en     km
en     km

តម្រូវការលំនៅឋានសម្រាប់អ្នកចំណូលក្រោមមធ្យមមានការកើនឡើង

Share

ភ្នំពេញ៖ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ តម្រូវការលំនៅដ្ឋាននឹងកើន​ឡើងរ​ហូតដល់​ ១លាន​ខ្នងក្នុងមួយឆ្នាំ។ ក្រុមអ្នកវិនិយោ​គក្នុងវិស័យសំណង់ប្រមើលមើលថាសំណង់ដែលមានតម្លៃមធ្យមនឹងមានសន្ទុះច្រើនជាងគេ។ នេះជាដំណឹងល្អមួយ​សម្រាប់​ក្រុមវិនិយោគិនលើវិស័យសំណង់នៅរាជធានីភ្នំពេញ។

របាយការណ៍មួយរបស់ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់ បង្ហាញថាកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹង​កើន​ពី​៤,៣ លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាននាក់ នៅឆ្នាំ២០៣០។ កំណើនប្រជាពលរដ្ឋនេះ នឹងជំរុញឱ្យមាន​តម្រូវ​ការកា​ន់​តែ​ខ្ពស់លើ​ផ្នែកលំនៅដ្ឋាន​។ របាយការណ៍ដដែលបញ្ជាក់ថា តម្រូវការលំនៅឋានជាមធ្យម មាន​ចំនួន ៥ម៉ឺនខ្នង​ក្នុងមួយ​​ឆ្នំា​​ៗ ​ហើ​​យតម្រូវការនេះ​នឹងកើនដល់៨០ ម៉ឺនខ្នងរហូតដល់ឆ្នំា២០៣០។

លោក ឡោ ទិពសីហា អគ្គលេខាធិការក្រសួងដែនដី នគរូបនីកម្ម និងសំណង បញ្ជាក់ថាលំនៅដ្ឋានដែលមានតម្លៃទាបបានក្លាយជាគោលដៅសម្រាប់អតិថិជនច្រើនជាងគេ។ លោកថា​ ក្រសួងកំពុងតែរៀបចំគម្រោងអភិវឌ្ឍន៍​ពង្រី​កទីក្រុង​ក្នុងកា​រ​សាង​សង់​លំនៅ​ឋាន​តម្លៃទាប នៅតាមបណ្តាខេត្តជាប់​រាជ​ធានីភ្នំពេញ ដូចជាខេត្តកណ្តាល កំពង់ស្ពឺ ក្រុងព្រះសីហនុ និងក្រុងសៀ​ម​​រាប​។

​លោក សន សៀប ស្ថាបនិក និងជា​នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត (Key Real Estate) ដែលជាក្រុមហ៊ុនឯកជន​វាយ​តម្លៃទៅលើ​អចលនទ្រព្យ បានឲ្យដឹងថា ការសាងសងផ្ទះល្វែង វីឡា បុរី និងខុនដូ មានការរីកចម្រើនខ្លំាងក្នុងរយៈពេល​ប៉ុន្មាន​ឆ្នំាចុ​ង​​ក្រោយនេះ​។ ការពង្រីកទីក្រុង បាននំាឲ្យវិស័យសំណង់កំពុងរីកដុះដាលយ៉ាងខ្លំាង ដូចជានៅខណ័្ឌសែន សុខ ខណ្ឌ័ជ្រោយចង្វា តំបន់បឹងទំពុនក្នុងខណ្ឌមានជ័យ និងតំបន់ផ្លូវ ៦០ម៉ែត្រ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារចលនវត្ថុកម្ពុជា មើលឃើញថា ក្នុងឆ្នំា២០១៧ នេះ ការ​ទិ​ញ​លក់​ផ្ទះល្វែងនៅក្នុងបុរីក្នុងតម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ លក់ដាច់ច្រើនជាងផ្ទះល្វែងដែលមានតម្លៃចាប់ពី ៨ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ផ្ទុយមកវិញ កាលពីឆ្នំាមុនផ្ទះល្វែងមានតម្លៃ ៨ម៉ឺនដុល្លារមានចលនាលក់ដាច់ខ្លំាង។

