en     km
en     km

ជោគជ័យនៃកំណែទម្រង់ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការត្រូវការការចូលរួមនិងការលះបង់យ៉ាងមុតមាំពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ

Share

ភ្នំពេញ៖ កំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការ  ជាកំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការរៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិឱ្យឈរលើគោលការណ៍នៃរដ្ឋបាលឯក ភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ ដើម្បីឱ្យកំណែទម្រង់នេះទទួលបានជោគជ័យ ពិតប្រាកដណាស់គឺត្រូវការការចូលរួម និងការលះបង់យ៉ាងមុតមាំពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងកិច្ចដំណើរនេះ។ ការចូលរួម និងការលះបង់ជាធាតុផ្សំមួយយ៉ាងសំខាន់មិនអាចខ្វះបាន ដើម្បីឈាន​ទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

 

       រដ្ឋបាលឃុំមួយក្នុងខេត្តកំពង់ស្ពឺកំពុងពន្យល់ពីសៀវភៅផែនការអភិវឌ្ឍន៍ឃុំទៅកាន់ប្រជាពលរដ្ឋ។រូបភាពដោយ កែវ សុខា WMC

 

កម្ពុជាបានដើរឆ្លងកាត់ការរៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិជិត ២ ទស្សវត្សមកហើយ គឺការផ្លាស់ប្តូរ ប្រព័ន្ធដឹកនាំរដ្ឋ បាលពីបែបមជ្ឈការ ពោលគឺអំណាចទាំងអស់ស្ថិតនៅរដ្ឋបាលថ្នាក់ជាតិទាំងស្រុងមកជាប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការដែលអំណាចនិងសិទ្ធិសម្រេចត្រូវបានផ្ទេរមករដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រង។

គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាមាគ៌ាឬជាជម្រើសមួយល្អសម្រាប់ប្រទេសជាច្រើនលើសកលលោកកំពុងពេញនិយមប្រើ ព្រោះវាបានបង្ហាញឱ្យឃើញពីគណនេយ្យភាព តម្លាភាព ពិសេសគឺការគ្រប់គ្រងរដ្ឋបាលមួយប្រកបដោយប្រជាធិប តេយ្យនៅថ្នាក់មូលដ្ឋាន។

រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតរៀបចំឱ្យមានគោលនយោបាយវិមជ្ឈការត្រូវបានបង្កើនឡើងតាំងពីចុងទស្សវត្ស៩០ មកម្ល៉េះ ដើម្បីជួយដល់រដ្ឋបាលថ្នាក់ក្រោមជាតិអាចធានាបានការអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

រហូតមកដល់ឆ្នាំ២០០១ រាជរដ្ឋាភិបាលបានសម្រេចបង្កើតច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ផ្អែកតាមច្បាប់នេះ នៅឆ្នាំ២០០២ កម្ពុជាក៏បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ហើយមូលនិធិរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក៏បានបង្កើតឡើងនៅពេលនោះដែរ។

              សិស្សានុសិស្សនៅស្រុកអង្គស្នួលកំពុងជិះកង់លើផ្លូវមួយខ្សែដែលអាជ្ញាធរមូលដ្ឋានទើបសាងសង់។រូបភាពកែវ សុខា

 

ការបង្កើតឡើងនូវច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ធ្វើឱ្យរដ្ឋបាលឃុំសង្កាត់មានថវិកាផ្ទាល់ខ្លួន មានប្រព័ន្ធគ្រប់គ្រងហរិញ្ញវត្ថុ មានប្រព័ន្ធរៀបចំផែនការចាត់ចែងការងារមួយដោយខ្លួនឯងផ្ទាល់។

តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ​ គឺជាយុទ្ធវិធីមួយជំរុញឱ្យមានការបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។ បញ្ហានេះជាចំណុចអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបម្រើសេវាសាធារណៈជូនប្រជាពលឱ្យបានល្អប្រសើរ។
ក្នុងដំណាក់កាលនៃការកែទម្រង់នេះ រាជរដ្ឋាភិបាលបានទទួលនូវវឌ្ឍនភាពជាច្រើនជាទីមោនៈសម្រាប់ប្រព័ន្ធវិមជ្ឈការ និង វិសហមជ្ឈការ ដែលកម្ពុជាបានយកមកអនុវត្តព្រមគ្នានេះ។ វឌ្ឍនភាពដែលទទួលបានក្រោយកំណែទម្រង់នេះ គឺរដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលប្រព័ន្ធគ្រប់គ្រងមួយមានលក្ខណប្រជាធិបតេយ្យ ព្រោះប្រព័ន្ធនេះមានធាតុផ្សំសំខាន់ៗនៃប្រជាធិបតេយ្យ ការបង្កើតភាពជាអំណាចដែលជាតំណាងរបស់ប្រជាពលរដ្ឋ។ ប្រព័ន្ធនេះបានពង្រឹងនូវស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនចាំបាច់ស្តាប់ការបញ្ជាតាមឋានុក្រមពីថ្នាក់ជាតិដូចប្រព័ន្ធមជ្ឈការឡើយ។

