ភ្នំពេញ៖ ចាប់ពីថ្ងៃ ០១ រោច ដល់ថ្ងៃ ១៥រោច ខែ ភទ្របទ ស្ថិតក្នុងខែកញ្ញា គឺជារដូវបិណ្ឌភ្ជុំ ឬហៅថា ភ្ជុំបិណ្ឌ ដែលពលរដ្ឋខ្មែរតាំងពីបុរាណកាលរៀងមកបានរៀបចំ ចង្ហាន់ អាហារភោជន បង្ហែម ចង្អាប នំណេក ចេក ស្ករ និង បានវេចនំ ជាច្រើនប្រភេទដើម្បីយកទៅប្រគេនព្រះសង្ឃ បំណងឧទ្ទិសកុសលជូនញាតិតិកា ដែលបានបែកកាយ រំលាយខណ្ឌទៅ។ តើបុរស ស្ដ្រី វ័យចំណាស់ពីជំនាន់មុន មានជំនឿលើពិធីបុណ្យភ្ជុំបិណ្ឌនេះយ៉ាងណាខ្លះ? តទៅនេះគឺជាបទយកការណ៍ដែលរៀបរៀងដោយលោក លៀ ស៊ីណា អំពីជំនឿចាស់បុរាណស្ដីពីពិធីបុណ្យភ្ជុំបិណ្ឌ ៖
នេះគឺជារដូវបុណ្យភ្ជុំ ជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំក្នុងចំណោមបុណ្យជាតិផ្សេងៗ ព្រោះពិធីបុណ្យនេះមានរយៈពេលរហូតដល់ ១៥ថ្ងៃ។ គ្រប់ទីវត្ដអារាមជាង ៤០០០វត្ដ នៅប្រទេសកម្ពុជា ដែលជាទីសំណាក់របស់ព្រះសង្ឃដើម្បីសិក្សាបដិបត្ដិធម៌ គឺលាន់ឮ តែសំឡេង ពិនពាធ និងសំឡេងស្នូត ដែលជាសូរស័ព្ទដ៏សែនស្រណោះដង្ហើយហៅកូនចៅប្រុស ស្រី ឲ្យរូសរាន់វិលវិញមកវិញ ជួប តា យា ឪពុក ម្ដាយ ដែលទន្ទឹងផ្លូវ។
មានឯកសារជាច្រើនបានចងក្រងឡើងស្ដីពីដើមកំណើតនៃប្រវត្ដិបុណ្យភ្ជុំបិណ្ឌ និងជំនឿពីការធ្វើពិធីបុណ្យមួយនេះ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះមានដើមកំណើតតាំងពីសម័យអង្គរមកម្លេះ។ ទាក់ទិននឹងជំនឿនៃការគោរពប្រតិបត្ដិ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋមួយរូបរស់នៅឃុំ ក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្ដតាកែវ បាននិយាយថា ការធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះអ្នកស្រីបានលឺ នឹងអនុវត្ដតាមឪពុក ម្ដាយ របស់អ្នកស្រីតាំងពីដឹងក្ដីរហូតមក ព្រោះអ្នកស្រីជឿជាក់ថា ការធ្វើបុណ្យនឹងបានដល់សាច់ញាតិដែលស្លាប់ទៅពិតមែន។
