en     km
en     km

តុលាការ​កោះហៅ​លោក​ វន់​ ពៅ​ ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​

Share

​ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះហៅ​ ប្រធាន​សមា​គ​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​ ឲ្យ​ចូល​បំភ្លឺ​ ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សបា្ត​ហ៍​ក្រោយ​។​ ​

​យោង​តាម​ដីកា​កោះហៅ​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ៣​ កញ្ញា​ បានឱ្យ​ដឹង​ថា​ លោក​ គី​ ឫ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះហៅ​ លោក​ វន់​ ពៅ​ ប្រធាន​សមា​គ​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​នៅ​ពេល​ព្រឹក​។​

​តុលាការ​កោះហៅ​លោក​ វន់​ ពៅ​ មក​សាកសួរ​ក្នុង​នាម​ជា​សាក្សី​ ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​អំពើ​ក្បត់ជាតិ​។​ លោក​ វន់​ ពៅ​ ប្រធាន​សមា​គ​ (IDEA)​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​ របស់​តុលាការ​។​ ប៉ុន្តែ​លោក​មិន​យល់​ថា​ ហេតុ​អ្វី​តុលាការ​កោះហៅ​លោក​ ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំ​អតីត​ប្រធាន​គណបក្សប្រឆាំង​នោះ​ទេ​ ព្រោះ​លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ កឹ​ម​ សុខា​ ឡើយ​។​

​លោក​ វន់​ ពៅ​៖«​ពិបាក​ឆ្លើយ​ គ្រាន់​ថា​ គេ​ហៅ​អ​ញ្ចឹ​ង​គ្រាន់​យល់​ថា​ គេ​ភ្ជាប់​ខ្ញុំ​ទៅ​នឹង​រឿង​នយោបាយ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​សម្ពាធ​ស្មារតី​មក​លើ​រូប​ខ្ញុំ​។​ ខ្ញុំ​ក៏​មិន​យល់​រឿង​នឹង​ដែរ​ ព្រោះ​ខ្ញុំ​អត់​ដែល​ពាក់ព័ន្ធ​ជាមួយ​គាត់​ផង​»​។​

​ករណី​នេះ​ តុលាការ​បាន​កោះហៅ​ មន្ត្រី​សង្គម​ស៊ី​វិល​ជា​ច្រើន​រូប​ ឱ្យ​ឡើង​តុលាការ​ក្នុង​នាម​ជា​សាក្សី​ ដូច​លោក​ វន់​ ពៅ​ ផង​ដែរ​។​ ក្នុង​នោះ​រួម​មាន​លោកស្រី​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​ កម្ពុជា​ លោក​ មាស​ គឹ​ម​សេង​ ប្រធាន​សមគម​ធាងត្នោត​ និង​ លោក​ សៀ​ ភារ​ម្យ​ អតីត​ប្រធាន​អង្គការ​សិ​ទិ្ធ​លំនៅ​ដ្ឋា​ន​។​

​កាលពី​ថ្ងៃ​ទី​ ៣០​ សីហា​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​រយៈពេល​៦​ខែ​ទៀត​ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត​។​ គិត​តាំងពី​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​មាន​រយៈពេល​មួយ​ឆ្នាំ​គត់​ មក​ត្រឹម​ថ្ងៃ​ទី​ ៣​ កញ្ញា​នេះ​។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​។​ លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ខេត្ត​ត្បូងឃ្មុំ​ ជាប់​ព្រំដែន​វៀតណាម​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ តាម​មាត្រា​ ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​

​សហគមន៍​អន្តរជាតិ​ ដែល​ភាគច្រើន​ ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ មាន​ដូច​ជា​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការសហប្រជាជាតិ​ បាន​ទាមទារ​ឱ្យ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​ពួក​គេ​ ចាត់​ទុក​ថា​ នេះ​ជា​រឿង​នយោបាយ​៕

Share

Image
Image
Image