កំណែទម្រង់ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការនេះបានផ្តល់នូវការចូលរដ្ឋរបស់ប្រជាពលរដ្ឋ ដៃគូរអភិវឌ្ឍន៍ដែលជាធាតុចូលយ៉ាងសំខាន់មិនអាចខ្វះបាន ព្រោះកំណែទម្រង់នេះត្រូវការធាតុចូលដ៏ចាំបាច់ពីពលរដ្ឋដើម្បីបំផុសនូវគំនិតផ្តួចផ្តើម ស្វែងរកតម្រូវការចាំបាច់ឈានទៅអភិវឌ្ឍឱ្យចំគោលដៅរបស់ពលរដ្ឋចង់បាន។

ប្រព័ន្ធនេះបានរក្សាបាននូវតម្លាភាព ភាពថ្លៃថ្នូរ ពង្រឹងធានាមិនឱ្យមានការរំលោភបំពាន ការពង្រឹងមិនឱ្យមានអំពើពុករលួយ ការរៀបចំការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយសមធម៌ ឬបរិយាប័ន។

ប្រព័ន្ធនេះទៀតសោត បានផ្តល់នូវឆន្ទានុសិទ្ធិជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ ជាអ្នកចាត់ចែងមូលនិធិដោយខ្លួនឯង ក្នុងការអភិវឌ្ឍន៍មូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាចាយវាយថវិកាក្នុងវិស័យអប់រំ វិស័យហេដ្ឋានរចនាសម្ព័ន្ធ តួយ៉ាងមាន ការកសាង ស្ពាន ថ្នល់ ប្រឡាយទឹក អណ្តូងទឹកជាដើម។

ការអនុវត្តប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ ទាមទារឱ្យមានការអនុវត្តយ៉ាងម៉ឹងម៉ាត់ យ៉ាងប្រុងប្រយ័ត្ន ពិសេសត្រូវអនុវត្តដោយផ្អែកលើបរិបទ នយោបាយ សេដ្ឋកិច្ច ប្រវត្ថិសាស្រ្ត​ ប្រពៃណី របស់ប្រទេសរៀងៗខ្លួន ហើយកម្ពុជាក៏មិនអាចចំលងយកគំរូពីប្រទេសដ៏ទៃមកប្រតិបត្តិទាំងស្រុងនោះដែរ។

ជាការពិតនៅក្នុងដំណើរការកែទម្រង់ប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការដ៏ស៊ីជម្រៅ និងស្មុកស្មាញនេះ ពិតជាមានកំហុសឆ្គង និងប្រទះបញ្ហាប្រឈមមួយចំនួនកើតឡើងតម្រូវរកវិធីសាស្រ្តដោះស្រាយ។

បញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងអន្តរកាលនៃកំណែទម្រង់នេះ គេសង្កេតឃើញថា ពុំទាន់មានការឯងភាពគ្នា ការស្រុះស្រួលគ្នារវាងក្រសួងស្ថាប័នជំនាញនានា ក្នុងការផ្ទេរមុខងារមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការផ្ទេរទៅបានជាន់តួនាទីជាមួយការិយាល័យជំនាញរបស់ក្រុង ស្រុកជាដើម។

