en     km
en     km

ដើម្បីតម្លាភាពនិងសុវត្ថិភាពឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីពិន័យច្រើនជាងមុន៣ទៅ៥ដង

Share

កាលពីថ្ងៃទី១៧ ខែមីនា ក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ​បង្កើតថ្មីដែលចុះលេខ​ ៣៩ អនក្រ​.​បក ។អនុក្រឹត្យនេះ ស្តីពី ការកែសម្រួលអនុក្រឹត្យចាស់លេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនាឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក។ ការកែសម្រួលអនុក្រឹត្យនោះបានបង្កើននូវប្រាក់ពិន័យច្រើនជាងមុនពី​ ៣​ ទៅ​ ៥​ដងពោលគឺអប្បបរមាទឹកប្រាក់៦ម៉ឺនរៀលទៅដល់២លាន៤សែនរៀលទៅតាមអំពើល្មើសដូចដែរមានកំណត់ក្នុងច្បាប់ជាធរមាន។

ប្រាក់ចំណូលដែលបានមកពីការផាកពិន័យនេះតម្រូវបែងចែកជាបីចំណែកគឺ ៧០ %ប្រគល់ជូនដល់នគរបាលផ្ទាល់ជាការលើកទឹកចិត្ត ចំពោះការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ ២៥ភាគរយប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ និង៥ភាគរយ ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។នេះបើតាមប្រសាសន៍របស់របស់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាមុនមួយថ្ងៃនៃការចាប់អនុវត្តច្បាប់និងបទបញ្ជាថ្មី។ចំណាត់ការណ៍បង្កើនប្រាក់ពិន័យនេះជាវិធានការណ៍ឆ្ពោះទៅរកការកាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ក៏ប៉ុន្ដែចាប់ពីថ្ងៃទី០១ឧសភាមកទល់ពេលនេះមានសាធារណជនមួយចំនួនដែលទទួលរងការពិន័យ សាធារណជនដែលភ័យខ្លាចការផាកពិន័យ ក៏ដូចជាអ្នកតាមដានការផាកពិន័យ បានសម្ដែងមតិរិះគន់លើសកម្មភាពទាំងនេះជាហូរហែជាពិសេសស្ដែងលើបណ្ដាញសង្គមក្រោមហេតុផលជីវភាពលំបាកជាទូទៅ និង បន្ទុកបន្ថែមពីការរកចំណូលមិនបានអំឡុងពេលកូវីដ ១៩ ហេតុផលភាពមិនស៊ីសង្វាក់នៃទ្រឹស្ដីនិងការអនុវត្តរបស់ប៉ូលីស រិះគន់ពីការតម្កើងថ្លៃប្រាក់ពិន័យដោយយល់ឃើញថាតម្លៃពិន័យពីមុនបើចុះសកម្មភាពរឹតបន្ដឹងជាទៀតទាត់ច្បាស់លាស់ត្រឹមត្រូវតាមច្បាប់ក៏ឆ្ពោះទៅរកគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានដូចគ្នា ខ្លះរិះគន់ដោយព្រួយបារម្ភអំពីតម្លាភាពនៃចំណូលថវិកា និងខ្លះមិនពេញចិត្តដែលថវិកាជាតិទទួលបាន តិចតួចជាងអង្គភាពធ្វើសកម្មភាព។

ត្បិតថាទស្សនៈពលរដ្ឋប្រកបដោយហេតុផលក្នុងការរិះគន់ប៉ុន្ដែក្នុងសង្គមនីតិរដ្ឋច្បាប់ដែលបង្កើតឡើងមានយុត្តិធម៌គឺប្រកបដោយហេតុផលជាស្រេចក្រោយពីបានសិក្សាស្រាវជ្រាវពីបាតុភូតសង្គមដែលធ្វើឱ្យចរិតលក្ខណៈជាទូទៅនិងមិនចំពោះរបស់ច្បាប់ចាប់បង្ខំអាចទទួលយកបាន។

ករណីដូចការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ តំណាងក្រសួងមហាផ្ទៃ យោងលើប្រសាសន៍សម្ដេចសខេងបានពន្យល់ថាជាឆ្នាំនៃការរឹតបន្ដឹងច្បាប់ដោយចាត់ទុកជាអាទិភាពទីមួយ ចំណែកការអប់រំផ្សព្វផ្សាយប្រែក្លាយជាអាទិភាពទីពីរព្រោះការអប់រំផ្សព្វផ្សាយបានប្រព្រឹត្តឡើងតាំងពីឆ្នាំ២០០៧មកម្ល៉េះនៅតែមានការមិនអនុវត្តរបស់ប្រជាពលរដ្ឋតាមនិងខ្លះមិនបានយល់ដឹងដែលចាត់វិធានការណ៍បង្កើនប្រាក់ពិន័យគឺមធ្យោបាយទាញការចាប់អារម្មណ៍ ក៏ដូចជាបង្ខំពលរដ្ឋឱ្យសម្របខ្លួននឹងច្បាប់រឹតបន្ដឹងថ្មី ក្នុងគោលដៅដើម្បីអាយុជីវិត ជីវភាពយូរអង្វែងរបស់ពលរដ្ឋ តាមរយៈការ កាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ បង្កើនសុវត្ថិភាពចរាចរណ៍ទាំងអ្នកបើកបរនិងអ្នករួមដំណើរតាមដងផ្លូវមិនអស់កម្រៃការពិន័យច្រើនតទៅទៀត។

ឆ្លើយតបនឹងការងឿងឆ្ងល់ ក៏ដូចជាការព្រួយបារម្ភពីកង្វះការយល់ដឹងនៃបច្ចេកទេសយានយន្ដ ការធ្វើដំណើរ និង នីតិវិធីផាកពិន័យរបស់ពលរដ្ឋ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ានអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាល ជាតិបានចំណាយពេលជាងមួយម៉ោងដើម្បីឆ្លើយសំណួរទាំងអស់នេះតាមរយៈការសម្ភាសផ្ដាច់មុខរបស់ទូរទស្សន៍Fresh newsកាលពីថ្ងៃទី០៣ឧសភាដែលជាចម្លើយរួមមាន៖

-នៅតាមផ្លូវលំ ផ្លូវបេតុងដែលពលរដ្ឋនិយមហៅថាផ្លូវដួងហែម គឺមិនមានដាក់គោលដៅត្រួតពិនិត្យនោះទេ មានបញ្ជាដាក់តែនៅផ្លូវធំៗ មហាវិថីដើម្បីភាពច្បាស់លាស់ត្រឹមត្រូវនៃការងាររបស់អាជ្ញាធរមានសមត្ថកិច្ច

-ប័ណ្ណបើកបរអចិន្រ្ដៃយ៍និងមានសុពលភាពតាមអាយុមិនទាន់ពិន័យនោះទេ

-ទោចក្រយានយន្ដដែលមានស៊ីឡាំងទំហំលើសពី១២៥សង់ទីម៉ែត្រគីបនិងថាមពលលើសពី១១គីឡូវ៉ាត់ត្រូវដាក់ឯកសារដើមនៃបណ្ណបើកបរតាមខ្លួន

-រាល់អ្នកបើកបរដែលបាត់ប័ណ្ណសម្គាល់យានយន្ដត្រូវមានលិខិតបញ្ជាំក់ពីនគរបាលមូលដ្ឋានចំពោះការបាត់ហើយរយៈពេលបាត់មិនគួរទុកយូរថ្ងៃនោះទេ

-រាល់ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរមិនមានឧបករណ៍ភ្ជាប់សំឡេង ជាឧទាហរណ៍កាសមានខ្សែឬឥតខ្សែជាអំពើល្មើស

-ស្ដង់ដារបច្ចេកទេសនៃរាល់យានជំនិះគឺត្រូវស្របតាមការណែនាំរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាឧទាហរណ៍មិនត្រូវប្រើប្រាស់ភ្លើងបំភ្លឺផ្លូវខុសបច្ចេកទេ កង់សឹករេចរិល ជាដើម ហើយករណីទាំងនេះត្រូវត្រួតពិនិត្យនៅកន្លែងឈៀករថយន្ដប៉ុន្ដែករណីឡើងស៊េរីយានយន្ដមិនជាអំពើល្មើសទេបើមិនបាត់បង់ភាពដើម

-រថយន្ដដឹកកម្មករ នឹងមិនគិតពីចំផាកពិន័យព្រោះតែចំនួនមនុស្សទេ គឺផ្ដោតលើការបំពានទម្ងន់ដែលរថយន្ដត្រូវផ្ទុកបានតាមការណែនាំក្រសួងសាធារណការនិងដឹកជញ្ជូន

