en     km
en     km

ជន​ពិការ​លើកយក​ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ប្រកួត​សមត្ថភាព​និយាយ​ជា​សាធារណៈ​

Share

cover-youth-with-disability-competition

ជន​ពិការ​ចំនួន​ ១១​ រូប​ បាន​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ ស្តី​អំពី​ “​ការ​និយាយ​ជា​សាធារណៈ​ និង​ការ​ជជែក​ពិភាក្សា​”​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​មូលនិធិ​កុមារ​ពិការ​ នៅ​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ម្សិលមិញ​នេះ​។​

​បេក្ខភាព​ដែល​សុទ្ធតែ​ជា​ជន​ពិការ​ទាំងនោះ​ ភាគច្រើន​លើកយក​ពី​ខ្សែជីវិត​ ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​មក​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​នេះ​។​

​ប្រធានបទ​ដែល​បេក្ខជន​ទាំង​១១​រូប​ បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នា​ពេល​នេះ​ រួម​មាន​៖​ ប្រធានបទ​ដែល​និយាយ​ពី​  បរិស្ថាន​គ្មាន​ពិការ​ភាព​ ឱកាស​ការងារ​សម្រាប់​យុវជន​ពិការ​ ការ​ស្នើ​សុំ​ជំរាល​ និង​ធ្នាក់​ដៃ​ក្នុង​ការ​បំ​លាស់​ទី​ដោយ​ងាយស្រួល​របស់​ជន​ពិការ​ ការ​រើសអើង​ជន​ពិការ​តាម​សហគមន៍​ ការ​ទាមទារ​សិទ្ធិ​និង​លក្ខខណ្ឌ​ស្មើភាព​គ្នា​របស់​ជន​ពិការ​        ការ​ផ្ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​របស់​ជន​ពិការ​ ជន​ពិការ​និង​ការងារ​ ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន​និង​ចិន​ជាដើម​។​

choeun-kimheng
កញ្ញា​ ជឿន​ គឹ​ម​ ហេង

​ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រ​កួ​ប្រជែង​នៅ​ថ្ងៃនេះ​ កញ្ញា​ ជឿន​ គឹ​ម​ ហេង​  ដែល​ធ្វើ​បទ​បង្ហាញ​ដល់​គណៈកម្មការ​ លើ​ប្រធានបទ​ “​បរិស្ថាន​គ្មាន​ពិការ​ភាព​”​ លើក​ឡើង​ថា​ ដើមហេតុ​ដែល​នាំ​ឱ្យ​កញ្ញា​ជ្រើសរើស​ប្រ​ធា​បទ​នេះ​ ដោយសារ​តែ​នៅ​តាម​ទីកន្លែង​សាធារណៈ​ មិន​ទាន់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ជន​ពិការ​នៅឡើយ​។​

«​សម្រាប់​នាង​ខ្ញុំ​ផ្ទាល់​ សព្វ​ថ្ងៃនេះ​ខ្ញុំ​គិត​ថា​ បរិស្ថាន​ ឬ​ក៏​ប្រទេស​យើង​នៅ​មាន​ពិការ​ភាព​ នៅឡើយ​ ពីព្រោះ​ពេល​ខ្ញុំ​ត្រូវ​ទៅ​ណា​មក​ណា​ គឺ​តែងតែ​ត្រូវការ​មិត្តភក្ដិ​ជួយ​ចឹ​ង​ ឬ​ក៏​ក្រុម​គ្រួសារ​ យក​ខ្ញុំ​ទៅ​កន្លែង​ដែល​ខ្ញុំ​ចង់ទៅ​។​ ខ្ញុំ​ឃើញ​មាន​ពិការ​ភាព​ ដូច​ជា​ សេវា​សាធារណៈ​  ទីលាន​សាធារណៈ​  មជ្ឈមណ្ឌល​កម្សាន្ដ​ រមណីយដ្ឋាន​ ហើយ​ជា​ពិសេស​ហ្នឹង​គឺ​បង្គន់​អនាម័យ​សម្រាប់​ជន​ពិការ​រទេះរុញ​ដូច​នាង​ខ្ញុំ​នេះ​»​។​