កង្វះការបែងចែកតួនាទីឱ្យបានច្បាស់លាស់រវាងរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងឃុំ សង្កាត់ នៅតែជាបញ្ហាប្រឈម និងបន្តឱ្យមានបញ្ហា ព្រោះមែនទែនទៅការងារមួយចំនួនរបស់ថ្នាក់រដ្ឋបាលទាំងបីមិនទាន់ដឹងថា ជាតួនាទីរបស់រដ្ឋបាលណាមួយ ឱ្យច្បាស់លាស់ផង។ ឧទាហរណ៍ ការសាងសង់ផ្លូវមួយខ្សែ ឬស្តារប្រឡាយទឹក រដ្ឋបាលថ្នាក់ឃុំសង្កាត់បានច្រានទៅរដ្ឋបាលថ្នាក់ក្រុង ស្រុក រដ្ឋបាលថ្នាក់ក្រុងស្រុកច្រានទៅរដ្ឋបាលថ្នាក់ខេត្តក្រុង ហើយថ្នាក់ខេត្តក្រុងរុញថាជាតួនាទីរបស់ស្ថាប័ន ឬក្រសួងជាអ្នកធ្វើ។ នេះក៏ដោយ សារតែច្បាប់បានចែងច្បាស់ថា កិច្ចការនេះជាកិច្ចការរបស់រដ្ឋបាលទាំងបីថ្នាក់អាចធ្វើកិច្ចបាន ដែលការបែងចែកកម្រិតនៃការទទួលខុសត្រូវនៅច្របល់ជាន់គ្នាស្មុកស្មាញ។

បញ្ហាចោទមួយទៀត គឺសមត្ថភាពនៃការអនុវត្តមុខងារជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានកម្រិត។ រដ្ឋបាលថ្នាក់ក្រោមជាតិនៅស្ទាក់ស្ទើរក្នុងការអនុវត្តមុខងាររបស់ខ្លួនដោយពុំទាន់យល់ច្បាស់ថា មុខងារមួយណាដែលខ្លួនអាចធ្វើបាននៅឡើយ។

                                   ​ប្រជាពលរដ្ឋស្រុកចន្រ្ទា ខេត្តស្វាយរៀងកំពុងចូលរួមលើកផែនការអភិវឌ្ឍន៍ឃុំ។ រូបភាពកែវ សុខា

 

ជាងនេះទៀត ការបណ្តុះបណ្តាលរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមិនទាន់ជ្រាកជ្រាប និងស៊ីជម្រៅដល់ក្រុមប្រឹក្សា និងគណៈអភិបាលមួយចំនួននៅឡើយ។ ភាពឆកល្វែងនៃការចែងលិខិតបទដ្ឋានស្តីពីមុខងារជាជ្រើសមិនទាន់មានភាពច្បាស់លាស់ក៏ជាឧបសគ្គមួយរាំងស្ទះដល់ដំណើរការកំណែទម្រង់នេះផងដែរ។

ជាការពិតគោលបំណងនៃកំណែទម្រង់ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ គឺដើម្បីលើកកម្ពស់ប្រសិទ្ធិភាពក្នុងការបំពេញការ ងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់មូលដ្ឋាន ផ្តល់ភាពស័ក្កិសិទ្ធិនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។

អំណឹះតទៅ ដើម្បីឱ្យប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការ អាចទទួលបានភាពជោគជ័យ មន្រ្តីថ្នាក់ជាតិគួរតែហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្តចុះទៅណែនាំ ពន្យល់មន្រ្តីមូលដ្ឋានផ្ទាល់តែម្តងដើម្បីជំរុញឱ្យរដ្ឋបាលមូលដ្ឋានអាចយលដឹងពីតួនាទី សិទ្ធិអំណាចរបស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវគាំទ្រជាធនធានថវិកាឱ្យបានគាប់ប្រសើរដល់មន្រ្តីដែលស្ម័គ្រចិត្តចុះមូលដ្ឋានផ្ទាល់នោះផងដែរ។

មួយវិញទៀត រដ្ឋបាលថ្នាក់ជាតិត្រូវកំណត់ឱ្យបានច្បាស់លាស់ពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងវិសាលភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងលិខិតបទដ្ឋានមួយឱ្យច្បាស់ ដើម្បីធានាថា ការអនុវត្តរបស់ពួកគាត់មិនប៉ះទង្គិចជាមួយស្ថាប័នសាមី។

អ្វីដែលមិនអាចខ្វះបាន គឺការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។ វាគឺជាជីបចរស្លាប់រស់របស់ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការនេះ។ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ នោះអាជ្ញាធរថ្នាក់មូលដ្ឋានពិតជាមិនដឹងពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឡើយ។ ដូច្នេះប្រជាពលរដ្ឋត្រូវគប្បីចំណាយពេលចូលរួមក្នុងសកម្ម ភាពប្រជុំ លើកផែនការអភិវឌ្ឍន៍របស់ឃុំស្រុកឱ្យបានជាប់លាប់ និងត្រូវចេះតាមដានការអនុវត្តមូលដ្ឋាន ត្រូវចូលរួមយោបល់ ការតិះទានដើម្បីការស្ថាបនាមូលដ្ឋានទាំងអស់គ្នា៕

 

Share

Image
Image
Image