en     km
en     km

តុលាការ​កោះហៅ​អ្នកវិភាគ​ គឹ​ម​ សុខ​ ខណៈ​ទើប​ចេញពី​គុក​បាន​ជាង​កន្លះ​ខែ​

Share

​ភ្នំពេញ​ ៖​ តុលាការក្រុង​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះហៅ​ អ្នកវិភាគ​ គឹ​ម​ សុខ​ ឲ្យ​ចូលខ្លួន​បំភ្លឺ​ លើ​សំណុំរឿង​ “​បរិហា​កេរ្ដិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ជា​អាទិ៍​”​ ខណៈ​លោក​ទើប​ចេញពី​គុក​បាន​ជាង​កន្លះ​ខែ​។​ តែ​យ៉ាងណា​នៅ​ពេល​នេះ​ អ្នកវិភាគ​សង្គម​ និង​នយោបាយ​រូប​នេះ​ មិន​បាន​នៅ​កម្ពុជា​នោះ​ទេ​។​

​យោង​តាម​ដីកា​ របស់​តុលាការក្រុង​ភ្នំពេញ​ ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​នេះ​ បង្គាប់​ឲ្យ​លោក​ គឹ​ម​ សុខ​ ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​បន្ទប់​ “​ឈ​”​ ជាន់​ទី​ ៤​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៨​ និង​៣០​នាទី​ព្រឹក​ ដើម្បី​សាកសួរ​យក​ចម្លើយ​ពី​ដំណើររឿង​ “​បរិ​យ​ហា​កេរ្ដិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ជា​អាទិ៍​”​។​

​យ៉ាងណា​ការ​បង្ហាញ​ដីកា​នេះ​ ក៏​ស្រប​ពេល​ដែល​អ្នកវិភាគ​ គឹ​ម​ សុខ​ ត្រូវ​បាន​រាយការណ៍​មក​ថា​ លោក​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ហើយ​ ដោយ​នាំ​ទាំង​កូនស្រី​វ័យ​ ០៦​ឆ្នាំ​ តែ​ម្នាក់​របស់​លោក​ទៅ​ជាមួយ​ផង​។​ យោង​តាម​ការ​អះអាង​លើ​ បណ្ដាញ​សង្គម​ លោក​ គឹ​ម​ សុខ​ បញ្ជាក់​ថា​ ការ​ចាកចេញ​របស់​លោក​ទៅ​រក​ទី​សុវត្ថិភាព​នា​ពេល​នេះ​ ពីព្រោះ​តែ​លោក​បាន​ទទួល​រង​ ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ទាំង​ទី​សាធារណៈ​ និង​ដោយ​សម្ងាត់​។​

​លោក​ គឹ​ម​ សុខ​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ រយៈពេល​ ១​ឆ្នាំ​កន្លះ​ (១៨​ខែ​)​ កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៧​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ០៨​លាន​រៀល​បង់​ចូល​រដ្ឋ​ នឹង​ ៨០០​លាន​រៀល​ សង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​ អ្នកវិភាគ​ គឹ​ម​ សុខ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​ពី​បទ​ “​ញុះញង់​ឲ្យ​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ជា​អាទិ៍​”​ និង​បរិហា​កេរ្ដិ៍​ គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ នៅ​ពីក្រោយ​ការ​ស្លាប់​របស់​ បណ្ឌិត​ កែម​ ឡី​។​ បន្ទាប់​ពី​អនុវត្ដន៍​ទោស​ចប់​សព្វគ្រប់​ អ្នកវិភាគ​ គឹ​ម​ សុខ​ ក៏​ត្រូវ​បាន​តុលាការ​ដោះ​លេង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៨​។​

​ក្រោយ​ពី​ចេញពី​ពន្ធនាគារ​លោក​ គឹ​ម​ សុខ​ បាន​អះអាង​ប្រាប់​សាធារណជន​ថា​ លោក​នៅ​តែ​បន្ដការងារ​របស់​លោក​ដោយ​គ្មាន​ការ​ងាក​រ៉េ​ឡើយ​ ពោល​លោក​ នឹង​នៅ​តែ​និយាយ​រឿង​ពិត​របស់​កម្ពុជា​ ដោយ​អះអាង​ថា​ លោក​និយាយ​ដើម្បី​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ​ និង​យុត្ដិធម៌​។​

​គួរ​រំ​ឮ​កថា​ ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​កម្មការិនី​ កាលពី​ថ្ងៃ​ទី​២៩​ សីហា​នោះ​ សម្ដេច​ ហ៊ុន​ សែន​បាន​សម្ដែង​ការ​ខឹង​ជា​ខ្លាំង​ ដែល​ទំនង​ខឹង​លោក​ គឹ​ម​ សុខ​ រិះគន់​ថា​ នីតិរដ្ឋ​នៅ​កម្ពុជា​ គឺជា​នីតិ​មាត់​របស់​អ្នកមាន​អំណាច​។​ ត្រង់​ចំណុច​នេះ​ សម្ដេច​ណែនាំ​ឲ្យ​ ក្រុម​មេធាវី​ រក​វិធី​យក​លុយ​ពី​លោក​ គឹ​ម​ សុខ​ ៨០០​លាន​រៀល​ឲ្យ​បាន​ ហើយ​បើ​ពុំនោះ​ទេ​ត្រូវ​នាំ​ខ្លួន​អ្នកវិភាគ​រូប​នេះ​ចូល​គុក​វិញ​៕

Share

Image
Image
Image