-ការប្រើប្រាស់ទោចក្រយានយន្ដអាចដំណើរការបើដរាបណាអត្តសញ្ញាណប័ណ្ណឬអាយុ១៥ឆ្នាំឡើងទៅហើយចំណែកការបើកបរយានយន្ដធន់ស្រាលគឺចាប់ពី១៨ឆ្នាំឡើងទៅ

-ការបិទបន្ទះការពារកម្ដៅថ្ងៃគឺនឹងជាអំពើល្មើសដរាបណាមិនអាចឆ្លុហនឹងភ្នែកពីខាងក្រៅទៅក្នុងឃើញ

-រថយន្ដឥតមានស្លាកលេខតែមានបង្កាន់ដៃត្រឹមត្រូវនគរបាលចរាចរណ៍អាចផាកពិន័យ បានតែមានស្ថានសម្រោលទោសព្រោះជាអំពើល្មើសដោយអចេតនា

-ត្រូវយកតាមខ្លួនជានិច្ចប័ណ្ណបើកបរ និងលិខិតប្រកបអាជីវកម្មចាប់ពីយានយន្ដប្រភេទក២ឡើងទៅ

-ករណីប្រើប្រាស់យានយន្ដបង់រំលោះមិនមានប័ណ្ណសម្គាល់កម្មសិទ្ធជារយៈពេលអន្ដរកាល សមត្ថកិច្ចតម្រូវឱ្យថតចម្លងលិខិតពីក្រុមហ៊ុនបង់រំលោះយកទៅបញ្ជាក់នៅសាលាខណ្ឌនៃការិយាល័យច្រកចេញចូលតែមួយ

នគរបាលមានសមត្ថកិច្ចបានបែងចែកសកម្មភាពអនុវត្តការផាកពិន័យនៅពេលរកឃើញអំពើល្មើសរបស់ពលរដ្ឋជា០២ប្រភេទ ៖

ទី១៖ ករណីជាក់ស្ដែងទៅតាមសកម្មភាពល្មើសមិនមានសុពលភាព​ ឧទា៖ករណីល្មើសភ្លើងស្ដុបនៅចំណុច ក និងនៅតែទទួលការពិន័យបើល្មើសនៅភ្លើងស្ដុប ខ

ទី២៖ ករណីទុកពេលឱ្យទៅដល់គោលដៅក្នុងថេរវេលា២៤ម៉ោងជាអតិបរិមា៖ ឧទាហរណ៍ករណីល្មើសបច្ចេកទេសខូចភ្លើងហ្វា ករណីឯកសារហួសសុពលភាពមានជាអាទិ៍៖ប័ណ្ណបើកបររថយន្ដ

នៅរាជធានីភ្នំពេញការឃាត់ទុកទោចក្រយានយន្ដឬម៉ូតូក្នុងរយៈពេលបីថ្ងៃដើម្បីឱ្យពលរដ្ឋបន្ដនីតិវិធីបង់ប្រាក់ពិន័យនៅស្នាក់ការរដ្ឋបាលរបស់សមត្ថកិច្ច ចំណែកនៅតាមបណ្ដាខេត្តមិនមានការឃាត់ទុកនោះទេ

អគ្គស្នងការដ្ឋានគរបាលជាតិជម្រាបថានគរបាលមូលដ្ឋានត្រូវទទួលបញ្ជាដោយមិនឃាត់ឆែកឆេរអ្នកធ្វើដំណើរមិនខុសច្បាប់។ករណីពលរដ្ឋមានសំណួរ យោបល់ បញ្ហាពាក់ព័ន្ធនឹងប្បញ្ញត្តិច្បាប់ចរាចរណ៍ថ្មីឬការអនុវត្តច្បាប់របស់សមត្ថកិច្ចនគរបាលចរាចរណ៍អាចរាយការណ៍ទៅកាន់ទូរស័ព្ទបន្ទាន់របស់អគ្គស្នងការដ្ឋាននគរបាលដែលមានលេខ ១១៧និងដោយយោងលើមាត្រា១៥ថ្មីអនុក្រឹត្យលេខ៣៩ បុគ្គលដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់សមត្ថកិច្ចស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកមានសិទ្ធិប្ដឹងតវ៉ាំរយៈពេល១៥ថ្ងៃយ៉ាងយូរថគិតពីថ្ងៃទទួលបង្កាន់ដៃពិន័យងន្រការណ៍ទៅប្រធានអង្គភាពដែលគ្រប់គ្រងលើមន្រ្ដីអនុវត្តផ្ទាល់គឺនៅថ្នាក់ក្រុងស្រុកខណ្ឌបន្ដឹងទៅកាន់អធិការនគរបាលក្រុងស្រុក ខណ្ឌ ថ្នាក់រាជធានិខេត្តប្ដឹងតវ៉ាទៅកាន់ស្នងការនគរបាលរាជធានីខេត្ត ថ្នាក់ក្រសួងប្ដឹងទៅប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់។ប្រធានអង្គភាពនីមួយនឹងសម្រេចយ៉ាងយូរលើបណ្ដឹងតវ៉ា១៥ថ្ងៃពីថ្ងៃទទួលពាក្យបណ្ដឹង បើមិនសុខចិត្តនឹងសេចក្ដីសម្រេចពលរដ្ឋអាំចប្ដឹងទៅតុលាការតាមនីតិវិធីច្បាប់។