អ្នកស្រី ហ៊ឹម ស៊ុន វ័យ ៨៤ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីជឿពីរឿងនេះ ថាពិតជាមានប្រលឹង វិញ្ញាណដែលត្រូវបានប្រឡេងពីឋានរក មកទទួលចំណីអាហារ និងកុសលផលបុណ្យ ពីការឧទ្ទិសកុសលរបស់សាច់ញាតិបងប្អូនដែលរស់នៅសព្វថ្ងៃ។ អ្នកស្រី ហ៊ឹម ស៊ុន ៖«ចា ចាស់ៗ គេប្រាប់អញ្ចឹង ថាបានដល់ជីដូនជីតាដែលចែកឋានទៅហ្នឹង ដែលឧទ្ទិសទៅ ដូចកាន់បិណ្ឌកាន់អីហ្នឹងឧទ្ទិសទៅដល់អ្នកណាដែលកើតជាប្រេត ទៅនរកអីអញ្ចឹងមកស៊ីមកអីមកណា តែបើកើតជាមនុស្សមិនអីទេ តែបើប្រេតមកលិឍចុងកន្ទោងចុងអីទៅ បើយើងមិនទៅធ្វើប្រេតបានអីស៊ីមានតែស្រែកយំងាប់ទៅជីដូនជីតាយើង»។
ព្រោះតែប្រទេសកម្ពុជាកាន់ ពុទ្ធសាសនា ហើយត្រូវបានដាក់ចូលជាសាសនារបស់រដ្ឋផង ទើបពលរដ្ឋខ្មែរដែលកើតលើទឹកដីសុវណ្ណភូមិមួយនេះ មានជំនឿមុតមាំណាស់ ទៅលើរឿងបុណ្យ និង បាប គុណ និង ទោស។ កត្ដាទាំងនេះហើយ ដែលពលរដ្ឋខ្មែរគោរពយ៉ាងខ្ជាប់ខ្ជូនពីការធ្វើបុណ្យដាក់ទាន។ អ្នកស្រី ហ៊ឹម ស៊ុន ជឿជាក់ថា ក្នុងរដូវភ្ជុំបិណ្ឌ នេះ ប្រើសិនបើកូនចៅមិនបានទៅទៅជួបឪពុកម្ដាយ ធ្វើបុណ្យដាក់បាតឧទ្ទិសដល់ដូនតានោះទេ ខ្មោចប្រេតទាំងនោះនឹងនៅស្រែកទ្រហោយំបោកខ្លួន ហើយនឹងដាក់បណ្ដាសាកូនចៅថែមទៀត។ អ្នកស្រី ហ៊ឹម ស៊ុន ៖«ប្រសិនបើអត់ទៅវត្ដទៅបោះបាយបិណ្ឌបាយអីអញ្ចឹង ដូចថា ខ្មោចជីដូនជីតា ម៉ាកុងពីដើមមកថា ស្រែកយំ រកម៉ែ ឪ មិនឃើញ គេទៅវត្ដ ឃើញតែគេគ្រប់គ្នាហ្នឹងស្រែកយំនៅបោកខ្លួននៅក្បែរវិហារហ្នឹង»។
ចំណែកស្ដ្រីវ័យ ៨០ឆ្នាំ មួយរូបទៀតដែលមើលទៅហាក់នៅមានកម្លាំងកំហែងមាំមួនបាននិយាយដោយមានជំនឿថា អ្នស្រីជឿលើការប្រព្រឹត្ដល្អ ការធ្វើបុណ្យពិសេស គឺរដូចបុណ្យភ្ជុំនេះតែម្ដង។ នេះគឺអ្នកស្រី សំ វ៉ាង ជាពលរដ្ឋមួយរូបដែលរស់នៅក្នុងឃុំព្រែកស្លែង ខេត្ដកណ្ដាល។ អ្នកស្រីបានប្រាប់ឲ្យដឹងថា នេះគឺជាទំនៀមដូនតាខ្មែរដែលបានរៀបចំតាំងពីបុរាណកាលមក ហើយអ្នកស្រីបានអនុវត្ដន៍តាមការប្រៀនប្រដៅរបស់ម្ដាយអ្នកស្រីតាំងពីវ័យកុមារ។ អ្នកស្រី វ៉ាង គឺជាពុទ្ធសាសនិកដែលមានជំនឿលើការធ្វើបុណ្យនារដូវភ្ជុំថា ពិតជាបានដល់សាច់ញាតិដែលស្លាប់ទៅយ៉ាងប្រាកដ។ អ្នកស្រី សំ វ៉ាង ៖«សប្បាយចា ហើយជឿជាក់ទៀតថា នឹងបានដល់ម៉ែ ឪ ដល់ប្ដីដល់អីដែលអត់នៅអញ្ចឹងទៅណា សង្ឃឹមថានឹងដល់ តែបើអត់បានធ្វើខ្ញុំបារម្ភណាស់ខ្លាចឪពុក ម្ដាយ ប្ដីអីអត់បានហូប បានអីនឹងគេ ឲ្យដឹងធ្វើម៉េចបើជំនឿតាំងពីម៉ែពីឪមកអញ្ចឹងហើយ សម្រាប់ខ្ញុំចេះតែជឿហើយ»។