លោកបណ្ឌិត គីម ហ៊ាង ពន្យល់ថា ផ្ទះល្វែងដែលមានតម្លៃចាប់ពី ៣ម៉ឺនដុល្លារអាមេរិក លក់ដាច់ច្រើនដោយសារតម្រូវការផ្ទះសម្រាប់អ្នកចំណូល​ក្រោមមធ្យមកើនឡើង។ ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារចលនវត្ថុកម្ពុជា ប៉ាន់ប្រមាណថា ប្រជា​ព​ល​រដ្ឋជាង ១លាននាក់ មានចំណូលក្រោមមធ្យមរស់នៅ និងធ្វើការនៅទីក្រុងភ្នំពេញ។

លោកបណ្ឌិត គីម ហ៊ាង សង្កេតឃើញថា រាជធានីភ្នំពេញនឹងរីកដុះដាលទៅគ្រប់ជ្រុងទាំងអស់ ពោលគឺ​​ប៉ែកខាងត្បូង​រាជ​ធានីភ្នំ​ពេញ​ សំបូរទៅដោយរោងចក្រសហគ្រាស និងសំណង់លំនៅឋាន ដោយ​ភាគ​ច្រើន​ប្រជាពលរដ្ឋមានចំណូលក្រោមមធ្យមរ​ស់​នៅ។

រីឯខាងកើតរាជធានីភ្នំពេញប៉ែកខាងផ្លូវជាតិលេខ១ សំបូរទៅដោយតំបន់លំហែរកាយ។ ផ្ទុយទៅវិញប៉ែងខាងលិចទីក្រុង សំ​បូរ​ខ្លំាងទៅដោយរោងចក្រ សហគ្រាសក្នុងតំបន់ផ្លូវជាតិលេខ៣ និងលេខ៤ និងភាគខាងជើងរាជធានីភ្នំពេញ គឺតំបន់ផ្សា​រ​អ៊ី​អន​ម៉លទី២ និងតំបន់ខំាខូស៊ីធី សំបូរអ្នកចំណូលមធ្យមនិងអ្នកមានរស់នៅច្រើន។

លោក សន សៀប ស្ថាបនិក និង នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថា ការរីកចម្រើនផ្នែកសំណង់បានធ្វើឲ្យតម្លៃដីធ្លីឡើងថ្លៃ។ លោករៀបរាប់ថា ហាងឆេងដីមានតម្លៃថ្លៃ មានក្នុងខណ្ឌ័ចំនួនបួន គឺខណ្ឌ័ចំការមន ដូនពេញ ខណ្ឌ័៧មករា និង ខណ្ឌ័ទួលគោក។ ជាមធ្យមតម្លៃដីនៅទីនោះចាប់ពី១៥០០ ដុល្លារ ទៅ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែកហាងឆែងដីនៅតំបន់សង្កាត់បឹងកេងកក និងកោះពេជ្រ និងដីនៅជុំវិញផ្សារធំថ្មី និងនៅតាមមាត់ទន្លេចតុមុខ មានតម្លៃចន្លោះពី៣៥០០ ដុល្លារ ទៅ៤៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តាមរបាយការណ៍ក្រសួងដែនដី នគររូបនីកម្ម និងសំណង់ កំណើនប្រជាពលរដ្ឋមករស់នៅ និងធ្វើការងារក្នុង ទីក្រុងភ្នំពេញនឹងមានការកើនឡើងបន្តបន្ទាប់ក្នុងរយៈពេល១៥ឆ្នំាទៀត។

ដោយឡែករបាយការណ៍ដដែលបញ្ជាក់ថា ទុនវិនិយោគក្នុងវិស័យសំណង់ និងលំនៅឋាន ក្នុងរយៈពេលប្រំាខែដើមឆ្នំា ២០​១៧​ ​នេះ ​មានចំនួន៤៣៦៣ លានដុល្លារអាមេរិក គឺមានកំណើនចំនួន២០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នំា ២០១៦ ។

លោក ឡោ ទិពសីហា អគ្គលេខាធិការក្រសួងដែនដី នគរូបនីកម្ម និងសំណង់ មានប្រសាសន៍ថា ក្រសួងបានផ្តល់គម្រោង​វិនិ​យោគ​ក្នុងវិស័យសំណង់ចំនួន១៥២៣ គ្រោង លើផ្ទៃក្រឡា​ ៧លានម៉ែត្រការ៉េ។

ក្នុងចំណោម១៥២៣ គ្រោង មានសំណង់អគារលំនៅឋាន សំណង់រោងចក្រក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងរោងចក្រសហគ្រាស។ លោក ឡោ ទិពសីហា បន្ថែមថា ការកើនឡើងវិស័យសំណង់នេះ បានជួយបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ៨០ ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ ធូ វិរៈ

Share

Image
Image
Image