en     km
en     km

តុលាការ​កំពូល​​ទាត់ចោល​បណ្ដឹង​សារទុក្ខ​​ប្ដឹងដោយលោក អ៊ុំ សំអាន ក្នុងសំណុំរឿងព្រំដែន

Share

ភ្នំពេញ ៖ តុលាការ​កំពូល​នៅថ្ងៃទី០៩ កុម្ភៈនេះ ​បាន​ច្រាន​ចោល​បណ្ដឹង​សារទុក្ខ​របស់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ លោក អ៊ុំ សំអាន ដោយតម្កល់​ សាលក្រម របស់តុលាការរាជធានីភ្នំពេញ ​ដែលបាន​ផ្តន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​​ ២ ​ឆ្នាំ​កន្លះ។

                                                លោក អ៊ុំ សំអាន ត្រូវបានឆ្មាំពន្ធនាគារបណ្តើរចូលរថយន្តវិញ។រូបភាពពីFace book

 

យ៉ាងណាខណៈឆ្មាំពន្ធនាគារនាំឡើងរថយន្តលោក​ អ៊ុំ សំអាន អ្នករិះគន់រាជរដ្ឋាភិបាលឥតសំចៃមាត់ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ​បានហៅ​សាលដីកា​នេះថា «ជារឿងអយុត្តិធម៌ណាស់ ព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៦ កន្លង​ទៅ​ ​បាន​សម្រេច​ផ្តន្ទាទោស ​លោក​ អ៊ុំ សំអាន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល​ពី​បទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ និង​កាលពី​ក្នុង​អំឡុង​ឆ្នាំ ២០១៥ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ​ ២០១៦​។

ដូច​គ្នា​នេះ​ដែរ​ សាលា​ឧទ្ធរណ៍ កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៦ ​បាន​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចាត់​ទុក​ថា​ សម​ហេតុផល និង​ ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

លោក​ អ៊ុំ សំអាន ក៏​ត្រូវ​បាន​តុលាការ​បដិសេដ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ជាច្រើន​លើក​ច្រើន​សារ​ផង​ដែរ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​រូប​នេះ​ ​ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​ទាំងយប់ និងទាំង​នៅ​មាន​អភ័យ​ឯកសិទិ្ធ​ក្នុង​ខេត្ត​សៀមរាប បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​មេសា ឆ្នាំ ២០១៦ បន្ទាប់​ពី​ស្នាក់នៅ​​បរទេស​មួយ​រយៈ​។

ក្នុងសំណុំរឿង ប្រហាក់ប្រហែលគ្នានេះ លោកហុង សុខ ហួរសមាជិក ព្រឹទ្ធសភា គណបក្សសមរង្ស៊ី ត្រូវបានតុលាការរាជធានីភ្នំ ពេញ ផ្តនា្ទទោស​៧ ឆ្នាំ។ តែលោកត្រូវបាន ដោះលែង ក្រោយពីបានសរសេរសុំទោស​សម្ដេចហ៊ុនសែន ។លោក ត្រូវបានដោះលែងកាលពីចុងឆ្នាំ២០១៧ តាមរយ សារលិខិតលើកលែងទោសពី ព្រះមហាក្សត្រ៕

 

Share

Image
Image
Image