ជាងនេះអ្នកស្រី សំ វ៉ាង បន្ដថា អ្នកស្រីជឿលើរឿងនេះ ពីព្រោះតែសព្វថ្ងៃនៅមានវត្ដអារាម នៅមានព្រះសង្ឃ ព្រោះបើសិនជារឿងមិនពិតទាំងព្រះសង្ឃ និងវត្ដអារាមប្រាកជាមិនមាននោះទេ។
តាមឯកសារបានសរសេរថា កាលសម័យបុរាណចាស់ៗ បានធ្វើពិធីបុណ្យភ្ជុំបិណ្ឌដើម្បីរៀបចំធ្វើសង្ឃភត្ដ ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្ដ រយៈពេល ៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា ថ្ងៃ ០១ រោច ខែអាសាឍ រហូតដល់ចេញព្រះវស្សា ១៥កើត ខែ អស្សុជ។ ក៏ប៉ុន្ដែអំណេះក្រោយៗមកពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានកាត់បន្ថយរហូតដល់សល់ត្រឹម១៥ថ្ងៃ ដោយយោងទៅលើកត្ដាជីវភាពរបស់ពលរដ្ឋ។ ក៏ប៉ុន្ដែព្រះសង្ឃគ្រប់អង្គ មិនអាចនិមន្ដចេញបិណ្ឌបាតទេក្នុងអំឡុងពីចូលព្រះវស្សាលុះណាទាល់តែចេញព្រះវស្សា។
ទាក់ទិននឹងការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនេះ តាមសង្ឃដីការបស់ព្រះភិក្ខុវជីរប្បញ្ញោ គូ សុភាព ឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យរបស់ខ្មែរយើងដែលមានបំណងឲ្យកូនចៅនឹករលឹកដល់ មាតា បិតា ជីដូន ជីតា ដែលធ្វើមរណកាលទៅកុំឲ្យបំភ្លេចគុណរបស់គាត់។ ព្រះអង្គឲ្យដឹងបន្ដថា ការធ្វើបុណ្យឧទ្ធិសនារដូចភ្ជុំបិណ្ឌនេះពុំមែនបានន័យថា គ្រប់ជីដូន ជីតា របស់មនុស្សគ្រប់គ្នា នឹងយល់យកកំណើតកើតជាប្រេត ជាអសូរកាយ ឬសត្វនរក នោះទេ ក៏ប៉ុន្ដែវាអាស្រ័យទៅលើផលកម្មដែលបានសាងមក។ ព្រះសង្ឃ គូ សុភាព ៖«ហើយវាអាចមានកំណើតអមនុស្សជាប្រេត ជាអសូរកាយអីអញ្ចឹងទៅដែលទទួលរងទុក្ខស្រេកឃ្លាន ហើយអាចមកបង្ហាញខ្លួន ឬក៏មិនអាចបង្ហាញខ្លួនទេអាហ្នឹងជួនកាលគាត់ទៅកើតឯណាឆ្ងាយបាត់ទៅ ក្នុងអត្ថន័យនៃការធ្វើបុណ្យភ្ជុំបិណ្ឌគឺជាការនឹករលឹកដល់ឧបការគុណ និងឧទ្ទិសកុសលជួនគាត់»។
កូនប្រុសស្រីភាគច្រើនបានភ្លេចពីការមើលថែ បដិបត្ដឪពុកម្ដាយ ខណៈលោកទាំងពីរនៅមានជីវិត លុះដល់លោកទាំងពីរស្លាប់ទៅទើបស្ទុះស្ទារម្នីម្នាទៅធ្វើបុណ្យដាក់បាត ទន្ទឹមនឹងពេលលោកទាំងពីនៅរស់ស្រស់ញញឹមបែរជាភ្លេចធ្វើរឿងដែលខ្លួនជាកូនគួរធ្វើ។ ព្រះសង្ឃ គូ សុភាព៖« អាត្មាចង់ឲ្យកូនចៅហ្នឹងទៅពីភ្នំពេញ ទៅពីណាក៏ដោយ ទៅថ្វាយបង្គំឪពុក ម្ដាយ ហ្នឹងដំបូងគេ ដោយសេចក្ដីគោរពអត់មានអៀនអត់មានខ្មាស់គេ អ្នកខ្លះអៀនខ្មាស់ តែអាត្មាមិនចង់ឲ្យអៀនខ្មាស់ទេ ថ្វាយបង្គំគាត់ហើយអរគុណគាត់ហើយរៀបរបស់របជួនគាត់មុនគេមុនយកបាយទឹកទៅវត្ដ»។