លោក​ នួន​ សា​រ៉ុ​ន
លោក​ នួន​ សា​រ៉ុ​ន

ដូច​គ្នា​នេះ​ដែរ​ បេក្ខជន​ពិការ​មួយ​រូប​ទៀត​ លោក​ នួន​ សា​រ៉ុ​ន​ ដែល​រើស​យក​ប្រធានបទ​ “​រើសអើង​ជន​ពិការ​នៅ​តាម​សហគមន៍​”​ បាន​និយាយ​ថា​ ជន​ពិការ​នៅ​មានការ​ រើសអើង​ខ្លាំង​នៅឡើយ​។​ «​ឃើញ​ខ្ញុំ​ដើរ​តាម​ផ្លូវ​អ​ញ្ចឹ​ង​បង​ គេ​អត់​មាន​ថា​ មិត្តភក្ដិ​អី​ មិត្តភក្ដិ​ខ្ញុំ​ក៏​ដោយ​ គេ​ថា​ ដើរ​ជាមួយ​ខ្ញុំ​ អាប់ឱន​កិត្តិយស​របស់​គេ​ ……»​។​

​គណៈកម្មការ​មួយ​រូប​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​៧​រូប​ ដែល​មាន​វត្តមាន​ចាំ​ដាក់​ពិន្ទុ​នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ សមត្ថភាព​និយាយ​ជា​សាធារណៈ​របស់​យុវជន​ពិការ​នៅ​ថ្ងៃនេះ​  លោកស្រី​ លឹ​ម​ លី​ដា​ មាន​ប្រសាសន៍​លើក​ឡើង​ថា​ បេក្ខជន​ទាំងអស់​សុទ្ធសឹងតែ​មាន​សមត្ថភាព​  និង​ភាព​ក្លាហាន​គ្រប់ៗ​គ្នា​ ដែល​ធ្វើ​ឱ្យ​គណៈកម្មការ​ពេញចិត្ត​នូវ​សមត្ថភាព​របស់​បេក្ខជន​ទាំងនោះ​។​

«​តាម​ការ​សង្កេត​របស់ខ្ញុំ​ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​មួយ​ព្រឹក​នេះ​ ខ្ញុំ​យល់​ថា​ពួក​គាត់​មាន​ សមត្ថភាព​មែនទែន​   ហើយ​អ្នកខ្លះ​និយាយ​ឡើង​ព្រឺ​សម្បុរ​តែ​ម្ដង​។​ ខ្ញុំ​ពិតជា​ពេញចិត្ត​នូវ​ សមត្ថភាព​របស់​ពួក​គាត់​ ក្នុង​ការ​បង្ហាញ​ ……»​។​

​លោកស្រី​ លឹ​ម​ លី​ដា​ មាន​ប្រសាសន៍​បន្ថែម​ថា​ ជន​ពិការ​ គួរតែ​ត្រូវ​បាន​ ស្ថាប័ន​ពាក់ព័ន្ធ​ ជួយ​លើកទឹកចិត្ត​ និង​ផ្ដល់​ឱកាស​ដល់​ជន​ពិការ​ ច្រើន​ជាង​មនុស្ស​ធម្មតា​។​ «​ខ្ញុំ​យល់​ថា​ តាម​ស្ថាប័ន​នីមួយៗ​ គួរតែ​ក្រឡេក​មើល​ចំណុច​នេះ​បាន​ច្រើន​ ថា​តើ​យើង​គួរតែ​ ត្រូវ​លើកទឹកចិត្ត​ដល់​ពួក​គាត់​យ៉ាងដូចម្ដេច​ មិនមែន​ពួក​គាត់​ខ្វះ​សមត្ថភាព​ទេ​ តែ​សួរ​ថា​ យើង​ត្រូវ​ឱ្យ​គាត់​បង្ហាញ​សមត្ថភាព​យ៉ាងដូចម្ដេច​?​ ពិតប្រាកដ​ណាស់​គាត់​ត្រូវការ​ លើកទឹកចិត្ត​ ច្រើន​ ពីព្រោះ​គាត់​មិនសូវ​ជា​មានការ​ទទួល​បាន​ ទទួល​បាន​នូវ​ឱកាស​ដូច​ជា​មនុស្ស​ធម្មតា​ទេ​ ដូច្នេះ​គាត់​ត្រូវការ​លើកទឹកចិត្ត​ វា​ជា​រឿង​ចាំបាច់​ណាស់​»​។​

​សូម​ជម្រាប​ថា​ កម្មវិធី​ប្រកួតប្រជែង​ប្រកួតប្រជែង​សម្រាប់​យុវជន​ពិការ​ ស្ដី​ពី​ការ​ “​និយាយ​ ជា​សាធារណៈ​ និង​ការ​ជជែក​ពិភាក្សា​”​ នៅ​ថ្ងៃនេះ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​ ១១​ រូប​  ក្នុង​ចំណោម​អ្នក​ទាំង​ ១១​ រួប​នេះ​ មាន​បេក្ខជន​តែ​ ៦​ រូប​ ប៉ុណ្ណោះ​ ដែល​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ និង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខាង​មុខ​៕​

youth-with-disability-competition

Share

Image
Image
Image