en     km
en     km

តុលាការពិចារណាលើការអនុវត្តទោសលោក គឹម សុខ «បន្ដឃុំខ្លួន ឬត្រូវដោះលែង»នៅថ្ងៃនេះ

Share

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបើសវនាការពិនិត្យលើការអនុវត្តទោសលោក គឹម សុខ ដើម្បីពិចារណាថាតើត្រូវដោះលែង ឬបន្ដឃុំខ្លួន ដែលសវនាការនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨      ​នេះ ។

លោក​ គឹម សុខ ត្រូវបាននាំខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង១៖ ៤០នាទីរសៀល ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨នេះ ។

មកដល់ពេលនេះ សវនាការរឿងលោក គឹម សុខ  មិនទាន់បានបញ្ចប់នៅឡើយទេ។

បញ្ជាក់ផងដែរថា លោក គឹម សុខ ដែលសាធារណជនមួយចំ​នួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើម     បណ្តឹង៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ លោកត្រូវបាននាំទៅឃុំខ្លួន ភ្លាមៗនៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧កុម្ភៈ បន្ទាប់ពីលោកចូលខ្លួន តាមដីកាកោះ របស់តុលាការករណី លោកចោទបក្សកាន់អំណាចនៅពីក្រោយឃាតកម្មលើ លោក បណ្ឌិតកែមឡី។

ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា ថា លោក គឹម សុខបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិស័ព្ទ និងភាពស្អាតស្អំ របស់គណបក្សប្រជាជនកម្ពុជា និងថាអ្នកវិភាគរូបនេះ មានចេតនាទុច្ចរិតញុះញង់ បំផុសបំផុល បញ្ឆេះកំហឹងមហាជនដែលអាចកើតមានអំពើចលាចលធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈសន្ដិសុខសង្គមទាំងមូល។

សូមជម្រាបផងដែរថា លោក គឹម សុខ អ្នកវិភាគដែល និយាយមិនចេះខ្លាចញញើត នៅមានជាប់ពាក្យបណ្ដឹងមួយទៀត ដែល​ប្តឹង​ដោយលោក​ គី តិច ​មេធាវីរបសសម្តេច​ ហ៊ុន សែន ​ពាក់ព័ន្ធ​ករណី ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ ប៉ុន្តែរក​ឃាតក​មិន​ដែល​ឃើញ​។​

នៅថ្ងៃទី១៧សីហា ឆ្នាំ២០១៨នេះ គឺពេលវេលាគម្រប់​ ១៨ខែ ដែល លោក គឹម សុខ ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃសរតាមសាលក្រមរបស់តុលាការ៕

Share

Image
Image
Image