en     km
en     km

តើថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់អាក្រក់ដែរទេ សម្រាប់សង្គមកម្ពុជា?

Share

(ភ្នំពេញ)៖ ពិធីបុណ្យនៃក្តីស្រឡាញ់ ឬ Valentines’ Day គឺជាពិធីបុណ្យមួយដែលគេរៀបចំឡើងសម្រាប់ជាការរំលឹកចំពោះសេចក្តីស្រឡាញ់របស់បព្វជិតជនជាត់រ៉ូម៉ាំង ដែលសុខចិត្តលះបង់ជីវិតដើម្បីការពារក្រីស្រឡាញ់របស់ពួកគេ។

តើពិធីបុណ្យនេះមានអត្ថន័យយ៉ាងណាសម្រាប់យុគ្គសម័យទំនើបនេះ ជាពិសេសប្រជាជាតិកម្ពុជាយើង?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

ថ្ងៃបុណ្យ Valentine’s day នេះមានដំណើរប្រវត្តិដំបូងមកពី លោក Saint Valentine ដែលជាឈ្មោះបព្វជិតម្នាក់ មានកំណើតនៅក្នុងប្រទេសរ៉ូម ក្នុងរជ្ជកាលអធិរាជ ClaudiusII។ នៅក្នុងប្រវត្តិជនជាតិរ៉ូម៉ាំង ថ្ងៃទី១៤ ខែកុម្ភៈ គឺជាថ្ងៃឈប់សំរាកសំរាប់គោរព ដល់ព្រះមហាក្សត្រិយានីរបស់ប្រទេសនេះ។ ប្រជាជនរ៉ូម៉ាំង បានចាត់ទុកព្រះរាជនីថា ជាព្រះជាម្ចាស់ តំណាងឲ្យនារីទាំងអស់នៅក្នុងប្រទេស និងជាព្រះជាម្ចាស់នៃអាពាហ៍ពិពាហ៍ ដ៏ស្រស់បំព្រងមួយ។ ពិធីនេះត្រូវបានគេធ្វើភ្ជាប់ជាមួយបុណ្យ Lupercalia ជាបុណ្យធ្វើឡើងសំរាប់បណ្តេញឆ្កែចចក ដែលតែងតែមកបំផ្លាញដំណាំ នៅតាមឈូងសមុទ្រ និងជាពិធីមួយដែលប្រជាជនធ្វើឡើងសំរាប់សុំឲ្យ ដំណាំរបស់គេកាន់តែទទួលបានផលច្រើនជាងឆ្នាំចាស់។

សម័យកាលនោះ ការរស់នៅរបស់កំលោះ និងនារីក្រមុំ ត្រូវបានគេចែកឲ្យនៅដាច់ពីគ្នា និងតឹងរ៉ឹងបំផុត។ ប៉ុន្តែក្នុងថ្ងៃបុណ្យ Lupercalia កំលោះ និងក្រមុំត្រូវបានគេអនុញ្ញាតឲ្យជួបគ្នា។ ស្រីក្រមុំជនជាតិរ៉ូម៉ាំងទាំងអស់ ត្រូវសរសេរឈ្មោះរបស់ពួកគេដាក់ក្នុងដប និងបណ្តែតតាមទឹក ហើយកំលោះៗជាអ្នកចាំទទួលដបទាំងនោះ។ អ្នកដែលទទួលបានដបទាំងនោះ នឹងត្រូវជាគូនឹងនារីដែលមានឈ្មោះក្នុងដប។ ជាទូទៅពួកគេបានក្លាយជាគូស្នេហ៍នឹងគ្នា ហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។

នៅក្នុងសម័យកាលរជ្ជកាលអធិរាជ Claudius II ដែលត្រូវបានគេទទួលស្គាល់ថា ជាសម័យបង្ហូរឈាម។ ដោយសារមានការលំបាក ក្នុងការបញ្ចុះបញ្ចូលឲ្យប្រជាជន ពិសេសយុវជនចូលរួមធ្វើជាកងទ័ព ព្រះរាជារូបនេះយល់ឃើញថា មូលហេតុដែលធ្វើឲ្យបុរសៗមិនព្រមធ្វើជាកងទ័ព ពីព្រោះតែពួកគេមិនចង់ចាកចេញពីគ្រួសារ និងមនុស្សដែលគេស្រលាញ់។ ខណៈពេលនោះ ព្រះរាជាបានហាមឃាត់មិនឲ្យមាន ការរៀបអាពាហ៍ពិពាហ៍និងការភ្ជាប់ពាក្យរវាងកំលោះ និងក្រមុំជនជាតិរ៉ូម៉ាំងទាំងនោះ។ ប្រជាជនមួយចំនួនធំ មិនគាំទ្រចំពោះច្បាប់ដែលអធិរាជរូបនេះបានកំណត់ឡើយ។ ដោយសារតែដូចនេះហើយទើបលោក Valentine បានលួចរៀបអាពាហ៍ពិពាហ៍ឲ្យគូសង្សារដោយសំងាត់។ មិនយូរប៉ុន្មានសកម្មភាពនេះត្រូវបានគេដឹង។ ស្តេច Claudius បានចេញបទបញ្ជាឲ្យប្រហារជីវិតលោក Valentine ដោយកាត់យកបេះដូងរបស់គាត់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២៧០ ដោយចោទពីបទ គាំទ្រសាសនាគ្រឹស្តប្រឆាំងនឹងវប្បធម៌របស់ប្រទេស។

