en     km
en     km

ជំនួយការថាលោកកឹមសុខាមិនមានបំណងចាកចេញពីប្រទេសទេខណៈកូនស្រីលោកជាអ្នកនយោបាយ និរទេសខ្លួន

Share

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានបង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថាលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បាននិយាយ ថា លោកកឹមសុខាមិនដែលនឹកចង់ ចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ។

លោក មុត ចន្ថា បានសរសេរថា៖ លោកប្រធាន កឹម សុខាៈ «ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិរបស់ខ្ញុំ ដែលខ្លួនខ្ញុំរស់នៅក្រោមដំបូល ដែរនោះទេ។ ខ្ញុំមិនដែលនឹកចង់ ឬពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ខ្ញុំជាដំបូលតែមួយ ដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់ខ្ញុំ»

ទោះជាយ៉ាងណា លោក មុត ចន្ថាមិនបានបញ្ជាក់ថា លោកកឹមសុខាលើកឡើងដូចនេះ ជាការចំ​អក​ដល់ អ្នកនយោបាយរូបណា ឬលោកសមរង្ស៊ី អតីតប្រធានរបស់លោកនោះទេ។​តែសារព័ត៌មាន Fresh News បានធ្វើការកត់សំគាល់នូវជំហររបស់លោកកឹមសុខាថា លោក កឹម សុខា ហាក់ផ្ទុយទាំងស្រុងនឹងសកម្មភាព និងផែនការរបស់លោក សម រង្ស៉ី ដែលតែបង្កភាពវឹកវរនៅក្នុងសង្គមខ្មែរ ដូចជាការប្រកាស ផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាដើម។

យ៉ាងណា ក៏ដោយ លោកកឹមសុខា មានកូនស្រីពីរនាក់ មានសកម្មភាពនយោបាយ ។ កញ្ញា​កឹមមនោ​វិទ្យា ជាកូនស្រីច្បង មានសកម្មភាពនយោបាយលិចធ្លោ ។ អ្នកនយោបាយស្រីរូបនេះ បាន ចាប់​យកការនិរទេសខ្លួន ដោយខ្លួនឯង ទៅធ្វើការតស៊ូមតិ នៅក្រៅ ប្រទេស ដោយបានជួបមន្ត្រី បរទេស​ជាច្រើន ក្នុងគោលបំណង សុំអោយមានអន្តរាគមន៍ ជួយរកដំណោះស្រាយ នយោបាយនៅកម្ពុជា និងគាបសង្កត់អោយមានការដោះលែងលោកកឹមសុខា។ កញ្ញាតែងតែនិយាយថាឱពុកខ្លួន ជាប់ឃុំដោយ អយុត្តិធម៌ ហើយថា ករណីចោទឱពុក គឺជារឿងនយោបាយ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកែសម្រួលលក្ខខណ្ឌដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាថ្មីឡើងវិញ ដោយបន្ធូរបន្ថយនៅត្រឹមបីចំណុច ក្នុងនោះមានដូចជា៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ មានការរំពឹងថា ឆាប់ៗនេះ តុលាការ​នឹង​បើកជំនុំជម្រះក្ដី លោកកឹមសុខា ពីបទក្បត់ជាតិ ។ ក្រោយមកអាចនឹងមានការលើកលែងទោស អោយអ្នកនយោបាយរូបនេះ មានសេរីភាពខាងនយោបាយឡើងវិញ។

លោកសមរង្ស៊ី ដែលជាអតីតប្រធានលោកកឹមសុខា​ ដែលកំពុងធ្វើសកម្មភាពនយោបាយ​នៅក្រៅ​ប្រទេស បានដាក់ក្ដីសង្ឃឹមដោយប្រុងប្រយ័ត្នថា នៅពេលលោកកឹមសុខា បានទទួលសេរីភាព ពេញ​លេញហើយ គឺលោកកឹមសុខា នឹងមកជួបលោកនៅ ក្រៅប្រទេស ដើម្បី បង្ហាញភាពស្មោះត្រង់ ចំពោះ អ្នក​គាំទ្រ គណបក្សសង្រ្គោះជាតិបន្តទៀត៕

Share

Image
Image
Image