en     km
en     km

ជីវប្រវត្តិ៖ សម្តេចព្រះរៀម ព្រះនរោត្តម បុប្ផាទេវី

Share

ក្រោមសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនដែលបានប្រកាសសម្រេចថា យកថ្ងៃ ពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ជាថ្ងៃកាន់ទុក្ខសម្តេចព្រះរៀម  នរោត្តមបុប្ផាទេវី នៅទូទាំងប្រទេសនោះ វិទ្យុស្រ្តីសុំលើកយកនូវ ប្រវត្តិត្រួសៗដែលទាក់ទងទៅ នឹងសម្តេច ព្រះរៀម នរោត្តម បុប្ផាទេវី ក្រោមការអត្ថាធិប្បាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖

សម្តេចព្រះរៀម ព្រះករុណា នរោត្តម បុប្ផាទេវី ទ្រង់ប្រសូតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់គឺជាព្រះរាជបុត្រីច្បង របស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ដែលជាបិតាឯករាជ្យ បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីខ្មែរ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ។

នៅក្នុងព្រះជន្ម១៥ព្រះវស្សាព្រះអង្គទ្រង់បានក្លាយជាអ្នករបាំព្រះរាជទ្រព្យដំបូងនៅក្នុងព្រះបរមរាជវំាង។ក្នុងព្រះជន្ម១៨ព្រះវស្សាព្រះអង្គបានទទួលពានរង្វាន់ខាងរបាំឡេថែមទៀតផង។ក្រៅពីនេះព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់ក៏ធ្លាប់ជាសាស្រ្តចារ្យរបាំបុរាណនិងវប្បធម៌នៅក្នុងប្រទេសកម្ពុជាហើយទ្រង់ក៏ធ្លាប់ជារដ្ឋមន្រ្តីនិងទីប្រឹក្សានៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។នៅក្នុងឆ្នាំ២០០១សម្តេចព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់បានទទួលគ្រឿងឥស្សរិយយសពីសម្ដេចព្រះមហាក្ស័ត្រីយ៍កុសុមៈនារីរ័ត្នសេរីវឌ្ឍនា។ លើសពីនេះទៅទៀតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៤ ព្រះអង្គត្រូវបានតំឡើងងារជា «សម្ដេចរាជបុត្រីព្រះរៀម»។ នៅក្នុងឆ្នាំ២០១៣ សម្តេចព្រះរាជបុត្រីច្បង ទ្រង់ត្រូវបានទទួលតំណែងជា«ទេពនាថវដ្តីឯក»ពីព្រះរាជក្រឹត្យស្ដីពីការតែតាំងមត៌កមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាដែលនៅក្នុងមួយជីវិតរបស់ព្រះអង្គទ្រង់មានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ ជាពិសេសចំពោះសិល្បៈ វប្បធម៌ អរិយធម៌កម្ពុជា រហូតដល់ទ្រង់ទទួលបានគោរមងារជា ទេពនាថវដ្ដីឯក ដែលជាជាតួឯកក្នុងរបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងពិភពលោក។ ក្រៅពីនេះសម្តេចព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់ក៏ធ្លាប់ជាអនុប្រធានកាកបាទក្រហមជាតិ កម្ពុជាហើយក៏ធ្លាប់ជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រិយ៍និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ្ញាផងដែរ។

ក្នុងព្រះជន្ម៧២ព្រះវស្សាព្រះអង្គទ្រង់បានទទួលព្រះគោរមងារមួយដែលថ្វាយដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជាថា “មរតកមនុស្សរស់” ។ លើសពីនេះទៅទៀតស្នាព្រះហស្ថរបស់ព្រះអង្គត្រូវបានទទួលស្គាល់តាមរយៈភាពអស្ចារ្យនៃការសម្តែងរបស់ទ្រង់និងការខិតខំប្រឹងប្រែងថែរក្សាសិល្បៈវប្បធម៌របស់ទ្រង់ក៏ដូចជាការចែករំលែកនូវចំណេះដឹងទាំងនេះដល់យុវជនជំនាន់ក្រោយ ។

បកមកជីវិតគ្រួសាររបស់ព្រះអង្គវិញ សម្តេច ព្រះរៀម នរោត្តមបុប្ផាទេវី ទ្រង់បានរៀបអភិសេកចំនួន ៤លើក ដែលលើកដំបូងគឺនៅក្នុងឆ្នាំ ១៩៥៩ ក្នុងព្រះជន្ម១៥ព្រះវស្សា ព្រមទាំងមានព្រះរាជបុត្រា បុត្រីទាំងអស់ចំនួន ៥អង្គ។

មកដល់ថ្ងៃច័ន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់បានយាងចូលទិវង្គត់ ក្នុងព្រះជន្មាយុ ៧៦ព្រះវស្សា នៅឯមន្ទីរពេទ្យទីក្រុងបាងកក ព្រះរាជាណាចក្រថៃ វេលាម៉ោង ១២ និង៣០នាទី ដោយរោគជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គ បានយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ដែលមានប្រជាជនជាច្រើនរងចាំទទួលយ៉ាងច្រើនកុះករ បន្ទាប់ពីនោះព្រះបរមសពរបស់សម្តេចព្រះរាជបុត្រីនរោត្តមបុប្ផាទេវី ត្រូវបានដង្ហែរបន្តមកកាន់វត្តបទុមវតីរាជវរារាម ខាងត្បូងព្រះបរមរាជវាំង ដើម្បីប្រារព្ធពិធីទក្ខិណានុប្បទានថ្វាយតាមព្រះពុទ្ធសាសនា និងព្រះបរមរាជបវេណី។

នៅក្នុងថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះគឺជាថ្ងៃអនុវត្តនូវសេចក្តីប្រកាសណែនាំជាផ្លូវការរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រោមគោលការណ៍សំខាន់ចំនួន៣ចំណុចធំៗ ដែលទី១គឺ ចាត់ទុកថ្ងៃទី២០ ខែវិច្ឆិកានេះគឺជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស រីឯគ្រប់គ្រឹះស្ថានសិក្សានិងស្ថាប័នជាតិនិងអន្តរជាតិទាំងអស់ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលចំណែកឯគ្រប់ស្ថាប័ន្ថទូរទស្សន៍និងវិទ្យុទាំងអស់ត្រូវផ្អាកការចាក់ផ្សាយនូវកម្មវិធីដែលមានលក្ខណៈសប្បាយៗនៅក្នុងថ្ងៃទី ២០ ខែវិច្ឆិកានេះផងដែរ៕អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image