង Samjiyon ដែលវិទ្យុនោះមិននិយាយពីបញ្ហាសុខភាពរបស់លោកនោះទេគឺគ្រាន់តែនិយាយថាកម្មាភិបាលគីមជុងអ៊ុនបានផ្ញើសារថ្លែងអំណរគុណនិងកោតសរសើរអស់ពីចិត្តនូវកិច្ចខិតខំប្រឹប្រែងរបស់ពលករនៅសាំជីយុនដែលកំពុងធ្វើវិភាគទានដល់អស្ចារ្យនៃស្ថាបត្យកម្មឃ្លាំងថាមពលសង្គមនេះដោយមិនភ្លេចពីការរំពឹងទុកនិងទំនុកចិត្តបក្សពលករកូរ៉េខាងជើងពេលនេះទេ។រួមជាមួយគ្នានេះកាលពីថ្ងៃព្រហស្បត្តិ៍ទី២៣ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមបក្សKCNAថាលោកគីមបានទទួលសារTelegramពីបក្សកុម្មុយនីស្ដរុស្ស៊ីនូវការអបអរសារទរក្នុងគម្រាមខួបដែលលោកបានធ្វើដំណើរមកកាន់រុស្ស៊ីជាលើកដំបូងហើយKCNAក៏ជម្រាបទៀតថាលោកគីមនៅថ្ងៃទី២២បានផ្ញើសារតាមនឹងការអបអរសាទរខួបជីតារបស់លោកទៅកាន់ប្រធាំនាធិបតីអាសាដប្រទេសស៊ីរី។ក៏មានប្រព័ន្ធផ្សព្វផ្សាយរដ្ឋដទៃទៀតបានធ្វើការផ្សព្វផ្សាយពីសកម្មភាពលោកគីមជាច្រើនតែមិនមានបញ្ចេញរូបភាពថ្មីរបស់លោកនោះទេក្រៅពីរូបភាពចុងក្រោយដែលKCNAរាយការណ៍ពីការដែលលោគីមទៅទស្សនកិច្ចមូលដ្ឋានទ័ពអាកាសនៅខាងលិចប្រទេសក្នុងឈុតកម្មាភិបាលពណ៌សប្លែកគេ។ត្បិតថាCNNផ្ដើមសរសេរព័ត៌មានប្រភពចារកម្មពីរឿងនេះមុនគេតែកូរ៉េខាងត្បូងបានបន្ធូរស្ថានការណ៍នៃរបាយការណ៍នេះជាខ្លាំងដោយការជៀសវាងមិនសួរយោបល់ យល់ឃើញពីមេដឹកនាំលំដាប់ប្រទេសនោះទេតួយ៉ាងSBSរបស់កូរ៉េខាងត្បូងបានស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណមួយទៀតថាលោកគីមបានស្នាក់នៅវ៉ុនសានរយៈពេលបួនថ្ងៃមកហើយហើយនឹងបង្ហាញខ្លួនទៅកាន់ភ្នែកមហាជន វិញក្នុងពេលឆាប់ៗនេះ។ចំណែកឯលោកដូណាល់ត្រាំក៏ដូច្នេះដែរគឺលោកបន្ធូរស្ថានការណ៍ដោយក៏ច្រានចោលព័ត៌មាននេះនឹងចាត់ទុកថាCNNរាយការណ៍មិនពិតគឺលោកមិនគិតថាលោកគីមឈឺទេបើទោះបីជាលោកជម្រាបថាមិនបានដឹងពីសុខទុក្ខលោកគីមតាមរយៈការទាក់ទងណាថ្មីៗក៏ដោយក៏លោកសង្ឃឹមថាលោកគីមមិនឈឺធ្ងន់ដែរ។សារព័ត៌មានរុស្ស៊ីស្ពុតនីកបានជម្រាបថាក្នុងឆ្នាំ២០១៤លោកគីមបាត់បង់ខ្លួនជាសាធារណៈដល់ទៅ៦សប្ដាហ៍ឯណោះដែលលោកយកពេលវេលានោះព្យាបាលកជើងរបស់លោកដែលហើម។លោកគីមត្រូវបានពលរដ្ឋកូរ៉េខាងជើងព្រួយបារម្ភខ្លះដែរចំពោះការធាត់ខ្លាំងរបស់លោក ជក់បារីច្រើន ដើម្បីបំបាត់ភាពស្រ្ដេសនឹងការងារជាបន្ទុកដ៏មហិមា ដែលអាចប៉ះពាល់ដល់សុខភាពរបស់លោកទាំងក្នុងវ័យទើប៣៦ឆ្នាំនេះ។

យ៉ាងណាក៏ដោយបណ្ដាញផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងល្បីៗមិនទាន់បញ្ចេញព័ត៌មានផ្លូវការណាមួយអំពីដំណឹងសុខភាពលោកគីមឬច្រានចោលព័ត៌មានចចាមអារ៉ាមឡើយ។ការណ៍នេះហាក់ដូចជាបន្ដអនុញ្ញាតឱ្យមានការបញ្ចេញមតិចម្រុះ ប្រមាថផង ​សង្ស័យផង បារម្ភផងកាន់តែខ្លាំងពីអាយុជីវិតលោកគីមជុងអ៊ុននិងស្ថេរភាពនយោបាយប្រទេសកូរ៉េខាងជើងឬមួយលោកគីមគេចខ្លួនមួយរយៈដោយយករឿងស្លាប់រស់របស់ខ្លួនមកពិសោធន៍សង្គមកុម្មុយនីស្ដកូរ៉េខាងជើង ស្ថេរភាពតំបន់ និង ប្រតិកម្មពិភពលោកឬ?

ដោយ៖ពៅនិកា

Share

Image
Image
Image