ត្បិតថារាជរដ្ឋាភិបាលបានសម្រេចកែប្រែរហូតដល់ទៅ១០មាត្រាពីមាត្រា៦ដល់១៥នៃជំពូកទី៣អំពើល្មើសនិងចំនួនទឹកប្រាក់ត្រូវពិន័យអន្ដរការណ៍នៃអនុក្រឹត្យលេខ៤៤ អន ក្របក ក៏ពិតមែនប៉ុន្ដែបទបញ្ជាថ្នាក់លើរបស់នគរបាលសម្រេចកំណត់យកបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ ។ក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩ ដើម្បីមកអនុវត្តមុនគេ ហើយបទល្មើសផ្សេងៗទៀត នឹងធ្វើឡើងនៅពេលខាងមុខ។

បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេនេះរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព ទី២៖ ស្រវឹង ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា ទី៤៖ ល្មើសការបត់ និងវ៉ាជែង ទី៥៖ ដឹកលើសចំណុះ ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។ ដោយឡែកបទល្មើសរថយន្តទាំង៩ ក្នុងចំណោម៤១ ដែលត្រួតពិនិត្យមុនគេ គឺទី១៖ ល្បឿន ទី២៖ ស្រវឹង ទី៣៖ គ្មានបណ្ណបើកបរ ទី៤៖ មិនគោរពភ្លើងសញ្ញា ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់ ទី៧៖ ដឹកលើសចំណុះ ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង។

សូមបញ្ចាក់ថាការប្រើប្រាស់កម្លាំងអន្ដរាគមន៍ក្រៅពីនគរបាលចរាចរណ៍គឺធ្វើឡើងដើម្បីទប់ស្កាត់អំពើល្មើសហិង្សាពីសមត្ថកិច្ចទៅពលរដ្ឋនិងពីពលរដ្ឋទៅសមត្ថកិច្ច ស្ថិតក្រោមរូបភាពនៃការដាក់សម្ពាធគម្រាមកំហែងទើបជាអំពើល្មើសច្បាប់។បទល្មើសចរាចរណ៍ជាចំណាត់ថ្នាក់បទល្មើសលហុដែលមានត្រឹមជាការពិន័យជាប្រាក់ប៉ុណ្ណោះ ការប្រើប្រាស់ខ្នោះកើតមានឡើងពីកម្លាំងអន្ដរាគន៍ករណីបង្កហិង្សា។រាល់ការជេរប្រមាថជាសាធារណៈជាបទល្មើសព្រហ្មទណ្ឌផ្អែកលើមាត្រា៣០៧មានជាទោសពិន័យជាប្រាក់ពី១សែនរៀលដល់១លានរៀល ប៉ុន្ដែ  ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១ ០០០ (មួយពាន់) រៀល ទៅ ១០០ ០០០ (មួយសែន) រៀល។

ប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ www.mpwt.gov.khរួចចុចលើមាតិកាឯកសារផ្លូវការ រួចចុចលើអនុក្រឹត្យ នោះពលរដ្ឋអាចអានឈ្វេងយល់និងទាញយកអនុក្រឹត្យស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.ប្រក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍គោក ឬប្រជាពលរដ្ឋអាចទាញយកនិងស្វែងរកអនុក្រឹត្យនេះចេញពីគេហទំព័រ អគ្គស្នងការដ្ឋានគរបាលជាតិwww.cambodiapolice.com៕

ដោយ៖ពៅនិកា

https://www.mpwt.gov.kh/kh/documents/sub-decree/257

http://cambodiapolice.com/%e1%9e%91%e1%9e%b6%e1%9e%89%e1%9e%99%e1%9e%80

Share

Image
Image
Image