en     km
en     km

ជប៉ុនផ្តល់ជំនួយ ១៤លានដុល្លារសិក្សាគម្រោងរៀបចំប្រព័ន្ធកំពង់ផែ EDI នៅកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA បានផ្តល់ជំនួយប្រមាណ១៤លានដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋាភិបាលកម្ពុជាដើម្បីសិក្សារៀបចំប្រព័ន្ធកំពង់ផែ EDI (Eletronic Data Interchage)នៅកម្ពុជា។ ការផ្តល់ជំនួយនេះធ្វើឡើងក្នុងពិធីហត្ថលេខារវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបេសកកម្មជប៉ុននៃអង្គការ JICA នៅថ្ងៃទី៣០ សីហានៅក្រសួងសាធារណការ។នេះបើតាមទំព័រហ្វេសប៊ុកក្រសួងសាធារណការ។

           ពិធីហត្ថលេខារវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបេសកកម្មជប៉ុននៃអង្គការJICA នៅថ្ងៃទី៣០ សីហានៅក្រសួងសាធារណការ។

 

បើតាមក្រសួង ការរៀបចំប្រព័ន្ធកំពង់ផែ EDIនេះនឹងជួយកាត់បន្ថយការចំណាយពេលវេលារបស់កប៉ាល់ចេញចូលកំពង់ផែ លុបបំបាត់ការចំណាយក្រៅផ្លូវការកុំឱ្យមានការជួបគ្នារវាងអ្នកផ្តល់សេវានិង អ្នកទទួលសេវា។ ជាងនេះទៀតកំពង់ផែEDIនេះ ក៏ជាផ្នែកមួយនៃទំនើបកម្មកំពង់ផែកម្ពុជាស្របតាមកំពង់ផែទាំងឡាយនៅលើសាកលលោកដែលអាចទាក់ទាញឱ្យកាប៉ាល់នានាចេញចូលបានច្រើនជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានឆាប់រហ័ស។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធកំពង់ផែ EDI ដែលមានតម្លៃ ១៤លានដុល្លារអាមេរិកនេះ នឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើរបាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូន អង្គការ JICA និងភាគីពាក់ព័ន្ធនានាផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបង្ហាញការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការ JICA លើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។ លោកទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឲ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនាវាចរកម្ពុជា និង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ៕

Share

Image
Image
Image