ក្នុងអំឡុងពេលឃុំឃាំង លោក Valentine បានលួចស្រឡាញ់កូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខលោក នៅក្នុងមន្ទីរឃុំឃាំង។ មុនពេលកាត់ទោសប្រហារជីវិត លោក Valentine បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅនារីដែលគាត់ស្រលាញ់។ ចុងបញ្ចប់នៃសំបុត្ររបស់គាត់បានសរសេរថា From Your Valentine ពាក្យនេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីថ្ងៃដែលលោក Valentine ត្រូវបានគេប្រហាជីវិត ពិធីបុណ្យ Lupercalia ក៏បានមកដល់។ ក្នុងពិធីនោះ មនុស្សដែលមិនជឿសាសនាគ្រឹស្តមួយចំនួនធំបានចូលរួម។ ដោយចង់ឲ្យប្រជាជនរ៉ូម៉ាំង មានជំនឿលើសាសនាគ្រឹស្តកាន់តែខ្លាំងនោះ អភិបាលរបស់វិហារសាសនាគ្រឹស្ត បានដាក់បញ្ចូលឈ្មោះលោក Valentines ក្នុងដបបណ្តែតតាមទឹក ជាមួយនឹងឈ្មោះរបស់ស្រីក្រមុំជាច្រើនទៀត។

ឈ្មោះលោក Valentines ត្រូវបានគេប្រទះឃើញនៅក្នុងពិធីនោះ ចាប់តាំងពីពេលនោះមក ហើយអភិបាលគ្រប់គ្រងពិធីបុណ្យនេះ ក៏សម្រេចចិត្តប្តូរឈ្មោះបុណ្យ Lupercalia ទៅជាបុណ្យ Saint Valentine’s Day ហើយធ្វើឡើងនៅក្នុងថ្ងៃទី១៤ ដើម្បីធ្វើការរំលឹកដល់លោក Valentine ដែលបានរៀបចំអាពាហ៍ពិពាហ៍ ដល់គូស្នេហ៏៍ដែលស្រលាញ់គ្នា។

តួយ៉ាងនៅក្នុងសង្គមកម្ពុជាយើងវិញ ថ្ងៃទី១៤ កុម្ភៈ ឬក៏ហៅម្យ៉ាងថាពិធីបុណ្យនៃក្តីស្រឡាញ់ បច្ចុប្បន្នពិធីបុណ្យនេះបាននឹងកំពុងចាក់ឬសជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ។ ជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃពិធីបុណ្យនៃក្តីស្រឡាញ់នេះ ប្រជាជនកម្ពុជាមួយចំនួន តែងនាំគ្នាទិញអំណាយ ផ្កាកុឡាប ជូនចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ក៏ប៉ុន្តែទាក់ទងទៅនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ក៏មានយុវវ័យមួយចំនួនបានមានការភ្លាន់ច្រឡំថា នេះគឺជាថ្ងៃបុណ្យសង្សារទៅវិញ ដែលបណ្តាលឲ្យយុវនារីមួយចំនួនបានរងគ្រោះ នឹងចាញ់ល្បិចល្បួងរបស់ជនខ្ជិលខូច ផុងខ្លួនលះបង់ខ្លួនប្រាណ ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះដៃគូរ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ យុវវ័យហាក់បីដូចជាបានយល់ដឹងច្រើនទាក់ទងទៅនឹងបញ្ហានេះ ចេះស្រឡាញ់ការសិក្សា បញ្ញាជាអាវុធ មិនងាយនឹងចាញ់ក្បិលក្តីស្នេហាបោកប្រាស់របស់យុវជន។

ស្របពេលជាមួយគ្នានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស បានលើកទស្សនៈថាយុវវ័យមិនគួរយកថ្ងៃ១៤ កុម្ភៈនេះគឺជាថ្ងៃបំផ្លាញខ្លួនឯងនោះទេ តែគួរតែផ្តល់តម្លៃនៃការស្រឡាញ់ជារៀងរាល់ថ្ងៃចំពោះគ្នាហើយនឹងគ្នា។

———–ប្រសាសន៍របស់លោកជំទាវ—————–

ដោយឡែកកញ្ញា សាមុត ចាន់សូនីតា ដែលជានិស្សិតផ្នែកច្បាប់ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានលើកឡើងថា សម្រាប់កញ្ញា បុណ្យនៃសេចក្តីស្រឡាញ់នេះគឺជាពិធីបុណ្យមួយសម្រាបើបង្ហាញការស្រឡាញ់របស់យើងចំពោះទូទៅ ដូចជាក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ លោកគ្រូ អ្នកគ្រូជាដើម។

—————សំលេងនិស្សិតស្រី——————

សរុបជារួមមក ថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះប្រជាពលរដ្ឋខ្មែរ ហាក់បីជាបានយល់ដឹងច្រើន ទាក់ទងទៅនឹងថ្ងៃនៃបុណ្យValentine’s Dayនេះ ជាពិសេសគឺស្រឡាប់យុវវ័យបច្ចុប្បន្ន។ តាមពិតទៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះគឺគ្រាន់តែជាពិធីបុណ្យរបស់លោកខាងលិច នៅក្នុងរលឹកអំពីក្តីស្រឡាញ់ស្ម័គ្រស្មោះរបស់លោក Valentine ចំពោះគូរស្មេហ៍តែប៉ុណ្ណោះ ដែលវាមិនមែនជាពិធីបុណ្យជាតិ ប្រពៃណីរបស់កម្ពុជានោះទេ តែវាក៏មិនខុសដែរដែលសង្គមកម្ពុជាស្រឡាញ់នឹងចងចាំថ្ងៃនេះ ព្រោះវាក៏មិនជាថ្ងៃបុណ្យអាក្រក់អ្វីប្រសិនបើយើងគោរព និងប្រត្តិបត្តិទៅតាមផ្លូវត្រូវ៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image