ទឹកចិត្ដឪពុកម្ដាយស្រឡាញ់កូនខ្លាំង ដល់ថ្នាក់មិនត្រូវការទេជីវិត និងកិត្ដិយស់ខ្លួនឯង តែធ្វើយ៉ាងណាឲ្យតែកូនបានក្ដីសុខ និងមានសុភពមង្គល់។ អ្នកស្រី សំ វ៉ាង ស្ដ្រីម៉េម៉ាយមានកូន ៧នាក់ តែងតែប្រាប់កូនៗរបស់អ្នកស្រីថា បើទោះជាកូនមិនបានមើលម្ដាយរាល់ថ្ងៃក្ដី តែរដូវបុណ្យទានកូនត្រូវតែមកជួបម្ដាយ បើទោះជាកូនមានឬគ្មានប្រាក់ក៏ដោយព្រោះម្ដាយនឹកកូន ម្ដាយមិនចង់បានអ្វីពីកូនៗឡើយ។ អ្នកស្រី សំ វ៉ាង ៖«អត់ទេ ឲ្យតែឃើញថាកូនមកបានអីមិនបានក៏មិនខឹងដែរ ឲ្យតែបានកូនមក កូនអញនឹកម៉ែហើយកូនប្រហែលគ្នាអត់លុយ អត់ខឹងកូនទេមានឲ្យពរកូនថែមឲ្យកូនបានក្ដីសុខក្ដីចម្រើន រកស៊ីមានបានជួបតែសុវត្ថិភាព»។
ការកំណត់យកថ្ងៃនៃដួងខែរនោចមកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ពីព្រោះតែព្រះចន្ទ ពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ដែលជាឱកាសរបស់ពពួកប្រេតទាំងពួងអាចមកលាយឡំជាមួយមនុស្សដើម្បីទទួលភោគផលដែលបងប្អូន ញាតិសន្ដាន ឧទ្ទិសឲ្យ។ តាមឯកសារនេះបញ្ជាក់ទៀតថា ក្នុងរង្វង់ ១៥ថ្ងៃ នៃដួងខែរនោចនេះ ប្រសិនបើប្រេតដើររកគ្រប់វត្ដមិនឃើញញាតិសន្ដាធ្វើបុណ្យឧទ្ទិសកុសលឲ្យទេ ពួកគេនឹងអត់បាយក្រហាយទឹក ស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ស្របពេលដែលពួកគេអត់បាយ អត់ទឹកជាច្រើនខែស្រាប់ផង ពួគគេនឹងជេប្រទេចផ្ដាសាដល់បងប្អូនញាតិការបស់គេឲ្យបានដល់ក្ដីវិនាសហិនហោច ព្រាតប្រាស់បងប្អូនកូនចៅ ញាតិផៅទាំង ៧សន្ដានពុំខាន។
ពពួកប្រេត នៅក្នុងគម្ពីរព្រះប្រៃបិដកនៃពុទ្ធសាសនានិកាយថេរវាទ នៅក្នុងតមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សស្លាប់ទៅតែងតែកើតទីកន្លែងផ្សេងគ្នាតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះដល់ស្លាប់ទៅតែងតែកើតជាប្រេត ៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ៕