ភ្នំពេញ៖ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកោះហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលាជាអតីតគណៈកម្មការបុណ្យលោកបណ្ឌិតកែមឡីពាក់ព័ន្ធបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡីតាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។កញ្ញាជុំជោគជាតាជូនសេចក្ដីរាយការណ៍៖
តាមដីកាកោះដែលត្រូវបានគេហទំព័រមួយចុះផ្សាយជាសាធារណៈ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកំណត់ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី១១ ខែតុលា លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវកំណត់ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ បុគ្គទាំង ៣អង្គនាក់នេះ គឺជាអតីតគណៈកម្មការបុណ្យលោកបណ្ឌិតកែមឡី។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ លោក ពេជ្រ ស្រស់ បានចូលទៅបំភ្លឺពីដំណើររឿងដែលលោកប្ដឹងអ្នកទាំង៣អង្គនាក់ នៅចំពោះមុខព្រះរាជអាជ្ញាដោយអះអាងថា លោកស្វែងរកការពិតលើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី។
ជុំវិញរឿងនេះដែរ វិទ្យុស្រ្ដី មិនអាចទាក់ទងសុំការបំភ្លឺ លោក មឿង តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង លោក ប៉ាងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រួមទាំងព្រះតេជគុណប៊ុត ប៊ុនតិញ បាននៅឡើយទេ នៅល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកពេជ្រស្រស់គឺជាប្រធានគណបក្សយុវជនកម្ពុជា។ លោកចាប់ផ្ដើមរៃអង្គាសប្រាក់មូលនិធិសម្រាប់សង់ចេតិយលោកបណ្ឌិតកែមឡីដោយតាងនាមជំនួសឱ្យគណៈកម្មាការបុណ្យដែលបានររំសាយទៅហើយនោះ។
លោកពេស្រស់បានចាប់ផ្ដើយុទ្ធនាការនេះក្រោយពីសម្ដេច ហ៊ុនសែនបានបញ្ចេញលុយច្រើនម៉ឺនដុល្លារដើម្បីជួយស្ថាបនាចេតិយលោកបណ្ឌិតកែមឡី។ លោក ពេជ្រ ស្រស់ អះអាងថាលោកដាក់ពាក្យបណ្ឌិតនេះក្នុងនាមជាយុវជនដែលស្នេហាលោកបណ្ឌិតកែមឡី៕