en     km
en     km

ជប៉ុន​ផ្តល់​កម្ចី​ ២០០​លាន​ដុល្លារ​ដើម្បី​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ​

Share

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានយល់សម្រេចផ្តល់ប្រាក់កម្ចី ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុទៅតាមសំណើរបស់កម្ពុជា។

ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយបញ្ចប់ជំនួបនេះថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រ នៅឆ្នាំ ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។

តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។

លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ កំពង់ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញរដ្ឋាភិបាលជប៉ុនកាន់តែផ្ដល់ជំនួយ ទាំងជំនួយប្រាក់កម្ចី និងជំនួយឥតការប្រាក់មកឱ្យប្រទេសកម្ពុជា ហើយបន្ថែមលើនោះជប៉ុនបានជួយ បច្ចេកទេសដល់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាផងដែរ៕

 

Share

Image
Image
Image